
ទិដ្ឋភាពហាងលក់ទំនិញជាច្រើននៅក្នុងផ្សារទំនើបអ៊ីអន ៣។ ហុង មិនា
ភ្នំពេញៈ ការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ ១៩ ដោយប្រសិទ្ធភាព និងការប្រកាសបើកប្រទេសឡើងវិញឆាប់រហ័ស (ចាប់ពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២១) បានធ្វើឱ្យចំនួនផ្ទៃក្រឡាកន្លែងលក់រាយ (Retail) ដែលបានបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២២ មានប្រមាណជាង ២០០ ០០០ ម៉ែត្រការ៉េ កើន ១៧៩ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩ ដែលជាពេលពិភពលោកនៅមិនទាន់ជួបវិបត្តិនានាដូចពេលបច្ចុប្បន្ន។ គិតត្រឹមដំណាច់ឆ្នាំ ២០២២ ក្នុងរាជធានីភ្នំពេញកន្លែងលក់រាយ (Retail) មានក្រឡាផ្ទៃសរុបជាង ៦១៣ ០០០ ម៉ែត្រការ៉េ។
របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ចេញផ្សាយកាលពីសប្តាហ៍មុនឱ្យដឹងថា ក្នុងឆ្នាំ ២០២២ មានគម្រោងវិនិយោគកន្លែងលក់រាយចំនួន ៩ ដែលស្មើផ្ទៃក្រឡាសរុបជាង ២០០ ០០០ ម៉ែត្រការ៉េបានបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារ។ ចំនួននេះបើធៀបទៅនឹងរយៈពេលពេញ ១ ឆ្នាំ ២០១៩ គឺកើនឡើងប្រមាណ ១៧៩ ភាគរយ ដោយនៅពេលនោះ គឺមានគម្រោងសាងសង់បញ្ចប់ការសាងសង់ចំនួន ៧ ស្មើនឹងផ្ទៃក្រឡាជាង ៧៣ ០០០ ម៉ែត្រការ៉េ។
ទោះបីយ៉ាងណា ការស្រាវជ្រាវបានរកឃើញថា ដោយសារកំណើនផ្ទៃក្រឡាលក់រាយបានហក់ឡើងខ្ពស់កាលពីឆ្នាំ ២០២២ ស្របពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់ល្អប្រសើរបានធ្វើឱ្យអត្រាប្រើប្រាស់ធ្លាក់ចុះមកនៅត្រឹម ៧០ ភាគរយប៉ុណ្ណោះ បើធៀបនឹងឆ្នាំ ២០១៩ ដែលមានរហូតដល់ ៨៩ ភាគរយ។
ការស្រាវជ្រាវរបស់ CBRE Cambodia បានរកឃើញទៀតថា ក្នុងឆ្នាំ ២០២២ កន្លែងជួលលក់រាយប្រភេទ Prime Shopping Mall មានតម្លៃជួលជាមធ្យម ២៦ ដុល្លារក្នុង ១ ម៉ែត្រការ៉េសម្រាប់រយៈពេល ១ ខែ ដែលតម្លៃនេះបើធៀបនឹងឆ្នាំ ២០១៩ គឺធ្លាក់ចុះ ២០ ភាគរយ, ប្រភេទ Community Mall មានតម្លៃ ២០ ដុល្លារ ធ្លាក់ចុះ ១៤ ភាគរយ, ប្រភេទ Prime Retail Podium តម្លៃ ២០ ដុល្លារ ធ្លាក់ចុះ ៣២ ភាគរយ, និងប្រភេទ Prime High Street (ហាងទំនិញតាមផ្លូវធំៗ) មានតម្លៃជួលជាមធ្យម ២៣ដុល្លារ ធ្លាក់ចុះ ១៥ភាគរយ។
អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃរបស់ក្រុមហ៊ុន CBRE Cambodia បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៧ ខែមករា ថា ការដាក់ដំណើរការទីតាំងលក់រាយយ៉ាងច្រើនក្នុងឆ្នាំ ២០២២ គឺដោយសារតែស្ថានភាពនៃការរីករាលដាលជំងឺកូវីដ នៅកម្ពុជាមានភាពល្អប្រសើរ។ ភាគច្រើននៃគម្រោងដែលបើកដំណើរការក្នុងឆ្នាំ ២០២២ គឺជាគម្រោងដែលបានពន្យារពេលតាំងពីអំឡុងទសវត្សរ៍ឆ្នាំ ២០១០ រហូតដល់ចុងឆ្នាំ ២០២១។
អ្នកនាងបន្ថែមថា សម្រាប់គម្រោងធំៗដែលបានបើកដំណើរការក្នុងឆ្នាំ ២០២២ រួមមាន Aeon 3 និង Chipmong Mega maill 271 ក្រៅពីនោះគឺមានលក្ខណៈជា Community Mall តូចៗជាច្រើន។
អ្នកនាង ច័ន្ទដាលុច្ស បានបញ្ជាក់ថា៖ «កំណើននេះមិនមែនមានន័យថា គ្រប់ដំណើរការរបស់ទីតាំងលក់រាយនៅរាជធានីភ្នំពេញកាលពីឆ្នាំ ២០២២ មានភាពល្អប្រសើរជាងនៅមុនពេលពិភពលោកជួបវិបត្តិជំងឺកូវីដ ១៩ នាឆ្នាំ ២០១៩ នោះទេ»។
បើយោងតាម អ្នកនាង ច័ន្ទដាលុច្សសម្រាប់ស្ថានភាពទីផ្សារតម្លៃជួល និងដំណើរការហាងលក់ទំនិញក្នុងឆ្នាំ ២០២៣ នេះគឺអាចនៅទ្រឹង ឬធ្លាក់ចុះតិចតួចបើធៀបនឹងឆ្នាំ ២០២២ ព្រោះបរិមាណផ្ទៃកន្លែងជួលលក់រាយនៅមានច្រើនរួចទៅហើយ ខណៈការដំឡើងអត្រាការប្រាក់របស់ធនាគារធំៗ និងអត្រាអតិផរណាកើនឡើង ក៏នឹងជះឥទ្ធិពលដល់ផែនការពង្រីក ឬបើកអាជីវកម្មថ្មីបន្ថែមដែរ។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បាននិយាយថា ការកើនឡើងផ្ទៃក្រឡាទីតាំងលក់រាយក្នុងឆ្នាំ ២០២២ គឺដោយសារតែគម្រោងអភិវឌ្ឍន៍លំនៅឋានធំៗតែងតែសង់កន្លែងលក់ទំនិញភ្ជាប់ជាមួយដើម្បីដើរស្របតាមនិន្នាការនៃកំណើនសេដ្ឋកិច្ច និងបរិបទនៃការរស់នៅថ្មីដែលចង់មានកន្លែងលក់ទំនិញ កន្លែងញ៉ាំអាហារ និងកន្លែងកម្សាន្តនៅជិត។ នៅឆ្នាំ ២០២៣ នេះឥរិយាបថរបស់ប្រជាជនខ្មែរចំពោះ Retail នឹងកាន់តែពេញនិយមបន្ថែមទៀត។
លោកប្រាប់ថា៖ «ខ្ញុំមានជំនឿថា ដោយសារកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែល្អ និងកំណើនប្រជាជននៅភ្នំពេញកាន់តែច្រើន ដូច្នេះតម្រូវការការប្រើប្រាស់ Retail នឹងមានដំណើរការកាន់តែល្អ»។
CBRE Cambodia បានព្យាករថា ក្នុងឆ្នាំ ២០២៣ នេះផ្ទៃក្រឡាកន្លែងលក់រាយក្នុងរាជធានីភ្នំពេញត្រូវដាក់ចូលទីផ្សារនឹងមានប្រហែល ១២០ ០០០ ម៉ែត្រការ៉េ ដែលនឹងធ្វើឱ្យផ្ទៃក្រឡាកន្លែងជួលលក់រាយកើនដល់ ៧៣៣ ០០០ ម៉ែត្រការ៉េ៕