មិនខុសពីប្រទេសនានានៅលើពិភពលោកនេះទេ ប្រទេសកម្ពុជា បានរងការប៉ះទង្គិចយ៉ាងដំណំពីវិបត្តិដែលជំងឺកូវីដ ១៩ បានបង្កឡើង។ ការរាតត្បាតនៃជំងឺនេះបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ហើយតាមការរំពឹងទុក ពលរដ្ឋជិត ១ លាននាក់នឹងធ្លាក់ទៅក្នុងភាពក្រីក្រវិញដោយសារតែជំងឺនេះ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញរួចហើយនូវវិធានការឆ្លើយតបគ្រប់ជ្រុងជ្រោយមួយ អមជាមួយនឹងកញ្ចប់ជំនួយថវិកា ដើម្បីដោះស្រាយផលប៉ះពាល់នៃវិបត្តិនេះទៅលើផ្នែកសុខាភិបាល សង្គម និងសេដ្ឋកិច្ច។
ចំណាត់ការនោះរួមមានការផ្ទេរសាច់ប្រាក់ទៅឱ្យគ្រួសារក្រីក្រ និងងាយរងគ្រោះ, ជំនួយឧបត្ថម្ភប្រាក់កម្រៃ, កម្ចីមានការប្រាក់ទាប និងការអនុគ្រោះពន្ធដល់បណ្តាអាជីវកម្មនៅតាមវិស័យដែលរងការប៉ះទង្គិចខ្លាំង, កម្មវិធីការងារថ្នូរយកសាច់ប្រាក់នៅតាមទីជនបទ និងការឧបត្ថម្ភដល់សហគ្រាសធុនតូច និងមធ្យម។
ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលក៏បានត្រៀមជាស្រេចហើយដែរនូវផែនការរយៈពេលវែងសម្រាប់ស្តារសេដ្ឋកិច្ចឱ្យរើបឡើងវិញ និងបង្កើនភាពប្រកួតប្រជែង តាមរយៈការវិនិយោគទៅលើការកែទម្រង់ផ្នែកអាកាសធាតុ និងការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលឱ្យបានពេញទំហឹង។
នៅក្នុងគោលបំណងជួយរដ្ឋាភិបាលនៅក្នុងកិច្ចខិតខំទាំងនេះ ធនាគារពិភពលោក ពេលនេះ កំពុងផ្តល់កម្ចីសម្រាប់រៀបចំគោលនយោបាយដែលមានតម្លៃទឹកប្រាក់ ២០០ លានដុល្លារអាមេរិក តាមរយៈគម្រោងមានឈ្មោះថា “គម្រោងសម្រាប់ការជួយសង្គ្រោះ ការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា (Cambodia Relief, Recovery and Resilience) ។ គម្រោងនេះផ្តោតខ្លាំងទៅលើការជួយសង្គ្រោះពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា និងចំគោលដៅ ជួយសម្រួលឱ្យសេដ្ឋកិច្ចរើបឡើងវិញយ៉ាងស្វាហាប់តាមរយៈការកែទម្រង់ជាប្រព័ន្ធ និងការកសាងភាពធន់សម្រាប់ទប់ទល់ជាមួយស្ថានភាពអង្រួនសេដ្ឋកិច្ចនាពេលអនាគត។
គម្រោងនេះត្រូវបានគ្រោងរៀបចំឡើងស្របតាមអភិក្រមអភិវឌ្ឍន៍មានភាពបៃតង ធន់ និងបរិយាប័ន្នរបស់ធនាគារពិភពលោក (Green, Resilient, and Inclusive Development) ដែលរកដំណោះស្រាយដល់បញ្ហាចីរភាព, ភាពធន់ និងភាពបរិយាប័ន្ន តាមរយៈការផ្តល់ជំនួយសង្គ្រោះភ្លាមៗនាពេលបច្ចុប្បន្ន។
បណ្តាវិស័យដែលរងការប៉ះទង្គិចខ្លាំងពីវិបត្តិនេះមានវិស័យកាត់ដេរ សំណង់ និងទេសចរណ៍ សុទ្ធតែជាផ្នែកដែលផ្តល់ការងារច្រើនបំផុតនៅក្នុងប្រទេស។ បើនិយាយពីការងារមិនមែនកសិកម្មវិញ វិស័យកាត់ដេរមានចំណែកការងារ ១៦ ភាគរយ វិស័យសំណង់ ១២ ភាគរយ និងវិស័យដឹកជញ្ជូន និងបដិសណ្ឋារកិច្ច ១៣ ភាគរយនៃចំនួនការងារសរុបនៅទូទាំងប្រទេស។
ការធ្លាក់ចុះនៃធុរកិច្ចនៅតាមឧស្សាហកម្មទាំងនេះបង្កើតជាបញ្ហាប្រឈមធ្ងន់ធ្ងរមួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយនិរន្តរភាព ហើយបើសិនជាគ្មានវិធានការសម្រាលឱ្យបានក្រាស់ក្រែលទេ ការរាតត្បាតនៃជំងឺនេះនឹងធ្វើឱ្យអ្នកអត់ការងារធ្វើ និងភាពក្រីក្រកាន់តែមានចំនួនកើនឡើងថែមទៀតជាមិនខាន។
ការស្ទង់តាមទូរស័ព្ទដែលធនាគារពិភពលោកបានធ្វើជាច្រើនលើកកាលពីពេលថ្មីៗនេះបានបង្ហាញថា អត្រាការងារបានធ្លាក់ចុះជិត ១០ ភាគរយ ចាប់តាំងពីផ្ទុះការរាតត្បាតនៃជំងឺនេះ។ ការធ្លាក់ចុះនេះអមជាមួយនឹងការដែលមិនសូវមានតម្រូវការផ្នែកទំនិញ និងសេវាកម្មផងបានបណ្តាលឱ្យចំណូលក្នុងគ្រួសារស្រុតចុះ។
គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២១ ២ ភាគ ៥ នៃផ្ទះគ្រួសារសរុបបានប្រាប់ឱ្យដឹងអំពីការធ្លាក់ចុះនៃចំណូលសរុបប្រចាំគ្រួសារ ប្រៀបធៀបទៅនឹងកម្រិតកាលពីមិនទាន់មានការរាតត្បាតជំងឺ រីឯផ្ទះគ្រួសារចំនួន ៤០ ភាគរយផ្សេងទៀតនិយាយថា ចំណូលរបស់ពួកគេមិនមានការកើនទេ។ អាជីវកម្មតាមផ្ទះជាប្រភពធំមួយសម្រាប់ការចិញ្ចឹមជីវិត តែវាក៏ត្រូវរងការប៉ះទង្គិចយ៉ាងដំណំផងដែរ។ ការណ៍នេះនឹងរុញគ្រួសាររាប់ពាន់ទៅរកគែមនៃរណ្តៅភាពក្រីក្រ ហើយនិន្នាការនេះចេះតែរំកិលទៅមុខ ខណៈដែលការរាលដាលរបស់កូវីដ-១៩ចេះតែអូសបន្លាយរកទីបញ្ចប់មិនឃើញ។ និយាយឱ្យចំទៅ ពេលនេះមានពលរដ្ឋច្រើននាក់ណាស់ដែលកំពុងត្រូវការជំនួយ។
នៅក្នុងគោលដៅជួយកម្ពុជាកុំឱ្យបាត់បង់ទៅវិញនូវវឌ្ឍនភាពដែលខ្លួនសម្រេចបានក្នុងការកាត់បន្ថយភាពក្រីក្រកន្លងមក គម្រោងនេះកំពុងជួយសម្រាលបន្ទុកផ្នែកថវិកា និងជួយពង្រឹងសំណាញ់សុវត្ថិភាពសង្គមឱ្យកាន់តែរឹងមាំថែមទៀត។ វាផ្តោតទៅលើក្រុមគ្រួសារដែលមានការបញ្ជាក់ថាក្រ (IDPoor) តាមរយៈការស្រង់បញ្ជីជាច្រើនលើកកន្លងមកក្នុងនោះរួមមានកម្មវិធីមួយដែលត្រូវបានដាក់ឱ្យអនុវត្តកាលពីពេលថ្មីៗ ដើម្បីជួយដល់បណ្តាគ្រួសារជាប់ក្នុងវិធានការបិទខ្ទប់ផងដែរ។
ចំណុចដៅធំៗនៃគម្រោងនេះសម្រាប់ឆ្នាំ ២០២២ មានការផ្ទេរសាច់ប្រាក់ផ្នែកកូវីដ ១៩ ទៅឱ្យគ្រួសារ IDPoor ចំនួន ៦៩០ ០០០ គ្រួសារ និងការផ្ទេរសាច់ប្រាក់ផ្នែកសុខភាពមាតា និងកុមារចំនួន ៣៦០ ០០០ ទៅឱ្យស្ត្រីក្រីក្រមានផ្ទៃពោះ និងមានកូនតូច។ គម្រោងនេះនឹងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច និងបង្កើនភាពធន់ទៅនឹងស្ថានភាពកន្ត្រាក់ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលអនាគត តាមរយៈការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម និងការកែលម្អបរិយាកាសធ្វើធុរកិច្ច។ ឥណទាននឹងមានផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមចំនួន ៥០០ សម្រាប់ឆ្នាំក្រោយ តាមរយៈវិធីចែករំលែកបន្ទុកហានិភ័យគ្នាក្នុងចំណោមអ្នកពាក់ព័ន្ធ។ ការសម្រួលពាណិជ្ជកម្មត្រូវបានរៀបចំឱ្យរលូនអាចនឹងជួយបន្ទាបថ្លៃលើទំនិញនាំចូលសម្រាប់អ្នកប្រើប្រាស់ដែលជាផ្ទះគ្រួសារក្រីក្រ។
គម្រោងថ្មីនេះកសាង និងពង្រីកបន្ថែមពីលើការងាររបស់គម្រោងឆ្លើយតបបន្ទាន់ទៅនឹងកូវីដ ១៩ (COVID-19 Emergency Response Project) ដែលទទួលបានការអនុម័តកាលពីខែមេសាឆ្នាំកន្លងទៅ អមជាមួយនឹងគម្រោងដទៃទៀតដែលគាំទ្រដោយធនាគារពិភពលោកក្នុងគោលដៅជួយពលរដ្ឋកម្ពុជាក្នុងការតទល់ជម្នះផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលពីការរាតត្បាតនៃជំងឺនេះ។
កម្មវិធីផ្ទេរសាច់ប្រាក់កូវីដ ១៩ បានបង្ហាញថាមានប្រសិទ្ធភាព ហើយកម្ពុជាអាចយកបទពិសោធនេះទៅប្រើ ដើម្បីរៀបចំកម្មវិធីជំនួយសង្គមនានាឱ្យបានកាន់តែរឹងមាំថែមទៀត សម្រាប់ជួយដល់ជនក្រីក្រ និងជនងាយរងគ្រោះខ្លាំងបំផុតឱ្យមានភាពធន់ក្នុងការប្រឈមទៅនឹងហេតុការណ៍អង្រួនកន្ត្រាក់នៅថ្ងៃខាងមុខ។
គោលបំណងនេះអាចសម្រេចបានតាមរយៈការបន្តអនុវត្តវិធានការជំនួយផ្នែកសង្គមនាពេលបច្ចុប្បន្ន និងការពង្រឹងវិសាលភាពគ្របដណ្តប់ជំនួយ និងប្រព័ន្ធផ្តល់ជំនួយ ឧទាហរណ៍ ការពង្រីកកម្មវិធី IDPoor និងការប្រែក្លាយវាឱ្យទៅជាការចុះបញ្ជិកាផ្នែកសង្គមមួយ សម្រាប់ប្រើក្នុងកិច្ចអន្តរាគមន៍ផ្សេងៗទៀត។ អ្វីដែលសំខាន់ដូចគ្នាដែរនោះគឺថា ប្រព័ន្ធបង់ប្រាក់ទៅឱ្យអ្នកក្រីក្រត្រូវមានដំណើរការរលូន មានសុវត្ថិភាព និងមានភាពស័ក្តិសិទ្ធិ។
ឧទាហរណ៍ ការធ្វើតាមរយៈអ្នកផ្តល់សេវាច្រើនគ្នាក្នុងការផ្ទេរការប្រាក់បង់ និងការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់បែបឌីជីថលជាដើម។ ពេលនេះជាឱកាសមួយសម្រាប់ប្រើដើម្បីរកមើលផ្នែកនានាដែលអាចធ្វើឌីជីថលូបនីយកម្មឱ្យកាន់តែខ្លាំងថែមទៀត។
ការអនុវត្តការកែទម្រង់ទាំងនេះនឹងនាំមកនូវលទ្ធផលជាក់ស្តែង និងអាចវាស់វែងបានរួមទាំងការអនុញ្ញាតឱ្យពលរដ្ឋកាន់តែច្រើនអាចមានលទ្ធភាពរកសេវាហិរញ្ញវត្ថុបាន ការកាត់បន្ថយចំណាយលើការទូទាត់ ការកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យបានកាន់តែប្រសើរ និងការកាត់បន្ថយការលេចធ្លាយថវិកាផងដែរ។
ធនាគារពិភពលោកកំពុងជួយរាជរដ្ឋាភិបាលនៅក្នុងកិច្ចការទាំងនេះហើយយើងនៅរក្សាការប្តេជ្ញាចិត្តថានៅបន្តជួយដល់ពលរដ្ឋកម្ពុជាឱ្យជម្នះបាននូវវិបត្តិនៃជំងឺរាតត្បាតនេះ ហើយងើបឡើងវិញកាន់តែរឹងប៉ឹងជាងមុនក្នុងដំណើរឆ្ពោះទៅរកអនាគតមួយដែលកាន់តែមានភាពបៃតង និងមានផលិតភាពកាន់តែខ្ពស់។ រួមគ្នាយើងពិតជាអាចសម្រេចបានគោលបំណងនេះ៕
ម៉ារីយែម ស្ហ៊ឺរមែន (Mariam Sherman) ប្រធានធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និង ឡាវ