The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ច្បាប់​ប្រកួតប្រជែង​ និង​សេរីភាព​៖ អ្នកណា​គ្រប់គ្រង​?




ច្បាប់​ប្រកួតប្រជែង​ និង​សេរីភាព​៖ អ្នកណា​គ្រប់គ្រង​?

Content image - Phnom Penh Post
ឡូហ្គោ​របស់​ក្រុមហ៊ុន Microsoft, Google និង​ឡូហ្គោ​របស់​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​។ រូបថត AFP

ច្បាប់​ប្រកួតប្រជែង​ និង​សេរីភាព​៖ អ្នកណា​គ្រប់គ្រង​?

ដូចជា​មិន​យល់​ទេ ប្រកួត​ប្រជែង​ដើម្បី​សេរីភាព​? ក្នុង​សកលលោក​នេះ​គ្មាន​អ្នកណា​ចូលចិត្ត​ឱ្យមាន​ការរំលោភ​បំពាន​ពី​ក្រុម​អ្នកគ្រប់គ្រង​ទេ​។ ប៉ុន្តែ​មនុស្សម្នា​សព្វថ្ងៃ​ក៏បាន​ចាប់ផ្តើម​ទទួលស្គាល់ថា វិស័យ​ឯកជន​ក៏​អាច​បង្ក​ព្យសនកម្ម​ដល់​សេរីភាព​បុគ្គល​ដែរ​។

បើ​នៅក្នុង​ទីក្រុង​របស់​អ្នក​មាន​ហាង​តែមួយ​ទោះជា​មុខម្ហូប​អន់​ក៏ដោយ តើ​អ្នកនឹង​ទៅ​បរិភោគ​នៅទីណា​? ពិតណាស់​អ្នកនឹង​សុខចិត្ត​បន្ត​ទំពា​ទាំង​ទើសទាល់​រាល់​អាទិត្យ​នៅ​ហាង​នោះ ហាក់បីដូចជា​គ្មាន​សេរីភាព​អ៊ីចឹង​។ បើ​ក្រុមហ៊ុន​ធំៗ​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​បន្លំ​លួច​យក​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ទៅប្រើប្រាស់ តើ​អ្នកធ្វើ​អ្វី​បាន​? តើ​តួអង្គ​សេដ្ឋកិច្ច​បង្កើតឱ្យ​មាន​ភាពលំបាក​យ៉ាងណាខ្លះ​ដែល​ប៉ះពាល់​ដល់​ជីវិត​សេរី​របស់​អ្នកជិតខាង​ និង​របស់​រូបអ្នក​ផ្ទាល់​?

នៅពេលដែល​ក្លិន​កាហ្វេ​ឡាតេ​បាន​ជ្រាប​ដល់​អារម្មណ៍​របស់​យើង​ភ្លាម យើង​មាន​អារម្មណ៍​ធូរស្រាល​ច្រើន​ដោយ​ជឿថា សេរីភាព​ផ្នែក​សេដ្ឋកិច្ច​អនុញ្ញាតឱ្យ​យើង​ធ្វើ​សកម្មភាព​អ្វីដែល​យើង​ចូលចិត្ត​បំផុត​។ យើង​សាក​គិត​ទៅ​មើល មិន​ថា​ក្នុងស្រុក​ ឬ​លើ​ឆាក​អន្តរជាតិ​ទេ មិន​ថា ការ​ចង់មានចង់បាន​ និង​ការចង់​ល្បី​ហ្នឹងហើយ​ដែល​បាន​សរសេរ ប្រវត្តិសាស្ត្រ​មនុស្ស​គ្រប់​ទិស​ទីនោះ​? ខ្លះ​ទទួលបាន​នូវ​ភាពរុងរឿង​ស្ញប់ស្ញែង ខ្លះទៀត​ក៏​អភ័ព្វ​។ ប៉ុន្តែ​បើ​យើង​ពិតជា​ប្រាថ្នា​ទទួលបាន​ផល​ពី​សេរីភាព​ផ្នែក​សេដ្ឋកិច្ច​ដោយ​ក្តី​រីករាយ​ដោយ​មិន​លះបង់​សេរីភាព​បុគ្គល​មែន​នោះ (​ការពារ​ខ្លួន​យើង​ពី​អំពើ​ល្មើស​នានា​របស់​ក្រុមហ៊ុន​ធំ​) ច្បាស់​ណាស់​ហើយ​ថា យើង​ត្រូវតែ​ការពារ​ឱ្យបាន​ដាច់ខាត​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ឯកជន​ត្រូវតែ​គោរព​ច្បាប់​ និង​ត្រូវ​ស្រឡាញ់​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ ជា​អមត:​តរៀង​ទៅ​។ នេះ​ជា​គោល​គំនិត​របស់​ច្បាប់​ស្តីពី​ការប្រកួត​ប្រជែង​មិន​ថា​នៅ​ប្រទេស​ណា​ទេ​។

ឈប់​សិន ម៉េច​បានជា​និយាយ​ពី​ទីផ្សារ​អ្វី​ច្រើន​ម្ល៉េះ​? ចាំបាច់​អី​ទៅ​គ្រប់​គ្រង​លើ​ទីផ្សារ​? តាម​ការអនុវត្ត​ជាក់ស្តែង ភាគច្រើន​នៃ​រឿងក្តី​នៅ​តុលាការ​ស្រុក​អាមេរិក​ដែល​ទាក់ទង​នឹង​ការប្រកួត​ប្រជែង គេ​តោង​ចាប់ផ្តើម​ពី​ការវែកញែក​កំណត់​ទីផ្សារ​ជាក់លាក់​មួយ​ដែល​ផលិតផល​ណា​នោះ​កំពុង​តែ​ធ្វើការ​ប្រកួតប្រជែង​ជាមួយគ្នា​។

តាម​និយមន័យ​ច្បាប់​ក្រុមហ៊ុន​អាហារដ្ឋាន​ Kentucky Fried Chicken ​និង​ Texas Chicken មាន​ទំនាក់ទំនង​ក្នុង​ខ្សែ​ដេក​ជាមួយគ្នា​ទោះ​ចង់​មិន​ចង់​ក៏ដោយ ​(​ដោយសារ​ប្រតិបតិ្តការ​ផលិតកម្ម​ និង​ចែកចាយ​ក្នុង​កម្រិត​ដូចគ្នា​)​។ ដោយឡែក​ក្រុមហ៊ុន​កសិដ្ឋាន​ដែល​ផ្តល់​សាច់មាន់​គឺមាន​ទំនាក់ទំនង​ក្នុង​ខ្សែ​ឈរ​ជាមួយនឹង​ក្រុមហ៊ុន​អាហារដ្ឋាន​ទាំង​ ២ ​នេះ​។ ក្រៅពី​ទំនាក់ទំនង​ទាំង​ ២​ ប្រភេទ​នេះ​ (​ខ្សែ​ដេក​ និង​ខ្សែ​ឈរ​) ច្បាប់​ស្តី​ការប្រកួតប្រជែង​នៅ​កម្ពុជា​មានចែង​នូវ​ស្ថានភាព​ ២ ​ទៀត​ដែល​អាចធ្វើឱ្យ​យើង​បើកភ្នែក​ធំៗ​សម្លឹងមើល​គឺ​៖ ​ជំហរ​ឧត្តមភាព​លើ​ទីផ្សារ​និង​ការរួម​បញ្ចូល​គ្នា​នូវ​ធុរកិច្ច​។ យើង​ត្រូវតែ​ចាប់អារម្មណ៍​លើ​ពាក្យ​ទីផ្សារ​ព្រោះថា​ច្បាប់​របស់​យើង​បាន​ខិតខំ​ដល់​ថ្នាក់​ផ្តល់​និយមន័យ​ឱ្យ​ទៀត​៖ ទីផ្សារ​សំដៅ​ដល់​​ទីផ្សារ​ទំនិញ​ឬ​សេវា​ដែល​កំពុង​ប្រកួតប្រជែង រីឯ​ការប្រកួត​ប្រជែង​សំដៅ​ដល់​សកម្មភាព​របស់​បុគ្គល​ធ្វើ​ធុរកិច្ច​នៅក្នុង​ទីផ្សារ​ ដើម្បី​ដណ្តើមយក​អតិថិជន​ឱ្យបាន​ច្រើន​ក្នុងការ​ប្រើប្រាស់​នូវ​ទំនិញ​ ឬ​សេវា​របស់ខ្លួន​ទទួលបាន​នូវ​ចំណែក​ទីផ្សារ​ច្រើន​ និង​ជំហរ​ឧត្តមភាព​លើ​ទីផ្សារ​។

បើ​និយាយ​ឱ្យ​ស្រួល​ស្តាប់ ទំនាក់ទំនង​ណា​ដែល​មិន​ស្ថិត​លើ​ខ្សែ​ដេក​គឺ​ស្ថិត​លើ​ខ្សែ​ឈរ ប៉ុន្តែ​ការវិវត្ត​យ៉ាង​លឿន​ក្នុង​​ចរិតលក្ខណ:​នៃ​ផលិតផល​និង​សេវា អាចធ្វើឱ្យ​ការបែងចែក​នេះ​ពិបាក​នឹងធ្វើ​ណាស់​។

ជាក់ស្តែង​កាលពី​ ២០​ ឆ្នាំមុន គ្មាន​នរណា​និយាយថា Microsoft និង​ Google ជា​គូប្រជែង​គ្នា​ទេ តែ​ចាប់តាំងពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកហើយ ការប្រឈមមុខ​ដាក់គ្នា​រវាង​ក្រុមហ៊ុន​ទាំង​ ២ ​នេះ គឺ​បាន​ឈានដល់​កម្រិត​ដែល​ហួសការ​ស្មាន​របស់​យើង​ទៅទៀត​។ ភាពស្មុគស្មាញ​ពី​សមាសធាតុ​ក្នុង​ទីផ្សារ​បច្ចេកវិទ្យា​ធ្វើឱ្យ​អ្នកជំនាញ​សេដ្ឋកិច្ច​ឈឺក្បាល​ខ្លាំងណាស់​ហើយ​ការដែល​ក្រុមហ៊ុន​ ២ ​អាច​សហការគ្នា​ក្នុង​រឿង​ខ្លះ និង​ជា​គូបដិបក្ខ​​ស្លាប់​រស់ក្នុង​រឿង​ខ្លះទៀត​ធ្វើឱ្យ​ការព្យាយាម​របស់​អ្នកច្បាប់​ក្នុងការ​បង្ហាញ​ពី​អត្ថិភាព​នៃ​ទីផ្សារ​ជាក់លាក់​ណាមួយ​រឹតតែ​លំបាក​។

ការលំបាក​នេះ​មិនមែន​ជា​កំហុស​របស់​នរណា​ទេ​។ ដើម្បី​អាចឈាន​ទៅដល់​ការបង្កើត​ទីផ្សារ​មួយ​ដែល​ឈរលើ​បរិស្ថាន​ប្រកួតប្រជែង​ដែល​ល្អឥតខ្ចោះ​នោះ​ទាល់តែ​នៅក្នុង​ទីផ្សារ​នោះ​អ្នកលក់​ទាំងអស់​លក់​ផលិតផល​ដែល​ដូចគ្នា​ដែល​ការទិញ​ពី​អ្នកណា​ក៏​លែង​សំខាន់ ហើយ​អ្នកលក់​មានលទ្ធភាព​ស្មើគ្នា​ក្នុង​ការស្វែងរក​វត្ថុធាតុដើម អ្នកលក់​នីមួយៗ​មាន​ទំហំ​តូចៗ​ដូចគ្នា​ដែល​បើ​អ្នកលក់​ណាមួយ​សម្រេចចិត្ត​លក់​បរិមាណ​តិច​ ឬ​ច្រើន​ក៏​មិន​ថ្វី និង​ចុងក្រោយ​បំផុត​រាល់​អ្នកចូលរួម​ក្នុង​ទីផ្សារ​មាន​ការយល់ដឹង​ពី​តម្លៃ​និង​មាន​ព័ត៌មាន​សព្វគ្រប់​។

ទាំង​រូបអ្នក​ទាំង​រូបខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា លក្ខខណ្ឌ​សម្រាប់​គាំទ្រ​ឱ្យមាន​ការប្រកួតប្រជែង​ល្អឥតខ្ចោះ​ខាងលើនេះ មិនអាច​ទៅរួច​ទេ ក្នុង​ទីផ្សារ​មែនទែន ហើយ​យើង​ក៏​ត្រេកអរ​ដែរ​ដែល​ការដែល​គ្មាន​ភាពល្អ​ឥតខ្ចោះ​នេះ​បាន​ជួយ​ជំរុញ​ឱ្យមាន​ការច្នៃប្រឌិត​នានា​ជាច្រើន​។

ប៉ុន្តែ​ជាមួយ​គ្នានេះដែរ ភាពមិន​ល្អឥតខ្ចោះ​នេះ​ក៏បាន​បើកផ្លូវ​ឱ្យ​ក្រុមហ៊ុន​ដែល​ចង់​បានតែ​ប្រាក់ចំណេញ​មានឱកាស​រំលោភបំពាន​លើ​សេរីភាព​បុគ្គល​ផងដែរ​។ បទពិសោធ​នៅ​អាមេរិក​ជា​សក្ខីភាព​ស្រាប់​។ រដ្ឋាភិបាល​ក្រោម​លោក អូបាម៉ា បាន​បិទ​ភ្នែក​អនុញ្ញាតឱ្យ Facebook និង Google ច្បាម​យក​និង​បង្កើន​អំណាច​ឯកជន​របស់ខ្លួន​យ៉ាង​សម្បើម តាមរយៈ​ការទិញ​យក​ក្រុមហ៊ុន​ដទៃទៀត​ជាច្រើន​។ ការ​ច្បាម​យក​អំណាច​ក្នុង​វិស័យ​ឯកជន​ធ្វើឱ្យ​ការប្រកួតប្រជែង​លែងមាន ហើយ​ថែមទាំង​អាច​នាំទៅដល់​ការប៉ះពាល់​ដល់​សេរីភាព​បុគ្គល​ទៀតផង (​ដូចជា​ការប្តឹង​ទាក់ទង​នឹង​ការប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អតិថិជន​ជាដើម​)​។ បើ​ក្រុមហ៊ុន​ធំៗ​មិនអាច​ក្លាយជា​អ្នក​ស្រឡាញ់​សេរីភាព​បុគ្គល​បានទេ​នោះ តើ​អ្នកណា​ត្រូវ​គ្រប់គ្រង​?

ដោយ លោក ព្រំម វីរ: LLB, LLM, PhD (2006 Nagoya University) បង្រៀនច្បាប់​នៅ CamEd Business School (​គំនិត​ក្នុង​អត្ថបទ​នេះ​ជា​របស់​តែ​អ្នកនិពន្ធ​ប៉ុណ្ណោះ​)

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។