
កម្មករកំពុងធ្វើការក្នុងការដ្ឋានសំណង់ ១ កន្លែង តាមបណ្ដោយមហាវិថីសម្ដេច ហ៊ុន សែន នាពេលកន្លងទៅ។ រូបថត ហុង មិនា
ភ្នំពេញៈ ស្ថានភាពនៃវិស័យសំណង់កម្ពុជា ពិសេសគម្រោងសាងសង់ធំៗបានបង្ហាញពីការងើបឡើងវិញគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី២ កន្លងមក ដោយមានគម្រោងសាងសង់ចំនួន ៨២៦ ដែលមានទុនវិនិយោគ ១,៤៧ ពាន់លានដុល្លារ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អនុម័ត។ ចំនួនទុនវិនិយោគដែលបានអនុម័ត គឺកើនឡើង ១៣០ ភាគរយ បើធៀបទៅត្រីមាសទី២ ឆ្នាំ ២០២២។ នេះបើយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី២ នៃក្រសួងសេដ្ឋកិច្ចដែល ភ្នំពេញ ប៉ុស្តិ៍ ទើបទទួលបានបង្ហាញថា ចន្លោះពីខែមេសា-មិថុនា ឆ្នាំ ២០២៣ ក្រសួងរៀបចំដែនដី បានអនុម័តឱ្យគម្រោងសាងសង់នៅទូទាំងប្រទេសសរុប ៨២៦ គម្រោង ធ្លាក់ចុះ ១៧៣ គម្រោង។ សម្រាប់ទុនវិនិយោគ គឺចំនួន ១, ៤៧៥ ពាន់លានដុល្លារ កើន ១៣០,២ ភាគរយ បើធៀបត្រីមាសទី២ ឆ្នាំ ២០២២។
ក្នុងចំណោម គឺសំណង់លំនៅឋានមានទុនវិនិយោគ ៦០៧,៥ លានដុល្លារ, សំណង់ឧស្សាហកម្ម ៥៦៨,៥ លានដុល្លារ, សំណង់ពាណិជ្ជកម្ម ២៤៩ លានដុល្លារ, សំណង់សាធារណៈ ៨៧,១ លានដុល្លារ និងសំណង់ទេសចរណ៍ចំនួន ៧៩,៦ លានដុល្លារ។
ក្រសួងបានឱ្យដឹងទៀតថា សម្រាប់ខែមិថុនា ឆ្នាំ ២០២៣ គម្រោងសាងសង់ដែលបានអនុម័តមានចំនួន ១៨៧ កើនឡើង ២០,៣ ភាគរយ បើធៀបខែមិថុនា ឆ្នាំ ២០២២ ចំណែកទុនវិនិយោគមានចំនួន ៤៤០,៣៩ លានដុល្លារ កើនឡើង ៩២,១ ភាគរយ។
ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសរសេរថា សេដ្ឋកិច្ចកម្ពុជា ត្រូវប៉ាន់ស្មានថា នឹងសម្រេចបានក្នុងអត្រា ៥,៦ ភាគរយ នៅឆ្នាំ ២០២៣ ដែលខ្ពស់ជាងឆ្នាំ ២០២២។ ការកើនឡើងនេះ គឺគាំទ្រដោយការរក្សាបានកំណើនល្អនៃកម្មន្តសាលមិនមែនកាត់ដេរ ដែលបម្រើឱ្យការនាំចេញ និងការប្រើប្រាស់ក្នុងស្រុក, ការកើនឡើងនូវគម្រោងវិនិយោគធំៗ, ការងើបឡើងវិញនៃសំណើសាងសង់សំណង់ និងការងើបឡើងវិញគួរឱ្យកត់សម្គាល់នៃវិស័យទេសចរណ៍។
អ្នកគ្រប់គ្រងទូទៅសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា វិស័យសំណង់នៅកម្ពុជាបានងើបឡើងវិញបណ្តើរៗចាប់តាំងពីដើមត្រីមាសទី២ មក ដោយមានម្ចាស់គម្រោងវិនិយោគថ្មីៗ និងធំៗ ជាច្រើនបានមកដាក់ពាក្យស្នើសុំច្បាប់វិនិយោគពីក្រសួងរៀបចំដែនដី។
លោកបន្តថា ភាពខុសគ្នានារយៈពេលប៉ុន្មានខែចុងក្រោយធៀបទៅនឹងដើមឆ្នាំ គឺកំណើននៃការវិនិយោគរបស់វិនិយោគិនបរទេសដែលត្រឡប់មកបណ្តាក់ទុនលើវិស័យសំណង់នៅកម្ពុជាវិញ ខុសប្លែកខ្លាំងនឹងអំឡុងពេលនៃការរីករាលដាលខ្លាំងជំងឺកូវីដ ១៩។
លោកអះអាងថា៖ «ជាមួយនឹងភាពល្អប្រសើរនៃស្ថានភាពនយោបាយ និងការបោះជំហាននៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ខ្ញុំមានសុទិដ្ឋិនិយមថាកំណើននៃការបណ្តាក់ទុនវិនិយោគលើវិស័យសំណង់កម្ពុជានឹងកាន់តែល្អនាពេលខាងមុខ»។ លោកបន្តថា៖ «វិស័យសំណង់នឹងដើរតួនាទីសំខាន់ឡើងវិញក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យគម្រោងវិនិយោគរោងចក្រផលិតដែកគ្រប់ប្រភេទរបស់ក្រុមហ៊ុន Huale Steel (Cambodia) Co., Ltd ដែលមានទុនវិនិយោគ ៤០ លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បន្ថែមពីលើនេះកាលពីខែសីហា CDC ក៏បានអនុម័តឱ្យគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ក្រុមហ៊ុន Conch KT Cement (Phnom Penh) Company Limited ដែលមានទុនវិនិយោគ ២៥៨ លានដុល្លារ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ឯកសារនិន្នាការសេដ្ឋកិច្ច-សង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ចំនួនគម្រោងដែលបានទទួលការអនុញ្ញាតឱ្យសាងសង់មានសរុប ៤ ២៧៥ គម្រោង ធ្លាក់ចុះ ២៨ គម្រោង និងមានទុនវិនិយោគសរុប ២ ៩៦៨ លានដុល្លារ ធ្លាក់ចុះ ៤៦,៨ ភាគរយ បើធៀបនឹងឆ្នាំ ២០២១៕