សហគមន៍ជនជាតិបារាំង និងក្រុមអ្នកនិយាយភាសាបារាំងនឹងជួបជុំគ្នាប្រារព្ធទិវាបុណ្យជាតិបារាំងនៅក្នុងខេត្តសៀមរាបនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខដោយមានវត្តមានលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។
សភាពាណិជ្ជកម្មបារាំងប្រចាំខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍ពេលល្ងាច ដោយមានអាហារ ប៊ូហ្វេ BBQ មានការចាប់ឆ្នោតផ្សងសំណាងដែលមានរង្វាន់ជាច្រើនក្នុងនោះរួមមានសំបុត្រយន្តហោះពីសៀមរាបទៅកាន់ទីក្រុងហុងកុងសម្រាប់មនុស្ស ២ នាក់ និងកន្លែងរាំកម្សាន្តជាមួយ DJ Mikhail នៅច្រក The Passage ។
ទីកន្លែងប្រារព្ធពិធីគឺជាច្រកផ្លូវដ៏ស្រស់ស្អាតស្ទីលបែបអាណានិគមនៅចន្លោះភោជនីយដ្ឋាន ខេមា អង្គរ និង ធនាគារ Bred Bank ។ ព្រឹត្តិការណ៍នោះនឹងចាប់ផ្ដើមពីម៉ោង ៦:០០ ល្ងាចដល់ម៉ោង ១២:០០ យប់។ សំបុត្រអាចរកបាននៅតាមទីតាំងមួយចំនួនដូចខាងក្រោម៖

• ភោជនីយដ្ឋាន ខេមា អង្គរ ៖ ស្ថិតនៅផ្លូវអាចារ្យស្វា កែងផ្លូវលេខ ២២ ក្រុងសៀមរាប (ទូរស័ព្ទលេខ: 015 416 888)។
• ហាងលក់សម្លៀកបំពាក់ Maison Sirivan៖ ផ្លូវ 12 Hup Guan Street, ភូមិកណ្តាល ក្រុងសៀមរាប (ទូរស័ព្ទលេខ: 017 731 107)។
តម្លៃសំបុត្រចូលទស្សនាសម្រាប់មនុស្សធំ សំបុត្រលក់មុនមានតម្លៃ ១៨ ដុល្លារលក់នៅនឹងកន្លែងតម្លៃ ២០ ដុល្លារ និងសំបុត្រសម្រាប់ក្មេងអាយុក្រោម ១២ ឆ្នាំមានតម្លៃ ១០ ដុល្លារ។ តុ ១ សម្រាប់មនុស្ស ១០ នាក់ ឬក៏អាចទិញក្នុងតម្លៃ ១៥០ ដុល្លារ។
សំបុត្រសម្រាប់មនុស្សធំម្នាក់ទទួលបានភេសជ្ជៈ ១ កំប៉ុងអាហារ និងឆ្នោតផ្សងសំណាង ១ សន្លឹក។ សន្លឹកឆ្នោតសម្រាប់ផ្សងសំណាងបន្ថែមអាចទិញបានក្នុងតម្លៃ ២ ដុល្លារក្នុងមនុស្សម្នាក់។ ប្រាក់ចំណូលទាំងអស់នឹងត្រូវប្រគល់ជូនសាលា The French School of Siem Reap (EFSR in French) ដែលគ្រប់គ្រងដោយសមាគមឪពុកម្ដាយ។ ជាសាលាដែលទទួលសិស្សមកពីថ្នាក់ដំបូងរហូតដល់ថ្នាក់វិទ្យាល័យ និងបានការយល់ព្រមពីក្រសួងអប់រំជាតិរបស់ប្រទេសបារាំង។
សម្រាប់ព័ត៌មានបន្ថែមស្ដីពីការប្រារព្ធទិវាបុណ្យ ជាតិបារាំងលោកអ្នកអាចផ្ញើអ៊ីមែលទៅកាន់ siemreap@ccifcambodge.org.៕