
ក្រុមនិស្សិត ទើបចេញពីសាកលវិទ្យាល័យមួយនៅភ្នំពេញកន្លងមក។ ហុង មិនា
យុវជនគឺជាទំពាំងស្នងឫស្សីដ៏សំខាន់សម្រាប់អនាគតប្រទេសជាតិ ដូច្នេះ ឥរិយាបថរបស់យុវជនចំពោះការងារ និងសង្គមមានសារៈសំខាន់ ដើម្បីតម្រង់ទិស និងអនាគតរបស់យុវជនផង និងរបស់សង្គមជាតិផង។ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ យុវជនគួរប្រកាន់ឥរិយាបថ ២ យ៉ាងចំពោះសង្គម និងការងារ។
ទី ១ កុំភ្លេចដើមកំណើតជាតិឯង និងត្រូវចេះគោរពប្រណិប័តន៍ចាស់ទុំ និងគោរពស្ថាប័ន។
នៅក្នុងច្បាប់ល្បើកថ្មី (ឆ្នាំ ១៩២២) ល្បះទី ១០ អ្នកភិរម្យក្រមង៉ុយ បាន សរសេរ ថា “រៀនបទរៀនបាទកុំកោងហួសខ្នាតកុំភ្លាត់ខុសផ្លូវកុំភ្លើនភ្លេចម៉ែកុំប្រែហួសឪ ឃើញចាស់សក់ស្កូវកុំសូវមើលងាយ។ នៅល្បះទី ៣៧ បានសរសេរថា “កុំភ្លើនភ្លេច ខ្លួន ចេះសាសន៍ចិនយួន កុំចោលខ្មែរយើង កុំធ្វើក្រអឺត កុំពើតកុំពើង កុំពាក់ស្បែកជើង ចូលវត្ដលោកសង្ឃ។
នេះគឺជាគុណតម្លៃខ្មែរដែល មានជាយូរយារណាស់មកហើយ។ ជាតិណាក៏ដោយ គេគោរពគុណតម្លៃ និងអត្តសញ្ញាណជាតិរបស់គេណាស់។ ថ្វីដ្បិតតែគុណតម្លៃបរទេសមួយចំនួនអាចមានចំណុចល្អដែលយើងគួរទទួលយក ប៉ុន្តែយើងក៏មិនគួរយកគុណតម្លៃបរទេសណាមួយមកលុបចោលគុណតម្លៃ និងអត្តសញ្ញាណជាតិរបស់ខ្លួន និងវប្បធម៌ដូនតាយើងដែរ។ មិនមែនបានទៅរៀនចេះដឹងនៅបរទេស ស្រាប់តែចាប់ផ្តើមមើលងាយឪពុកម្តាយខ្លួនឯងនោះទេ។ នេះមិនមែនជាគុណតម្លៃរបស់ខ្មែរនោះទេ។
ការឱ្យតម្លៃគ្រួសារ និងសង្គមគឺមាននៅក្នុងឈាមជ័រខ្មែរជានិច្ច ហើយកុំភ្លេចថា មានបរទេសនៅសង្គមជឿនលឿនជាច្រើនដែលច្រណែននឹងខ្មែរយើងដោយសារថា ពេលពួកគេចាស់ទៅ ពួកគេលែងមានគ្រួសារនៅក្បែរពួកគេទៀតហើយ ត្រូវនៅកណ្តោចកណ្តែង រង់ចាំថ្ងៃស្លាប់ គ្មានកូនចៅណាមកអើត ហើយក៏គ្មានបងប្អូនសាច់ញាតិទាក់ទងជាប្រចាំដូចខ្មែរយើងដែរ។ ពួកគេបាត់បង់អស់ហើយនូវអ្វីដែលហៅថា គុណតម្លៃគ្រួសារ។ នេះគឺមិនមែនជាអ្វីដែលមនុស្សជាតិគ្រប់រូបប្រាថ្នាចង់បាន ក្នុងលក្ខណៈជាមហាគ្រួសារនៃប្រជាជាតិមួយនោះឡើយ។
ការគោរពចាស់ទុំជាគុណតម្លៃដ៏សំខាន់ក្នុងសង្គមខ្មែរ ក៏ដូចជាសង្គមអាស៊ីទូទៅ។
នៅប្រទេសជប៉ុនវិញ សង្គមរបស់គេមានការរៀបចំជាប្រព័ន្ធសង្គមដែលគេហៅថា “sempai-kohai” ឬបកថា “រៀមច្បង និងសិស្សប្អូន” ដែលសិស្សប្អូនត្រូវគោរពរៀមច្បង ហើយរៀមច្បងត្រូវមើលថែទំនុកបម្រុងសិស្សប្អូន។ ឥរិយាបថនេះ គឺគេមានបណ្តុះតាំងពីថ្នាក់តូចតាច ហើយទោះបីជាធំពេញវ័យបំពេញការងារក្នុងសង្គមរៀងៗខ្លួនក៏ដោយ ក៏ពួកគេនៅតែគោរពគុណតម្លៃនេះជានិច្ច។
ទាក់ទងនឹងការគោរពស្ថាប័ន យើងគួររំឭកផងដែរថា ទោះបីប្រទេសបស្ចិមលោកដែលអួតអាងថាមានសេរីភាពហូរហៀរក្តី ក៏មិនមែនប្រជាជនគេចេះតែដើរចោទ ចង្អុលមុខស្ថាប័នតាមតែអំពើចិត្តដែរ។ និយាយនេះមិនមែនបានន័យថា វប្បធម៌ខ្មែរយើងជាវប្បធម៌អភិរក្សបំបិទសិទ្ធិអ្វីនោះទេ។ ឧទាហរណ៍ជាក់ស្តែងនៅបស្ចិមប្រទេសគ្មាននរណាអាចទៅចូលក្បែរវិមានប្រធានាធិបតីនោះទេ ព្រោះថា គេសុទ្ធតែមានការការពារច្រើនស្រទាប់ណាស់ ហើយទោះបីជាប្រធានាធិបតីចប់អាណត្តិហើយក៏ដោយ ក៏នៅតែមានអភ័យឯកសិទ្ធិមានអង្គរក្សការពារ មិនអាចមាននរណាមកបំពារបំពានតាមអំពើចិត្តនោះទេ។
នេះហើយគឺជាការគោរពស្ថាប័ន។ សេរីភាពដែលគ្មានការគោរពចំពោះស្ថាប័នគឺស្មើនឹងអនាធិបតេយ្យ ដែលគ្មានសង្គមនីតិរដ្ឋណាមួយអាចអត់អោនឱ្យបានឡើយ។
ទី ២ យុវជនត្រូវខិតខំប្រឹងប្រែងវិនិយោគ និងអភិវឌ្ឍសមត្ថភាពខ្លួនឯង។
ឥទ្ធិពល និងបញ្ហាសង្គមមានច្រើនដែលអាចបង្វែរចំណាប់អារម្មណ៍យុវជនឱ្យភ្លេចកសាងខ្លួនឯង ជាពិសេសទាក់ទងនឹងសមត្ថភាពចំណេះដឹង និងជំនាញពិតប្រាកដ ដែលអាចផ្សារភ្ជាប់ខ្លួនទៅនឹងទីផ្សារការងារ និងអាចផ្សាភ្ជាប់ខ្លួនទៅនឹងការអភិវឌ្ឍសង្គមតាមរយៈការងារដែលយើងកំពុងធ្វើនោះ។
និយាយនេះ មិនមែនបានន័យថា មិនឱ្យយុវជនខ្វល់ខ្វាយពីបញ្ហាសង្គមនោះទេ ប៉ុន្តែដើម្បីទ្រទ្រង់សង្គមជាតិបាន យើងត្រូវចេះទ្រទ្រង់ខ្លួនឯងសិន។ បើគ្មានការងារធ្វើឱ្យពិតប្រាកដផងចិញ្ចឹមខ្លួនឯងមិនរស់ផង យោងតែអាត្មាខ្លួនឯងមិនរួចផង តើតាំងខ្លួនជាអ្នកសង្គ្រោះសង្គមបានដោយរបៀបណា?
យុវជនត្រូវរៀនធ្វើការងារសិន សង្កេតសិន ស្តាប់សិន ចាំនិយាយ ហើយនិយាយដោយមានហេតុផល និយាយដោយមានទម្ងន់ និយាយដោយមានអំណះអំណាង និងទំនុកចិត្ត។ ទំនុកចិត្តនោះគឺបានមកពីបទពិសោធការងារផ្ទាល់ខ្លួនលើវិស័យជំនាញរបស់ខ្លួន ដោយទស្សនៈ និងពាក្យពេចន៍របស់ខ្លួនឯង។ មិនមែនរៀនខាងជាងភ្លើង ទៅរិះគន់វិស្វកម្មខាងធ្វើយន្តហោះទេ។ មិនមែនចម្លងតាមពាក្យរបស់គេ ហើយយកមកនិយាយធ្វើដូចជារបស់ខ្លួនឯងនោះទេ។
អ្នកនិពន្ធលោក Stephen Covey ដែលសរសេរសៀវភៅដ៏ល្បីល្បាញក្រោមចំណងជើងថា “ទម្លាប់ ៧ យ៉ាងរបស់បុគ្គលដែលមានប្រសិទ្ធភាពខ្ពស់” បានបែងចែកអ្វីដែលគាត់ហៅថា “រង្វង់នៃក្តីកង្វល់” និង “រង្វង់នៃឥទ្ធិពល”។
គាត់ចង់និយាយថា មនុស្សយើងមានសេចក្តីកង្វល់ច្រើនជំពូក ប៉ុន្តែសេចក្តីកង្វល់ភាគច្រើនមិនស្ថិតនៅក្នុងរង្វង់ដែលយើងអាចមានឥទ្ធិពលដោះស្រាយនោះទេ។ ដូច្នេះហើយបុគ្គលដែលជោគជ័យ និងមានប្រសិទ្ធភាពគឺតែងតែខិតខំកសាងមូលដ្ឋាននៃរង្វង់ឥទ្ធិពលរបស់ខ្លួនជាជាងប្រមែប្រមូលក្តីកង្វល់គ្រប់ជំពូកមកទុកក្នុងខ្លួន ដោយគ្មានដំណោះស្រាយអ្វី។
យុវជនត្រូវចេះបែងចែកឱ្យច្បាស់អំពី “រង្វង់នៃក្តីកង្វល់” និងខិតខំកសាងសមត្ថភាពរបស់ខ្លួនឱ្យបានរឹងមាំ ហើយត្រូវចូលរួមចំណែកក្នុងសង្គមតាមអ្វីដែលយើងបានរៀនចេះដឹងនោះ ដោយប្រើជំនាញបច្ចេកទេស វិជ្ជាជីវៈ និងទេពកោសល្យដែលយើងមានរៀងៗខ្លួន។ នេះហើយដែលគេហៅថា “រង្វង់នៃឥទ្ធិពល” ដែលបុគ្គលនីមួយៗអាចចូលរួមចំណែកដោយផ្ទាល់ក្នុងការផ្តល់ដំណោះស្រាយ។
យុវជនមិនត្រូវប្រកាន់ចរិតក្រអឺតក្រទម មិនត្រូវមើលងាយចាស់ទុំ ទាំងដែលខ្លួនឯងមិនដែលបានធ្វើអ្វីសោះ។ មិនទាំងទាន់មានគ្រួសារ ឬមានសមត្ថភាពទំនុកបម្រុងគ្រួសារមួយឱ្យបានរឹងមាំផងទេ មិនដែលទាំងមានបទពិសោធគ្រប់គ្រងក្រុម ឬស្ថាប័នផងទេ តែនិយាយឡើងយកមេឃទ្រាប់អង្គុយ មើលងាយចាស់ទុំ មើលងាយស្ថាប័ន។
ដំណោះស្រាយ និងទ្រឹស្តីហៀរកែង ប៉ុន្តែ នៅក្នុងកន្លែងការងាររបស់ខ្លួនឯងធ្វើការមិនដែលហើយ ហើយធ្វើការមិនដែលត្រូវគ្នាជាមួយនរណា ទៅកន្លែងណាក៏គេចេះមិនដល់ខ្លួន។ នេះមិនមែនជាគុណតម្លៃរបស់អ្នកដឹកនាំជោគជ័យណាមួយឡើយ។ គ្មានអ្នកដឹកនាំជោគជ័យណាដែលអាចធ្វើការងារតែម្នាក់ឯងដោយគ្មានស្ថាប័នគាំទ្រនោះទេ។
ជួនកាលខ្លាំងបានតែជាមួយខ្មែរគ្នាឯងទេ ដល់ជួបបរទេសវិញ និយាយញ៉បៗ គ្មានសមត្ថភាព និងចំណេះដឹងអ្វីទៅនិយាយតតាំងនឹងគេបាន។ រកសមត្ថភាព និងបទពិសោធអ្វីមកសរសេរបំពេញប្រវត្តិរូបមិនបានផង រកចេះអ្វីឱ្យច្បាស់ប្រាកដគ្មានប៉ុន្តែ បែរជាមើលងាយចាស់ទុំដែលមានអាយុប្រហែលឪពុកម្តាយខ្លួន។ នេះមិនមែនជាឥរិយាបថឧត្តុង្គឧត្តមនៃយុវជនដែលនឹងក្លាយជាសសរទ្រូងប្រទេសជាតិនោះទេ។
តើគេអាចទុកចិត្តបានទេថាយុវជនម្នាក់អាចដោះស្រាយបញ្ហាសង្គមបាន បើយុវជនម្នាក់នោះធ្វើការងារសាលា និងប្រគល់ជូនគ្រូមិនដែលទាន់កាលកំណត់ផងនោះ? តើគាត់អាចដោះស្រាយបញ្ហាសកល និងបញ្ហាសង្គមបានដោយរបៀបណា បើការងារប្រចាំថ្ងៃនៅនឹងមុខរបស់គាត់ គាត់ធ្វើមិនបានផងនោះ?
ការកសាងសង្គមគឺចាប់ផ្តើមពីការកសាងខ្លួនយើង កសាងគ្រួសារយើង កសាងក្រុម និងស្ថាប័នរបស់យើង ពីព្រោះថាបុគ្គលគ្រប់រូបគឺសុទ្ធតែជាធាតុផ្សំនៃបណ្តុំសង្គម។ បើធាតុផ្សំនីមួយៗរបស់សង្គមមិនរឹងមាំ សង្គមនោះក៏មិនរឹងមាំដែរ។ ការងារធំគឺចាប់ផ្តើមពីការងារតូច ការកសាងសង្គមគឺចាប់ផ្តើមពីការកសាងខ្លួនយើងម្នាក់ៗហ្នឹងឯង។ យើងត្រូវសួរខ្លួនឯងជានិច្ចថា តើយើងបានអភិវឌ្ឍខ្លួនយើងបានរឹងមាំប៉ុនណាហើយ? យើងបានជួយអភិវឌ្ឍគ្រួសារយើងបានប៉ុនណាដែរ? យើងបានជួយអភិវឌ្ឍក្រុមការងារ និងស្ថាប័នការងាររបស់យើងបានប៉ុនណាហើយ?
នេះគឺជាគតិមួយចំនួនសម្រាប់ឱ្យយុវជនយើងយកទៅពិចារណា ក្នុងការអភិវឌ្ឍខ្លួន និងជួយជ្រោមជ្រែង ថែរក្សាសង្គមជាតិខ្មែរ ហើយត្រូវចងចាំជានិច្ចថា គ្មានបរទេសណាមកស្រលាញ់ជាតិខ្មែរ ជាងខ្មែរនោះទេ ព្រោះគេមានប្រទេសជាតិគេដែលគេត្រូវស្រលាញ់ និងថែរក្សាដែរ៕
ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)