
ទិដ្ឋភាពអគារចលនទ្រព្យនៅរាជធានីភ្នំពេញកាលពីខែមេសា ឆ្នាំនេះ ។ ហុង មិនា
ភ្នំពេញៈ អ្នកជំនាញ និងអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ បានលើកឡើងថា ការជាប់គាំងនៃវិស័យអចលនទ្រព្យកម្ពុជា ជាពិសេសការលក់លំនៅឋាន និងដីធ្លី អាចអូសបន្លាយដល់ចុងឆ្នាំ ២០២៤ ដែលបញ្ហាភាគច្រើនកើតឡើងដោយសារតែការសាងសង់ច្រើនជាងតម្រូវការជាក់ស្តែង។
លោក លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន Chip Mong Group បានពន្យល់នៅក្នុងវេទិកាធុរកិច្ចកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា កាលពីចុងសប្តាហ៍មុនថា បើក្រឡេកទៅមើលអ្នកវិនយោគនៅក្នុងវិស័យអចលនទ្រព្យនេះមានច្រើនពេក មានន័យអ្នកផ្គត់ផ្គង់ច្រើនជាងអ្នកមានតម្រូវការ។
លោកបានពន្យល់ដូច្នេះថា៖«អ្នកវិនិយោគភាគច្រើនយល់ថា ការវិនិយោគលើអចលនទ្រព្យល្អ ឃើញចំណេញ ដូច្នេះនាំគ្នាវិនិយោគតាមគ្នា។ ដូចនេះនៅពេលធ្វើតាមគ្នា នាំឱ្យការផ្គត់ផ្គង់លើសតម្រូវការ ហើយចំពេលដែលមានវិបត្តិសេដ្ឋកិច្ចសកលទៀត ដែលមិនប្រាកដប្រជាផងនោះ វានាំឱ្យប៉ះមកដល់យើងដែរ»។
លោកបានបន្ថែមថា កន្លងមក មានប្រជាពលរដ្ឋតវ៉ាច្រើនទាក់ទងនឹងបញ្ហាទិញដីធ្លី និងលំនៅឋាន ពីក្រុមហ៊ុននិងបុរីមួយចំនួនមានបញ្ហា ដោយសារតែអ្នកវិនិយោគនោះមិនមានការរៀបចំលំហូរសាច់ប្រាក់ក្នុងក្រុមហ៊ុនខ្លួន ឱ្យបានត្រឹមត្រូវ ជាពិសេសការខ្ចីលុយពីធនាគារវិនិយោគ ដែលមិនបានគិតពីទុនវិនិយោគឱ្យបានត្រឹមត្រូវ។
លោក លាង ម៉េង បានបញ្ជាក់ថា ៖ «សម្រាប់ខ្ញុំអ្នកវិនិយោគធំនៅក្នុងវិស័យអចលនទ្រព្យមួយដែរ ដែលគម្រោងដែលខ្ញុំកំពុងធ្វើទាំងអស់មាន៦ ដោយការលក់មានការថយចុះជាងមុន ដែលអ្នកទិញភាគច្រើនជាអ្នកចង់រស់នៅពិតប្រាកដ មិនមែនជាអ្នកទិញដើម្បីប្រាក់ចំណេញ។ចំពោះការវិនិយោគលើអចលនទ្រព្យនាថ្ងៃខាងមុខ ខ្ញុំមើលឃើញថា សម្រាប់ឆ្នាំក្រោយនៅតែមានការលំបាកបន្តិច»។
ទោះជាយ៉ាងណាក៏ដោយ លោក លាង ម៉េង នៅតែមានសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំដោយ លោក ហ៊ុន ម៉ាណែត នឹងធ្វើឱ្យវិស័យនេះមានស្ថិរភាពឡើងវិញ ដោយសារនាយករដ្ឋមន្ត្រីថ្មី មានចក្ខុវិស័យវែងឆ្ងាយ និងមានការយល់ដឹងច្រើនលើវិស័យនេះ។
ទាក់ទងនឹងការលើកឡើងរបស់លោក លាង ម៉េង, លោក ច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា មានការលើកឡើង ស្រដៀងគ្នា ដែរថា ស្ថានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច តំបន់ និងសកលលោក នឹងធ្វើប៉ះពាល់ដល់គ្រប់វិស័យ ខណៈដែលវិស័យអចលនទ្រព្យ ក៏ជួបបញ្ហាច្រើននាមួយរយៈពេលចុងក្រោយនេះ។
លោកបានឱ្យដឹងនៅថ្ងៃទី១៦ ខែសីហា ថា ភាពប្រឈមនៃបញ្ហាសេដ្ឋកិច្ចពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ីនិងអឺរ៉ុប បានជះឥទ្ធិពលខ្លាំងគួរសមដល់ សេដ្ឋកិច្ចកម្ពុជា ដែលស្ថានភាពនឹងមានការអូសបន្លាយបន្តទៀត រហូតដល់ឆ្នាំ២០២៤។
លោកបានបញ្ជាក់ថា៖«ការទិញលក់អចលនទ្រព្យនាពេលបច្ចុប្បន្ននេះ គ្មានទេអតិថិជនថ្មី មានតែអតិថិជនចាស់ ដែលទិញរួចហើយ និងបន្តបង់ប្រាក់ជាមួយធនាគារ ខណៈដែលការបង់របស់អតិថិជនចាស់ ក៏មានបញ្ហាខ្លះ ដោយសារបញ្ហាលំហូរសាច់ប្រាក់របស់គាត់»។
លោកច្រឹក សុខនីម ក៏បានបង្ហាញពីការរំពឹងទុកថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីខាងមុខនេះនឹងរៀបចំយន្តការមួយចំនួនដើម្បីជួយដល់វិស័យនេះឱ្យមានស្ថិរភាពឡើងវិញ ដែលយន្តការទាំងរួមមាន ការបើកឱកាសឱ្យមានចរន្តសាច់ប្រាក់ ជាពិសេសការបន្ធូរបន្ថយរបស់ធនាគារ សម្រាប់កម្ចីនានាក្នុងការទិញអចលនទ្រព្យ,ការអនុគ្រោះពន្ធ និងការលើកទឹកចិត្តផ្សេងៗទៀត។
ចំណែក លោក ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL ដែលជាក្រុមហ៊ុនភ្នាក់ងារទិញលក់អចលនទ្រព្យនៅកម្ពុជា បានថ្លែងដែរថា ស្ថានភាពបែបនេះ ជាឱកាសល្អសម្រាប់អ្នកប្រមូលទិញ ដែលអាចទិញបានក្នុងតម្លៃទាប និងមានទីតាំងល្អ ។
លោកបានបញ្ជាក់ដូច្នេះថា៖«នៅក្នុងបញ្ហាក៏មានឱកាសផងដែរ សម្រាប់ខ្ញុំយល់ថា ពេលវេលានេះ ជាឱកាសល្អសម្រាប់អ្នកដែលចង់ទិញអចលនទ្រព្យក្នុងតម្លៃធូរថ្លៃ និងមានទីតាំងល្អ ដែលនឹងអាចលក់ចំណេញច្រើនៅពេលស្ថានភាពសេដ្ឋកិច្ចសកលវិលមករកសភាពប្រក្រតីវិញ។ការទាក់ទាញអ្នកវិនិយោគបរទេសមកវិនិយោគកាន់តែច្រើន នឹងជួយជំរុញឱ្យវិស័យនេះមានភាពប្រសើរឡើងវិញ»៕