​ភ្នំពេញ​: ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម ស្វាគមន៍​ចំពោះ​ការអំពាវនាវ​របស់លោក​នា​យក​រដ្ឋមន្ត្រី​ហ៊ុន សែន ស្នើ​ដល់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ធ្វើការ​សាងសង់​គម្រោង​លំ​​នៅ​ឋាន​ដែលមាន​តម្លៃ​សមរម្យ​ឱ្យបាន​ច្រើន ដើម្បី​ជួយ​ដល់​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​មធ្យម​និង​ទាប​រស់​នៅបាន​សមរម្យ​។​

​ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​កាលពី​ថ្ងៃទី​ ២៧ ខែធ្នូ នៅក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​ផែនការ​ជំរុញ​អ្នកវិនិយោគ​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដើម្បីឱ្យ​ប្រជាពលរដ្ឋ មាន ប្រាក់ចំណូល​ទាប​ទទួលបាន​លំនៅ​ឋាន​សម្រាប់ ជីវិត​កាន់តែ​ប្រសើរ​។​

​លោក​ថ្លែងថា​៖ «​លើកទឹកចិត្ត​ជាមួយ​ការសាងសង់​លំនៅឋាន​តម្លៃថោក ព្រោះ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​របស់​យើង​ដែលមាន​ប្រាក់ចំណូល​ទាប មាន​តម្រូវ​ការ​លំនៅឋាន​ដោយ​តម្លៃថោក ហើយ​រក​គ្រប់​វិធី​ដើម្បី​ដោះស្រាយ​លំនៅឋាន​នៅ ក្នុងប្រទេស​របស់​យើង ទៅលើ​អ្នក​ដែល មាន​ប្រាក់ចំណូល​មធ្យម ឬក៏​តូចតាច​ដែល​ពុំមាន​លទ្ធភាព​ទិញ​ផ្ទះ​បាន​ក្នុងតម្លៃ​ខ្ពស់​។ លោក​ក៏បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​បានផ្តល់​ការលើកទឹកចិត្ត​ពន្ធ​រួចហើយ​សម្រាប់​លំនៅឋាន​ដែល​តម្លៃ​ក្រោម ៧ ម៉ឺន ដុល្លារ​ក្នុង​១​យូ​នី​ត​មិនត្រូវ​បង់ពន្ធ ៤​ភាគរយ​នៃ​ពន្ធ​ប្រថាប់ត្រា​នោះទេ​។​

​លោក ហ៊ុន សែន ថ្លែងថា​៖ «​សំណូមពរ​អំពាវនាវ​ឱ្យ​អ្នក​សាងសង់​ផ្នែក​អចលន​ទ្រព្យ​កសាង​នូវ​លំនៅឋាន​ដែលមាន​តម្លៃថោក​ដើម្បី​លើក​ជូន​ប្រជាពលរដ្ឋ​របស់​យើង​»​។​

​លោក ច្រឹ​ក សុខ​នី​ម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ ធ្នូ​ថា បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​មួយចំនួន​កំពុង​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​សម្រាប់​គ្រួសារ​ដែលមាន​ចំណូល​មធ្យម និង​ទាប ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​។ ទោះជា​យ៉ាងនេះ​ក្តី លោក​ថា ហេតុផល​ដែល​មិនមាន​អ្នក​អភិវឌ្ឍន៍​ច្រើន​ផ្តោតលើ​ការសង់​លំនៅឋាន​តម្លៃ​សមរម្យ ដោយសារ​តម្លៃ​ដី​កំពុង​កើនឡើង​ខ្លាំង​នៅពេលនេះ ដែល​មិន​អាចឱ្យ​ពួកគេ​សាងសង់​គម្រោង​នេះ​បាន​ច្រើន​បំពេញ​តាម​តម្រូវការ​។

​លោក​ថ្លែងថា​៖ «​តាមពិតទៅ យើង​សប្បាយ​ចិត្តនឹង​ធ្វើតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​យើង​។ ទោះជា​យ៉ាងណាក៏ដោយ ដូចដែល​យើង​ឃើញ​ឥឡូវនេះ ដី​នៅ​ភ្នំពេញ​មានតម្លៃ​ខ្ពស់ ដូច្នេះ​អ្នក​អភិវឌ្ឍន៍​មិនអាច​សាងសង់​គម្រោង​លំនៅឋាន​ដែល​ផ្ដោតលើ​អ្នកមាន​ចំណូល​ទាប​បានទេ ព្រោះ​មិន​ទទួលបាន​ប្រាក់ចំណេញ​»​។

​ទន្ទឹមនឹងនោះ លំនៅឋាន​តម្លៃ​សមរម្យ​អាច​សាងសង់​បាន ដរាបណា​អ្នក​អភិវឌ្ឍន៍​អាច​ទទួលបាន​ដី​សម្បទាន បូក​រួមទាំង​ការគាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​ពី​រដ្ឋាភិបាល ដូច​ជាមាន​ការតភ្ជាប់​ប្រព័ន្ធ​ទឹកស្អាត បណ្តាញ​អគ្គិសនី​ទៅដល់​គម្រោង​នេះ​។ លើសពីនេះ ធនាគារ​ក៏​មិនបាន​ផ្តល់​កម្ចី​ច្រើន​លើ​វិស័យនេះ ផងដែរ​។ នេះ​បើតាម​លោក សុខ​នី​ម​។​

​លោក​បន្តថា​៖ «​ក្នុង​រយៈពេល​ប៉ុន្មាន ឆ្នាំ​ចុង​ក្រោយនេះ យើង​មើលឃើញ​ក្រុមហ៊ុន​មួយចំនួន​បាន​វិនិយោគ​លើ​ការសាងសង់​គម្រោង​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ ប៉ុន្តែ​វា​មិន​ស្ថិតនៅក្នុង​ទីក្រុង​នោះទេ​វា​នៅ​ជាយ​ទីក្រុង​ភ្នំពេញ ដូច្នេះ​ពួកគេ​ទទួលបាន​តម្រូវការ​ទាប​»​។

​លោក​បាន​បន្ថែមថា លុះត្រា​តែមាន​ការជួយជ្រោមជ្រែង​ពី​រដ្ឋាភិបាល និង​បូក​បន្ថែម​ការគាំទ្រ​ពី​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​អាច​ទទួលបាន​ហិរញ្ញវត្ថុ​កាន់តែច្រើន ដូច្នេះ​គម្រោង​នឹង​អាច​ដំណើរការបាន​។​

​នៅ​ពាក់កណ្តាល​ខែធ្នូ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ First Finance បានទទួល​ហិរញ្ញប្បទាន​បំណុល​ចំនួន​ ៧​ លាន​ដុល្លារ​ពី​ស្ថាប័ន​អន្តរជាតិ GuarantCo ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​លំនៅឋាន​តម្លៃ​សមរម្យ​ដល់​គ្រួសារ​ដែលមាន​ចំណូល​ទាប និង​មធ្យម​នៅក្នុង​ប្រទេស​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ប្រតិបត្តិការ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​គាំទ្រ​ដល់​ប្រាក់កម្ចី​ថ្មី​ចំនួន​ ៤៧០​ ដែល​ផ្តោតលើ​គ្រួសារ​ដែលមាន​ចំណូល​ទាប និង​មធ្យម​។ យោងទៅតាម​លក្ខណៈ​វិនិច្ឆ័យ​មួយចំនួន រួមទាំង​លក្ខខណ្ឌ​ទីផ្សារ ទំហំ​ទាំង​មូលនៃ​ហិរញ្ញប្បទាន​ពី​Guarant អាច​នឹង​កើន​ឡើងដល់ ​២២​ លាន​ក្នុង​រយៈពេល​ ២​ឆ្ នាំ​ខាងមុខ​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ តាម​ការប៉ាន់ប្រមាណ ប្រជាជន​កម្ពុជា ចំនួន​ ៧,៩ លាន​នាក់​នឹង​រស់នៅក្នុង​តំបន់​ទីក្រុង​នៅ​ឆ្នាំ​ ២០៣០ កើនឡើង​ពី ៤,៥​ លាន​នាក់​ធៀប​នឹង​ឆ្នាំ​ ២០១៤​។ រាជរដ្ឋាភិបាល​កម្ពុជា មាន​ផែនការ​ដើម្បី​បំពេញតម្រូវការ​លំនៅឋាន​ថ្មី​ដែលមាន​តម្លៃ​សមរម្យ​ប្រមាណ ៥៥ ០០០ ក្នុង​ ១ ​ឆ្នាំ​។ ត្រឹម​ឆ្នាំ​ ២០៣០​ ក្រសួង​បាន​ព្យាករ​ថា លំនៅឋាន​ក្នុង​ទីក្រុង​ប្រមាណ​ ៨០០ ០០០​ នឹងត្រូវ​ចាក់​បញ្ចូល​ទៅក្នុង​ទីផ្សារ​បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១៥ ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាជន​ក្នុងប្រទេស​ដែល​រំពឹងទុក​ចំនួន​ ១៩​ លាន​នាក់​៕