
ទិដ្ឋភាពស្ពានបេតុងឫស្សីកែវ ដែលឆ្លងកាត់ទន្លេសាប។ រូបថត FB
ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ បានសម្តែងការសាទរ ចំពោះសមិទ្ធផលថ្មី គឺស្ពានបេតុងឫស្សីកែវ ដែលឆ្លងកាត់ទន្លេសាប ដែលមិនត្រឹមតែជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងតំបន់ និងឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធស្ពាននេះ នឹងទាក់ទាញការចាប់អារម្មណ៍បន្ថែមពីអ្នកវិនិយោគ លើអចលនទ្រព្យ និងដីធ្លីក្នុងតំបន់នេះ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងទីភ្នាក់ងារអចលនវត្ថុ បានប្រាប់ឱ្យដឹងថា ការសាងសង់ស្ពាននេះបានផ្តល់ផលចំណេញច្រើនសម្រាប់ប្រជាពលរដ្ឋនៅត្រើយសងខាង កាត់បន្ថយការកកស្ទះចរាចណ៍។ ចំណែកចំពោះវិស័យអចលនទ្រព្យវិញ នៅក្នុងចន្លោះផ្លូវជាតិលេខ ៥ និងលេខ ៦ ក្នុងតំបន់ឫស្សីកែវ និងជ្រោយចង្វារនោះ នឹងមានសក្តានុពលកាន់តែខ្លាំងសម្រាប់ការអភិវឌ្ឍនាពេលអនាគត។
លោកបានបញ្ជាក់ទៀតថា៖«ការសាងសង់ស្ពានថ្មីៗ ជាយន្តការពង្រឹង និងពង្រីកបន្ថែមទៀត នូវឥទ្ធិពល ឬក៏សក្តានុពល ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យក្នុងតំបន់នេះ។ ម្យ៉ាងទៀត វានឹងកាន់តែមានភាពងាយស្រួល សម្រាប់ពលរដ្ឋដោះស្រាយនូវបញ្ហាកកស្ទះ»។
លោក ច្រឹក សុខនីម អះអាងថា បើទោះជាមានស្ពានហើយក៏ដោយក៏តម្លៃអចលនទ្រព្យនៅក្នុងតំបន់នាពេលបច្ចុប្បន្ន មិនទាន់មានការឡើងថ្លៃគួរឱ្យកត់សម្គាល់ដែរ ដោយសារស្ថានភាពសេដ្ឋកិច្ចសព្វថ្ងៃនេះ មិនទាន់អំណោយផលល្អ សម្រាប់ការដោះដូរអចលនទ្រព្យនៅឡើយទេ ជាពិសេសសក្តានុពលនៃការទិញអចលនទ្រព្យ។
លោកបានអះអាងទៀតថា៖«ខ្ញុំជឿជាក់ ត្រឹម២ទៅ៣ ឆ្នាំទៀត តំបន់ដែលស្ថិតនៅជុំវិញ និងកៀកនឹងស្ពាននេះ នឹងមានសក្តានុពលខ្ពស់ក្នុងការឡើងថ្លៃនាពេលខាងមុខនេះ»។
លោកស្រី គ្រេស រចនី ហ្វុង (Grace Rachny Fong) នាយិកាប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនលក់ ជួលអចលនទ្រព្យនៅកម្ពុជា ក៏បានប្រាប់ឱ្យដឹងដែរថា តម្លៃអចលនទ្រព្យនៅតំបន់ផ្លូវជាតិលេខ៦អា (៦A) កំពុងតែមានសក្តានុពលល្អ ដូច្នេះបន្ទាប់ពីមានស្ពានបេតុងឫស្សីកែវនេះ វានឹងជួយជំរុញសក្តានុពលបន្ថែមសម្រាប់វិស័យអចលនទ្រព្យក្នុងតំបន់នេះ។
លោកស្រីបានបញ្ជាក់ដូច្នេះថា៖«ស្ពានបេតុងឫស្សីកែវនេះ តភ្ជាប់ផ្លូវជាតិធំៗនៅសងខាងទន្លេសាប ដែលបានតភ្ជាប់ខេត្តសក្តានុពលមួយចំនួន ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិទាំង២នេះ។យើងរំពឹងថា ស្ពាននេះមិនត្រឹមតែអំណោយផលសម្រាប់ការធ្វើដំណើររបស់ពលរដ្ឋប៉ុណ្ណោះទេ តែវាក៏នឹងជួយជំរុញសកម្មភាពជួញដូរអចលនទ្រព្យឱ្យសកម្មឡើងវិញផងដែរ ក្រោយស្ថានភាពកូវីដ១៩ ធូរស្រាល»។
សូមជម្រាបថា គម្រោងស្ពានបេតុងឫស្សីកែវត្រូវបានវិនិយោគសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២១ មានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង១,២៥ម៉ែត្រសងខាង កម្ពស់សសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពានប្រវែង៣៤ម៉ែត្រ បន្ថែមដោយរចនាប័ទ្មទំនើបដែលមានសសរធំចំនួន ៤បង្គោល និងមានកម្ពស់រហូតដល់៤០ម៉ែត្រ ចំណាយអស់ទឹកប្រាក់ប្រមាណ ៣៥លានដុល្លារ អាមេរិក។
ស្ពានបេតុងឫស្សីកែវដែលជាស្ពានខ្សែកាបទី១ក្នុងទីក្រុងភ្នំពេញត្រូវបានគេប្រមាណថា នឹងក្លាយជាសរសៃឈាមនិងច្រកសេដ្ឋកិច្ចដើម្បីលើកតម្កើងប្រជាប្រិយភាពក្នុងវិស័យអចលនទ្រព្យ ការធ្វើចរាចរណ៍ឆ្លងកាត់ទៅតំបន់ជ្រោយចង្វារកាន់តែងាយស្រួល កាត់បន្ថយគ្រោះថ្នាក់ ការកកស្ទះ និងជាពិសេសធ្វើឱ្យតម្លៃដីធ្លីនៅតំបន់នេះកាន់តែមានតម្លៃខ្ពស់ជាងមុន។ ស្ពាននេះផ្សារភ្ជាប់ខណ្ឌធំៗចំនួន២ គឺខណ្ឌឫស្សីកែវ ផ្លូវជាតិលេខ៥ ដោយឆ្លងកាត់តាមរង្វង់មូលសុវណ្ណមច្ឆាក្នុងទីក្រុងជ្រោយចង្វារ (មហាវិថី OCIC) ទៅកាន់ផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ។
សូមរំឭកដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នូវស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ស្ថិតក្នុងខណ្ឌជ្រោយចង្វារ ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ តទៅ។ ការដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននេះ បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន៕