ភ្នំពេញៈ ​អគ្គនាយកដ្ឋាន​ពន្ធ​ដារ ប្រកាស​ពន្យារពេល​ ១ ​ខែ​ទៀត លើ​ការបង់ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់ រហូតដល់​ថ្ងៃទី ​៣១ ខែតុលា ឆ្នាំ​ ២០២៣ បន្ទាប់ពី​មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន នៅ​មិនទាន់បាន​បំពេញ​កាតព្វកិច្ច ប្រកាស​បង់ពន្ធ​ប្រភេទ​ទាំងនេះ​នៅឡើយ ស្របពេល​តាមច្បាប់​នឹងត្រូវ​ផុតកំណត់​ត្រឹម​រយៈ​ពេល​ ៤​ ថ្ងៃ​ទៀត​។​

​តាម​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ម្ចាស់​អចលន​ទ្រព្យ ត្រូវមាន​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​ទាំងនេះ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី ​៣០ ខែកញ្ញា នៃ​ឆ្នាំ​ជាប់ពន្ធ​នីមួយៗ ហើយ​ផុត​រយៈ​ពេលនេះ ម្ចាស់​អចលនទ្រព្យ​នឹងត្រូវ​ទទួលរង​ទណ្ឌកម្ម​រដ្ឋបាល ស្របតាម​ច្បាប់​ស្តីពី​សារពើពន្ធ​ជា​ធរមាន​។

អគ្គនាយកដ្ឋាន​ពន្ធដារ បានលើកឡើង​នៅក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​ ២៦ ខែកញ្ញា​ថា រហូតមកទល់​ពេលនេះ មាន​ម្ចាស់​អចលនទ្រព្យ​ជាច្រើន បានមក​ប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ ឬ​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ​ ២០២៣​។ ទន្ទឹមនឹងនេះ ក៏​នៅមាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួនទៀត នៅ​មិនទាន់បាន​បំពេញ​កាតព្វកិច្ច ប្រកាស​បង់ពន្ធ​ប្រភេទ​ទាំងនេះ​នៅឡើយ​។

​ដូច្នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ សម្រេច​ពន្យារ​កាលបរិច្ឆេទ​ផុតកំណត់​ប្រកាស​បង់ពន្ធ​លើ​អ​ច​លន​ទ្រព្យ និង​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​សម្រាប់​ឆ្នាំ ២០២៣ រហូតដល់​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​ ២០២៣ ដោយ​រួច​ផុតពី​ទណ្ឌ​កម្ម​រដ្ឋបាល​ដោយសារ​ការប្រកាស​បង់​ពន្ធ​យឺតយ៉ាវ​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បញ្ជាក់ថា​៖ «​ដើម្បី​ផ្ដល់​លទ្ធភាព​ជូន​ម្ចាស់​អចលនទ្រព្យ ដែលមាន​ឆន្ទៈ​ក្នុង​ការបំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​ទាំងនេះ ប៉ុន្តែ​មិនទាន់​បានមក​ប្រកាស​បង់ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ សម្រេច​ពន្យារ​កាលបរិច្ឆេទ​ផុតកំណត់​ប្រកាស​បង់ពន្ធ​លើ​អចលន​ទ្រព្យ និង​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​សម្រាប់​ឆ្នាំ​ ២០២៣ រហូតដល់​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​ ២០២៣ ដោយ​រួច​ផុតពី​ទណ្ឌ​កម្ម​រដ្ឋបាល​ដោយសារ​ការ​ប្រកាស​បង់ពន្ធ​យឺតយ៉ាវ​»​។​

​បន្ថែម​ពីនេះ អគ្គនាយកដ្ឋាន​​ពន្ធដារ​ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​អចលនទ្រព្យ ឬ​ធ្វើ​ប​ច្ចុ​​ប្បន្ន​ភាព​ព័ត៌មាន​អចលនទ្រព្យ និង​ប្រកាស​បង់ប្រាក់​ពន្ធ​នៅឡើយ ឱ្យ​អញ្ជើញ​ទៅ​ចុះបញ្ជី ឬ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អចល​​ន​ទ្រព្យ​របស់ខ្លួន​នៅ​សាខា​ពន្ធ​ដារ​ខេត្ត​-​ខណ្ឌ​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បញ្ជាក់ថា​៖ «​ចំពោះ​ម្ចាស់ អចលនទ្រព្យ ដែល​បាន​ចុះបញ្ជី និង​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​អចលនទ្រព្យ​រួច​​រាល់​ក្នុង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​អចលនទ្រព្យ​របស់​អគ្គ​នាយ​ក​ដ្ឋា​ន​ពន្ធដារ និង​មាន​បណ្ណ​សម្គាល់ការ​បង់ពន្ធ​អចលន​ទ្រព្យ មេត្តា​អញ្ជើញ​មក​ប្រកាស​បង់ប្រាក់​ពន្ធ​ឱ្យបាន​ទាន់ពេល​​វេលា​ត្រឹម​ថ្ងៃទី​ ៣១ ខែតុលា ២០២៣ នៅ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​ ដែល​អចលនទ្រព្យ​នោះ​ស្ថិត​នៅ ​ឬ​អាច​បង់ប្រាក់​ពន្ធ​តាម Online»​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ សង្ឃឹម​យ៉ាង​​មុតមាំ​ថា បន្ទាប់ពី​ទទួលបាន​សេចក្តីជូនដំណឹង​នេះ ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ពិតជា​នឹង​យកចិត្តទុកដាក់ និង​អញ្ជើញ​មក​បំពេញ​កាតព្វកិច្ច​សារពើ​ពន្ធ​ឱ្យបាន​ទាន់ពេលវេលា​កំណត់​ខាងលើ​ជាពុំខាន​។​

​ធនាគារ​ដែល​អាច​បង់​ប្រាក់​ពន្ធ​បាន មានដូចជា​សាខា​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬ​ធនាគារ កាណាឌីយ៉ា ក​អ ឬ​ធនាគារ វឌ្ឍនៈ ឬ​ធនាគារ កម្ពុជា​សាធារណៈ ភីអិលស៊ី ឬ​ធនាគារ ស្ថាបនា ភីអិលស៊ី ឬ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម​.​ក ឬ​ធនាគារ ប្រៃសណីយ៍ កម្ពុជា ក​.​អ ឬ​ធនាគារ វឌ្ឍនៈ​អាស៊ី​ចំកាត់ ឬ​ធនាគារ ពាណិជ្ជកម្ម​ក្រៅប្រទេស នៃ​កម្ពុជា​។

​លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែម​បានទេ នៅ​ថ្ងៃទី ២៦ កញ្ញា ដោយ​ទូរស័ព្ទ​របស់លោក​មិនមាន​អ្នកទទួល​៕