
សំណង់អគារជាច្រើននៅក្នុងរាជធានីភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ អគ្គនាយកនិយ័តករបរធនបាលកិច្ច (ន.ប.ធ) បានលើកឡើងថា វត្តមានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាលើវិស័យបរធនបាលកិច្ច នឹងជួយដោះស្រាយបញ្ហាប្រឈម លើកស្ទួយធុរកិច្ចសំណង់ និងអចលនទ្រព្យ និងអភិវឌ្ឍន៍ផ្នែកឯកជននៅកម្ពុជា ស្របពេលវិស័យបរធនបាលកិច្ចកំពុងរីកចម្រើនដោយទទួលបានការចុះបញ្ជីត្រឹមត្រូវតាមច្បាប់កើនដល់ចំនួន ៥១៩ ករណី ជាមួយទំហំបរធនខ្ពស់ជាង ១ ពាន់លានដុល្លារ គិតត្រឹមដំណាច់ត្រីមាសទី ១ ឆ្នាំ ២០២៣។
កាលពីថ្ងៃទី ២៦ ខែឧសភា និយ័តករបរធនបាលកិច្ច និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។ MoU នេះត្រូវបានធ្វើឡើងរវាង លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
លោក សុខ ដារ៉ា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តាមរយៈការចុះ MoU នេះស្ថាប័នទាំង ២ នឹងរួមគ្នាចូលរួមលើកស្ទួយការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កម្ពុជាតាមរយៈការផ្តល់ថ្នាល និងវេទិកាគាំទ្រសហគមន៍អ្នកអភិវឌ្ឍន៍លំនៅឋាន ការបង្កើតឱកាស និងផ្សារភ្ជាប់បណ្តាញធុរកិច្ចសំណង់ និងអចលនទ្រព្យ ការផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា និងការបំពេញតួនាទីដ៏មានប្រសិទ្ធភាពក្នុងភាពជាដៃគូដ៏សកម្មរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈម លើកស្ទួយធុរកិច្ចសំណង់ និងអចលនទ្រព្យ និងអភិវឌ្ឍន៍ផ្នែកឯកជននៅកម្ពុជា។
លោកថ្លែងថា៖ «តាមរយៈការចុះអនុស្សរណៈនេះ ន.ប.ធ នឹងបង្កើត និងចាប់យកកាលានុវត្តភាពយុទ្ធសាស្ត្រថ្មី ឆ្លើយតបនឹងនិន្នាការទីផ្សារ និងភាពប្រកួតប្រជែងក្នុងតំបន់ បង្កើតប្រព័ន្ធគ្រប់ជ្រុងជ្រោយ និងប្រព័ន្ធសហថាមភាព (Eco-System & Synergies System) និងសកម្មភាពយុទ្ធសាស្ត្រផ្តល់នូវតម្លៃបន្ថែមក្នុងការទាក់ទាញនូវលំហូរមូលធន និងការធានាសន្ទនីយភាពក្នុងធុរកិច្ចសំណង់ អចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅឋាន»។
លោកបន្ថែមថា៖ «ការដាក់ឱ្យដំណើរការវិស័យធនបាលកិច្ចនៅកម្ពុជា ក៏ដូចជា និយ័តករបរធនបាលកិច្ច ជាការគិតគូរល្អិតល្អន់ប្រកបដោយវិចារណកម្មច្បាស់លាស់របស់រដ្ឋាភិបាល។ បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់បានកើនដល់ ៥១៩ ករណីជាមួយទំហំបរធនជាង ១ ពាន់លានដុល្លារជាលើកដំបូង»។
លោក លី ហួរ បានឱ្យដឹងក្នុងពិធីចុះហត្ថលេខាថា អនុស្សរណៈនេះមានបំណងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងនិយ័តករបរធនបាលកិច្ច និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងគោលដៅដើម្បីបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងលើវិស័យបរធនបាលកិច្ចនៅកម្ពុជា ក៏ដូចជាការជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចពីសំណាក់សមាជិក-សមាជិកានៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលជាធុរជន និងជាក្រុមហ៊ុនអ្នកវិនិយោគក្នុងវិស័យអភិវឌ្ឍន៍សំណង់ បុរី និងលំនៅឋានឱ្យមានលទ្ធភាពសមស្របដើម្បីរៀបចំខ្លួនក្នុងការចូលរួមក្នុងទីផ្សារបរធនបាលកិច្ចនៅកម្ពុជា។
លោកបញ្ជាក់ថា៖ «ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានឹងចូលរួមជាមួយនិយ័តករបរធនបាលកិច្ចដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីវិស័យបរធនបាលកិច្ចនៅកម្ពុជា ពិសេសឱ្យបានទៅដល់សមាជិក-សមាជិកា និងដៃគូសហប្រតិបត្តិការរបស់ខ្លួន ពាក់ព័ន្ធនឹងប្រតិបត្តិការបរធនបាលកិច្ច ច្បាប់ និងបទប្បញ្ញត្តិ។
លោកបន្តថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានវត្តមាន និងបំពេញបេសកកម្មរបស់ខ្លួនជាង ៨ ឆ្នាំមកហើយ និងបច្ចុប្បន្នមានសមាជិកសរុប៧៤ក្រុមហ៊ុន ដែលជាអ្នកវិនិយោគលើវិស័យសំណង់ បុរី លំនៅឋាន និងខុនដូ៕