
សំណង់អគារខ្ពស់ៗជាច្រើនក្នុងរាជធានីភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ កម្មវិធីប្រកួតដណ្តើមពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី៨ បានប្រកាសពីការចាប់ផ្តើមចុះឈ្មោះសម្រាប់គម្រោងវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ដើម្បីស្វែងរកគម្រោង/ស្នាដៃល្អៗតាមផ្នែកនីមួយៗ សម្រាប់ឈានឆ្ពោះទៅការប្រកួតប្រជែងចុងក្រោយដែលនឹងត្រូវរៀបចំនៅក្នុងប្រទេសថៃ នាខែធ្នូ ឆ្នាំ ២០២៣ នេះ។
ក្នុងពិធីប្រកាសបើកទទួលចុះឈ្មោះសម្រាប់គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា នាថ្ងៃទី ២៣ ខែកុម្ភៈ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងជាប្រធានក្រុមប្រឹក្សាឯករាជ្យចៅក្រមនៃពានរង្វាន់ PropertyGuru Cambodia Property Awards បានលើកឡើងថា បន្ទាប់ពីស្ងប់ស្ងាត់ដោយសារតែវិបត្តិជំងឺកូវីដ ១៩ បច្ចុប្បន្នទីផ្សារអចលនទ្រព្យ និងសំណង់នៅកម្ពុជាបានចាប់ផ្តើមកម្រើកឡើងវិញបណ្តើរៗហើយ។ ការផ្សព្វផ្សាយពីវិស័យអចលនទ្រព្យកម្ពុជាទៅកាន់ទីផ្សារពិភពលោក គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះនៅពេលវិស័យសំណង់ និងអចលនទ្រព្យមានដំណើរការល្អ កំណើនសេដ្ឋកិច្ច និងទេសចរណ៍ក៏ល្អប្រសើរដែរ។
លោកថ្លែងថា៖ «ខ្ញុំជឿថាកម្មវិធីនេះពិតជាពិសេស ដែលនឹងនាំយកគម្រោងល្អដាច់គេនៅកម្ពុជាទៅចូលរួមប្រកួតជាមួយគម្រោងមកពីប្រទេសផ្សេងៗទៀតនៅក្នុងទ្វីបអាស៊ី»។
លោកបន្តថា ឆ្នាំ ២០២៣ នេះ គឺជាលើកទី៨ ដែលពានរង្វាន់ PropertyGuru Cambodia Property Awards ត្រូវបានរៀបចំនៅកម្ពុជា ខណៈពានរង្វាន់មួយនេះបានចាប់ផ្តើមដំបូងក្នុងឆ្នាំ ២០០៥។ នៅក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់នេះ គឺមានចៅក្រមចំនួន ១០ រូប ដែលមកពីផ្នែកផ្សេងៗ ដូចជា អ្នកជំនាញអចលនទ្រព្យ, អ្នកស្រាវជ្រាវ, វិស្វករ,ស្ថាបត្យករ និងមេធាវី ជាដើម។
លោកបញ្ជាក់ថា៖ «ការដាក់បញ្ចូលអ្នកជំនាញច្រើនផ្នែកទៅក្នុងក្រុមគណៈកម្មការវាយតម្លៃ គឺដើម្បីផ្តល់ភាពសុក្រឹត និងមានតម្លាភាព»។
បើតាមលោក សន សៀប ពានរង្វាន់ PropertyGuru Cambodia Property Awards ត្រូវបានចែកចេញជាច្រើនផ្នែកដូចជា Best Developer Awards, Development Awards, Residential Awards, Commercial Awards, Design Awards ដោយសរុបទាំងអស់មានជាង ៣០ ពានរង្វាន់។
លោក Jules Kay ប្រធានគ្រប់គ្រង PropertyGuru Asia Property Awards and Events បាននិយាយថា ក្នុងឆ្នាំនេះព្រឹត្តិការណ៍ PropertyGuru Cambodia Property Awards ត្រឡប់មកវិញជាមួយនឹងភាពរឹងមាំជាងមុន ខណៈពេលចរន្តនៃការធ្វើដំណើររបស់ប្រជាជន និងសេដ្ឋកិច្ចពិភពលោកដែលរងការគំរាមកំហែងដោយសារកូវីដ ១៩ កាន់តែមានភាពធូរស្រាលជាងមុន។ លោកបន្តថា វិស័យសំណង់នៅកម្ពុជានៅពេលនេះ គឺមានការរីកចម្រើនលឿនបើធៀបបណ្តាប្រទេសក្នុងតំបន់។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្នកម្ពុជាអាចចាត់ទុកជាកន្លែងដែលវិស័យសំណង់ និងអចលនទ្រព្យកំពុងមានសម្ទុះរីកចម្រើនខ្លាំងនៅទ្វីបអាស៊ី»។
យោងតាមគេហទំព័រ AsiaPropertyAwards.com. សម្រាប់ប្រទេសកម្ពុជាការដាក់ពាក្យចូលរួមប្រកួត គឺគិតចាប់ពីពេលនេះ (ថ្ងៃទី ២៣ ខែកុម្ភៈ) រហូតដល់ថ្ងៃទី ១២ ខែឧសភា។ ចាប់ពីថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី ១៦ ខែមិថុនា ក្រុមគណៈកម្មការនឹងចុះពិនិត្យនៅកន្លែងដោយផ្ទាល់ និងនៅថ្ងៃទី ២០ ខែមិថុនា គណៈកម្មការនឹងធ្វើការវាយតម្លៃចុងក្រោយ មុននឹងធ្វើពិធីប្រកាសនៅថ្ងៃទី ១៨ ខែសីហា។ អ្នកឈ្នះតាមផ្នែកនីមួយៗនឹងមានសិទ្ធិទៅចូលរួមការប្រកួតជាមួយគម្រោងមកពីប្រទេសមួយចំនួនទៀតក្នុងទ្វីបអាស៊ី ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣៕