កាលពីថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយ ដែលតម្រូវឱ្យមានការរុះរើ ឬចល័តចេញជាបន្ទាន់នូវបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញដោយទុករយៈពេល ១ សប្ដាហ៍។
សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ផងដែរថា បើសិនផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ។
ក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ក្នុងយុត្តិកម្មនៃចំណាត់ការរបស់ខ្លួន រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់អនាធិបតេយ្យទាំងនោះបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ផ្លូវនាវាចរណ៍ ប្រព័ន្ធអេកូឡូស៊ី ចរន្តទឹកហូរគោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹកខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពពលរដ្ឋដែលប្រើប្រាស់ទឹកនោះផងដែរ។
ចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញបានទទួលការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការនយោបាយ។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋខ្មែរជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពបំផុត ដោយមិនគួរអនុញ្ញាតឱ្យមានការតាំងទីលំនៅដោយខុសច្បាប់យ៉ាងអនាធិបតេយ្យតាមដងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលជាបេះដូងនៃប្រទេសកម្ពុជា តទៅទៀតនោះទេ។
អ្វីដែលកាន់តែធ្ងន់ធ្ងរបំផុត នោះទឹកដែលថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញប្រើប្រាស់ គឺជាទឹកដែលអ្នកតាំងទីលំនៅដោយខុសច្បាប់យ៉ាងអនាធិបតេយ្យតាមដងទន្លេទាំងនោះបន្ទោបង់ដាក់ជារៀងរាល់ថ្ងៃ។
ប៉ុន្តែអ្វីដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្រឡាំងកាំង និងនឹកហួសចិត្តគ្រប់គ្នានោះគឺវោហារស័ព្ទរបស់ឯកអគ្គរដ្ឋទូតដែលជិតផុតអាណត្តិរបស់វៀតណាមប្រចាំកម្ពុជាលោក វូ ក្វាងមិញ ដែលបានថ្លែងប្រតិកម្មចំពោះវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ។
នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២១ តាមរយៈហ្វេសប៊ុករបស់ខ្លួន លោក វូ ក្វាងមិញ បានអះអាងថា ចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញដែលដាក់កំហិតរយៈពេល ៧ ថ្ងៃ ឱ្យប្រជាជនដែលជាម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេចាកចេញពីផ្ទៃទឹកនៅរាជធានីភ្នំពេញឱ្យអស់ក្នុងរយៈពេល ១ សប្តាហ៍ ដោយឱ្យសំណង់ទាំងនោះចាកចេញពីផ្ទៃទឹកគឺលឿនពេក និងមិនអាចអនុវត្តបានឡើយ។
លោក វូ ក្វាងមិញ និងប្រធានសមាគមវៀតណាមនៅកម្ពុជាបានចុះទៅជួបផ្ទាល់អ្នកតាំងទីលំនៅតាមដងទន្លេដែលត្រូវឱ្យរុះរើចេញនោះ។ វិទ្យុសំឡេងវៀតណាម និងទូរទស្សន៍ប៉ុស្តិ៍លេខ ៤ វៀតណាម ដែលបានចូលរួមយកព័ត៌មានដែរនោះ បានធ្វើសេចក្តីរាយការណ៍ថា អ្នករស់លើទឹកគឺភាគច្រើនជាប្រជាជនដែលមានដើមកំណើតវៀតណាម ដែលមានប្រហែល ១ ០០០ គ្រួសារ។
វោហារស័ព្ទរបស់លោកទូតវៀតណាមបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាចោទជាសំណួរថា តើរដ្ឋបាលរាជធានីភ្នំពេញស្ថិតក្រោមរដ្ឋាភិបាលក្រុងហាណូយ ឬរដ្ឋាភិបាលក្រុងភ្នំពេញ ទើបលោកទូតមានប្រតិកម្មបែបនេះ?
កម្ពុជាជារដ្ឋឯករាជ្យ និងអធិបតេយ្យដែលមានសិទ្ធិផ្តាច់មុខលើអធិបតេយ្យផ្ទៃក្នុងក៏ដូចអធិបតេយ្យខាងក្រៅរបស់ខ្លួនដែលមិនស្ថិតក្រោមចំណុះរបស់រដ្ឋបរទេសណាមួយនោះឡើយ។ ការអនុវត្តនូវវិធានផ្ទៃក្នុងឬច្បាប់ផ្ទៃក្នុងរបស់កម្ពុជាក៏ដូចជាការកំណត់នយោបាយក្រៅប្រទេសរបស់កម្ពុជា ជាសិទ្ធិផ្តាច់មុខរបស់កម្ពុជា ដែលរដ្ឋបរទេសគ្មានសិទ្ធិមកលូកលាន់បានទេ។
ជាក់ស្តែងចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជាសុទ្ធសាធ គ្មានពាក់ព័ន្ធអ្វីបន្តិចណាសោះជាមួយវៀតណាម។ វោហារស័ព្ទរបស់លោកទូតរូបនេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា។
បើលោកទូតទទួលស្គាល់ថា អ្នកតាំងទីលំនៅដោយខុសច្បាប់យ៉ាងអនាធិបតេយ្យតាមដងទន្លេទាំងនោះជាជនជាតិវៀតណាម អ្វីដែលលោកទូតអាចធ្វើបាន គឺរៀបចំធ្វើមាតុភូមិនិវត្តន៍ពួកគេឱ្យទៅកាន់ប្រទេសវៀតណាមវិញ ដើម្បីបង្ហាញពីភាពថ្លៃថ្នូររបស់វៀតណាមផង និងបង្ហាញពីការគោរពដល់តម្លៃមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំង ២ ផង។ លោកទូតមិនគួរធ្វើអត្ថាធិប្បាយដែលនាំឱ្យខូចខាតដល់មិត្តភាព និងធ្វើឱ្យឈឺចាប់ដល់បេះដូងប្រជាពលរដ្ឋខ្មែរនោះទេ។
វោហារស័ព្ទរបស់លោកទូតហាក់បង្កប់នូវភាពពិសពុលដែលធ្វើឱ្យប្រជាជាតិខ្មែរបែកបាក់ បង្កើតគម្លាតនៃទំនុកចិត្តរវាងប្រជាពលរដ្ឋកម្ពុជា និងរាជរដ្ឋាភិបាលរបស់ខ្លួនក្នុងន័យបង្កប់មួយថា រាជរដ្ឋាភិបាលកម្ពុជាស្ថិតក្រោមបង្គាប់វៀតណាម ឬអាយ៉ងវៀតណាម ដែលធ្វើឱ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាលខ្លួនឯង។
ជាការណ៍ពិត រាជរដ្ឋាភិបាលកម្ពុជាមិនស្ថិតក្រោមបង្គាប់នៃរដ្ឋបរទេសណាមួយនោះទេ។ រាជរដ្ឋាភិបាលកម្ពុជាយកប្រជាជនកម្ពុជាធ្វើជាម្ចាស់ អ្វីៗដើម្បីបុព្វហេតុនៃឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់ជំនួបរវាងថ្នាក់ដឹកនាំកម្ពុជា និងវៀតណាមគ្រប់លំដាប់ថ្នាក់ទាំងស្ថាប័ននីតិបញ្ញត្តិ ទាំងស្ថាប័ននីតិប្រតិបត្តិ ព្រមទាំងអ្នកការទូតវៀតណាម តែងតែស្នើសុំឱ្យអាជ្ញាធរកម្ពុជាផ្តល់ភាពស្របច្បាប់ និងបង្កលក្ខណៈងាយស្រួលដល់ជនជាតិវៀតណាមដែលមកតាំងទីលំនៅនៅកម្ពុជា។ ពួកគេមិនដែលពិភាក្សាពីលទ្ធភាពធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវេសន៍ទាំងនោះឱ្យទៅរស់នៅប្រទេសវៀតណាមខ្លួនឯងវិញនោះទេ។
ជាក់ស្តែងក្នុងជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុខុន នៅឯកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិនលោក បួយ ថាញ់សឺន រដ្ឋមន្ត្រី ការបរទេសវៀតណាមបានស្នើឱ្យកម្ពុជាបន្តដោះស្រាយពីភាពស្របច្បាប់ជូនពលរដ្ឋដើមកំណើតវៀតណាម និងបានស្នើឱ្យអាជ្ញាធរកម្ពុជាធានាពីផលប្រយោជន៍ និងសុខុមាលភាពដល់ពលរដ្ឋដើមកំណើតវៀតណាមផងដែរ ក្នុងដំណាក់កាលដែលកម្ពុជាកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។
ពាក់ព័ន្ធនឹងចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញនោះដែរលោកស្រី Lê Thị Thu Hằng អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ក៏បានរំឭកពីការស្នើសុំរបស់រដ្ឋមន្ត្រីខ្លួនទៅកាន់ភាគីកម្ពុជា មានផែនទីបង្ហាញផ្លូវសមស្របសម្រាប់សហគមន៍ពលរដ្ឋដើមកំណើតវៀតណាម ដើម្បីធានាបាននូវសិទ្ធិ និងសុខុមាលភាពពេញលេញ។
ស្ត្រីអ្នកនាំពាក្យរូបនោះបានសង្កត់ធ្ងន់ថា ការរៀបចំទីតាំងថ្មីសម្រាប់ពលរដ្ឋដើមកំណើតវៀតណាមត្រូវឈរលើហេតុផលអាចទទួលយកបានជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលធានាឱ្យជីវិតរបស់ពួកគេមានស្ថិរភាព និងការគាំទ្រសុខុមាលភាពពីសង្គម។
ទន្ទឹមនឹងនោះដែរ នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ លោក ស៊ឹម ជី ប្រធានសមាគមវៀតណាមបាននិយាយថា សមាគមរបស់លោកបានដាក់លិខិតទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានស្នើសុំ ៣ ចំណុចគឺទី ១ ស្នើសុំពន្យារពេលសមស្របបំផុត ដើម្បីផ្លាស់ប្តូរទីតាំង,ទី ២ ស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញរកទីតាំងថ្មី ដែលពួកគេអាចចិញ្ចឹមត្រីបាន និងទី ៣ ស្នើឱ្យមានថវិកាដើម្បីជួយផ្គត់ផ្គង់ឱ្យពួកគេមានលទ្ធភាពនៅពេលចេញទៅ។
នេះជាការស្នើមួយដែលមានការគិតគូរខ្ពស់សម្រាប់ជនជាតិវៀតណាមទាំងនោះ។
សំណួរសួរថា តើរដ្ឋបាលរាជធានីភ្នំពេញអាចដោះស្រាយសំណើនោះបានដែរទេ? ទោះដោះស្រាយបានឬមិនបាន រដ្ឋបាលរាជធានីភ្នំពេញហាក់កំពុងប្រឈមនឹងទ្វេគ្រោះ។ បើរដ្ឋបាលរាជធានីភ្នំពេញអាចដោះស្រាយសំណើរបស់ពួកគេបាន បញ្ហា ២ នឹងចោទឡើងទី១ គឺមានន័យថា រដ្ឋបាលរាជធានីភ្នំពេញទទួលស្គាល់ជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមឱ្យតាំងទីលំនៅនៅកម្ពុជា និងអាចត្រូវបានចោទប្រកាន់ថា ស្តាប់បង្គាប់វៀតណាម និងទី២ សំណួរជាច្រើននឹងលេចចេញពីមាត់ប្រជាពលរដ្ឋខ្មែរដែលត្រូវបានតម្រូវឱ្យផ្លាស់ទីដូចគ្នាក្រោមផែនការអភិវឌ្ឍន៍ តើរដ្ឋបាលរាជធានីភ្នំពេញមានបានដោះស្រាយសំណើ ៣ យ៉ាងដូចខាងលើជូនពួកគេដោយសមរម្យដែរឬទេ?
ប៉ុន្តែបើរដ្ឋបាលរាជធានីភ្នំពេញមិនអាចដោះស្រាយបាន តើរដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តច្បាប់ចំពោះពួកគេដោយរបៀបណា? តើពួកគេនឹងទៅរស់នៅឯណា? ឬគ្រាន់តែចេញពីទន្លេខ្មែរ ១ ទៅកាន់ទន្លេខ្មែរ ១ ទៀតដដែល? ឬចេញពីដីខ្មែរ ១ កន្លែង ទៅនៅដីខ្មែរ ១ កន្លែងទៀត? ឬចេញពីកណ្តាលប្រទេសទៅរស់នៅតំបន់ព្រំដែន? តើច្បាប់អន្តោប្រវេសន៍អាចត្រូវបានអនុវត្តដែរឬទេ?
ទាំងនេះសុទ្ធតែជាសំណួរដែលស្មុគស្មាញពិបាករកចម្លើយ។ តាមពិតទៅអាជ្ញាធរភ្នំពេញបានដាក់ឱសានវាទត្រឹមថ្ងៃទី ៩ ខែមិថុនា ប៉ុន្តែក្រោយមកបានសម្រេចពន្យារពេលបន្ថែមទៀតរហូតដល់ថ្ងៃទី ១២ ខែមិថុនា។
មែនទែនទៅ ថ្វីបើកម្ពុជាជារដ្ឋតូច ប៉ុន្តែមានបេះដូងធំទូលំទូលាយ, កម្ពុជាតែងគោរព និងផ្តល់តម្លៃចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងក៏ដូចជាបណ្ដាប្រទេសនានាលើសកលលោក។ កម្ពុជាពោរពេញដោយបេះដូងមនុស្សធម៌ និងគោរពនូវគុណធម៌ជាប់ជានិច្ច។ ដូចឃើញស្រាប់ហើយ នៅគ្រប់រាជធានីខេត្តនៃប្រទេសកម្ពុជាសុទ្ធតែមានសមាគមវៀតណាម, តើមានដូចគ្នាទេ សមាគមកម្ពុជានៅប្រទេសវៀតណាម?
កម្ពុជាពិតជាទទួលស្គាល់វៀតណាមក្នុងការចូលរួមជួយរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ជាការឆ្លើយតប ស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម ត្រូវបានអនុញ្ញាតឱ្យសាងសង់ស្ទើរគ្រប់រាជធានី- ខេត្តនៃប្រទេសកម្ពុជា, តើមានស្តូបអនុស្សាវរីយ៍ដូចគ្នានេះនៅវៀតណាមដែរឬទេ?
តើវៀតណាមមានធ្លាប់បានរំឭកគុណកម្ពុជាដែលបានរួមចំណែកក្នុងបុព្វហេតុបង្រួបបង្រួមទឹកដីវៀតណាមដែរឬទេ? ការជួយរបស់កម្ពុជាដើម្បីបុព្វហេតុបង្រួបបង្រួមទឹកដីវៀតណាមបានធ្វើឱ្យសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែករាប់លានតោននៅលើទឹកដីកម្ពុជា និងបានធ្វើឱ្យប្រជាជនកម្ពុជាស្លាប់ និងរងរបួសរាប់សែននាក់, ស្លាកស្នាមផ្លូវលំហូជីមិញឆ្លងកាត់ប្រទេសកម្ពុជាមិនទាន់រលុបនៅឡើយ, តើនេះជាគុណដែលវៀតណាមគួររំឭកដែរឬទេ? ប្រជាជនកម្ពុជាហាក់មានអារម្មណ៍ចាញ់ប្រៀបវៀតណាមខ្លាំងណាស់។
ប្រជាជន កម្មាភិបាល និងថ្នាក់ដឹកនាំវៀតណាម គួរគិតដល់តម្លៃនៃទំនាក់ទំនង និងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អ មិនគួរចាក់ទឹកត្រីទៅលើស្នាមរបួសដែលនាំឱ្យមានការឈឺចាប់បន្ថែមនោះទេ។ ក្នុងប្រវត្តិសាស្ត្រ កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់ទៅហើយទៅប្រទេសវៀតណាម។
ដែនដីកម្ពុជាក្រោមរាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង ដែលមានពលរដ្ឋជាដើមកំណើតខ្មែររាប់លាននាក់រស់នៅទីនោះ, កោះត្រល់ជាកោះគជ់ដ៏ឆើតឆាយ ដែលមានចម្ងាយតែបន្តិចសិបគីឡូពីក្រុងកែប បានត្រូវបាត់បង់ទៅប្រទេសវៀតណាមដែរ។
កម្ពុជាក្រោមក្តី កោះត្រល់ក្តី ទោះបីបាត់បង់ក្នុងសម័យកាលណាក៏ដោយ ក៏ប្រជាជនកម្ពុជាជំនាន់នេះ និងជំនាន់ក្រោយៗទៀត នៅតែមានការឈឺចាប់ និងស្តាយស្រណោះដែរ គឺប្រៀបដូចជាការបាត់បង់អវយវៈចេញពីរាងកាយដូច្នោះដែរ។
ដូច្នេះ វៀតណាមមិនគួរយកបញ្ហាជនអន្តោប្រវេសន៍របស់ខ្លួនបង្កឱ្យមានការឈឺចាប់បន្ថែមដល់ប្រជាជនខ្មែរនោះទេ។ វៀតណាមគួរតែរៀបចំផែនការមាតុភូមិនិវត្តន៍ ជនជាតិរបស់ខ្លួនទៅកាន់ប្រទេសខ្លួនវិញ ហើយមិនគួរគិតតែពីសុំភាពស្របច្បាប់ដល់ពួកគេពីប្រទេសកម្ពុជានោះទេ។
វាល្មមដល់ពេលបញ្ចប់នយោបាយដំណើរឆ្ពោះមកទិសខាងលិចរបស់អ្នកហើយ, អ្នកទទួលបានទឹកដីពីកម្ពុជាច្រើនណាស់ហើយ។ ប្រទេសទាំង ២ ត្រូវចេះរួមរស់ជាមួយគ្នាដោយសុខសន្តិភាព ការគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីរបស់គ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ឱ្យស័ក្តិសមនឹងពាក្យស្លោកនៃទំនាក់ទំនងដែលប្រទេសទាំង ២ បានអនុម័តគឺ «ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង»៕
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា (ទស្សនៈក្នុងអត្ថបទនេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ)