សហរដ្ឋអាមេរិក គឺជាដៃគូយូរអង្វែងរបស់បណ្តាប្រទេសនៅតំបន់ទន្លេមេគង្គ នៅក្នុងការជំរុញឱ្យមានសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។ កិច្ចសហការជាដៃគូយូរអង្វែងរបស់យើងបានលេចចេញច្បាស់កាលពីសប្តាហ៍មុន នៅពេលដែលសហរដ្ឋអាមេរិក និងកម្ពុជាបានធ្វើជាសហប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ ស្តីពីកិច្ចសហការគ្នាក្នុងភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក ឬ MUSP ដែលជាយន្តការថ្នាក់តំបន់ដ៏សំខាន់ សម្រាប់ដោះស្រាយបញ្ហាប្រឈមរួម និងពង្រឹងកិច្ចសហប្រតិបត្តិការ។
នៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុនលោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ពីជំនួយចំនួន ៤,៣ ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកបានផ្តល់ដល់ប្រទេសនៅតំបន់ទន្លេមេគង្គចាប់តាំងពីឆ្នាំ ២០០៩ មក ដោយសម្រេចបានជោគជ័យច្រើននៅក្នុងការគ្រប់គ្រងទឹក និងធនធានធម្មជាតិដទៃទៀត សុខភាពសាធារណៈ ការអប់រំ ការតភ្ជាប់គ្នាផ្នែកសេដ្ឋកិច្ច និងសន្តិសុខស្បៀង។
ការនេះឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តទ្វេភាគីរបស់យើង ចំពោះប្រជាជនកម្ពុជា ដែលសហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៣ ពាន់លានដុល្លារជាជំនួយ នៅក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ ដែលបានបង្កលក្ខណៈដល់សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច។
ជំនួយគាំទ្រទ្វេភាគី និងថ្នាក់តំបន់នេះ ស្តែងចេញច្បាស់ជាងពេលណាៗទាំងអស់នៅក្នុងអំឡុងពេលនៃការផ្ទុះមេរោគរាតត្បាតជាសកលនេះ។ ជាផ្នែកមួយនៃការសន្យារបស់លោកប្រធានាធិបតីអាមេរិក Biden ក្នុងការផ្តល់វ៉ាក់សាំងកូវីដចំនួន ៥០០ លានដូស ដល់បណ្តាប្រទេសនានា នៅលើពិភពលោកដែលនៅក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះសហរដ្ឋអាមេរិកបានធ្វើអំណោយវ៉ាក់សាំងចំនួនជាង ៨ លានដូសដល់បណ្តាប្រទេសនៅតំបន់ទន្លេមេគង្គ ដោយក្នុងនោះរួមមានវ៉ាក់សាំង Johnson & Johnson ដែលចាក់តែម្តងចំនួនជាង ១ លានដូសត្រូវបានផ្តល់ឱ្យប្រទេសកម្ពុជា តាមរយៈយន្តការកូវ៉ាក់ (COVAX) បន្ថែមលើថវិកាចំនួន ៤ ពាន់លានដុល្លារដែលត្រូវបានសន្យាផ្តល់ឱ្យយន្តការនេះ ដែលបានផ្តល់វ៉ាក់សាំងប្រភេទ AstraZeneca ឱ្យព្រះរាជាណាចក្រកម្ពុជា នៅក្នុងពេលកន្លងមក។
យើងមានមោទនភាពដោយមើលឃើញថា វ៉ាក់សាំងទាំងនេះត្រូវបានយកទៅចាក់ជូនមនុស្សនៅក្នុងសហគមន៍ជនបទដែលពិបាកទៅដល់ និងអ្នកជាប់ពន្ធនាគារ ហើយនិងជនចំណាកស្រុកដែលមានភាពងាយរងគ្រោះ។
សហរដ្ឋអាមេរិកថែមទាំងបានផ្តល់ថវិកាចំនួនជាង ១៥ លានដុល្លារ ជាជំនួយបន្ថែម និងការគាំទ្រចាំបាច់ផ្នែកបច្ចេកទេស តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID មជ្ឈមណ្ឌលកម្ចាត់ជំងឺសហរដ្ឋអាមេរិក CDC និងវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក ដើម្បីជួយប្រទេសកម្ពុជាក្នុងការដោះស្រាយចំពោះផលវិបាកមកលើសេដ្ឋកិច្ច និងសុខភាពសាធារណៈពីជំងឺរាតត្បាតនេះ។ នៅក្នុងសកលលោក សហរដ្ឋអាមេរិក គឺជាប្រទេសដែលធ្វើអំណោយវ៉ាក់សាំងកូវីដ ១៩ ច្រើនជាងគេបំផុត។
គោលដៅតែមួយរបស់យើងគឺសង្គ្រោះជីវិតមនុស្ស និងមុខរបរចិញ្ចឹមជីវិត។ ដូច្នេះ សហរដ្ឋអាមេរិកមិនលក់ ហើយក៏មិនដាក់លក្ខខណ្ឌផ្នែកសេដ្ឋកិច្ច ឬនយោបាយលើអំណោយវ៉ាក់សាំងទាំងនោះទេ។
ពិតមែនតែការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតមានសារៈសំខាន់បំផុតក្តី តែសហរដ្ឋអាមេរិក និងប្រទេសនៅតំបន់ទន្លេមេគង្គក៏កំពុងធ្វើការជាមួយគ្នាផងដែរ ដើម្បីការពារធនធានធម្មជាតិ និងប្រព័ន្ធបរិស្ថានអេកូឡូស៊ីដ៏មានសារៈសំខាន់នៅតំបន់នេះពីការគំរាមកំហែងនៃបម្រែបម្រួលអាកាសធាតុ។
ជាផ្នែកមួយនៃការខិតខំនេះ យើងកំពុងខិតខំឈានទៅសម្រេចគោលដៅរួមរបស់យើងក្នុងការបន្ថយឱ្យដល់កម្រិតសូន្យ នូវការបញ្ចេញឧស្ម័នពុល នៅត្រឹមឆ្នាំ ២០៥០។ សហរដ្ឋអាមេរិកថែមទាំងជួយដល់កម្មវិធីនានា ដូចជាគំនិតផ្តួចផ្តើមស្តីពីទិន្នន័យទឹកទន្លេមេគង្គ ដែលផ្តល់ទិន្នន័យទាន់ពេល និងច្បាស់លាស់ ស្តីពីលំហូរនៃទឹកទន្លេមេគង្គដល់សាធារណជន។
ជាមួយនឹងដៃគូ ដែលមានទស្សនៈដូចគ្នាដូចជាគណៈកម្មការទន្លេមេគង្គ សហរដ្ឋអាមេរិកចែករំលែកបច្ចេកវិទ្យាថ្មីៗដល់ប្រទេសនៅតំបន់ទន្លេមេគង្គ ដើម្បីលើកកម្ពស់ការព្យាករស្តីពីទឹកជំនន់ និងភាពរាំងស្ងួត។
កំណើនសេដ្ឋកិច្ច និងការតភ្ជាប់គ្នានៃថាមពល ហើយនិងលទ្ធភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទានអភិវឌ្ឍន៍មានសារៈសំខាន់ណាស់សម្រាប់ប្រទេសនៅក្នុងតំបន់ទន្លេមេគង្គ ដើម្បីធ្វើការស្តារឡើងវិញពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃមេរោគរាតត្បាតទៅលើសហគមន៍ និងជីវភាពរស់នៅ។
តាមរយៈគំនិតផ្តួចផ្តើមថ្មីរវាងវិស័យឯកជន និងវិស័យសាធារណៈ យើងកំពុងរួមគ្នារៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធល្អ និងមាននិរន្តរភាព ជាពិសេសគម្រោងផ្នែកថាមពលស្អាត។
តាមរយៈ MUSP យើងកំពុងតែផ្តល់អាទិភាពដល់ការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន សត្វព្រៃ ឈើ និងការជួញដូរមនុស្ស។ សហរដ្ឋអាមេរិក និងដៃគូនៅតំបន់ទន្លេមេគង្គមានចក្ខុវិស័យរួមក្នុងការពង្រឹងធនធានមនុស្សរបស់តំបន់នេះ ពិសេសការចូលរួមរបស់យុវជន និងការផ្តល់លទ្ធភាពនិងអំណាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។
ដើម្បីសម្រេចបំណងនេះ កម្មវិធីផ្លាស់ប្តូរផ្នែកការសិក្សាអប់រំ និងវប្បធម៌ ដូចជាគម្រោងគំនិតផ្តួចផ្តើមភាពជាអ្នកដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) ដែលមានសមាជិកចំនួន ១៥០ ០០០ នាក់ នៅក្នុងបណ្តាញរបស់ខ្លួននៅទូទាំងតំបន់ទន្លេមេគង្គ និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ជំរុញការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងទំនាក់ទំនងស៊ីជម្រៅរបស់យើងរវាងប្រជាជន និងប្រជាជន។ ប្រជាជនអាមេរិកចំនួនជាង ៣,៥ លាននាក់ដែលរួមមានប្រជាជនអាមេរិកមានដើមកំណើតខ្មែរចំនួន ៣០០ ០០០ នាក់ផងមានដើមកំណើតចេញពីតំបន់ទន្លេមេគង្គ។
ចំណងទាក់ទងរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គមានភាពរឹងមាំ ហើយកំពុងរីកចម្រើន។ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំជាងគេបំផុត សម្រាប់តំបន់នេះដែលក្នុងនោះ មានប្រទេសកម្ពុជាផងដែរ។
ទំនិញនាំចេញរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិកមានជិត ៧ ពាន់លានដុល្លារ នៅឆ្នាំ ២០២០ ដែលត្រូវជាជាង ១ ភាគ ៣ នៃទំនិញនាំចេញរបស់កម្ពុជាទាំងអស់ ហើយទ្រទ្រង់ការងារសម្រាប់មនុស្សរាប់លាននាក់។ ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសនៅតំបន់ទន្លេមេគង្គទាំងមូលមានជាង ១១៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២០។
ក្រុមហ៊ុនសហរដ្ឋអាមេរិកចំនួនជាង ១ ០០០ រកស៊ីនៅតំបន់ទន្លេមេគង្គ ដោយនាំមកនូវការវិនិយោគដែលមានគុណភាពខ្ពស់ហើយជួយជំរុញកំណើនសេដ្ឋកិច្ច និងសហគ្រិនភាព។
សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តចំពោះតំបន់ទន្លេមេគង្គដែលផ្នែកសំខាន់ចាំបាច់មួយរបស់អាស៊ាន។
យើងស្វាគមន៍ការខិតខំរបស់ប្រទេសវៀតណាម ក្នុងការលើកកម្ពស់មុខមាត់នៃតំបន់ទន្លេមេគង្គក្នុងពេលដែលខ្លួនធ្វើជាប្រធានអាស៊ាន នៅឆ្នាំ ២០២០។ យើងរីករាយនឹងធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីសម្រេចគោលដៅដូចគ្នានេះ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ ២០២២។
អ្វីដែលកើតឡើងនៅតំបន់ទន្លេមេគង្គគឺជារឿងសម្រាប់អាស៊ាន និងសម្រាប់ដៃគូអាស៊ាន ដែលរួមមានសហរដ្ឋអាមេរិកផងដែរ។
កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិកគឺជាភ័ស្តុតាងវិជ្ជមាននៃទស្សនៈរួមរបស់យើង ថា យើងអាចដោះស្រាយបញ្ហាប្រឈមជាសកលនៅពេលនេះបាន តែតាមរយៈការធ្វើការជាមួយគ្នាតែប៉ុណ្ណោះ។
ប្រទេសនៅតំបន់ទន្លេមេគង្គអាចរំពឹងលើសហរដ្ឋអាមេរិកបានថា ជាដៃគូរឹងមាំ និងអាចទុកចិត្តបាន សម្រាប់ពេលនេះ និងសម្រាប់រយៈពេលយូរអង្វែងទៅមុខ៕
លោក W. Patrick Murphy (ដាប់ប៊លយូ ភែទ្រីក ម៉ឺហ្វី) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា