នៅពេល​សម្លឹង​ទៅ​អតីតកាល​ជាង ១ ០០០ ​ឆ្នាំមុន ប្រជារាស្ត្រ​ខ្មែរ​តែង​មាន​មោទនភាព​ចំពោះ​ជាតិ​ខ្លួន​ ដែល​ធ្លាប់ជា​ចក្រភព​ដ៏ខ្លាំង​ពូកែ​មួយ នៅ​អាស៊ីអាគ្នេយ៍​មាន​ទឹកដី​ធំ​ទូលាយ​អារ្យធម៌​ខ្ពង់ខ្ពស់ និង​ឫទ្ធានុភាព​អស្ចារ្យ​គ្មាន​ជាតិ​សាសន៍​ណា​អាច​ប្រមាថ​បាន​។

បុព្វកថា​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​ ១៩៩៣ ​ក៏បាន​បង្ហាញ​ពី​មោទនភាព​នេះដែរ ដោយ​បាន​ចារឹក​ថា​ «​ប្រជារាស្ត្រ​ខ្មែរ​ធ្លាប់មាន​អារ្យធម៌​ឧត្ដុង្គឧត្ដម ប្រទេសជាតិ​ស្តុកស្ដម្ភ ធំ​ទូលាយ ថ្កុំថ្កើង​រុងរឿង កិត្យានុភាព​ខ្ពង់ខ្ពស់ ភ្លឺ​ចែងចាំង ដូច​ពេជ្រ​ពណ្ណរាយ​»​។

សម័យអង្គរ​ដ៏រុងរឿង​ត្រូវបាន​ចាត់ទុក​ជា​យុគមាស​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​។ បុព្វបុរស​ខ្មែរ​សម័យ​នោះ​បាន​កសាង​មហា​ប្រាសាទ​សិលា​រាប់ពាន់ ដែល​រាយប៉ាយ​ពាសពេញ​ផ្ទៃ​ប្រទេស និង​ក៏មាន​នៅក្នុង​ប្រទេស​ជិតខាង​នាពេល​បច្ចុប្បន្ននេះ​ផងដែរ​។

ប្រជារាស្ត្រ​ខ្មែរ និង​អ្នកដឹកនាំ​របស់ខ្លួន​តែងតែ​មាន​មោទនភាព​ចំពោះ​កេរដំណែល​ដ៏មហស្ចារ្យ​ទាំងនោះ​ដែល​បន្សល់​ទុក​រហូត​មកដល់​សព្វថ្ងៃ ហើយ​ក៏បាន​ទទួលផល​ប្រយោជន៍​ដ៏មហាសាល​ពី​កេរដំណែល​ដ៏មហស្ចារ្យ​ទាំងនោះ​ដែរ​។

ទោះបី​កម្ពុជា​មាន​ការផ្លាស់ប្តូរ​របប​នយោបាយ​ជាច្រើន​លើក​ច្រើនសា​ក៏ដោយ​ក៏​មហា​ប្រាសាទអង្គរវត្ត​នៅតែ​ជា​ប្រភព​នៃ​ក្តី​មោទនភាព​ខ្ពស់បំផុត​របស់​ប្រជាជាតិខ្មែរ និង​ត្រូវបាន​ប្រតិដ្ឋ​នៅ​ចំ​កណ្តាល​ផ្ទៃ​ទង់ជាតិ​ខ្មែរ​តាំងពី​ឆ្នាំ​ ១៩៤៧ ​មក​។

រយៈពេល ១ ០០០ ​ឆ្នាំ​ក្រោយមក ក្តីមោទនភាព​ត្រូវ​ជំនួស​ដោយ​ការឈឺចាប់ និង​ការស្តាយ​ស្រណោះ​រក​ទីបំផុត​គ្មាន​។ នោះ​មិនទាន់​គិត​ទៅដល់​រយៈពេល ១ ០០០ ​ឆ្នាំ​ទៅមុខ​ទៀតផង​។ ក្រោយ​ការដួលរលំ​នៃ​សម័យអង្គរ ចក្រភព​ខ្មែរ​បាន​ចុះខ្សោយ​ជា​លំដាប់ ទឹកដី​បាន​រួញ​តូច​បន្តិច​ម្តងៗ​ស្ទើរតែ​បាត់​ពី​ផែនទី​ពិភពលោក​។ ប្រទេសជាតិ​បាន​ជួបប្រទះ​តែ​ចម្បាំង​រាំងជល់ គ្មាន​ស្បើយ ចម្បាំង​ផ្ទៃក្នុង​ផង និង​ចម្បាំង​ជាមួយ​បរទេស​ឈ្លានពាន​ផង​។

ការណ៍​នេះ​បាន​ធ្វើឱ្យ​កម្ពុជា ដែល​ជា​ចក្រភព​ដ៏ខ្លាំងពូកែ​មួយ​ធ្លាក់​ខ្លួន​ជា​រដ្ឋ​ស្ថិតក្រោម​អាណានិគម​ផ្លាស់​វេន​នៃ​រដ្ឋ​ក្បែរ​ខាង ដែល​កកើត​ក្រោយ​ខ្លួន​ជាង ១ ០០០ ​ឆ្នាំ​។

ទឹកដី​ជាច្រើន​ត្រូវបាន​បាត់បង់​ទៅ​ប្រទេស​ក្បែរ​ខាង​ទាំងនោះ​ជាក់ស្តែង​ដែនដី​ខ្មែរលើ​រាប់សិប​ខេត្ត​បាន​ធ្លាក់​ទៅ​ប្រទេស​ថៃ ដែនដី​កម្ពុជា​ក្រោម​រាប់សិប​ខេត្ត រួមទាំង​ក្រុង​ព្រៃនគរ​ផង​បាន​ធ្លាក់​ទៅ​ប្រទេស​វៀតណាម និង​មួយផ្នែក​ទៀត ក៏បាន​ធ្លាក់​ទៅ​ប្រទេស​ឡាវ​ផងដែរ​។ បន្ទាប់ពី​រំដោះខ្លួន​ចេញ​ពី​អាណានិគម​ផ្លាស់​វេន​នៃ​រដ្ឋ​ក្បែរ​ខាង កម្ពុជា​ធ្លាក់​ខ្លួន​ស្ថិតក្រោម​អាណានិគម​បារាំង​ជិត​ ១ ​សតវត្សរ៍​ទៀត​។

ការតស៊ូ​រំដោះខ្លួន​ចេញពី​នឹម​អាណានិគម​បារាំង​ត្រូវ​ចំណាយពេល​អស់​រាប់​ទសវត្សរ៍​ទម្រាំ​ទទួល​បាន​ឯករាជ្យ​ពេញលេញ​នៅ​ឆ្នាំ​ ១៩៥៣​។

ក្រោយ​ទទួលបាន​ឯករាជ្យ កម្ពុជា​បាន​ក្លាយ​ជា​កោះ​សន្តិភាព តែ​មិនយូរ​ប៉ុន្មាន កម្ពុជា​បាន​រអិល​ខ្លួន​ធ្លាក់​ចូលក្នុង​សង្គ្រាមស៊ីវិល​អស់​រយៈពេល​ជាង​ ២ ​ទសវត្សរ៍​ទៀត​។ រហូតដល់​ចុងឆ្នាំ​ ១៩៩៨ ទើប​កម្ពុជា​មាន​សន្តិភាព​ពេញលេញ​។

នៅពេល​និយាយ​ពី​អតីតកាល​នៃ​ចក្រភព​ខ្មែរ និង​អារ្យធម៌​អង្គរ​ដ៏បវរ ប្រជារាស្ត្រ​ខ្មែរ​គ្រប់រូប​ពិតជា​មាន​មោទនភាព​ចំពោះ​ប្រវត្តិសាស្ត្រ​ និង​បុព្វបុរស​ខ្លួន​ណាស់​។

ប៉ុន្តែ​នៅពេល​និយាយ​ពី​សោកនាដកម្ម​ពី​អតីតកាល និង​ទឹកដី​ដែល​បាត់បង់​ទៅ ប្រជារាស្ត្រ​ខ្មែរ​គ្រប់រូប​មាន​ការស្តាយ​ស្រណោះ​រក​ទីបំផុត​គ្មាន និង​មានការ​ឈឺចាប់​យ៉ាងខ្លាំង​ប្រៀបដូចជា​គេ​យក​កាំបិត​ទៅ​ចាក់​ទម្លុះ​បេះដូង​ដូច្នោះ​ដែរ​។

ប៉ុន្តែ​បើ​ត្រឹមតែ​មោទនភាព​ឈឺចាប់ និង​ស្តាយស្រណោះ​នោះ​គឺ​មិន​គ្រប់គ្រាន់​ទេ​។ ជំនួស​ឱ្យ​ការឈឺចាប់ និង​ការស្តាយ​ស្រណោះ ប្រជារាស្ត្រ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​និន្នាការ​នយោបាយ​ត្រូវតែ​អនុវត្ត​នូវ​ការប្តេជ្ញា​ចិត្ត​របស់​យើង​ដែល​បាន​ចារឹក​ទុក​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង​គឺ​ «​ភ្ញាក់រឭក ក្រោកឈរ​ឡើង ចងបាច់​ឆន្ទៈ​មោះមុត ប្ដូរផ្ដាច់ រួបរួមគ្នា​ពង្រឹង​ឯកភាព​ជាតិ រក្សា ការពារ ទឹកដី​កម្ពុជា​អធិបតេយ្យ​ថ្លៃថ្លា និង​អារ្យធម៌​អង្គរ​ដ៏បវរ​»​។

ពេល​សម្លឹង​ទៅ​អតីតកាល​ជាង ១ ០០០ ​ឆ្នាំមុន យើង​មាន​មោទនភាព លាយឡំ​ជាមួយ​ការឈឺចាប់ និង​ការស្តាយ​ស្រណោះ​។

ប៉ុន្តែ តើ​យើង​បាន​គិត​បែប​ណា និង​ធ្វើ​បែបណា ដើម្បី​អត្ថិភាព វឌ្ឍនភាព និង​វិបុលភាព​ជាតិ​យើង សម្រាប់​រយៈពេល​ ១ ០០០ ​ឆ្នាំ​ទៅ​មុខ​ទៀត​?

ក្នុង​ន័យនេះ យើង​ទាំងអស់​គ្នា​ត្រូវតែ​ខិតខំ​ប្រឹងប្រែង ឧស្សាហ៍​ព្យាយាម​ឡើង យើង​មិនអាច​ដេក​រង់ចាំ​ព្រេងសំណាង​បានទេ​។

យើង​ទាំងអស់​គ្នា​ត្រូវតែ​មាន​ការទទួល​ខុសត្រូវ​ទៅតាម​តួនាទី​រៀងៗ​ខ្លួន មិន​ថា កសិករ កម្មករ សិស្ស និស្សិត បញ្ញវន្ត មន្ត្រីរាជការ​សាស្ត្រាចារ្យ គ្រូបង្រៀន កងទ័ព នគរបាល អ្នកនយោបាយ តុលាការ ព្រះសង្ឃ ឬ​អ្នកជំនួញ​។​ល​។

កសិករ​ត្រូវតែ​ខិតខំ​បង្កបង្កើនផល ដាំដុះ ចិញ្ចឹមសត្វ​,​កម្មករ​ត្រូវតែ​ស្វាហាប់​នឹង​ការងារ សិស្ស​និស្សិត​ត្រូវតែ​ខិតខំ​រៀនសូត្រ​ឱ្យ​ខ្លាំង​ឡើង ស័ក្តិសម​ជា​សសរទ្រូង​ជាតិ​,​បញ្ញវន្ត​ត្រូវតែ​ខិតខំ​សិក្សា ស្រាវជ្រាវ បោះពុម្ព ផ្សព្វផ្សាយ​, មន្ត្រីរាជការ​ត្រូវតែ​ខិតខំ​បម្រើ​រាស្ត្រ​ប្រកប​ដោយ​មនសិការ​ជាតិ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​។

ដោយឡែក សាស្ត្រាចារ្យ គ្រូបង្រៀន ត្រូវតែ​ខិតខំ​បង្រៀន​សិស្ស​និស្សិត ឱ្យមាន​សមត្ថភាព​ផលិតភាព នវានុវត្តភាព គុណធម៌ និង​មនសិការ​ជាតិ​, កងទ័ព​ត្រូវតែ​ស្មោះត្រង់​នឹង​ជាតិ ក្លាហាន តស៊ូ​ប្តូរផ្តាច់​ក្នុង​បុព្វហេតុ​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​, នគរបាល​ត្រូវតែ​ប្តេជ្ញា​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ឱ្យ​បាន​ល្អប្រសើរ​។

អ្នកនយោបាយ​ត្រូវតែ​គិត​​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ​ត្រូវ​គិតដល់​អ្នកជំនាន់​ក្រោយ​សូមកុំ​គិតតែ​ពី​ការបោះឆ្នោត​អាណត្តិ​ក្រោយ​, តុលាការ​ត្រូវតែ​រក្សា​យុត្តិធម៌​ជូន​ប្រជារាស្ត្រ​, ព្រះសង្ឃ​ត្រូវតែ​ខិតខំ​អប់រំ​សីលធម៌​សង្គម រីឯ​អ្នកជំនួញ​ត្រូវតែ​មាន​ក្រមសីលធម៌ និង​គិតគូរ​ដល់​បរិស្ថាន និង​ភពផែនដី​ហើយ​សមាសភាព​សង្គម​ដទៃទៀត ត្រូវតែ​ខិតខំ​បំពេញ​ការងារ​របស់ខ្លួន​ប្រកប​ដោយ​មនសិការ​ជាតិ និង​ការទទួល​ខុសត្រូវ​ខ្ពស់បំផុត​។

យើង​អ្នក​ជំនាន់​នេះ ជា​បុព្វបុរស​នៃ​កូនចៅ​យើង​ជំនាន់​ក្រោយ​។ តើ​យើង​ចង់ឱ្យ​កូនចៅ​យើង​ចារ​ឈ្មោះ​យើង​បែបណា​? កូនចៅ​យើង​ជំនាន់​ក្រោយ​របស់​យើង​នឹង​ចារ​ឈ្មោះ​យើង​បែបណា​នាពេល​អនាគត​នោះ គឺ​អាស្រ័យ​លើ​សកម្មភាព និង​ស្នាដៃ​បច្ចុប្បន្ន​របស់​យើង​។

យើង​ជា​អ្នក​ជំនាន់ក្រោយ​នៃ​បុព្វបុរស​របស់​យើង យើង​បាន​ទទួល​កេរដំណែល​ដ៏មហាសាល​ពី​បុព្វបុរស​យើង គឺ​មហា​ប្រាសាទ​សិលា​រាប់ពាន់​ជា​ឧទាហរណ៍​ស្រាប់​, តើ​យើង​អ្នក​ជំនាន់​នេះ នឹង​បន្សល់ទុក​នូវ​កេរដំណែល​អ្វី​សម្រាប់​អ្នក​ជំនាន់ក្រោយ​?

នោះ​គឺ​អាស្រ័យ​លើ​ការខិតខំ​របស់​យើង​ទាំងអស់​គ្នា​ហើយ​នាពេល​នេះ​។ យើង​ត្រូវតែ​បង្កើត​មោទនភាព និង​បន្សល់ទុក​នូវ​កេរដំណែល​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ​ដូចដែល​បុព្វបុរស​យើង​បន្សល់​ទុកឱ្យ​យើង​ដូច្នោះ​ដែរ​។

ទន្ទឹមនឹងនេះ យើង​ទាំងអស់​គ្នា​ក៏​ត្រូវតែ​យល់​ឱ្យ​ច្បាស់​ពី​សភាពការណ៍​ពិភពលោក​ពី​ភូមិសាស្ត្រ​នយោបាយ និង​យុទ្ធសាស្ត្រ​របស់​ពួក​មហាអំណាច ថា ពួកគេ​កំពុង​គិត​អ្វី​? គេ​ទៅណា​? គេ​កំពុង​ធ្វើ​អ្វី​? គេ​ចង់បាន​អ្វី​? គេ​ប្រើ​យុទ្ធសាស្ត្រ​ និង​យុទ្ធវិធី​អ្វី​? ហើយ​ប្រទេស​យើង​ជា​ប្រទេស​តូច​គួររៀបចំ​ខ្លួន​បែបណា​?

យើង​ទាំងអស់​គ្នា​ជា​ជនជាតិ​ខ្មែរ ត្រូវតែ​មាន​ស្មារតី​ភ្ញាក់រឭក​ខ្ពស់ កុំឱ្យ​រាំ​ខុស​ចង្វាក់ កុំ​លោត​ខុស​ក្រឡា តាម​ខ្សែ​ញាក់​របស់​មហាអំណាច​។

ប្រទេស​យើង​ធ្លាប់ជា​ជនរងគ្រោះ និង​ធ្លាប់​ទទួលរង​សោកនាដកម្ម​រាប់មិនអស់ ដោយសារ​ការរត់​ប្រណាំង​មនោគមន៍វិជ្ជា​របស់​មហាអំណាច និង​ដោយសារ​តែ​ការរាំ​ខុស​ចង្វាក់ និង​ការលោត​ខុស​ក្រឡា​របស់​អ្នក​នយោបាយ​ពី​អតីតកាល​។

យើង​មិនគួរ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ទៀត​ទេ​។ គ្មាន​ប្រទេស​ណា គេ​ស្រឡាញ់​ជាតិ​យើង​ជាង​យើង​ស្រឡាញ់​ជាតិ​យើង​នោះទេ​។

បើ​ជាតិ​យើង​ខ្សោយ យើង​មិនអាច​ទៅ​សំពះ​សុំ​សន្តិភាព​ពី​នរណា​បានទេ​។ បើ​ជាតិ​យើង​ខ្សោយ កុំ​និយាយ​ពី​ឯករាជ្យ និង​អព្យាក្រឹត សូម្បីតែ​យើង​សុំ​រស់នៅ​ដោយ​ស្ងប់សុខ​ដោយ​មិន​ទៅ​រំខាន​ជាតិ​សាសន៍​ណា ក៏​មិន​ប្រាកដ​ថា គេ​ឱ្យ​ជាតិ​យើង​បាន​សុខ​នោះដែរ​។

ដូច្នេះ​មាន​តែ​យើង​ខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​ជាតិ​ខ្លាំង​នោះទេ ទើប​ជាតិ​យើង អាច​គេច​ផុតពី​ការប្រមាថ​ពី​ជាតិសាសន៍​ដទៃ​បាន​។ ​យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឱ្យ​ខ្លាំង ដើម្បី​អត្ថិភាព វឌ្ឍនភាព និង​វិបុលភាព​ជាតិ​យើង​ទាំង​បច្ចុប្បន្ន និង​ទៅ​អនាគត​។

ដើម្បី​ឱ្យ​ជាតិ​យើង​ខ្លាំង យើង​ត្រូវតែ​ធ្វើឱ្យ​ធនធាន​មនុស្ស​យើង​ខ្លាំង​, ច្បាប់​យើង​ខ្លាំង​,​ប្រព័ន្ធ​នយោបាយ​យើង​ខ្លាំង​, សេដ្ឋកិច្ច​យើង​ខ្លាំង​, ខឿន​ការពារជាតិ​យើង​ខ្លាំង​, សាមគ្គីភាព ឯកភាព និង​មោទនភាព​ជាតិ​យើង​ខ្លាំង​,​ការទូត​យើង​ខ្លាំង​, ប្រព័ន្ធ​យុត្តិធម៌​សង្គម​យើង​ខ្លាំង និង​សន្តិភាព​យើង​រឹងមាំ​, នោះ​ជាតិ​យើង​នឹង​ខ្លាំង គឺ​ខ្លាំង​យូរអង្វែង មិនមែន​ខ្លាំង​តែ​ ១ ​ពេល​៕

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា រាជបណ្ឌិត្យ​សភា​កម្ពុជា (​ទស្សនៈ​ក្នុង​អត្ថបទ​នេះ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​អ្នកនិពន្ធ​)