
កម្មករកំពុងធ្វើការក្នុងការដ្ឋានសំណង់ស្ពានអាកាសក្បាលថ្នល់ កាលពីខែឧសភា ឆ្នាំ ២០២៣។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ភាពផុយស្រួយនៃកំណើនសេដ្ឋកិច្ចសកលបានបន្តជះផលអវិជ្ជមានដល់វិស័យសំណង់កម្ពុជា ដោយក្នុងឆមាសទី១ ឆ្នាំ ២០២៣ ការនាំចូលសម្ភារសំណង់ ដែក និងស៊ីម៉ងត៍ពីទីផ្សារអន្តរជាតិមានតម្លៃជិត ៨៥០ លានដុល្លារ ធ្លាក់ចុះជាង ៨ ភាគរយបើធៀបឆមាសទី១ ឆ្នាំ ២០២២។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
ទិន្នន័យបានបង្ហាញថា ពីខែមករា-មិថុនា ឆ្នាំ ២០២៣ ការនាំចូលសម្ភារសំណង់ ដែក និងស៊ីម៉ងត៍ មានតម្លៃសរុប ៨៤៩,៣៣ លានដុល្លារធ្លាក់ចុះ ៨,០៤ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ៩២៣,៦៣ លានដុល្លារ។ ក្នុងនោះសម្ភារសំណង់មានទឹកប្រាក់ ៦៤៦,៧៤ លានដុល្លារ ធ្លាក់ចុះ ១០,៤៧ ភាគរយ, ដែកចំនួន ១៩២,២៨ លានដុល្លារ កើន ៣,៥១ ភាគរយ និងស៊ីម៉ងត៍ ១០,៣១ លានដុល្លារ ធ្លាក់ចុះ ៣៣,៤៩ ភាគរយ។
អគ្គលេខាធិការសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ហ៊ុយ វណ្ណា បានប្រាប់ថា ដោយសារវិស័យសំណង់ និងអចលនទ្រព្យមានទំនាក់ទំនងខ្លាំងជាមួយកំណើនសេដ្ឋកិច្ចពិភពលោក ដូច្នេះភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកនារយៈពេលជាង ៣ ឆ្នាំមកនេះ គឺពិតជាជះឥទ្ធិពលអវិជ្ជមានច្រើនដល់វិស័យសំណង់នៅកម្ពុជា។
លោកបន្តថា មុនពេលមានវិបត្តិជំងឺកូវីដ ១៩ វិស័យសំណង់នៅកម្ពុជាពិតជាបានបោះជំហានទៅមុខលឿនតាមរយៈការចូលមកបណ្តាក់ទុនលើគម្រោងសាងសង់ធំៗដែលមានម្ចាស់ភាគច្រើនជាវិនិយោគិនបរទេស ប៉ុន្តែការលេចឡើងនៃវត្តមានជំងឺកូវីដ ១៩ បានធ្វើឱ្យសកម្មភាពនៅតាមការដ្ឋានធំៗហាក់មិនសូវមានទៀតទេ។
លោកអះអាងថា៖ «វិស័យសំណង់តែងតែត្រូវការពេលសាងសង់យូរ និងទុនវិនិយោគច្រើន ដូច្នេះទោះបីកំណើនសេដ្ឋកិច្ចពិភពលោកពេលនេះចាប់ផ្តើមល្អជាង ២ ឆ្នាំកន្លងមក ក៏វានៅមិនទាន់គ្រប់គ្រាន់សម្រាប់ការងើបឡើងវិញនៃវិស័យនេះទេ»។
លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងកាលពីថ្ងៃទី ៦ ខែកក្កដាថា ការអូសបន្លាយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរឹតបន្តឹងនៃហិរញ្ញវត្ថុអន្តរជាតិបានធ្វើឱ្យប៉ះពាល់ដល់លំហូរមូលធនមកកម្ពុជា។ បន្ថែមលើនេះវិបត្តិទីផ្សារអចលនទ្រព្យនៅប្រទេសចិនក៏បានបង្អាក់លំហូរវិនិយោគពីប្រទេសចិនមកកាន់កម្ពុជាផងដែរ។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បាននិយាយថា ចាប់តាំងពីឆ្នាំ ២០១៩ មកវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា មិនមានសម្ទុះខ្លាំងទេ ខណៈមានគម្រោងមួយចំនួនត្រូវបានពន្យារពេល ឬលុបចោលទៀតផង។
លោកនិយាយថា៖ «ទោះការគំរាមកំហែងពីវិបត្តិកូវីដ ១៩ លើពិភពលោកបានបញ្ចប់ស្ទើរទាំងស្រុង ប៉ុន្តែវិបត្តិសេដ្ឋកិច្ចសកលដែលកើតមានជាបន្តបន្ទាប់ ពិសេសបញ្ហាជម្លោះភូមិសាស្ត្រនយោបាយ និងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី គឺពិតជាបន្តដាក់សម្ពាធទៅលើវិស័យអចលនទ្រព្យ និងសំណង់»។
លទ្ធផលការស្រាវជ្រាវប្រចាំឆមាសទី១ ឆ្នាំ ២០២៣ របស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ទន្ទឹមនឹងការធ្លាក់ចុះនៃអត្រាប្រើប្រាស់ ការផ្គត់ផ្គង់ការិយាល័យជួលនៅក្នុងរាជធានីភ្នំពេញ បែរជាកើនឡើងដែលបញ្ហានេះបានដាក់សម្ពាធបន្ថែមទៅលើអ្នកវិនិយោគអគារការិយាល័យជួល។
យោងតាម CBRE Cambodia គឺក្នុងឆមាសទី១ ឆ្នាំ ២០២៣ ផ្ទៃអគារការិយាល័យជួលក្នុងរាជធានីភ្នំពេញ បានកើនឡើងប្រមាណ ៣៩ ភាគរយ ហើយបើគិតដល់ចុងឆ្នាំ ២០២៣ នេះ ផ្ទៃក្រឡាការិយាល័យនឹងកើនលើសពី ១ លានម៉ែត្រការ៉េ។ កំណើននេះនឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃជួល។ ចំណែកអត្រាប្រើប្រាស់នៃអគារការិយាល័យជួលក្នុងត្រីមាសទី ២ ធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២៣ គឺធ្លាក់ចុះពី ៦០ ភាគរយ មកនៅត្រឹម ៥៨ភាគរយ។
របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យដឹងថារយៈពេល ៥ ខែឆ្នាំ ២០២៣ ក្រសួងរៀបចំដែនដី បានផ្ដល់លិខិតអនុញ្ញាតឱ្យគម្រោងសាងសង់ចំនួន ១ ៤៦៣ លើផ្ទៃក្រឡាអគារជាង ៥ លានម៉ែត្រការ៉េ ក្នុងទុនវិនិយោគ ២ ២៧០ លានដុល្លារ កើន ១៣៨,៥២ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២៕