សឹងតែ​មិន​ជឿ នៅពេល​ដែល​គេ​និយាយថា ផ្កា និង​ត្រួយ​ស្តៅ ក៏ត្រូវ​បាន​គេ​បាញ់ថ្នាំ​ឱ្យ​ដុះ​លឿន​ដែរ នៅពេល​ដែល​ស្តៅ​ចាប់ផ្តើម​ចេញ​ត្រួយ​ និង​ផ្កា​បន្តិចៗ ដើមដៃ​ហ្នឹង គឺ​លក់បាន​ថ្លៃ​ដល់​ទៅ​​ ៥ ​ពាន់ ទៅ​ ១ ​ម៉ឺន​រៀល​ក្នុង​ស្តៅ​ ១ ​ដុំ ហើយ​មាន​អ្នក​ចង់​ហូប​ច្រើន​គ្នា​ដំបូងៗ​ហ្នឹង​។ តែ​នៅពេលដែល​ដល់​ខែ​សម្បូរ​ហូរហៀរ​ទៅ គេ​លែង​បាញ់ថ្នាំ​វិញ​ហើយ ព្រោះ​អ្នក​ហូប​នឿយណាយ​វា​សម្បូរ តម្លៃ​ក៏​ចុះថោក​ផងដែរ​។

ខណៈ​ដែល​មាន​ការបិទ​ច្រកព្រំដែន​កម្ពុជា-វៀតណាម ព្រោះ​ខ្លាច​ឆ្លង​កូវីដ​ ១៩ ដែល​ក៏​ជា​ការបិទ​ការ​នាំចូល​បន្លែ​ពី​ប្រទេស​វៀតណាម​ផងដែរ​នោះ តម្រូវការ​បន្លែ​ក្នុងស្រុក​កាន់តែខ្លាំង​បង្ខំ​ឱ្យ​កសិករ​បញ្ចេញ​ផលិតផល​បន្លែ​របស់ខ្លួន​មក​ក្នុង​ទីផ្សារ​គឺមាន​តែ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត និង​ដាក់​ជីគីមី ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ដែលជា​តម្រូវការ​ចាំបាច់​។

ពួកគាត់​មួយចំនួន​កំពុង​តែមាន​ហានិភ័យ​កាន់តែ​ខ្ពស់​ក្នុង​ការទទួលរង​ផលប៉ះពាល់​ពី​ការប្រើប្រាស់​សារធាតុ​គីមី​កសិកម្ម​ ជាពិសេស​អ្នក​ដែល​ស៊ីឈ្នួល​បាញ់ថ្នាំ​សម្លាប់​ស្មៅ​ក្នុង​ស្រែ ឬក៏​ចម្ការ បាញ់ថ្នាំ​ឱ្យ​ឆាប់​ធំ ហើយ​ស្រស់ៗ​ល្អ​។

នៅ​ឆ្នាំ​ ២០១៥ នាយកដ្ឋាន​ការពារ​ដំណាំ​អនាម័យ និង​ភូតគាម​អនាម័យ​នៃ​ក្រសួងកសិកម្ម បាន​សិក្សា​ទៅលើ​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត រកឃើញថា​មាន ៦៧ ​ភាគរយ ប្រជាកសិករ​បាន​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​យ៉ាងហោចណាស់​ម្តង​ក្នុង​ ១ ​ឆ្នាំ​។

រីឯ​ផលប៉ះពាល់​ពី​ការប្រើ​សារធាតុគីមី​ក្នុង​វិស័យ​កសិកម្ម​មាន​ ២ ​ចម្បង​គឺ​សុខភាព​មនុស្ស និង​បរិស្ថាន តាមរយៈ​របាយការណ៍​ឆ្នាំ​ ២០០៤ របស់​ក្រសួងបរិស្ថាន​ស្តីពី​ការគ្រប់គ្រង​សារធាតុ​គីមី​នៅ​ប្រទេស​កម្ពុជា បាន​រកឃើញថា ប្រជាកសិករ​ និង​អ្នកស៊ីឈ្នួល​បាញ់ថ្នាំ​រង​ផលប៉ះពាល់​ទៅនឹង​ប្រព័ន្ធ​សុខភាព​ចុះខ្សោយ ជំងឺ​សើ​ស្បែក ជំងឺ​ក្អក និង​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ​។

ជាក់ស្តែង បើតាម​បទពិសោធ​កសិករ​ធ្លាប់​ជួបប្រទះ​នូវ​ការប្រើប្រាស់​ថ្នាំ​ និង​ជីគីមី​ច្រើន ជាពិសេស​អ្នក​ប្រកបរបរ​ស៊ីឈ្នួល​ដើរ​បាញ់ថ្នាំ​ឱ្យគេ​នៅតាម​ស្រែ​ និង​តាម​ចម្ការ​បន្លែ​ដើម្បី​កុំឱ្យ​សត្វល្អិត​ស៊ី​ផង និង​ប្រមូលផល​បាន​រហ័ស​ទាន់​ចិត្ត តែ​អ្នក​បាញ់ថ្នាំ​គីមី​ខ្លះ ធ្លាប់​ធ្លាក់ខ្លួន​ឈឺ​ផងដែរ​។

ដូចដែល​កសិករ​ ១ ​រូប​អាយុ​ ៥០ ​ឆ្នាំ​បាន​រៀបរាប់​ពីអ្វី​ដែល​គាត់​ធ្លាប់​ជួបប្រទះ​នៅ​ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​ពី​ការងារ​កសិករ​របស់​គាត់​ថា​៖

«​គាត់​ក៏​កំពុង​ប្រើ​ជីគីមី និង​ថ្នាំ​ដែរ ដើម្បីឱ្យ​ស្រូវ​វា​លូតលាស់​ដាក់​គ្រាប់​ល្អ​។ តែ​សារ​ធាតុគីមី​ទាំងនេះ​មាន​ក្លិន​ឆួល​ខ្លាំង​ពិបាក​ទ្រាំ បើទោះបីជា​ប្រើ​ស្រោមដៃ និង​ពាក់​ម៉ាស់​ក៏ដោយ គឺ​នៅពេល​ដោះ​ម៉ាស់​ចេញ​ហូប​អី​មិន​ចង់​កើត​ទេ ក្លិន​ឆួល​ជាប់​ច្រមុះ ហើយ​ឃុំ​ស្វាយធំ ឃុំ​ឈើទាល ដែល​នៅក្បែរ​ហ្នឹង​ក៏​ប្រើប្រាស់​ថ្នាំ​បាញ់សម្លាប់​សត្វល្អិត​ខ្លាំង​ណាស់ដែរ​»​។

លោក​បន្តទៀតថា​៖ «​កាលពីមុន​នៅពេល​រដូវវស្សា​ភ្លៀង​ធា្លក់​មក​ទឹក​ដក់​តាម​ថ្លុក ទឹក​ថា្ល​អាច​ហូប​បាន ឥឡូវ​ទឹក​ដក់​ក្រហម ចេញពី​សារជាតិ​គីមីកសិកម្ម​មិន​ហ៊ាន​ហូប​ទេ ហើយ​រស់ជាតិ​អង្ករ​មិន​ក្រអូប​ឈ្ងុយ​ដូច​មុន​ទេ​»​។

ជាងនេះទៅទៀត លោក​ព្រួយបារម្ភ​ខ្លាំង​ទៅលើ​ផលប៉ះពាល់​ទៅនឹង​សុខភាព​ថា​៖ «​កន្លងមក​នៅក្នុង​ភូមិ​មាន​បងស្រី​ម្នាក់ អាយុ​ជិត​ ៥០ ​ឆ្នាំ គាត់​ប្រើ​ជីគីមី​ខ្លាំង​នៅលើ​បន្លែ​គាត់​ដាំ ដើម្បី​ឱ្យ​ឆាប់​ដុះ​លឿន ហើយ​ឃើញ​នៅ​ខ្ចី​ល្អ​ទាំង​ពណ៌​សម្បុរ​ផងដែរ ស្រួល​យកទៅលក់​ឃើញ​ស្រស់​»​។

តែ​នៅពេល​ដែល​គាត់​ធ្លាក់ខ្លួន​ឈឺ​រ៉ាំរ៉ៃ​ពេល​ពេទ្យ​ខេត្ត​មើល​មិនជា ក៏​បញ្ជូនទៅ​ពេទ្យ​នៅ​ភ្នំពេញ ហើយ​ក៏​បានជា​សះស្បើយ តែមាន​ជាតិពុល​នៅក្នុង​ខ្លួន​ច្រើន ឥឡូវ​គាត់​ឈប់​ប្រើ​ហើយ គាត់​ព្យាយាម​ចំណាយពេល​ប្រើ​ជីធម្មជាតិ​វិញ​។ ពេល​នៅ​ក្មេងៗ​មាន​កម្លាំង​ដើរ​ស៊ីឈ្នួល​បាញ់ថ្នាំ​ឱ្យគេ មិនទាន់​បញ្ហា​ទេ តែ​គ្រាន់តែ​អាយុ​ជាង​ ៣០ ​ឡើង គឺ​ចាប់ផ្តើម​ធ្លាក់ខ្លួន​ឈឺ​ហើយ​»​។

ជា​ផលវិបាក​នៅពេល​កសិករ​ធ្លាក់ខ្លួន​ឈឺ​នៅពេល​ប្រើប្រាស់​សារជាតិ​គីមី​ច្រើន ហើយ​វា​ក៏​អាចធ្វើឱ្យ​ស៊ាំ​ទៅនឹង​មេរោគ​មួយចំនួន​ដាក់​ថ្នាំពេទ្យ​ទៅ​មិនជា​សះស្បើយ បង្កឱ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ​នៅក្នុង​ខ្លួន​។ ជា​មធ្យម​មនុស្ស​ប្រហែល ២០ ​ម៉ឺន​នាក់​បាន​ស្លាប់​ ដោយសារ​ការប៉ះពាល់​ជាតិពុល​នៃ​ថ្នាំ​សម្លាប់សត្វ​ល្អិត​ក្នុង​ ១ ​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក​ហើយ​ ៩៩ ​ភាគរយ​នៃ​ពួកគេ រស់នៅ​ប្រទេស​កំពុងអភិវឌ្ឍន៍ (UN, 2017)​។

ឧទាហរណ៍​នៅ​ប្រទេស​វៀតណាម ការពុល​ធ្ងន់ធ្ងរ ដោយសារ​ការប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ទៅនឹង​ថ្នាំ​សម្លាប់​សត្វល្អិត​ការពុល​ថ្នាំ​សម្លាប់​សត្វល្អិត ទៅជា​ជំងឺ​រ៉ាំរ៉ៃ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា បាន​ប៉ះពាល់​ដល់​កសិករ​វៀតណាម​ ២ ​លាន​នាក់​ (PAN Asia Pacific, 2018)​។

បើតាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ​ ២០១៩ បង្ហាញថា ក្នុង​ឆ្នាំ ២០១៨ ជំងឺមិនឆ្លង​រ៉ាំរ៉ៃ​មាន​ចំនួន ៦៤ ​ភាគរយ​នៃ​ការស្លាប់​ទាំងអស់​នៅ​កម្ពុជា (១)​។ ប្រជាជន​កម្ពុជា​ម្នាក់​ក្នុងចំណោម​ប្រជាជន​ ៤ ​នាក់ (២៣%) បាន​ស្លាប់​មុន​អាយុ ៧០ ឆ្នាំ​ដោយ​ជំងឺ​រ៉ាំរ៉ៃ​នេះ​។

សរុបមក​ការប្រើ​ជីគីមី និង​​ថ្នាំ​សម្លាប់​សត្វល្អិត​ហួសហេតុ​ពេក មិន​ត្រឹមតែ​ធ្វើឱ្យប៉ះពាល់​បរិស្ថាន​ដីស្រែ​ចម្ការ​នោះទេ គឺ​ថែមទាំង​ប៉ះពាល់​សុខភាព​ទាំង​អ្នកប្រើប្រាស់​សារជាតិ​គីមី​ផ្ទាល់​ផង និង​អ្នក​ទទួលទាន​បន្លែបង្ការ​ពី​ផលិតផល​កសិកម្ម​ផងដែរ​ ជាពិសេស​អ្នកទទួល​លក់​បន្ត​ហ្នឹង បាន​ថែម​សារជាតិ​គីមី​លើ​បន្លែ​ឱ្យនៅ​ស្រស់ៗ​មួយ​សា​ទៀត​ទៅ ដូចជា​គល់​ស្លឹកគ្រៃ និង​ខ្ញី​ហាន់​រួចហើយ​ជាដើម​។

ហេតុដូច្នេះ​សមត្ថកិច្ច​បច្ចេកទេស​កសិកម្ម សហការ​ជាមួយ​អាជ្ញាធរ​ដែនដី គួរ​ពង្រឹង​បញ្ហា ប្រើប្រាស់​សារធាតុ​គីមី​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​កម្រិត និង​កាលកំណត់​ដែល​សារធាតុគីមី​ឥឡូវ​តម្រូវឱ្យមាន​អក្សរ​ខ្មែរ​នៅលើ​ស្លាក​ដប ឬ​ក៏​កញ្ចប់​ក្នុង​ការប្រើប្រាស់​នីមួយៗ ជាមួយ​នឹង​កាលបរិច្ឆេទ ដោយ​ផ្អែក​ទៅតាម​ច្បាប់​ការគ្រប់គ្រង​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​តម្រូវឱ្យមាន​ជា​ភាសា​ខ្មែរ​ថ្មីៗ​នេះ​។

ភ្នំពេញ​ប៉ុស្តិ៍​បាន​ដកស្រង់​ប្រសាសន៍​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញ​តួនាទី​សំខាន់​របស់​មន្ទីរពិសោធន៍​ថ្មី​របស់​ក្រសួង ដែល​បាន​ចូលរួម​ចំណែក​វិនិច្ឆ័យ បញ្ជាក់ ឬ​ផ្ទៀងផ្ទាត់​ចុងក្រោយ​ថា​ផលិតផល​ដូចជា​បន្លែ​ផ្លែឈើ ត្រី សាច់​ស្រស់ ឬ​ជា​លក្ខណ:​កែច្នៃ​បឋម មាន​គុណភាព​ល្អ និង​សុវត្ថិភាព​។

យ៉ាងណាមិញ ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ក៏​ចូលរួម​ផ្សាយ​ពី​ការកំណត់​នៃ​ការប្រើប្រាស់​សារធាតុ​គីមី​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​កំណត់ ជាពិសេស​អប់រំ​អ្នកលក់​ជី និង​ថ្នាំ​ត្រូវ​ណែនាំ​ពី​របៀប​ប្រើ​ឱ្យបាន​ច្បាស់​។ ជាពិសេស​ជំរុញ​អ្នកស្រាវជ្រាវ​បន្ថែម​ទៅលើ​ចំនួន​ជាក់លាក់ ចំពោះ​ផលប៉ះពាល់​ពី​ការប្រើប្រាស់​សារធាតុ​គីមី​ក្នុង​វិស័យ​កសិកម្ម​នេះ​។

រីឯ​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត​គួរ​ពង្រឹង​បន្ថែម ក្នុងការ​​ចុះ​ផ្សព្វផ្សាយ​តាម​សហគមន៍​អំពី​ជំងឺ​រ៉ាំរ៉ៃ​ដែល​បណ្តាលមកពី​ការប្រើប្រាស់​ជីគីមី​ និង​ថ្នាំ​កសិកម្ម ទាំង​អ្នកលក់​និង​អ្នកទទួលផល​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com