ភ្នំពេញៈ ក្រុមហ៊ុន​វិនិយោគ​វិស័យ​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា OCIC និង​ក្រុមហ៊ុន​សេវាកម្ម​អចលនទ្រព្យ CBRE Cambodia បាន​ចុះ​អនុ​ស្សរ​ណៈ​យោគយល់​គ្នា ​(MoU)​ ក្នុងការ​ចាប់ដៃ​គូ​ជា​យុទ្ធសាស្ត្រ ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​បង្កើន​សក្តានុពល​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ពិសេស​ក្រុង​រណប​កោះ​ពេជ្រ ឱ្យមាន​សម្ទុះ​កាន់តែខ្លាំង​ថែមទៀត​។​

​ពិធី​ចុះហត្ថលេខា​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២៣ ខែមីនា ឆ្នាំ​ ២០២៣ រវាង​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​នៅ​កម្ពុជា OCIC ជាមួយ​ក្រុមហ៊ុន CBRE Cambodia ដែលជា​ក្រុមហ៊ុន​បម្រើសេវា​កម្ម​អចលនទ្រព្យ​មាន​ការិយាល័យ​កណ្តាល​នៅ​សហរដ្ឋអាមេរិក​។ នៅក្នុង​ពិធី​នេះ​មានការ​ចូលរួម​ពី​តំណាង​សភាពាណិជ្ជកម្ម​អា​​មេ​រិ​កនៅ​កម្ពុជា​ផងដែរ​។​

​តាមរយៈ​សេចក្តីប្រកាស​ព័​ត៌​មាន​ស្តីពី​កិច្ចព្រមព្រៀង គឺ​នេះ​ជា​ជំហាន​ដំបូង​នៃ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​សេវាកម្ម​អចលន​ទ្រព្យ​អាមេរិក និង​ក្រុមហ៊ុន​អភិ​វឌ្ឍន៍​អចលនទ្រព្យ​ចម្រុះ​កម្ពុជា​។ ការចុះ MoU នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើត​ឱកាស​ថ្មីៗ​សម្រាប់​វិនិយោគិន អតិថិជន និង​ប្រជាជន​រស់នៅក្នុង​ទីក្រុង​​ភ្នំពេញ​។

CBRE ដែលមាន​វត្ត​មាននៅ​ក្នុងប្រទេស​ជាង ១០០ ទូទាំង​ពិភពលោក និង​ក្រុមហ៊ុន OCIC ដែល​កំពុង​អភិវឌ្ឍ​លំនៅ​ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជ​​កម្ម​ខ្នាត​ធំ ព្រមទាំង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុ​ជានា​រយៈពេល ២៣ ​ឆ្នាំ​មកនេះ​នឹងធ្វើ​ការសហការ​ដំណាក់​កាល​ដំបូង​ជាមួយគ្នា​ដោយ​ផ្តោតលើ​ការវិវឌ្ឍ​នៃ​ក្រុង​រណប​កោះ​ពេជ្រ ដែលមាន​ទីតាំងនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។​

​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន CBRE Cambodia លោក Lawrence Lenon បាន​ប្រាប់ថា MoU នេះ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការជួយ​ជំរុញ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា ពិសេស​គម្រោង​អភិវឌ្ឍន៍​របស់ OCIC ឱ្យ​កាន់​តែមាន​សក្តានុពល​នៅលើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​។ ភាពជា​ដៃគូ​នេះ​នឹងមិន​ត្រឹមតែ​នាំមក​អត្ថប្រយោជន៍​សំខាន់ៗ​ដល់​អតិថិជន​របស់​ក្រុមហ៊ុន​ទាំង​ ២ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​រាជធានី​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​

​លោក Lawrence បាន​ថ្លែងថា​៖ «​យើង​រំពឹងថា ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ OCIC នឹង​បើកឱកាស​ថ្មីៗ​ជាច្រើន​សម្រាប់​ក្រុមហ៊ុន​ទាំង​ ២ រួមទាំង​ការ​ទទួលបាន​ការយល់ដឹង​លម្អិត​អំពី​ទីផ្សារ​អចលនទ្រព្យ សេវា​កម្ម​កាន់តែ​ប្រសើរ និង​សមត្ថ​ភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​អចលនទ្រព្យ​ដ៏​ស្មុគស្មាញ​។ យើង​មានជំនឿថា នឹង​អាច​ជំរុញ​លទ្ធផល​វិជ្ជមាន​សម្រាប់​អតិថិជន​របស់​យើង ព្រមទាំង​ប្រជាជន​ក្នុងប្រទេស​កម្ពុជា​»​។​

​អនុប្រធាន​ក្រុមហ៊ុន OCIC លោក Thierry Tea បានឱ្យដឹងថា ការអភិវឌ្ឍ​ទីក្រុង​ទូទាំង​ពិភពលោក គឺ​ត្រូវ​ចំណាយពេល​ច្រើន​ទសវត្សរ៍​ដើម្បី​ផ្លាស់​ប្តូរ និង​អភិវឌ្ឍន៍​។ នេះ​ជាការ​​វិនិយោគ និង​កិច្ចខិតខំ​ប្រឹងប្រែង​រយៈ​ពេល​វែង ដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​អ្នក​អភិវឌ្ឍន៍​ចំពោះ​អនាគត​របស់​ប្រទេស​។

បច្ចុប្បន្ន​ទីក្រុង​រណប​កោះ​ពេជ្រ មាន​ប្រជាជន​រស់នៅ​ជាង ១៥ ០០០​ នាក់ និង​លំនៅឋាន​ជាង ២ ៥០០​ យូ​នី​ត ដោយមាន​អគារ​ចម្រុះ​ជាច្រើន​ដូចជា បុរី Elite Town, អគារ GIA, Diamond Twin Tower, Morgan, Casa Meridian និង​អគារ​ការិយាល័យ Aquation និង Elysees Tower ព្រម​ទាំង​មាន​ហាង​លក់​អាហារ និង​ភេសជ្ជៈ​លំដាប់​អន្តរជាតិ​ជា​ច្រើន​ផងដែរ​។​

​ជាមួយនឹង​ខុន​ដូ​ថ្មី​ដែលមាន​ជាង ១ ៥០០ ​យូ​នី​ត និង​វីឡា​ថ្មី​ចំនួន​ ២០០ ដែល​នឹង​កសាង​រួច​ក្នុងពេល​ឆាប់ៗ ព្រមទាំង​ស្ពាន​ត​ភ្ជាប់​ទៅ​កោះនរា​ដែល​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ ទីក្រុង​រណប​កោះ​ពេជ្រ​នឹងមាន​សក្តា​នុព​ល​កាន់តែខ្លាំង​នាពេល​ឆាប់ៗ​។ ការអភិវឌ្ឍ​ទីក្រុង​រណប​កោះ​ពេជ្រ​ត្រូវបាន​ចាប់ផ្តើម​ធ្វើឡើង​កាលពី​ ១៧ ​ឆ្នាំមុន​៕