ភ្នំពេញៈ នៅក្នុងឆ្នាំ ២០២២ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានផ្ដល់វិញ្ញាបនបត្រអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ៣៣៦ ក្រុមហ៊ុន ប្រកបអាជីវកម្មក្នុងវិស័យសំណង់ គឺមានការកើនឡើង ២៤ ក្រុមហ៊ុន បើធៀបទៅឆ្នាំ ២០២១ ដែលមាន ៣១២ ក្រុមហ៊ុន។

នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២២របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានចេញកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

នៅពេលដែលវិស័យសំណង់មានសម្ទុះកើនឡើងបែបនេះ សហព័ន្ធសហជីពកម្មករសំណង់ ស្នើឱ្យស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល គួរពិនិត្យទៅលើប្រាក់ឈ្នួល លក្ខខណ្ឌការងារ សុខភាព សុវត្ថិភាព និងកិច្ចគាំពារសង្គមរបស់កម្មករសំណង់ផងដែរ។

បើតាមរបាយការណ៍ក្រសួងរៀបចំដែនដី ទិន្នន័យសំណង់ទូទាំងប្រទេស មានចំនួន ៣ ៨២៧គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៦ ៥៩៦ ៩៣៦ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ២ ៦៣៤ ៩៩២ ១០០ដុល្លារ។

គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ទៅ នៅក្នុងប្រទេសកម្ពុជា បានកើនដល់ ២ ៥៣៤កន្លែង ខណៈដែលគម្រោងបុរីនានាមានចំនួន ៥១០បុរី។

បើគិតចាប់តាំងពីឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងបានចេញលិខិតអនុញ្ញាតឱ្យសាងសង់ចំនួន ៦១ ៤១៨គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ជាង១៧៣ លានម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុន វិនិយោគសរុបប្រមាណជាង ៦៨ ៨៣៧ លានដុល្លារ។

ក្រសួងបានលើកឡើងទៀតថា គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង មានចំនួន ១២៨គម្រោង ស្មើនឹង ១៤២អគារ (នៅរាជធានីភ្នំពេញចំនួន៨៦គម្រោង ស្មើនឹង៩៣អគារ ខេត្តព្រះសីហនុចំនួន១៤គម្រោង ស្មើនឹង១៦អគារ និងខេត្ត បន្ទាយមានជ័យចំនួន១៣គម្រោង ស្មើនឹង១៥អគារ) ក្នុងនោះ ពី៥ជាន់ទៅ៩ជាន់ មានចំនួន៩៩អគារ ពី១០ជាន់ទៅ១៩ជាន់ មានចំនួន២៤អគារពី២០ទៅ២៩ជាន់ មានចំនួន១៣អគារ និងពី៣០ ជាន់ ទៅ៣៩ជាន់ មានចំនួន៦អគារ។

ចំណែកសំណង់លំនៅឋានមានចំនួន៤ ៣២១គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប៣ ៧០៧ ៤៥៨ម៉ែត្រការ៉េ ដែល មានតម្លៃប៉ាន់ស្មានទុនវិនិយោគជាង ១ ៤១២ លានដុល្លារ។

អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក យ៉ាន់ ធី កត់សម្គាល់ឃើញថា កន្លងមកមានក្រុមហ៊ុនជាច្រើនដែលក្រសួងបានផ្ដល់វិញ្ញាបនបត្រ សម្រាប់ការប្រកបអាជីវកម្មក្នុងវិស័យសំណង់ ប៉ុន្តែក្រុមហ៊ុនទាំងនោះ គឺមានតែឈ្មោះ តែមិនបានអនុវត្តការងារទេ។

លោកបន្តថា បើសិនជាចំនួនដែលកើនឡើងនេះ ជាក្រុមហ៊ុនដែលធ្វើសកម្មភាពការងារពិតប្រាកដ នោះជាការសាទរយ៉ាងខ្លាំង ពីព្រោះការកើនឡើងចំនួនក្រុមហ៊ុន បានបង្កើតឱកាសការងារជាច្រើនទៅប្រជាពលរដ្ឋខ្មែរ។ ជាមួយគ្នានេះ លោកស្នើឱ្យស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យទៅលើលក្ខខណ្ឌការងារកម្មករសំណង់ ផងដែរ។

លោកថា មានអគារ ខុនដូ វីឡា និងបុរី មានការរីកដុះដាលដូចផ្សិត ក៏ប៉ុន្តែទន្ទឹមនឹងការរីកដុះដាលដូចផ្សិតនេះ ស្ថានភាពកម្មករសំណង់នៅតែជួបបញ្ហាប្រឈម ដែលទាក់ទងប្រាក់ឈ្នួល លក្ខខណ្ឌការងារ សុខភាព សុវត្ថិភាព និងកិច្ចគាំពារសង្គម។

លោក យ៉ាន់ ធី បញ្ជាក់ថា៖ «ទាក់ទងនឹងប្រាក់ឈ្នួល ទោះបីរកឃើញថា គាត់ទទួលបានប្រាក់ឈ្នួលរាងខ្ពស់មែន ប៉ុន្តែគាត់បានចំណូលគិតជាថ្ងៃ ហើយត្រូវធ្វើការទើបបានលុយ ដោយមិនគិតជាថ្ងៃបុណ្យទានគុណលុយឡើយ ពីព្រោះវិស័យសំណង់ គឺមិនមានការកំណត់ប្រាក់ឈ្នួលគោលទេ ដូច្នេះមេកា ឬក្រុមហ៊ុនគាត់ឱ្យតាមចិត្តរបស់គាត់»។

លោកបន្តថា មួយវិញទៀត ទាក់ទងនឹងកិច្ចគាំពារសង្គម មានកម្មករសំណង់ជាង ៩០% ដែលគាត់អត់ទទួលបានកិច្ចគាំពារសង្គម ឬជាសមាជិក បសស ទេ ដែលនេះជាការងារប្រឈមដែលពួកគាត់ធ្វើការងាររាល់ថ្ងៃ។

ទាក់ទងនឹងបញ្ហាប្រឈមរបស់កម្មករវិស័យសំណង់ លោកយ៉ាន់ ធីលើកឡើងថា ដំណោះស្រាយ គឺត្រូវការការចូលរួមពីគ្រប់ភាគីស្ថាប័នដែលពាក់ព័ន្ធ រួមទាំងកម្មករខ្លួនឯងផ្ទាល់ សហជីព ក្រុមហ៊ុន និងរដ្ឋ ដែលមានក្រសួងរៀបចំដែនដី ក្រសួងការងារ ពីព្រោះក្រសួងទាំង២នេះ គឺជាអាណាព្យាបាលរបស់អ្នកធ្វើការក្នុងវិស័យសំណង់។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ និងលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម(បសស) មិនបានឆ្លើយតបចំពោះការសាកសួរពីបញ្ហានេះទេ៕