កាលពី​ ៧៥ ​ឆ្នាំមុន​យូនីសេហ្វ​ត្រូវបាន​បង្កើតឡើង​ បន្ទាប់ពី​សង្គ្រាម លោកលើក ទី​ ២ និង​សម្រាប់​ឆ្លើយតប​នឹង​វិបត្តិ​ដែល​សង្គ្រាមលោក​នេះ​បង្ក​ទ្បើង​ដល់​កុមារ​នៅ​ទូទាំង​សកលលោក​។ អាណត្តិ​របស់​យើង​គឺ​ដើម្បី​ជួយ​ដល់​កុមារ​ដែល​ជីវិត និង​អនាគត​របស់​ពួកគេ កំពុង​ប្រឈម​នឹង​ហានិភ័យ និង​ក្រោយមក​ដើម្បី​ធានា ឱ្យ មាន​ការលើកកម្ពស់​ការបំពេញ និង​ការការពារ​សិទ្ធិ​ទាំងអស់​របស់​កុមារ​គ្រប់រូប​។

ចាប់តាំងពី​ពេលនោះ​មក យើង​សម្រេចបាន​នូវ​វឌ្ឍនភាព​ជាច្រើន ហើយ​បច្ចុប្បន្ន នេះ​ការយល់ដឹង​ពី​សិទ្ធិ​របស់​កុមារ​កាន់តែ​ទូលំទូលាយ​ជាង​ពេលណាៗ​ទាំងអស់​នៅតាម​តំបន់​ភាគច្រើន​ក្នុង​ពិភពលោក​។ ទោះជា​យ៉ាងនេះ​ក្ដី​ការអបអរសាទរ​ខួប​នៅ​ឆ្នាំនេះ ធ្វើឡើង​ស្របពេល​ដែល​ជំងឺ​កូវីដ-១៩​កំពុង​ធ្វើឱ្យ​វឌ្ឍនភាព​ស្ទើរតែ​ទាំងអស់​ដែល​សម្រេចបាន​កន្លងមក​សម្រាប់​កុមារ​នៅ​ទូទាំង​សកលលោក​ដើរ​ថយក្រោយ​ទៅវិញ ដូចដែល​បង្ហាញ​នៅក្នុង​របាយការណ៍​សកល​ថ្មី​ដែល​យូនីសេហ្វ​ប្រកាស​ផ្សព្វផ្សាយ​នៅថ្ងៃនេះ ក្រោម​ចំណងជើង​ថា “​បង្ការ​ការបាត់បង់​ទសវត្សរ៍​មួយ (Preventing A Lost Decade)”​។

របាយការណ៍​នេះ​បង្ហាញ​ពី​របកគំហើញ​គួរឱ្យ​ព្រួយបារម្ភ​ដ៏សែន​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការគំរាមកំហែង​មកលើ​សិទ្ធិកុមារ​ក្នុង​កម្រិត​ដែល​គេ​ពុំ​ធ្លាប់​ឃើញ​ពីមុនមក​។ មាន​កុមារ ១០០ ​លាន​នាក់​បន្ថែមទៀត ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា កំពុង​រស់នៅក្នុង​ភាពក្រីក្រ​ពហុសមាសភាគ​។ សិស្ស​ជាង ១,៥ ​ពាន់​លាន​នាក់​ខកខាន​មិនបាន​រៀន​នៅពេល​មាន​ជំងឺ​រាតត្បាត​ខ្លាំង​។

ក្មេង​ជំទង់ ១៣% កំពុងមាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​នៅ​ទូទាំង​សកលលោក​។ កុមារ ៥០ ​លាន​នាក់ មាន​បញ្ហា​ស្គមស្គាំង​ដែលជា​ទម្រង់​មួយ​នៃ​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ដែល​គ្រោះថ្នាក់​ដល់​ជីវិត ហើយ​ចំនួន​នេះ អាច​កើនទ្បើង​ចំនួន ៩ ​លាន​នាក់​បន្ថែមទៀត ដោយសារ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​បច្ចុប្បន្ន​។

រាជរដ្ឋាភិបាល​កម្ពុជា បាន​សង្គ្រោះ​ជីវិត​មនុស្ស​ជាច្រើន​នាក់ ដោយសារ​ចំណាត់ការ​ទាន់​ពេលវេលា​ក្នុង​ការបង្ការ និង​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​។ ទោះជា​យ៉ាងនេះ​ក្ដី វិធានការ​នេះ​ពុំ​អាច​ការពារ​កុមារ​បាន​ទាំងស្រុង​ពី​ផលប៉ះពាល់​សង្គម​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​ជា​សកល​នេះ រួមមាន​ដូចជា​ការរំខាន​ដល់​ការអប់រំ ការធ្លាក់ចុះ​នូវ​ស្ថានភាព​អាហារូបត្ថម្ភ ការកើនឡើង​នូវ​ភាពក្រីក្រ និង​ការស្រុតចុះ​នៃ​សុខភាព​ផ្លូវចិត្ត​ជាដើម​។ ប្រសិនបើ​គ្មាន​សកម្មភាព​ឆ្លើយតប​ទេ អនាគត​របស់​កុមារ​ជាច្រើន​នាក់​នឹង​ស្ថិត​ក្នុង​ភាពអាប់អួ​ជា​អចិន្រៃ្តយ៍​មិន​ខាន ហើយ​វា​ក៏​ជា​មហន្តរាយ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​នាពេល​អនាគត​របស់​ប្រទេស​ផងដែរ​។

ទោះជា​យ៉ាងនេះ​ក្ដី ស្ថានភាព​នាពេល​អនាគត​គឺអាច​ស្តារ​ទ្បើង​វិញ​បាន​។ គេ​អាច​បញ្ចៀស​ផលវិបាក​រយៈពេល​វែង​ធ្ងន់ធ្ងរ​បំផុត​នៃ​ជំងឺ​រាតត្បាត​នេះ​ប្រសិនបើ​កុមារ​ត្រូវបាន​ចាត់ទុក​ថា​ជា​អាទិភាព​ចម្បង​ក្នុង​កម្មវិធី​ស្តារ​ប្រទេស​ឡើងវិញ​។ កត្តា​នេះ​ទាមទារ​នូវ​ការប្ដេជ្ញាចិត្ត​យ៉ាង​មោះមុត​ការវិនិយោគ និង​ការពង្រឹង​កិច្ចសហការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​រវាង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​នៅ​កម្រិត​ផ្សេងៗ​គ្នា​ដូចជា​រាជរដ្ឋាភិបាល ទីភ្នាក់ងារ​សហប្រជាជាតិ វិស័យ​ឯកជន សង្គម​ស៊ីវិល​ និង​សហគមន៍​ខ្លួនឯង​ជាដើម​។ វា​គឺជា​បញ្ហា​ប្រឈម​ដ៏ធំធេង​ ប៉ុន្តែ​អាច​ដោះស្រាយ​បាន​។

យើង​អាច​ផ្អែកលើ​បទពិសោធ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសហការ​រួមគ្នា​របស់​យើង​ ដើម្បី​ឆ្លើយតប​ចំពោះ​វិបត្តិ​នេះ​។ ចាប់តាំងពី​ពេលដែល​ជំងឺ​កូវីដ​បាន​កើតមាន​ដំបូង​ក្នុង​ប្រទេស​កម្ពុជា យូនីសេហ្វ រួម​នឹង​ដៃគូ​ដទៃទៀត​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សំខាន់ៗ​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​នេះ​ដូចជា​តាមរយៈ​ការផ្សព្វផ្សាយ​សារ​អប់រំ​អំពី​វិធានការ​សុវត្ថិភាព​ពី​ជំងឺ​កូវីដ​ ១៩ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​ ១០ ​លាន​នាក់ និង​ផ្តល់​សម្ភារ​លាងដៃ និង​អនាម័យ​ដល់​សិស្សានុសិស្ស​ជាង​កន្លះ​លាន​នាក់​។

យើង​បាន​សហការ​ជាមួយ​ដៃគូ​ដទៃទៀត​រៀបចំ​នូវ​កញ្ចប់​សម្ភារ​សិក្សា​តាម​ផ្ទះ ដែល​ផ្តល់​លទ្ធភាព​ឱ្យ​សិស្ស​អាច​បន្ត​រៀនសូត្រ​តាម​ផ្ទះ និង​នៅក្នុង​ថ្នាក់រៀន ហើយ​បាន​ចែកចាយ​ទៅដល់​សិស្សានុសិស្ស​ថ្នាក់​ទី​ ១ និង​ទី​ ២ ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ស្របពេល​ជាមួយ​គ្នា​ផងដែរ យើង​ក៏បាន​ធ្វើការ​រួមគ្នា​ដើម្បី​ឈានទៅ​បើក​សាលា​ឡើងវិញ​ប្រកបដោយ​សុវត្ថិភាព​។ យើង​បាន​បន្ត​គាំទ្រ​ទារក​ឱ្យ​នៅតែ​បន្ត​ទទួលបាន​ថ្នាំ​បង្ការ​ជាប្រចាំ ស្របពេល​ដែល​យើង​កំពុង​ធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូវីដ​ជូន​ពលរដ្ឋ​ផងដែរ​។

យើង​បាន​ចូលរួម​លើក​កមុ្ពស់​សេវា​គាំពារ​សង្គម ដើម្បីឱ្យ​កុមារ​មកពី​គ្រួសារ​ក្រីក្រ​បានទទួល​ការគាំទ្រ​ចាំបាច់​បំផុត​សម្រាប់​ជីវិត​រស់នៅ​ពួកគេ​។ កម្មវិធី​ផ្តល់​សាច់ប្រាក់​ក្នុង​អំទ្បុង​ពេល​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​បាន​ជួយ​គាំទ្រ​ដល់​ពលរដ្ឋ​កម្ពុជា​ចំនួន​ ៣ ​លាន​នាក់​ឱ្យទទួល​បាន​នូវ​សន្តិសុខ​ស្បៀង និង​សេវាកម្ម​មូលដ្ឋាន​ដទៃទៀត​។ ឥឡូវនេះ​ការស្ដារ​ឡើងវិញ កំពុង​បន្តធ្វើ​ហើយ​យើង​ត្រូវ​ធានាថា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​នឹង​ឆ្ពោះទៅរក​អនាគត​ប្រសើរ​ជាង​មុន​សម្រាប់​កុមារ​។ យើង​ត្រូវ​វិនិយោគ​លើ​កិច្ចការពារ​សង្គម ដែល​គាំទ្រ​ដល់​ភាពធន់​របស់​ស្ត្រី និង​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត ដោយ​ផ្តល់នូវ​ការផ្ទេរ​សាច់ប្រាក់​ភ្ជាប់​ជាមួយ​នឹង​សេវា​សង្គម និង​ដោយ​លើកកម្ពស់​ការបញ្ចូល​ពួកគេ​ទៅក្នុង​សកម្មភាព​ស្តារ​សេដ្ឋកិច្ច​ទ្បើង​វិញ​របស់​ប្រទេស​។ យើង​ត្រូវ​បង្កើន​ការវិនិយោគ​លើ​ថវិកា​ក្នុង​វិស័យ​សង្គម​ពង្រីក​ភ្នាក់ងារ​ផ្តល់​សេវា​សង្គម និង​លើកកម្ពស់​គុណភាព​សេវា​ដើម្បី​ការពារ​កុមារ និង​គាំទ្រ​កុមារ​ឱ្យមាន​ការទទួល​ខុសត្រូវ​សម្រាប់​បង្ការ​ហានិភ័យ​ដែល​ពួកគេ​ជួបប្រទះ​នៅលើ​បណ្តាញ​អ៊ីនធឺណិត និង​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។ យើង​ត្រូវ​បញ្ចប់​ជំងឺ​រាតត្បាត​ដោយ​បន្ត​ផ្តល់​វ៉ាក់សាំង​ជូន​ពលរដ្ឋ និង​រួមគ្នា​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ទ្វេដង​ ដើម្បី​បញ្ឈប់​ការចម្លង​នៃ​មេរោគ​នេះ​។

នៅពេល​ធនធាន​ដែល​ផ្តោតលើ​ការឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់ យើង​អាច​ធ្វើការ​ជាមួយ​នឹង​ការតាំងចិត្ត​ជាថ្មី​ ដើម្បី​ធ្វើឱ្យ​ការធា្លក់​ចុះ​គួរឱ្យ​បារម្ភ​នៃ​ស្ថានភាព​សុខភាព​កុមារ និង​អាហារូបត្ថម្ភ ត្រឡប់​ទៅរក​ភាពប្រសើរ​ទ្បើងវិញ​។ យើង​ត្រូវ​កសាង​ប្រព័ន្ធ​អប់រំ​ប្រសើរ​ជាង​មុន ដោយ​ធានាថា កុមារ​អាច​វិលត្រឡប់​ទៅ​រៀន​វិញ​បាន ទទួល​បាន​ការគាំទ្រ​យ៉ាង​មាន​ប្រសិទ្ធភាព​ ដើម្បី​ឱ្យ​រៀន​ទាន់​កម្មវិធីសិក្សា និង​នៅតែ​បន្ត​រៀនសូត្រ​នៅ​សាលា​។

យើង​ក៏ត្រូវ​ធ្វើការ​រួមគ្នា ដើម្បី​ឱ្យមាន​ភាពធន់​ខ្លាំង​ជាង​មុន​​ទប់ទល់​នឹង​វិបត្តិ​ផ្សេងៗ​ទៀត​នាពេល​អនាគត រួមទាំង​វិធីសាស្ត្រ​ថ្មីៗ​ក្នុង​ការឆ្លើយតប​នឹង​បញ្ហា​សកល​នានា​ដូចជា​បម្រែបម្រួល​អាកាសធាតុ​។

រាល់​សកម្មភាព​ឆ្លើយតប​ទាំងអស់​នេះ ត្រូវតែ​កសាង​អនាគត​មួយ​ដ៏ប្រសើរ​ជាង​មុន​សម្រាប់​កុមារ ពលរដ្ឋ​វ័យក្មេង និង​ប្រការ​សំខាន់បំផុត​គឺ​ត្រូវ​កសាង​ជាមួយនឹង​ការចូលរួម​របស់​ពួកគេ​ផ្ទាល់​។ ការប្ដេជ្ញាចិត្ត​ដើម្បី​កសាង​អនាគត​មួយ​ដែល​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​កុមារ គឺជា​ការប្ដេជ្ញាចិត្ត​ដើម្បី​កសាង​ពិភពលោក​កាន់តែ​ប្រសើរ​សម្រាប់​ទាំងអស់​គ្នា ហើយ​យើង​ទាំងអស់​គ្នា​ត្រូវតែ​បំពេញ​ភារកិច្ច​រៀងៗ​ខ្លួន​របស់​យើង​។ កុមារ​បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន​ក្នុង​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​ជំងឺ​កូវីដ​ ១៩ ដូចជា​បាត់បង់​វ័យ​កុមារភាព​ជាច្រើន​ឆ្នាំ​របស់​ពួកគេ​ដែល​មិនអាច​ជំនួស​មកវិញ​បាន​។

ពេលនេះ​វា​អាស្រ័យ​លើ​យើង​ទាំងអស់​គ្នា​ដែល​ត្រូវធ្វើ​សកម្មភាព​យើង​អាចធ្វើ​បាន ដើម្បី​ប៉ះប៉ូវ​សង​ពួកគេ និង​ប្រែក្លាយ​រយៈពេល​ ៧៥ ​ឆ្នាំ​ខាងមុខ​ឱ្យ​ក្លាយ​ជា​ពេលវេលា​មួយ​ពោរពេញ​ដោយ​វឌ្ឍនភាព និង​ក្ដីសង្ឃឹម​សម្រាប់​កុមារ​គ្រប់រូប​៕

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាង​យូនីសេហ្វ​ប្រចាំ​កម្ពុជា