​ភ្នំពេញៈ ការនាំ​ចូល​ដែក និង​ដែកថែប នៅក្នុង​រយៈពេល​ ៤​ ខែ​ដើមឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​ជាង ១២៩​ លាន​ដុល្លារ​កើន​តិច​តួច​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ចំនួន​ទឹកប្រាក់​នាំចូល​ដែក និង​ដែកថែប គឺ​ស្មើនឹង ១,៦៣ ​ភាគរយ​នៃ​ទឹកប្រាក់​ដែល​កម្ពុជា​ចំណាយ​លើ​ការនាំ​ចូល​ទំនិញ​ទាំង​អស់ពី​ទីផ្សារ​​អន្តរជាតិ​។​

​តារាង​ស្ថិតិ​ពាណិជ្ជកម្ម​នាំចូល​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញថា ចាប់ពី​ខែ​​មករា​-​មេសា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចូល​ដែក និង​ដែកថែប​ក្នុង​ទឹកប្រាក់​សរុប ១២៩,០៤​ លាន​ដុល្លារ​កើនឡើង ៧,៧៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ១១៩,៧២​ លាន​ដុល្លារ​។​

​សម្រាប់​ខែមេសា ឆ្នាំ ​២០២៣ ការ​​នាំចូល​ដែក និង​ដែកថែប​មាន​ទឹកប្រាក់ ៣៥,៧៥​ លាន​ដុល្លារ កើន ០,៣ ​ភាគ​​រយ​ធៀប​ខែមេសា ឆ្នាំ​ ២០២២ ដែលមាន ៣៥,៦៤​ លាន​ដុល្លារ​។ ទឹកប្រាក់​នាំចូល​ដែក​ក្នុង​ខែមេសា ធៀប​ខែមីនា ឆ្នាំ​ ២០២៣ គឺ​កើនឡើង ១,៥៤ ​លាន​ដុល្លារ ស្មើនឹង ៤,៤៩ ​ភាគរយ​។ នេះ​បើតាម​តារាង​ខាងលើ​។​

​ប្រធាន​គ្រប់គ្រង​ទូទៅ​សមាគម​អ្នក​សាងសង់​កម្ពុជា លោក ជីវ ស៊ីវ​ផេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទោះបី​ផល​ប៉ះពាល់​នៃ​កំណើនសេដ្ឋកិច្ច​ពិភព​លោក ជាពិសេស​វិស័យ​សំណង់​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​ ១៩ មាន​ភាព​ធូរស្រាល ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច​ថ្មីៗ​ដែល​បណ្តាលមកពី​ជម្លោះ​ភូមិសាស្ត្រ​ន​យោ​បាយ និង​ជម្លោះ​ប្រដាប់អាវុធ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន គឺ​បានដាក់​សម្ពាធ​លើ​វិស័យ​សំណង់​ជា​បន្តទៀត​។ នៅពេល​សកម្មភាព​សាងសង់​មិនសូវមាន​សម្ទុះ​ខ្លាំង តម្រូវការ​ដែក និង​ដែកថែប​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់​ក៏​មិនសូវ​កើនឡើង​ដែរ​។ លោក​បន្ថែមថា ដោយសារ​វិស័យ​សំណង់​តែង​ត្រូវ​ការ​ពេល​យូរ​ជាង​វិស័យ​ផ្សេងៗ​ទៀត​សម្រាប់​ការ​ងើប​ឡើងវិញ ដូច្នេះ​ការ​នាំចូល​ដែក ដែកថែប ព្រមទាំង​សម្ភារ​សំណង់​ផ្សេងៗ​ទៀត ក៏​មិនទាន់​កើន​​ឡើងវិញ​ច្រើន​ដែរ​នាពេលនេះ​។​

​លោក​ប្រាប់ថា​៖ «​កំណើន​ទឹកប្រាក់​នាំចូល​ដែក និង​ដែកថែប គឺ​បញ្ជាក់ថា​វិស័យ​សំណង់ និង​សេដ្ឋកិច្ចកម្ពុជា​កំ​​ពុង​ចាប់ផ្តើម​ងើប​ពី​វិបត្តិ ​(​កូ​វីដ ​១៩)​។ នៅពេល​វិស័យ​នានា​ដំណើរការ​ពេញ​លេញ តម្រូវការ​អគារ​ស្នាក់នៅ អគារ​ការិយាល័យ និង​កន្លែង​ប្រើប្រាស់​ផ្សេងទៀត​នឹង​កើនឡើង ហើយ​ពេលនោះ​ការនាំ​ចូល​ដែក និង​ដែកថែប​សម្រាប់​ការសាងសង់​នឹងមាន​សម្ទុះ​ខ្លាំង​»​។​

​បើតាម​លោក ស៊ីវ​ផេង បច្ចុប្បន្ន​ចំនួន​គម្រោង​វិនិយោគ​វិស័យ​សំណង់ ដែល​មក​ដាក់​ពាក្យសុំ​សាងសង់​នៅ​អាជ្ញា​​ធរ ក៏មាន​ចំនួន​កើនឡើង​ដែរ​ធៀប​នឹង​អំឡុង​ឆ្នាំ ២០២១ និង​ឆ្នាំ ​២០២២​។​

​លោក សំ សុខ​នឿន ប្រធាន​សមា​គម​អចលនទ្រព្យ​សកល បានឱ្យដឹងថា ដោយសារ​កំណើនសេដ្ឋកិច្ច​ពិភព​លោក​មិនទាន់​រឹងមាំ ហើយ​វិស័យ​សំ​ណង់​ត្រូវការ​ពេល​យូរ​ជាង​វិស័យ​ផ្សេងទៀត​សម្រាប់​ការ​ងើប​ឡើងវិញ ដូច្នេះ​ការកើនឡើង​បន្តិចបន្តួច​នៃ​ចំនួន​ទឹក​ប្រាក់​នាំចូល​ដែក និង​ដែកថែប​នាពេលនេះ គឺ​បញ្ជាក់​ឱ្យឃើញថា វិស័យ​នោះ​មិន​បន្ត​ជាប់គាំង​ខ្លាំង​ដូច​កាលពី​ជាង ២​ ឆ្នាំមុន​កន្លងមក​ទៀត​ទេ​។ ការនាំ​ចូល​ដែក​ក្នុង​វិស័យ​សំណង់​អាច​ត្រូវ​ការ​ពេល​បន្ថែមទៀត ខណៈ​ផលិតកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ក៏បាន​ដំណើរ​​ការ​កាន់តែ​ល្អ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ដោយសារ​ទីផ្សារ​ទាំង​ ២ ​ផ្សារភ្ជាប់​គ្នា ​(​វិស័យ​សំណង់ និង​អចលនទ្រព្យ​)​ ដូច្នេះ​កំណើន​ការនាំ​​ចូល​ដែក និង​ដែកថែប​អាច​នឹងត្រូវ​ការ​ពេល​មិនតិចជាង ១ ​ឆ្នាំ​ទៀត​ទេ​»​។​

​យោងតាម​លោក សុខ​នឿន ទីផ្សារ​អចលនទ្រព្យ​នៅពេលនេះ​មិនទាន់​ល្អ​ទេ​បើ​ធៀប​នឹង​មុនពេល​មាន​វត្តមាន​ជំងឺ​កូ​វីដ​ ១៩ ប៉ុន្តែ​វា​ល្អ​គ្រាន់បើ បើ​ធៀប​ទៅ​អំឡុង​ឆ្នាំ​ ២០២០-២០២២​។​

​កាលពីដើម​ខែធ្នូ ឆ្នាំ ២០២០ មាន​រោងចក្រ​ផលិត​ដែកថែប​របស់​ក្រុម​​ហ៊ុន ហុង​ឌី​សេង (​ខេ​ម​បូ​ឌា​) ស្ទីល ឯ​.​ក ដែល​វិនិយោគ​ដោយ​វិនិយោគិន​​ចិន​ក្នុង​ទឹកប្រាក់ ១៦,៧​ លាន​ដុល្លារ​បាន​បើក​ដំណើរការ​ក្នុង​ខេត្តកំពង់ស្ពឺ​។ រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិត​ដែក​បាន ៥០០ ០០០​ តោន នៅក្នុង​ដំណាក់កាល​ដំបូង​។​

​បើ​យោងតាម​លោក ស៊ីវ​ផេង ដែក​ដែល​ប្រើ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ភាគច្រើន​នាំមក​ពី​ប្រទេស​វៀតណាម ចិន និង​ថៃ​។​

​ឆ្នាំ​ ២០២២ ប្រទេស​កម្ពុជា​បាន​នាំ​ចូល​ដែក និង​ដែកថែប ដែលមាន​ទឹក​​ប្រាក់​សរុប ៣៥៩,៨១៩​ លាន​ដុល្លារ កើនឡើង ២៣,១​ ភាគរយ​ពី​ចំនួន ២៩២,៣៣៩ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២១​។ ចំនួន​ប្រាក់​កម្ពុជា​ចំណាយ​លើ​ការនាំ​ចូល​ដែក និង​ដែកថែប គឺ​ស្មើ​ប្រមាណ ១,២ ​ភាគរយ​ធៀប​នឹង​ចំនួន​ប្រាក់​នៃ​ការ​នាំចូល​ទំនិញ​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន ២៩ ៩៤១,៦០ ​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​៕​