
កម្មករកំពុងធ្វើការក្នុងការដ្ឋានសំណង់ ១ កន្លែង តាមបណ្ដោយមហាវិថីសម្ដេច ហ៊ុន សែន។ រូបថត ហុង មិនា
ភ្នំពេញៈ កម្ពុជាបញ្ចេញប្រាក់ចំនួន ១ ៨២៨ លានដុល្លារទៅលើការនាំចូលសម្ភារសំខាន់ៗមួយចំនួនក្នុងវិស័យសំណង់ កាលពីឆ្នាំ ២០២២ ដោយទឹកប្រាក់នេះកើនឡើង ៣,២២ ភាគរយបើធៀបនឹងឆ្នាំ ២០២១។ ទឹកប្រាក់នៃការនាំចូលសម្ភារសំខាន់ៗក្នុងវិស័យសំណង់ គឺស្មើប្រមាណ ៦,១ ភាគរយនៃចំនួនទឹកប្រាក់ដែលកម្ពុជាចំណាយលើការនាំចូលទំនិញសរុបនៅក្នុងឆ្នាំ ២០២២ ដែលមានចំនួនជិត ៣០ ពាន់លានដុល្លារ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
តារាងស្ថិតិនាំចូលមុខទំនិញសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា មុខទំនិញសំខាន់ៗក្នុងវិស័យសំណង់ដែលកម្ពុជានាំចូលនៅក្នុងឆ្នាំ ២០២២ រួមមាន សម្ភារសំណង់ មានទឹកប្រាក់ ១ ៣២៦ លានដុល្លារ ធ្លាក់ចុះ ០,៦ ភាគរយ, ដែក និងដែកថែប ៤៧៧ លានដុល្លារ កើន ២១,៩៩ ភាគរយ, និងស៊ីម៉ងត៍ ២៥ លានដុល្លារ ធ្លាក់ចុះ ៤៣,១៨ ភាគរយ។
អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ហ៊ុយ វណ្ណា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែកុម្ភៈថា ឥទ្ធិពលវិបត្តិសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីជំងឺកូវីដ ១៩ ជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសធំៗ និងសង្គ្រាមអ៊ុយក្រែនរុស្ស៊ី បានរារាំងដល់ដំណើរវិវឌ្ឍន៍នៃវិស័យសំណង់កម្ពុជាឆ្នាំ ២០២២ ឱ្យនៅទ្រឹង។
ទោះបីក្នុងឆ្នាំ ២០២២ នៅតាមការដ្ឋានភាគច្រើនសុទ្ធតែមានសកម្មភាពសាងសង់ ប៉ុន្តែវាគ្រាន់តែជាគម្រោងចាស់ៗដែលសាងសង់បន្តដើម្បីបញ្ចប់ប៉ុណ្ណោះ ខណៈគម្រោងវិនិយោគថ្មីៗ ជាពិសេសគម្រោងដែលមានម្ចាស់ជាវិនិយោគិននៅក្រៅស្រុក គឺស្ទើរតែមិនមានតែម្តង។
លោកបន្តទៀតថា ដោយសារការរីកចម្រើនរបស់វិស័យសំណង់ត្រូវការពេលយូរជាងវិស័យផ្សេងៗ ដូច្នេះនៅក្នុងឆ្នាំ ២០២៣ នេះវានឹងបន្តនៅប្រហាក់ប្រហែលឆ្នាំ ២០២២ ទោះកំណើនសេដ្ឋកិច្ចកម្ពុជា និងពិភពលោក អាចល្អជាងឆ្នាំ ២០២២ ក៏ដោយ។
លោកបានថ្លែងថា៖ «យោងតាមឯកសារ «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៣» និងការលើកឡើងរបស់ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងវេទិកាសាធារណៈ នាពេលកន្លងមក ព្រមទាំងការសង្កេតមើលដោយផ្ទាល់ ខ្ញុំគិតថា វិស័យសំណង់នៅកម្ពុជាឆ្នាំ ២០២៣ នេះនឹងបន្តជួបបញ្ហាច្រើនពីវិបត្តិសេដ្ឋកិច្ចពិភពលោក។ នៅពេលវិស័យសំណង់ជាប់គាំង ការនាំចូលសម្ភារសំណង់ពីក្រៅប្រទេសក៏មិនកើនឡើងដែរ»។
ទាក់ទងនឹងចង្វាក់ផលិតកម្មស៊ីម៉ងត៍ និងដែកក្នុងស្រុក លោក វណ្ណា អះអាងថា ដោយសារតម្រូវការនៅមានកម្រិត ដូច្នេះការផលិតក៏មិនអាចច្រើនដែរ។
លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជា បាននិយាយថា ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងឧបសគ្គនៃការធ្វើដំណើរចាប់តាំងពីមានវត្តមានជំងឺកូវីដ ១៩ (ចុងឆ្នាំ ២០១៩) បានធ្វើឱ្យវិស័យសំណង់នៅកម្ពុជាត្រូវជាប់គាំង ខណៈចំនួនគម្រោងសាងសង់ដែលដាក់ពាក្យស្នើសុំសាងសង់ និងទទួលបានការយល់ព្រមពីក្រសួងរៀបចំដែនដី ក៏ចុះដែរ។
លោកលើកឡើងថា៖ «វិស័យសំណង់កម្ពុជាត្រូវការពេលបន្ថែមទៀតសម្រាប់ការងើបឡើងវិញ។ បច្ចុប្បន្នគម្រោងដែលវិនិយោគដោយអ្នកនៅក្នុងស្រុកកំពុងបោះជំហានទៅមុខកាន់តែលឿនបើធៀបនឹងកាលពីមុនដែលមានភាគច្រើនជាវិនិយោគិនបរទេស»។
លោកប្រាប់ទៀតថា សម្ភារដែលប្រើប្រាស់ក្នុងវិស័យសំណង់នៅកម្ពុជា ត្រូវបាននាំចូលពីប្រទេសមួយចំនួនដូចជា ចិន វៀតណាម ថៃ ម៉ាឡេស៊ី កូរ៉េ បារាំង និងអ៊ីតាលី ជាដើម។
ឯកសារ «ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២២-២០២៣» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ នេះ វិស័យសំណង់ និងអចលនទ្រព្យ អាចនឹងមានកំណើនក្នុងរង្វង់ ១,១ ភាគរយ និង ១,២ ភាគរយ រៀងគ្នា ខណៈវិស័យផ្សេងទៀតដូចជាវិស័យកាត់ដេរ អាចមានកំណើន ៥,៥ ភាគរយ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ អាចក្នុងរង្វង់ ១១,៧ភាគរយ, វិស័យកសិកម្ម ១,១ ភាគរយ, វិស័យទេសចរណ៍ (សណ្ឋាគារ និងភោជនីយដ្ឋាន) កើនឡើងក្នុងរង្វង់ ៣២,៧ ភាគរយ, និងវិស័យលក់ដុំរាយ អាចមានកំណើនក្នុងរង្វង់ ៦,៥ ភាគរយ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រសួងបានអនុម័តឱ្យគម្រោងសាងសង់ ៣ ៨២៧ គម្រោង ធ្លាក់ចុះ ២,៤៩ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ៣ ៩២៥ គម្រោង។ ចំណែកទុនវិនិយោគក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ គឺមានចំនួន ២,៦៣៥ ពាន់លានដុល្លារ និងធ្លាក់ចុះ ៤៩,៤២ ភាគរយពីចំនួន ៥,២១០ ពាន់លានដុល្លារ៕