The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តើ​អ្នកណា​នៅ​ពីក្រោយ​នៃ​ការគូស​បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​ទឹកដី​កម្ពុជា​លើ​ផែនទី​ដងរែក​ ១៩០៨ ​តាម​សន្ធិសញ្ញា​ឆ្នាំ​ ១៩០៤ ​និង​អនុសញ្ញា​ឆ្នាំ​ ១៩០៧?




តើ​អ្នកណា​នៅ​ពីក្រោយ​នៃ​ការគូស​បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​ទឹកដី​កម្ពុជា​លើ​ផែនទី​ដងរែក​ ១៩០៨ ​តាម​សន្ធិសញ្ញា​ឆ្នាំ​ ១៩០៤ ​និង​អនុសញ្ញា​ឆ្នាំ​ ១៩០៧?

Content image - Phnom Penh Post

តើ​អ្នកណា​នៅ​ពីក្រោយ​នៃ​ការគូស​បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​ទឹកដី​កម្ពុជា​លើ​ផែនទី​ដងរែក​ ១៩០៨ ​តាម​សន្ធិសញ្ញា​ឆ្នាំ​ ១៩០៤ ​និង​អនុសញ្ញា​ឆ្នាំ​ ១៩០៧?

ព្រលឹម​ស្រាងៗ ខ្ញុំ​ស្រវា​ក្រោកពីដំណេក ហើយ​ក្រឡេកមើល​ប្រតិទិន​ឃើញថា ថ្ងៃនេះ​គឺ​ថ្ងៃទី ​១១ ​ខែ​វិច្ឆិកា​ជា​ថ្ងៃ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ (ICJ) ប្រកាស​សាលក្រម​អំពី​សំណើ​បកស្រាយ​សាលក្រម​ថ្ងៃទី​ ១៥ ​ខែ​មិថុនា​ឆ្នាំ​ ១៩៦២ ​ពាក់ព័ន្ធ​នឹង​ប្រាសាទព្រះវិហារ (Request for interpretation of the judgement of 15 June 1962 in the case concerning the Temple of Preah Vihear)​។

ថ្ងៃ​ដដែល​នេះ​នៅ​ឆ្នាំ​ ២០១៣ ខ្ញុំ​ក៏បាន​ក្រោក​ពី​ព្រលឹម​ដែរ ក្នុង​អាកាសធាតុ​សរទរដូវ​នៃ​ទីក្រុង​ឡាអេ​ដ៏ស្ងាត់ជ្រងំ ដោយ​មាន​ភ្លៀងរលឹម​ស្រិចៗ និង​ចុះអ័ព្ទ​ផង​នៅ​ព្រឹក​នោះ ដើម្បី​អាន​ឯកសារ​បណ្តឹង និង​ត្រៀម​ចូល​ស្តាប់​ការប្រកាស​សេចក្តី​សម្រេច​របស់​ ICJ នៅពេល​រសៀល​ក្នុង​នាម​ជា​និស្សិត​ច្បាប់​ម្នាក់​ដោយ​ខ្ញុំ​ត្រូវ​ធ្វើដំណើរ​ថ្មើរជើង​ពី​សណ្ឋាគារ​មួយ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តុលាការ ICJ (The Peace Palace)​។

រហូតមកដល់​ពេលនេះ មាន​រយៈពេល ៨ ​ឆ្នាំ​ហើយ​។ ប៉ុន្តែ សាលក្រម​នេះ​នៅ​មិនទាន់​បាន​អនុវត្ត​នៅឡើយ​។ តាមច្បាប់ សាលក្រម​ដែល​ទទួលបាន​ត្រូវ​យកទៅ​អនុវត្ត​ឱ្យទាន់​ពេលវេលា សំដៅ​ធានា​បាន​នូវ​ភាពប្រាកដប្រជា​នៃ​ការបកស្រាយ​ច្បាប់ និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​។

ក្នុង​ឱកាស​ខួប​ ៨ ​ឆ្នាំនៃ​ការចេញ​សាលក្រម​ឆ្នាំ​ ២០១៣ ​នេះ​ធ្វើឱ្យ​ខ្ញុំ​នឹកភ្នក​ដល់​មនុស្ស​ម្នាក់​ដែល​សាធារណជន​ ឬ​អ្នកសិក្សា​ស្រាវជ្រាវ​ខ្លះ​មិន​ធ្លាប់​ស្គាល់​ ឬ​មិនបាន​ចាប់អារម្មណ៍​នឹង​ឈ្មោះ​គាត់​ផង​។ ​តើ​អ្នកណា​នៅ​ពីក្រោយ​នៃ​ការគូស​បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​ទឹកដី​កម្ពុជា​លើ​ផែនទី​ដងរែក​ឆ្នាំ​ ១៩០៨ ​តាម​សន្ធិសញ្ញា​ឆ្នាំ​ ១៩០៤ ​និង​អនុសញ្ញា​ឆ្នាំ​ ១៩០៧?

ពេល​នឹក​ដល់​ប្រាសាទព្រះវិហារ គេ​តែង​គិតដល់​លោកតា​ ឌី ឬ​ ពយតាឌី​។​ល​។ ហើយ​បើ​បាន​ទៅដល់​ទីនោះ​ផង ម្នាក់ៗ​ខំ​រួត​រះ​ដំណើរ​ទៅ​អុជ​ធូប​បួងសួង​ប្រាថ្នា​ឱ្យ​ឆាប់​ឡើង​បុណ្យស័ក្តិ​ ឬ​ឱ្យបាន​ឡើងឋានសួគ៌​ជាដើម​។ អ្នកខ្លះ​តម្រង់​ទៅ​ថតរូប​ផ្តិត​យក​ទេសភាព​ដ៏ល្អ​ឆើតឆាយ​នៃ​ស្រុក​ខ្មែរ ពេល​គយគន់​ពី​ចំណោត​ថ្ម​នៃ​ពយតាឌី​។

ទេសភាព​ទីនោះ​កាន់តែ​ល្អ​ស្រស់ស្អាត​ថែមទៀត​ក្នុង​អំឡុង​ខែវិច្ឆិកា​នេះ​។ ជាមួយ​នឹង​ប្រាង្គ​ប្រាសាទ​ដ៏អច្ឆរិយ និង​ទេសភាព​ដ៏ត្រកាល​នៃ​ដងភ្នំ ព្រៃព្រឹក្សា​ និង​វាលស្រែ​ដ៏ល្វឹងល្វើយ​ចម្រុះ​ពណ៌​ខៀវ​ និង​លឿង​ដេរដាស​នៃ​ស្រូវ​ទុំ ហើយ​ត្រូវ​ខ្យល់ជំនោរ​កត្តិក​ត្រជាក់ និង​មាន​អ័ព្ទរសាត់​មក​ប៉ះ​ខ្លួនប្រាណ​ម្តងៗ​ផង​ធ្វើឱ្យ​អ្នក​ទស្សនា​មាន​អារម្មណ៍​រសាត់អណ្តែត​ហាក់ដូច​កំពុង​ឡើង​ឋាន​កៃលាស​មួយ​រំពេច​។

ផ្ទុយ​ពី​ព្រឹក​ឆ្នាំ​ ២០១៣ ពេលនេះ​ខ្ញុំ​សូម​ណែនាំ​មនុស្ស​ម្នាក់​ក្នុង​សម្មតិកម្ម​របស់ខ្ញុំ ដែល​បាន​រកឃើញ​តាម​ការវិភាគ​លើ​ឯកសារ​សំណុំរឿង​ប្រាសាទព្រះវិហារ​ និង​ហេតុការណ៍​ប្រវត្តិសាស្ត្រ​។ មនុស្ស​ម្នាក់​នោះ​គឺ​លោក​អនុសេនីយ៍ឯក​ អ៊ុំ (Captain Oum)​។ ពិត​ហើយ​លោក​អនុសេនីយ៍ឯក គែលែ​ (Captain Kerler) ​ក៏មាន​ចំណែក​ផងដែរ​។ ប៉ុន្តែ​កុំឱ្យ​អត្ថបទ​នេះ​វែង​ពេក ខ្ញុំ​សូម​លើក​យកតែ​លោក​អនុសេនីយ៍ឯក អ៊ុំ​។

លោក​អនុសេនីយ៍ឯក​អ៊ុំ​គឺជា​ជនជាតិ​ខ្មែរ​ជា​មន្ត្រី​ផ្នែក​វាស់វែង​នៃ​កង​ទាហាន​អាសារ​បរទេស (de la Légion Ètrangère) ​ក្នុងសម័យ​អាណាព្យាបាល​បារាំង​។ គាត់​មិន​ជាប់​សាច់ញាតិ​នឹង​ខ្ញុំ​នោះទេ​។ តាម​សម្មតិកម្ម​របស់ខ្ញុំ គាត់​អាច​នៅ​ពីក្រោយ​ការគូស​បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​ទឹកដី​កម្ពុជា តាម​ការចុះវាស់វែង​របស់​គាត់​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ចាប់ពី​ដើមខែ​ធ្នូ​ឆ្នាំ​ ១៩០៦ ដល់​ខែមករា ឆ្នាំ​ ១៩០៧​។

Content image - Phnom Penh Post

មុននឹង​និយាយ​ដល់​ការងារ​គាត់ ខ្ញុំ​សូម​រំឭក​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​បន្តិច​។ បើទោះជា​មានការ​ចុះ​អនុសញ្ញា​បារាំង​សៀម ចុះ​ថ្ងៃទី​ ២៣ ខែមីនា ឆ្នាំ​ ១៩០៧ (​អនុសញ្ញា​ឆ្នាំ​ ១៩០៧) ​ការកំណត់​ព្រំដែន​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​ខាងកើត​នេះ ស្ថិតនៅក្រោម​សន្ធិសញ្ញា ចុះ​ថ្ងៃទី​ ១៣ ខែកុម្ភៈ​ឆ្នាំ​ ១៩០៤ (​សន្ធិសញ្ញា​ឆ្នាំ​ ១៩០៤) ក្រោម​សមត្ថកិច្ច​របស់​គណៈកម្មការ​ចម្រុះ​លើក​ទី ១ (First Mixed Commission)​។

អនុសញ្ញា​ឆ្នាំ​ ១៩០៧ ​ធ្វើការ​កំណត់​តែ​តំបន់​ដែល​មិនមាន​ចែង​ក្នុង​សន្ធិសញ្ញា​ឆ្នាំ​ ១៩០៤ ​ក្រោម​សមត្ថកិច្ច​របស់​គណៈកម្មការ​ចម្រុះ​លើក​ទី ២ (Second Mixed Commission) ​ប៉ុណ្ណោះ​។ តាម​អនុសញ្ញា​ឆ្នាំ​ ១៩០៧ កម្ពុជា​ទទួលបាន​មក​វិញ​នូវ​ខេត្តបាត់ដំបង សៀមរាប និង​ស៊ីសុផុន តែ​បាត់បង់​ទៅវិញ​នូវ​ខេត្ត​ត្រាត ខេត្ត​ដុនសៃ និង​កោះ​ខាងត្បូង​ឆក​ឡឹម​លិញ​ (Lemling) ​រួមមាន កោះ​គុត និង​កោះ​ឆាង​។

នៅក្នុង​សន្ធិសញ្ញា​ឆ្នាំ​ ១៩០៤ ​បានកំណត់​យក​គោលការណ៍​បែងចែក​ទឹក (La ligne de partage des eaux) ក្នុង​ការកំណត់​ខ្សែ​ព្រំដែន​នៅ​ជួរ​ភ្នំ​ដងរែក (​ប្រការ ១) ​និង​ផ្តល់​តួនាទី​ដល់​គណៈកម្មការ​ចម្រុះ​បារាំង-សៀម ចុះ​ធ្វើការ​វាស់វែង​លើដី​ជាក់ស្តែង (​ប្រការ ៣)​។ គណៈកម្មការ​ចម្រុះ​បារាំង-សៀម​ត្រូវបាន​បង្កើតឡើង ហើយ​រៀបចំ​កិច្ចប្រជុំ​របស់ខ្លួន​ជា​លើកដំបូង​នៅ​ខែមករា ឆ្នាំ​ ១៩០៥ ​តែ​មិនបាន​ធ្វើការ​កំណត់ព្រំដែន​ផ្នែក​ខាងកើត​នៃ​ជួរ​ភ្នំដងរែក​ដែលមាន​ប្រាសាទ​ព្រះវិហារ​ក្នុង​នោះទេ​រហូតមក​ត្រឹម​ដើមខែ​ធ្នូ ឆ្នាំ​ ១៩០៦​។

ប៉ុន្តែ​នៅក្នុង​កិច្ចប្រជុំ​ថ្ងៃទី​ ២ ខែធ្នូ ឆ្នាំ​ ១៩០៦ គណៈកម្មការ​បានប្រគល់​ភារកិច្ច​ឱ្យ​លោក​​អនុសេនីយ៍ឯក​អ៊ុំ ធ្វើការ​ចុះ​វាស់វែង​តំបន់​ខាងកើត​នៃ​ជួរ​ភ្នំ​ដងរែក​ដែល​ប្រាសាទព្រះវិហារ​ស្ថិតនៅ​។ ពេល​ទទួល​បាន​ការចាត់តាំង​នេះ​ភ្លាម លោក​អនុសេនីយ៍ឯក អ៊ុំ រួមជាមួយ​ក្រុម​ការងារ​គាត់​ក៏​ចុះ​ធ្វើ​ការងារ​នៅថ្ងៃ​បន្ទាប់ ដោយ​គ្មាន​អែអង់​។

ការចុះវាស់វែង​នៅ​តំបន់​នោះបាន​ធ្វើ​រួចរាល់​នៅ​ចុងខែ​មករា ឆ្នាំ​ ១៩០៧ ដោយ​គ្មាន​បញ្ហា​អ្វី​ទាំងអស់​។ ផែនទី​ ១១ ​ផ្ទាំង​ត្រូវបាន​បោះពុម្ព​នៅ​ឆ្នាំ​ ១៩០៨ (​មាន ៦ ​ផ្ទាំង ពាក់ព័ន្ធ​នឹង​ការកំណត់​ព្រំដែន​កម្ពុជា​-​ថៃ​) ដោយ​ក្រុមហ៊ុន H. Barrère ផ្អែកលើ​លទ្ធផល​នៃ​ការងារ​របស់​គណៈកម្មការ​ចម្រុះ​លើក​ទី​១ និង​ទី​២ ក្រោម​ការចាត់ចែង​របស់​លោក​វរសេនីយ៍ឯក Bernard រួម​ជាមួយ​ក្រុម​ការងារ​ ៣ ​នាក់​ទៀត​គឺ​លោក​អនុសេនីយ៍ឯក Tixier, Kerler ​និង de Batz សុទ្ធតែជា​សមាជិក​នៃ​គណៈកម្មការ​លើក​ទី​១​។

ក្នុង​ផែនទី​ដងរែក​ (Dangrek) ​នៃ​គណៈកម្មការ​កំណត់ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម (La Commission de délimitation entre l’Indochine et le Siam) ​ខ្នាត ១/២០០.០០០ មានឈ្មោះ​អ្នកចុះ​វាស់វែង​លើដី​ជាក់ស្តែង​គឺ​ “​អនុសេនីយ៍ឯក គែលែ នៃ​កងទ័ព​ថ្មើរជើង​អាណានិគម​” (le Capitaine KERLER, de l’InfanterieColoniale) ​និង​ “​អនុសេនីយ៍ឯក អ៊ុំ នៃ​កង​ទាហាន​អាសា​បរទេស​ ”(le Capitaine OUM, de la Légion Ètrangère”) (​សូម​មើល​ផែនទី​ភ្ជាប់​)​។ ផែនទី​នេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​ថៃ​រហូតដល់​វិវាទ​លើ​តំបន់​ប្រាសាទ​វិហារ​ផ្ទុះឡើង​ក្រោយ​ឆ្នាំ​ ១៩៥៣​។ សូមបញ្ជាក់ថា នៅ​សម័យ​នោះ​សៀម​មិន​ត្រឹមតែ​ទទួលយក​ផែនទី​នេះ​ទេ​តែ​ថែមទាំង​បាន​អរគុណ​បារាំង​ដែល​បាន​ជួយ​ចុះ​វាស់វែង និង​បោះពុម្ព​ផែនទី​ឱ្យ​ខ្លួន​ទៀតផង​។

តាម​សម្មតិកម្ម​របស់ខ្ញុំ លោក​អនុសេនីយ៍ឯក​អ៊ុំ​អាច​ជា​មនុស្ស​ដែល​នៅ​ពីក្រោយ​នៃ​ការ​គូសបញ្ចូល​តំបន់​ប្រាសាទព្រះវិហារ រួមទាំង​ប្រាសាទព្រះវិហារ​ក្នុង​ទឹកដី​កម្ពុជា​លើ​ផែនទី​ដងរែក​ឆ្នាំ​ ១៩០៨​នេះ​។ ផែនទី​នេះហើយ​ដែល​កម្ពុជា​យក​ធ្វើជា​ផែនទី​ឧបសម្ព័ន្ធ​ក្នុង​សំណុំរឿង​ប្រាសាទព្រះវិហារ​នៅ​តុលាការ ICJ ដែល​ស្គាល់​ជាទូទៅ​ថា ផែនទី​ឧបសម្ព័ន្ធ​ ១ (Annex I Map) និង​ជា​មូលដ្ឋាន​ច្បាប់​មួយ​យ៉ាងសំខាន់​ដែល​ធ្វើឱ្យ​កម្ពុជា​ឈ្នះ​កី្ត​នៅ​ឆ្នាំ​ ១៩៦២​។

ពិត​ហើយ តាម​ប្រការ​ ១ ​នៃ​សន្ធិសញ្ញា​ឆ្នាំ​ ១៩០៤ ការកំណត់​ព្រំដែន​នៅ​តំបន់​ដងរែក​ខាងកើត​ត្រូវ​ដើរ​តាម​ខ្សែ​បែងចែក​ទឹក គឺ​ប្រាសាទព្រះវិហារ​ទាំងមូល​រួមទាំង​ពយតាឌី​ដ៏មាន​ប្រជាប្រិយភាព​នោះ​ផង​មិនត្រូវ​ស្ថិតនៅក្នុង​ខ្សែ​ព្រំដែន​កម្ពុជា​នោះទេ​។ តាម​សម្មតិកម្ម​របស់ខ្ញុំ​គឺ​លោក​អនុសេនីយ៍ឯក អ៊ុំ នេះឯង​ដែល​បាន​គូស​បញ្ចូល​ប្រាសាទព្រះវិហារ​មក​ក្នុង​ខ្សែ​ព្រំដែន​កម្ពុជា​ (​ដោយ​មិន​យក​ខ្សែ​ព្រំដែន​តាម​ខ្សែ​បែងចែក​ទឹក ដូច​កំណត់​ក្នុង​ប្រការ ១ នៃ​សន្ធិសញ្ញា​ឆ្នាំ​ ១៩០៤) ​តាម​ការចុះវាស់វែង​លើដី​ជាក់ស្តែង​របស់គាត់​រួមជាមួយ​លោក​អនុសេនីយ៍ឯក Kerler នៅ​ចាប់ពី​ដើមខែ​ធ្នូ ឆ្នាំ​ ១៩០៦​។

តាមច្បាប់ ត្រង់ចំណុច​នេះ​គេ​អាច​ចោទប្រកាន់ លោក​អនុសេនីយ៍ឯក អ៊ុំ​ឬ Kerler ថា ធ្វើ​ខុសច្បាប់​ហើយ គឺ​ខុសពី​គោលការណ៍​កំណត់​ក្នុង​ប្រការ ​១ នៃ​សន្ធិសញ្ញា​ឆ្នាំ​ ១៩០៤​។ ក្នុងការ​តតាំង​ក្តី​នៅ​តុលាការ ICJ ថៃ​ក៏បាន​អះអាង​ដែរ​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​ស្ថិតនៅក្នុង​ដី​ខ្លួន បើ​ផ្អែក​តាម​ខ្សែ​បែងចែក​ទឹក​នៃ​ប្រការ​ ១​។ ការលើកឡើង​បែបនេះ​មិនត្រូវ​ទេ​។

បើទោះជា​ប្រការ ១ ​នៃ​សន្ធិសញ្ញា​ឆ្នាំ​ ១៩០៤ បានកំណត់​ពី​គោលការណ៍​បែងចែក​ទឹក​ (watershed line) ​តែ​បែរជា​កំណត់​ខ្សែ​ព្រំដែន​ខុសពី​នេះ នៅ​តំបន់​ប្រាសាទព្រះវិហារ​គឺ​មិន​ខុសច្បាប់​នោះទេ​។ សាលក្រម ICJ បាន​បញ្ជាក់ថា គណៈកម្មការ​ចម្រុះ​មានអំណាច​ឆន្ទានុសិទិ្ធ​ (discretion) ​ក្នុង​ការកំណត់​យក​ខ្សែ​ព្រំដែន​សមស្រប​ណាមួយ ក្រៅពី​ខ្សែ​បែងចែក​ទឹក​នៃ​ប្រការ​ ១ នៅពេល​ធ្វើ​ការចុះ​វាស់វែង​លើដី​ជាក់ស្តែង​ដោយ​គិត​លើ​ស្ថានភាព​ភូមិសាស្ត្រ​ជាក់ស្តែង​នៃ​តំបន់​នោះ​។ លើសពីនេះ​ប្រការ ១ និង ៣ មានតម្លៃ​ច្បាប់​ស្មើគ្នា​សំដៅ​កំណត់​ឱ្យបាន​នូវ​ខ្សែ​ព្រំដែន​ដែលមាន​ស្ថិរភាព​ និង​ស្ថាពរ​មួយ (to achieve certainty and finality of the frontier) តាម​គោលបំណង​នៃ​សន្ធិសញ្ញា​ឆ្នាំ​ ១៩០៤​ និង​អនុសញ្ញា​ឆ្នាំ​ ១៩០៧​។

ពិត​ហើយ ជាមួយ​នឹង​ប្រាង្គប្រាសាទ​ថ្មភក់​ដ៏​ល្អ​ឯក​ និង​អច្ឆរិយ​ដែល​កសាងឡើង​ក្នុង​សតវត្សរ៍​ទី​ ១១-១២ ​ក្នុង​រជ្ជកាល​ព្រះបាទ​សូរិយាវរ្ម័នទី ១ (១០០៦-១០៥០) និង​ទី ២ (១១១៣-១១៥០)​នៃ​អាណាចក្រ​អង្គរ​ដ៏រុងរឿង នោះ​ប្រាកដ​ជា​ធ្វើឱ្យ​អ្នកចុះ​វាស់វែង​លើដី​ជាក់ស្តែង​នៅពេលនោះ ចាប់ចិត្ត​ប្រតិព័ទ្ធ​រក​ដកចិត្ត​ពុំរួច​នោះឡើយ​។ ហេតុនេះ​មិន​ថា លោក​អនុសេនីយ៍ឯក អ៊ុំ ឬ​ក្រុមការងារ​គាត់​ក៏​ប្រហែល​គិត​ដែរ​ថា តើ​ត្រូវធ្វើ​ការវាស់វែង និង​ធ្វើ​របាយការណ៍​បែបណា​ជូន​ថ្នាក់លើ​របស់គាត់​ក្នុង​ការបញ្ចូល​ប្រាសាទព្រះវិហារ​មក​ក្នុង​ទឹកដី​កម្ពុជា​តាម​ផែនទី​ផ្លូវការ​មួយ​។

ហេតុនេះ​តាម​សម្មតិកម្ម​របស់ខ្ញុំ លោក​អនុសេនីយ៍ អ៊ុំ អាចជា​មនុស្ស​ដែល​នៅ​ពីក្រោយ​ការគូស​បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​ទឹកដី​កម្ពុជា​លើ​ផែនទី​ដងរែក​បោះពុម្ព​ដោយ​បារាំង ក្នុង​ឆ្នាំ​ ១៩០៨​។ ប្រសិនបើ​សម្មតិកម្ម​របស់ខ្ញុំ​ជា​ការពិត​ស្នាដៃ​របស់គាត់​គួរ​ត្រូវបាន​ទទួលស្គាល់​ និង​ផ្តល់​តម្លៃ​ដោយ​សមធម៌​។ ជា​អកុសល​មិនសូវមាន​នរណា​ស្គាល់ ឬ​ចាប់​អារម្មណ៍​នឹង​ការងារ​គាត់​នោះទេ​។

នេះ​គឺជា​អត្ថបទ​បែប​ស្វែងរក​​ការពិត​ (fact-finding) ​មួយ​ផ្អែក​តាម​ការវិភាគ​លើ​ឯកសារ​ច្បាប់ និង​ហេតុការណ៍​ប្រវត្តិសាស្ត្រ​។ ខ្ញុំ​មិន​ហ៊ាន​អះអាងថា ពិត​ទាំងស្រុង​នោះទេ​។ ទោះជា​យ៉ាងណា គាត់​ពិតជា​បំពេញការងារ​វាស់វែង​លើដី​ជាក់ស្តែង​នៃ​តំបន់​ប្រាសាទព្រះវិហារ​មែន​។ ប៉ុន្តែ ខ្ញុំ​សង្ឃឹមថា នឹង​អាចមាន​ការសិក្សា​ស្រាវជ្រាវ​ផ្សេងទៀត​លើ​ករណីនេះ​៕

ដោយ​មេធាវី អ៊ិន តារា នៃ​ការិយាល័យ​មេធាវី អ៊ិន តារា និង សហការី
(​នេះ​គឺជា​ទស្សនៈ​ផ្ទាល់ខ្លួន​​របស់​អ្នកនិពន្ធ មិន​ឆ្លុះបញ្ចាំង​ពី​កាសែត​ ភ្នំពេញ ប៉ុស្តិ៍​ទេ)

អត្ថបទគួរចាប់អារម្មណ៍