ភ្នំពេញៈ ជេអេស លែន (JS Land) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចុះបញ្ជីភាគហ៊ុន បានទិញដី ១ កន្លែងនៅរាជធានីភ្នំពេញ សម្រាប់ពង្រីកអាជីវកម្មតាមរយៈការអភិវឌ្ឍគម្រោងខុនដូ The Garden / Residency 3 ដូចក្នុងផែនការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងអំឡុងពេលចុះបញ្ជី។
ក្រុមហ៊ុន JS Land Plc បានចុះបញ្ជីភាគហ៊ុនរបស់ខ្លួនជាមួយទីផ្សារកំណើននៃផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយប្រមូលមូលនិធិបានប្រហែល ៤៩ ពាន់លានរៀល (ឬស្មើ ១២ លានដុល្លារ)។
ក្រុមហ៊ុននេះបានផ្ញើឯកសារទៅ CSX កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ដោយប្រកាសថា ក្រុមហ៊ុនបានទិញដីដ៏ល្អ ១ កន្លែងនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅក្នុងគោលបំណងអភិវឌ្ឍសាងសង់ខុនដូ The Garden/Residency 3 នាពេលខាងមុខនេះ។ សម្រាប់តម្លៃដីគឺ ៧ ៤១០ ៦០០ ០០០ រៀល។ ទ្រព្យសកម្មសរុបនៅចុងឆ្នាំសារពើពន្ធចុងក្រោយគឺចំនួន ៦៥ ៣៥៥ ៥១១ ៨១០ រៀល និងអនុបាតនៃតម្លៃទ្រព្យសកម្មសរុប គឺ ១ ១៣៤ ភាគរយ។
ក្រុមហ៊ុនឱ្យដឹងថា៖ «ក្នុងនាមជាក្រុមហ៊ុនដែលមានកិច្ចខិតខំប្រឹងប្រែងសាងសង់លំនៅឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនខ្មែរ យើងប្តេជ្ញានឹងផ្តល់នូវគម្រោងប្រកបដោយភាពច្នៃប្រឌិត និងមានគុណភាពលើសពីការរំពឹងទុករបស់ម្ចាស់ភាគហ៊ុនទាំងអស់។ យើងជឿថា TGR 3 នឹងមិនត្រឹមតែចូលរួមចំណែកដល់ការលូតលាស់នៃទីផ្សារអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យប្រជាជនកម្ពុជានូវបរិបទនៃការរស់នៅថ្មីប្រកបដោយផាសុកភាព និងនិរន្តរភាពផងដែរ»។
លោក Jack Yap អគ្គនាយកក្រុមហ៊ុន JS Land បានឱ្យដឹងក្នុងអំឡុងពេលចុះបញ្ជីផ្លូវការថា ក្រុមហ៊ុនបានប្រើប្រាស់បទពិសោធន៍របស់ខ្លួនក្នុងទីផ្សារម៉ាឡេស៊ី និងនៅទីក្រុងហុងកុង ដើម្បីដាក់ទីតាំង និងផ្តោតលើការសង់ផ្ទះតម្លៃសមរម្យ ដែលឆ្លើយតបនឹងតម្រូវការ។
លោកបញ្ជាក់ថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាលទ្ធផលនៃតម្រូវការដែលកើនឡើងដ៏រហ័សពីប្រជាជនមានប្រាក់ចំណូលមធ្យម ទីផ្សារកម្ពុជា បានមើលឃើញពីការផ្លាស់ប្តូរយ៉ាងសំខាន់គឺពីខុនដូតម្លៃខ្ពស់ទៅជាខុនដូមានតម្លៃសមរម្យ ដោយឥឡូវមានចំនួន ៦៨ ភាគរយនៃភាគហ៊ុនសរុប។ យូនីតដែលមានតម្លៃសមរម្យគឺមានតម្រូវការច្រើនជាងគេក្នុងវិស័យខុនដូ»។
ក្រុមហ៊ុន JS Land ថ្មីៗនេះបានរាយការណ៍ពីការខាតបង់ចំនួន ២,៣៦៣ ពាន់លានរៀល (៥៩០ ៧៥០ ដុល្លារ) នៅក្នុងឆមាសទី១ ដែលបានបញ្ចប់នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ដោយសារតម្រូវការខុនដូទាប។
ក្នុងឯកសារដេញថ្លៃនៅថ្ងៃទី ៣១ ខែសីហា JS Land មិនបានបង្ហាញពីប្រាក់ចំណូលនៅក្នុងរយៈពេលនេះទេ ដោយសារក្រុមហ៊ុនមិនបានប្រគល់គម្រោង Garden Residency 2 (GR2) ដែលបច្ចុប្បន្នកំពុងសាងសង់ ហើយរំពឹងនឹងបញ្ចប់នៅឆ្នាំ ២០២៣ នេះ។
លោក Koy Le San ប្រធានក្រុមហ៊ុន JS Land បានប្រាប់ម្ចាស់ភាគហ៊ុនថា ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ លក្ខខណ្ឌដែលមានចែងក្នុងកិច្ចសន្យាលក់-ទិញអនុញ្ញាតឱ្យក្រុមហ៊ុនទទួលស្គាល់ប្រាក់ចំណូលនៅពេលដែលអចលនទ្រព្យត្រូវបានបញ្ចប់ និងប្រគល់ជូនអតិថិជន។ លោកបន្តថា ការណ៍នេះគឺស្របតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារបាយការណ៍អន្តរជាតិ។
លោក Le San និយាយថា៖ «ហេតុដូច្នេះហើយចាប់ពីពេលនេះរហូតដល់ការប្រគល់ GR2 គណនីដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុនយើងនឹងមិនឆ្លុះបញ្ចាំងពីប្រាក់ចំណូលណានោះឡើយ។ យ៉ាងណាអ្នកនឹងមើលឃើញ ទ្រព្យសកម្មអភិវឌ្ឍន៍អចលនទ្រព្យរបស់ក្រុមហ៊ុនកំពុងកើនឡើងរៀងរាល់ត្រីមាស ដើម្បីឆ្លុះបញ្ចាំងពីដំណាក់កាលនៃការបញ្ចប់គម្រោងរហូតមកដល់ពេលបច្ចុប្បន្ន»។
សម្រាប់ត្រីមាសទី២ ដែលបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុន JS Land បានបង្ហាញការខាតបង់សុទ្ធ ៧៤៤,១៤១ លានរៀល៕