ភ្នំពេញៈ និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ នា​ដើម​សប្តាហ៍​នេះ​បានធ្វើការ​ក្រើនរំឭក​ទៅដល់​អ្នក​ក្នុង​វិស័យ​អចលនទ្រព្យ ឱ្យ​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ចំពោះ​កាតព្វកិច្ច​ដាក់​របាយការណ៍ ដែល​រដ្ឋាភិបាល​បានកំណត់​នាពេល​កន្លងមក​។​

​ការផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ កាលពី​ថ្ងៃទី​៣ ខែកក្កដា បាន​ក្រើនរំឭក​អំពី​ការអនុវត្ត​កាតព្វកិច្ច​ដាក់​របាយការណ៍ សម្រាប់​អ្នក​ប្រកប​អាជីវកម្ម​អភិវឌ្ឍ​អចលនវត្ថុ អ្នក​ប្រកប​អាជីវកម្ម​ផ្តល់​សេវាកម្ម​អចលនវត្ថុ និង​អ្នក​ប្រកប​អាជីវកម្ម​បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន​។​

​ខ្លឹមសារ​នៃ​លិខិត​ដែល​ចុះ​កាលបរិច្ឆេទ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ បានសរសេរថា​«​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​(​ន​.​អ​.​ប​.) នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​(​អ​.​ស​.​ហ​.) មាន​កិត្តិយស​សូម​ក្រើនរំឭក​ដល់ អ្នកឧកញ៉ា​/​ឧកញ៉ា​/​លោក​/​លោកស្រី​/​អ្នកនាង​/​កញ្ញា ជា​ម្ចាស់​ក្រុមហ៊ុន​/​សហគ្រាស​/​គម្រោង ដែល​បានទទួល​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន អាជីវកម្ម​អភិវឌ្ឍ​អគារ​សហកម្មសិទ្ធិ អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍ អាជីវកម្ម​ផ្តល់​សេវាកម្ម​អចលនវត្ថុ និង​អាជីវកម្ម​បញ្ចាំ​និង​/​ឬ​អាជីវកម្ម​ប្រាតិភោគ​ដោយ​អនុប្បទាន ពី ន​.​អ​.​ប​. ឬ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវធ្វើ​ការបំពេញ​កាត​ព្វ​កិច្ច​ផ្តល់​របាយការណ៍​ឱ្យបាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា​ដូច​មាន​ក្នុង​សេចក្តីជូនដំណឹង​»​។​

​យោងតាម​ខ្លឹមសា​នៃ​សេចក្តីជូនដំណឹង​នោះ គឺ​ផ្តោតជាសំខាន់​ទៅលើ​ការផ្ញើ​របាយការណ៍​សក​ម្ម​ភាព​ប្រតិបត្តិការ​ប្រចាំខែ ត្រីមាស ឆមាស និង​ឆ្នាំ របស់​ក្រុមហ៊ុន​នានា មកកាន់ ន​.​អ​.​ប​.​។​

​ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខ​នឿន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​៤ ខែកក្កដា ថា ក្នុងនាម​ជា​ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​(​ក្រុមហ៊ុន​ទិញ​-​លក់​អចលនទ្រព្យ​, ក្រុមហ៊ុន​គ្រប់គ្រង​, វាយតម្លៃ​, ក្រុមហ៊ុន​អភិវឌ្ឍន៍​...​ភ្នាក់ងារ​) គឺ​តែងតែ​ចូលរួម​សហការ និង​អនុវត្ត​យ៉ាង​ពេញលេញ​ទៅតាម​គោលការណ៍ និង​សេចក្តីណែនាំ​របស់​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ ដូចជា​របាយការណ៍​ប្រចាំខែ ត្រីមាស ឆមាស និង​ឆ្នាំ​ជាដើម​។

លោក​បន្តថា បញ្ហា​ដែល​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ ក្រើនរំឭក​ខាងលើ គឺអាច​មាន​ជាប់ទាក់ទង​ច្រើន​នឹង​ក្រុមហ៊ុន ឬ​ភ្នាក់ងារ​ដែល​មិនមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​។​

​លោក​ថ្លែងថា​៖«​សម្រាប់​ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ និង​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ គឺ​តែង​អនុវត្តបាន​យ៉ាង​ល្អ​ទៅតាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​»​។​

​ទោះយ៉ាងណា ក្នុងនាម​ជា​ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សុខ​នឿន ក៏បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​/​ភ្នាក់ងារ ដែល​កន្លងមក​មិនទាន់បាន​អនុវត្ត​ពេញលេញ​ទៅតាម​សេចក្តីជូនដំណឹង​ខាងលើ ត្រូវខិតខំ​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​បន្ថែមទៀត ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ព្រមទាំង​ទាក់ទាញ​អ្នកវិនិយោគ​ថ្មីៗ​ឱ្យ​ចូលមក​បើក​អាជីវកម្ម​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត​នៅ​កម្ពុជា​។​

​ទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២៣ ក្រសួង​បានផ្ដល់​លិខិត​អនុញ្ញាតឱ្យ​សាងសង់​ចំនួន ១ ៤៦៣​គម្រោង លើ​ផ្ទៃក្រឡា​អគារ​ជាង ៥​លាន​ម៉ែត្រការ៉េ ក្នុង​ទុនវិនិយោគ​ជាង ២ ២៧០​លាន​ដុល្លារ កើនឡើង ១៣៨,៥២​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕