(​អត្ថបទ​វិចារណកថា​សម្រាប់​អបអរសាទរ​ទិវា​អង្គការ​សហប្រជាជាតិ​ឆ្នាំ ២០២១)

ទិវា​អង្គការ​សហប្រជាជាតិ​ជា​ឱកាស​ ដើម្បី​អបអរសាទរ​អ្វីដែល​អង្គការ​សហប្រជាជាតិ​លើក​ជ្រោង​នោះ​គឺ​សន្តិភាព​យុត្តិធម៌ ការគោរព​សិទ្ធិមនុស្ស​ការអធ្យាស្រ័យ​ឱ្យ​គ្នា និង​សាមគ្គីភាព​។ ​អង្គការ​សហប្រជាជាតិ​បាន​វិវឌ្ឍ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដើម្បី​ដើរ​តាម​ឱ្យទាន់​ចរន្ត​ផ្លាស់ប្តូរ​ដ៏ឆាប់រហ័ស​របស់​ពិភពលោក​។

ប៉ុន្តែ​រឿង​មួយ​ដែល​នៅតែ​ដដែល​នោះ​គឺ​អង្គការ​សហប្រជាជាតិ​នៅតែ​ជា​កន្លែង​មួយ​លើ​ផែនដី​ដែល​ប្រជាជាតិ​ទាំងអស់​ក្នុង​ពិភពលោក​អាច​មក​ប្រមូល​ផ្ដុំគ្នា​ពិភាក្សា​អំពី​បញ្ហា​រួម និង​ស្វែងរក​ដំណោះស្រាយ​រួម​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​គ្រប់​មនុស្សជាតិ​ទាំងអស់​។

នេះ​ជា​ឆ្នាំ​ទី​ ២ ​ជាប់​គ្នា​ដែល​យើង​ប្រារព្ធ​ខួប​អង្គការ​សហប្រជាជាតិ​ ក្នុងពេល​ដែល​ការរាតត្បាត​ជា​សកល​នៅ​កំពុង​បន្ត​កើតមានឡើង​។ ជំងឺ​កូវីដ​ ១៩ បាន​ផ្ដាច់​យក​ជីវិត​មនុស្ស​ជាង ៤ ​លាន​នាក់​។ ​ភាពក្រីក្រ​គ្រោះ​អត់ឃ្លាន និង​វិសមភាព​យេនឌ័រ មាន​ការកើនឡើង​ជាថ្មី​ម្ដងទៀត​ បន្ទាប់ពី​ថយចុះ​រាប់​ទសវត្សរ៍​កន្លងមក​នេះ​។ បញ្ហា​នានា ដូចជា​ការអាក់ខាន​សិក្សា​រៀនសូត្រ និង​បញ្ហា​សុខភាព​ផ្លូវចិត្ត​បាន​បង្ក​ផលប៉ះពាល់​ដល់​មនុស្ស​​រាប់លាន​នាក់​។ ស្ថានភាព​អាសន្ន​ផ្នែក​អាកាសធាតុ​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ជីវិត​មនុស្ស និង​ភពផែនដី​របស់​យើង​។

ប៉ុន្តែ​វិបត្តិ​បែបនេះ​ក៏​នាំមក​នូវ​អ្វីដែល​ល្អ​បំផុត​ផងដែរ និង​បង្ហាញ​ពីអ្វី​ដែល​យើង​អាច​សម្រេច​បាន នៅពេល​ដែល​យើង​ធ្វើការ​រួមគ្នា​។ នៅ​ប្រទេស​កម្ពុជា​អង្គការ​សហប្រជាជាតិ​បាន​កៀរគរ​ធនធាន​គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​ដៃគូ​ជាមួយ​នឹង​អាទិភាព​រួម​ដ៏ជាក់​ច្បាស់​នោះ​គឺ​ការជួយ​សង្គ្រោះ​ជីវិត និង​បញ្ឈប់​ការឆ្លង​ជំងឺ កាត់បន្ថយ​ផលប៉ះពាល់​សង្គម​សេដ្ឋកិច្ច និង​ស្ដារឡើងវិញ​ឱ្យ​កាន់តែ​ប្រសើរ​ដោយ​ចាត់ទុក​សិទ្ធិមនុស្ស​ជាគោលការណ៍​ស្នូល​នៃ​វិធាន​ការឆ្លើយតប​ចំពោះ​ជំងឺ​រាតត្បាត​ជា​សកល​នេះ​។

កាលពី​ឆ្នាំមុន​ក្នុង​ឱកាស​ខួប​ទី​ ៧៥ របស់​អង្គការ​សហប្រជាជាតិ​យើង​បាន​សួរ​សំណួរ​ទៅ​អ្នក​ទាំងអស់​គ្នា ដែលជា​អ្នកដឹកនាំ​សង្គម​ស៊ីវិល​កុមារ និង​យុវជន​នៅ​កម្ពុជា​អំពី​អនាគត​ដែល​អ្នក​ចង់បាន​។ ​មាន​មនុស្ស​ជាង ២ ០០០ ​នាក់​បាន​ចូលរួម​នៅ​ក្នុង​ការស្ទាបស្ទង់​មតិ​នេះ​។

យើង​ក៏បាន​ស្ដាប់ និង​និយាយ​ទៅកាន់​ពលរដ្ឋ​កម្ពុជា​ជាច្រើន​រយ​នាក់​ក្នុង​ការសន្ទនា​របស់​យើង​ជាមួយ​នឹង​សហគមន៍​។ លទ្ធផល​នៃ​ការស្ដាប់​មតិ​តួអង្គ​ពាក់ព័ន្ធ​ពេញ​ ១ ​ឆ្នាំ និង​ការពិគ្រោះ​យោបល់​ជាមួយ​មនុស្ស​ជាង ១,៥ ​លាន​នាក់​ក្នុងប្រទេស​ចំនួន​ ១៩៣ គឺ​ផែនការ​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត​ដែល​ឱ្យ​ឈ្មោះថា របៀបវារៈ​រួម​របស់​យើង​។

សុខុមាលភាព​របស់​មនុស្ស​ជាតិ​ហើយ​ជា​ការពិត​គឺ​អនាគត​របស់​មនុស្សជាតិ​ពឹង​អាស្រ័យ​លើ​សាមគ្គីភាព និង​ការធ្វើការ​រួម​គ្នា​ជា​ធ្លុង​មួយ​ក្នុងនាម​ជា​គ្រួសារ​ពិភពលោក​ ដើម្បី​សម្រេច​គោលដៅ​រួម​។ ដើម្បី​មនុស្ស ដើម្បី​ផែនដី ដើម្បី​វិបុលភាព​ និង​ដើម្បី​សន្តិភាព​។ ដូច្នេះហើយ​បាន​ជា​លើស​អ្វី​ទាំងអស់ របៀបវារៈ​រួម​របស់​យើង​គឺជា​ផែនការ​សកម្មភាព​ ដើម្បី​ពន្លឿន​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​មិន​ទុក​នរណាម្នាក់​ចោល​។

ពេលនេះ គឺជា​ពេល​ដែល​ត្រូវ​បន្ត​កិច្ចសន្យា​សង្គម​ជាថ្មី​ ដើម្បី​កសាងឡើង​វិញ​នូវ​ការជឿទុកចិត្ត​គ្នា និង​ច្បាម​យក​ចក្ខុវិស័យ​មួយ​ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ស្តីពី​សិទ្ធិមនុស្ស​។ នេះ​ត្រូវ​បញ្ចូល​ការចូលរួម​ឱ្យបាន​សកម្ម និង​ប្រកបដោយ​សមភាព​របស់​ស្ត្រី និង​ក្មេងស្រី ដែល​ប្រសិនបើ​មិនមាន​អ្នក​ទាំងនេះ​គេ​ពុំ​អាច​មាន​កិច្ចសន្យា​សង្គម​មួយ​ដែល​ប្រកបដោយ​អត្ថន័យ​នោះឡើយ​។ អង្គការសហប្រជាជាតិ​នៅ​ប្រទេស​កម្ពុជា​បាននិង​កំពុង​ជួយ​ដល់​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ដើម្បី​ធានា​យ៉ាងណា​ឱ្យ​កម្មករនិយោជិត​ដែល​ងាយ​រងគ្រោះ​ជាងគេ​ព្រមទាំង​គ្រួសារ​របស់​ពួកគេ​ត្រូវបាន​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​គាំពារ​សង្គម​មួយ​ដែលមាន​លក្ខណៈ​ទូលំទូលាយ​។

យើង​ក៏​កំពុង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ពង្រីក​ជំនួយ​សង្គម កុមារ​ក្រីក្រ និង​ងាយ​រងគ្រោះ ចាស់ជរា និង​ជន​មាន​ពិការភាព​ផងដែរ​។ ការកសាង និង​ «​ការអនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ក្នុង​អំឡុងពេល​ដែលមាន​ស្ថានភាព​អាសន្ន​» ​ដែលជា​កម្មវិធី​ថ្មី​បាន​ជួយ​ឱ្យ​មនុស្ស​ជាច្រើន ដូចជា​ យ៉ុម ម៉ាឡៃ ដែលជា​ម្ដាយ​វ័យ ៤២ ​ឆ្នាំ​មានកូន​ ៤ ​នាក់ ពុំមាន​ប្ដី​នៅ​ជាមួយ​រស់នៅក្នុង​ខេត្ត​បាត់ដំបង អាចជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់គាត់​ខ្លួនឯង និង​គ្រួសារ​របស់គាត់ តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​។

ពេលនេះ​គឺជា​ពេលដែល​ត្រូវ​សម្រួច​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​អនាគត តាមរយៈ​ការពង្រឹង​សាមគ្គីភាព​ជាមួយ​នឹង​យុវជន និង​មនុស្ស​ជំនាន់​ក្រោយ​របស់​ពិភពលោក​។ កុមារ និង​យុវជន​ដែល​ត្រូវការ​ចក្ខុវិស័យ​នៃ​ក្ដីសង្ឃឹម​សម្រាប់​អនាគត ពួកគេ​ចាំបាច់​ត្រូវ​មាន​ឱកាស​ចូលរួម​សម្រួច​អនាគត​ដែល​យើង​ចង់បាន ដូចជា តាមរយៈ​ភាព​ជា​តំណាង​នៅ​កម្រិត​នយោបាយ​កាន់តែ​ប្រសើរ និង​តាមរយៈ​ការផ្លាស់ប្ដូរ​ការអប់រំ ការបណ្ដុះបណ្ដាល​ជំនាញ និង​ការរៀនសូត្រ​ពេញ ១ ​ជីវិត​ជាដើម​។

ការបន្ត​ផ្ដល់​សេវា​អប់រំ​ប្រកប​ដោយ​បរិយាប័ន្ន និង​មាន​គុណភាព​ខ្ពស់​ដល់​កុមារ​នៅ​ប្រទេស​កម្ពុជា​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជា​សកល​គឺជា​អាទិភាព​មួយ​សម្រាប់​អង្គការ​សហប្រជាជាតិ​។

លើសពីនេះ យើង​បាន​ជួយផ្ដល់​ការគាំទ្រ​ដល់​យុវជន ដូចជា ភាន សាលីន មកពី​ខេត្តសៀមរាប​ជាដើម​ឱ្យ​បំពេញ​តួនាទី​សកម្ម​ក្នុង​ក្របខ័ណ្ឌ​អាជ្ញាធរ​មូលដ្ឋាន​។ បើតាម​ការពន្យល់​របស់ សាលីន «​ក្នុង​នាម​ជា​អ្នកដឹកនាំ​នាពេល​អនាគត យុវជន​គួរ​ចូលរួម​នៅក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន ដើម្បី​ផ្ដល់​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា​»​។

ពេលនេះ គឺជា​ពេលដែល​ត្រូវអនុវត្ត​វិធានការ​ជាតិ​បន្ទាន់​ ដើម្បី​ការពារ និង​សម្រេច​គោលដៅ​រួម​របស់​សកលលោក​។ ចូលរួម​ប្ដេជ្ញា​សម្រេច​គោលដៅ ១,៥ ​អង្សាសេ និង​ការបញ្ចេញ​ឧស្ម័ន​កម្រិត​សូន្យ​ត្រឹម​ឆ្នាំ​ ២០៥០ ឬ​ឱ្យបាន​ឆាប់រហ័ស​ជាង​នេះ​។ សិទ្ធិ​ទទួលបាន​បរិស្ថាន​ដែល​ល្អប្រសើរ ឧទាហរណ៍ តាមរយៈ​ការផ្លាស់ប្ដូរ​ប្រព័ន្ធ​ស្បៀង​។ នៅមុន​កិច្ចប្រជុំ​កំពូល​ស្ដីពី​ប្រព័ន្ធ​ស្បៀង​របស់​អង្គការសហប្រជាជាតិ​លើក​ទី​ ១ ដែល​ពុំ​ធ្លាប់មាន ដោយ​ប្រមូលផ្ដុំ​មេដឹកនាំ​ពិភពលោក​នៅ​ទីក្រុង​ញូវយ៉ក​អង្គការ​សហប្រជាជាតិ​បាន​គាំទ្រ​ដល់​កិច្ចសន្ទនា​ស្ដីពី​ប្រព័ន្ធ​ស្បៀង​ក្នុងប្រទេស​កម្ពុជា​។

កិច្ចសន្ទនា​ទាំងនេះ​បាន​ត្រួសត្រាយ​ផ្លូវ​ដល់​ការរៀបចំ​ផែនទី​បង្ហាញផ្លូវ​ស្ដីពី​ប្រព័ន្ធ​ស្បៀង​សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព​របស់​កម្ពុជា​។ ផែនទី​បង្ហាញផ្លូវ​នេះ «​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការឆ្លើយតប​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស និង​តម្រូវការ​របស់​ក្រុម​ងាយ​រងគ្រោះ​ដោយ​រាប់បញ្ចូល​ទាំង​ការផ្ដល់​ភាពអង់អាច​ដល់​ស្ត្រី និង​យុវជន​ដើម្បី​ចូលរួម​ការអភិវឌ្ឍ​ប្រព័ន្ធ​ស្បៀង​នាពេល​អនាគត​»​។

ដើម្បី​សម្រេច​របៀបវារៈ​រួម​របស់​យើង យើង​ត្រូវការ​ប្រព័ន្ធ​ពហុភាគី​និយម​ដែល​មានការ​ចងក្រង​បណ្ដាញ ប្រកប​ដោយ​បរិយាប័ន្ន និង​មាន​ប្រសិទ្ធភាព​ជាង​មុន​។ ពុំមាន​សហគមន៍​ណា​ ឬ​ប្រទេស​ណាមួយ​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​របស់ខ្លួន​តែ​ឯកឯង​នោះឡើយ​។

ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ដល់​ការប្ដេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការទទួល​យក​ប្រព័ន្ធ​ពហុភាគី​និយម​ដែល​ផ្ដោត​លើ​សកម្មភាព​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ ២០២២​។ តាមរយៈ​ការធ្វើការ​រួមគ្នា​នោះ​នឹង​ពុំមាន​ដែន​កំណត់​ចំពោះ​អ្វីដែល​យើង​អាច​សម្រេចបាន​នោះឡើយ​។ គ្រួសារ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​នឹង​បន្ត​ពួតដៃ​ជាមួយ​ពលរដ្ឋ​កម្ពុជា​ ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​ពួកគេ សម្រាប់​អនាគត​រួមគ្នា​​របស់​មនុស្ស​ជំនាន់​នេះ​ និង​ជំនាន់​ក្រោយ​។

សម្រាប់​អនាគត​ដែល​មនុស្ស​កាន់តែ​មាន​សុខភាព​មាំមួន កាន់តែ​មាន​ភាពបៃតង និង​កាន់តែ​មាន​សុខសន្តិភាព ព្រមទាំង​ការបំពេញ​តម្រូវការ​សិទ្ធិមនុស្ស​សម្រាប់​ទាំងអស់​គ្នា​៕

លោកស្រី Pauline Tamesis គឺជា​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​។ អត្ថបទ​វិចារណកថា​នេះ គឺ​ផ្អែក​តាម​សង្ខេប​របាយការណ៍​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែលមាន​ចំណងជើង​ថា

របៀបវារៈ​រួម​របស់​យើង​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​អង្គការ សហប្រជាជាតិ​នៅ​កម្ពុជា សូម​មើល​គេហទំព័រ https://cambodia.un.org/en