ព្រឹក​ដែល​ខ្ញុំ​ចាប់ផ្តើម​សរសេរ​អត្ថបទ​នេះ មាន​ធាតុអាកាស​ល្អ​ណាស់​។ ព្រះអាទិត្យ​ក៏​រះ​ចែងចាំង ប៉ុន្តែ​ខ្ញុំ​បើកភ្លើង​បន្ថែម​មួយទៀត ព្រោះថា​ពេលខ្លះ​បើ​មាន​ពន្លឺ​ថែម​តែ​បន្តិច​នឹងធ្វើ​ឱ្យ​យើង​ឃើញ​អ្វីៗ​កាន់តែច្បាស់​។ នេះ​មិន​ខុសពី​ការព្យាយាម​ចង់​យល់​ពី​ច្បាប់​ប្រកួតប្រជែង​ទេ ជាពិសេស​ទាក់ទិន​នឹង​អ្វីដែល​អ្នក​ហៅថា ទីផ្សារ​។ អ្នក​អាច​មើលឃើញ​ផ្សារ​បាន ប៉ុន្តែ​អំណាច​ទីផ្សារ​តែង​ស្ថិតក្នុង​ទី​ងងឹត មិនអាច​មើលឃើញ​ភ្លាមៗ​ទេ​។

អ្នកខ្លះ​និយាយថា ដើម្បី​ស្វែងយល់​ពី​អំណាច​ទីផ្សារ​របស់​ក្រុមហ៊ុន​ណាមួយ គេ​គ្រាន់តែ​ត្រូវ​ដឹង​ពី​ទំហំ​នៃ​ចំណែក​ទីផ្សារ​ជាការ​ស្រេច​។ ​បានន័យថា សារៈសំខាន់​គឺ​នៅលើ​តួលេខ​។ បើ​ក្រុមហ៊ុន​នោះ​គ្រប់គ្រង​លើស​ច្រើន​លើ​ពាក់កណ្តាល​នៃ​ចំណែក​ទីផ្សារ​ទាំងមូល ក្រុមហ៊ុន​នោះ​អាចធ្វើ​ភ្លៀង​ធ្វើ​ផ្គរ​លើ​ទីផ្សារ​បាន​។ ផ្អែក​តាម​ទ្រឹស្តី​ទំនាក់ទំនង​រវាង​តម្រូវការ និង​ការផ្គត់ផ្គង់ ក្រុមហ៊ុន​នោះ​អាច​លេង​ជាមួយ​តម្លៃ​បាន​តាមរយៈ​ការបង្កើន​ ឬ​ការបន្ថយ​ទំហំ​ផលិតកម្ម​របស់ខ្លួន និង​អាច​ទទួលបាន​ផលចំណេញ​យ៉ាងហោចណាស់​បាន​មួយរយៈ​ដែរ​ទម្រាំ​អ្នកមាន​សក្តានុពល​ផ្សេងទៀត​ចង់​ចូលមក​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​នោះដែរ​។ ខ្ញុំ​គ្មាន​បំណង​សរសេរ​អត្ថបទ​នេះ​សម្រាប់​អ្នកជំនាញ​ខាង​សេដ្ឋកិច្ច​ទេ ប៉ុន្តែ​ដើម្បី​ស្វែងយល់​ពី​រឿងរ៉ាវ​ចាក់​ស្រែះ​ក្នុង​ទីផ្សារ​ប្រកួតប្រជែង​បាន អ្នកច្បាប់​ដែល​ប្រយ័ត្នប្រយែង​មិនអាច​មើលរំលង​ចំណេះដឹង​មូលដ្ឋាន​ខាង​វិស័យសេដ្ឋកិច្ច​បានឡើយ ទោះជា​ត្រូវ​រៀន​តាមរបៀប​ណាក៏ដោយ​។ នេះហើយ​ដែល​ចៅក្រម​ជាតិ​អាមេរិក​ឈ្មោះ Hand បាន​សរសេរ​ (​មើលទៅ​ដូច​ជប់​) ​ក្នុង​សេចក្តី​សម្រេច​របស់គាត់​នា​ឆ្នាំ​ ១៩៤៥​ ថា​ចំណែក​ទីផ្សារ​ត្រឹម​ ៣៣% ​មិន​គ្រប់គ្រាន់​សម្រាប់​ចោទ​ក្រុមហ៊ុន​មួយ​ថា​កំពុង​គ្រប់គ្រង​ទីផ្សារ​ដោយ​ផ្តាច់មុខ​ឡើយ​។

ទោះជា​យ៉ាងណា​ក៏ដោយ យើង​អាច​យល់ចិត្ត​ចៅក្រម Hand ត្រង់​ថា នាពេលនោះ​ភាគច្រើន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​វិស័យសេដ្ឋកិច្ច​នៅមាន​ជា​លក្ខណ:​ជារូបិយ​នៅឡើយ ហើយ​ចង់​មិន​ចង់​តួលេខ​ក៏​ជួយ​ឱ្យ​យើង​អាច​យល់បាន​ភ្លាមៗ​ជាជាង​ឃ្លាប្រយោគ​ដែរ​។ ប៉ុន្តែ​សម័យកាល​បច្ចុប្បន្ន​ជា​សម័យ​សេដ្ឋកិច្ច​ឌីជីថល​ដែល​ចំណេះដឹង​អ្វីៗ​តែង​ផ្លាស់ប្តូរ​រហ័ស​គ្មាន​ស្ថិតស្ថេរ​ទេ ដូចនេះ​សាស្ត្រាចារ្យ​សេដ្ឋកិច្ច​របស់​អ្នក​ត្រូវ​ចាប់ផ្តើម​បង្រៀន​ទ្រឹស្តី​អំណាច​ទីផ្សារ​ដោយ​ត្រូវ​ប្រើ​ឧបករណ៍​នានា​ផ្សេងទៀត​បន្ថែម​ពីលើ​ពាក្យ​ថា ចំណែក​ទីផ្សារ​។

ខ្ញុំ​សង្កត់ធ្ងន់​លើ​ពាក្យ​អំណាច​ទីផ្សារ​ជាជាង​ពាក្យ​ចំណែក​ទីផ្សារ ព្រោះ​ច្បាប់​ប្រកួតប្រជែង​ឆ្នាំ​ ២០២១ ​របស់​កម្ពុជា​ហាមឃាត់​សកម្មភាព​បំពាន​ដោយ​ប្រើ​ឧត្តមភាព​លើ​ទីផ្សារ និង​អំពើ​ ៣​ ប្រភេទ​ទៀត​ដែល​អាច​កើត​តាម​ការព្រមព្រៀង​ខ្សែ​ដេក (​រវាង​ក្រុមហ៊ុន​ដែល​ធ្វើ​ប្រតិបត្តិការ​ក្នុង​កម្រិត​ស្មើគ្នា​នៃ​ផលិតកម្ម​ និង​ចែកចាយ​) ការព្រមព្រៀង​ខ្សែ​ឈរ (​រវាង​ក្រុមហ៊ុន​ដែល​ធ្វើ​ប្រតិបតិ្តការ​ក្នុង​កម្រិត​ខុសៗ​គ្នា​នៃ​ផលិតកម្ម និង​ចែកចាយ​) ឬ​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច​ដែល​អាច​បង្កើតជា​ក្រុមហ៊ុន​ធំ​សម្បើម​មួយ​។ ដូចនេះ​យើង​ឃើញថា​ទោះបីជា​ទំហំ​ចំណែក​ទីផ្សារ​ដែល​គិត​ជា​តួលេខ ​(៥៥% ៦៥%​ ជាដើម​)​ អាច​បង្ហាញ​ពី​អំណាច​ទីផ្សារ​បាន​ដោយ​ងាយ​ក៏ដោយ តាមពិតទៅ​លទ្ធភាព​ក្នុងការ​បង្អាក់ ​(​ឬ​បញ្ឈប់​)​ បុគ្គល​ថ្មី​មាន​សក្តានុពល​មិនឱ្យ​ចូលមក​ប្រកួតប្រជែង ក៏មាន​សារៈសំខាន់​មិន​ចាញ់​ការគ្រប់គ្រង​ចំណែក​ទីផ្សារ​ដែរ​ប្រសិនបើ​វា​ធ្វើឱ្យ​ការចង់​ចូលមក​ប្រកួតប្រជែង​ត្រូវ​ចំណាយ​ហួសប្រមាណ​ ឬ​ជួប​ការលំបាក​ជ្រុល​នោះ​។

ឈប់​សិន អ៊ីចឹង​មានន័យថា មាន​ចំណែក​ទីផ្សារ​ធំ​ក៏​ជា​បញ្ហា ការបង្កើត​នូវ​ឧបសគ្គ​រារាំង​ក៏​ជា​បញ្ហា​។ ត្រឹមត្រូវ​ហើយ​ប្រសិនបើ​អ្នកអនុវត្ត​តាម​គំនិត​ទ្រឹស្តី​ច្បាប់​របស់​អាមេរិក​។ នៅ​ទីនោះ​ភាពស្មុគស្មាញ​ចាក់​ស្រែះ​កាន់តែ​កើនឡើង​ទៀត​នៅពេលដែល​អនាគត​ក៏​អាច​ត្រូវបាន​គេ​យកមកប្រើ​ជា​មូលដ្ឋាន​បានដែរ​ហាក់បីដូចជា​យើង​កំពុង​ជិះ​ក្នុង​យាន​ឆ្លង​ភព ឆ្លង​កាល​អ៊ីចឹង​។

ជាក់ស្តែង​ក្រុមហ៊ុន​តូច​ល្មម​សោះ​ក៏​អាច​ត្រូវបាន​ចោទថា​មានអំណាច​ទីផ្សារ​ដែរ បើ​ក្រុមហ៊ុន​នោះ​កំពុង​ប្រើ​នូវ​បច្ចេកវិទ្យា​ដ៏អស្ចារ្យ​មួយ​ដែល​អាចធ្វើឱ្យ​តួអង្គ​សេដ្ឋកិច្ច​ធំៗ​ក្រឡាប់ចាក់​បាន​។ និយាយឱ្យចំ គឺ​ក្រុមហ៊ុន​តូច​តែមាន​បច្ចេកវិទ្យា​ធំ មុខតែ​ក្លាយជា​តួអង្គ​សំខាន់​នាពេល​អនាគត​ដ៏ខ្លី​បាន​។​ ម្យ៉ាងទៀត​ពេលខ្លះ​​ការប៉ាន់ស្មាន​ពី​តួលេខ​សម្រាប់​អនាគត​ក៏មាន​ឥទ្ធិពល​ធំ​ដែរ​។ ប្រសិនបើ​ទិន្នន័យ​នានា​ចង្អុល​បង្ហាញ​ច្បាស់​ពី​គន្លង​ពិត​មួយ​ដែល​អាច​សើរើ​ឋានានុក្រម​អំណាច​រវាង​ក្រុមហ៊ុន​បាន នោះ​ចៅក្រម​អាមេរិក​អាច​សន្និដ្ឋានថា មានអំណាច​ទីផ្សារ​ហើយដោយ​ពួកគាត់​ផ្តល់​សារៈសំខាន់​ដល់​ការប៉ាន់ស្មាន​សម្រាប់​អនាគត​ខ្លាំង​ជាង​ដល់​តួលេខ​ចាស់​ដែល​កើត​រួចហើយ​។

និយាយឱ្យចំ ចៅក្រម​ពេលខ្លះ​ចាត់ទុក​ខ្លួនឯង​ជា​អ្នក​សេដ្ឋកិច្ច​ដែរ​។ តាមពិត​ខ្ញុំ​ចង់​ឈប់​សរសេរ​ត្រឹមនេះ​តែម្តង​មុនពេល​ដែល​អ្វីៗ​មើលទៅ​កាន់តែ​ស្មុគស្មាញ តែ​អ្នក​គួរ​ដឹង​បន្ថែមថា គេ​នៅ​អាច​រកឃើញ​អំណាច​ទីផ្សារ​ផងដែរ​ក្នុង​កាល:ទេស:​ដែល​ការ​កើន​តម្លៃ​ពុំបាន​បន្ថយ​បរិមាណ​តម្រូវការ​។ និយាយ​ម្យ៉ាងទៀត​គឺថា​អ្នកលក់​នៅតែ​រក្សាបាន​នូវ​ទំហំ​ចំណូល​ពី​ការលក់​ដដែល​ទោះបីជា​តម្លៃ​បាន​កើនឡើង​យ៉ាងណាក្តី​។ អ្នកលក់​នេះ​ពិតជា​មានអំណាច​ទីផ្សារ​ហើយ មិន​ថា​តាម​វិធី​ណា​ទេ​។

យើង​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​ទ្រឹស្តី​អាមេរិក​នឹង​ជះឥទ្ធិពល​ប៉ុនណា​នៅ​កម្ពុជា​។ ប៉ុន្តែ​មុនពេល​ដែល​អ្នក​ស្បថ​ថា​ស្អប់​ច្បាប់​ប្រកួតប្រជែង​ជាពិសេស​ទាក់ទង​នឹង​ការព្យាយាម​ផ្តល់​ពន្លឺ​ដល់ទី​អាប់អួ​នៃ​អំណាច​ទីផ្សារ អ្នក​អាច​រីករាយ​នឹង​ទ្រឹស្តី​មួយទៀត​ដែលថា ការក្តោបក្តាប់​អំណាច​ទីផ្សារ​ដែល​តាម​ធម្មតា​គេ​ចាត់ទុកថា​ផ្ទុយ​នឹង​ការប្រកួត​ប្រជែង​អាច​ត្រូវ​រលាយបាត់​ទៅវិញ​បើសិន​អ្នកលក់​អាច​បង្ហាញថា តាមពិត​គាត់​គ្មាន​អំណាច​ចរចា​អ្វី​ទេ ដោយសារ​គាត់​ត្រូវ​លក់​ទៅឱ្យ​បណ្តាញ​អ្នកទិញ​ដែលមាន ឫទ្ធានុភាព​ដ៏មហិមា​។

ការក្រឡេក​មើល​មួយ​ភ្លែត​របស់​យើង​ឃើញថា តួលេខ បច្ចេកវិទ្យា​ដ៏អស្ចារ្យ ការ​ប៉ាន់​ស្មាន​ជាមុន ក៏ដូចជា ការបង្ក​ជា​ឧបសគ្គ​រារាំង​សុទ្ធតែ​អាចជួយ​យើង​ក្នុង​ការរុករក​អត្ថិភាព​នៃ​អំណាច​ទីផ្សារ​បាន​។ ឱ្យតែ​ព្យាយាម អ្នកនឹង​ស្វែងយល់​បន្ថែមទៀត​ជា​បន្តបន្ទាប់​។ ពេលណា​រាង​ចាប់ផ្តើម​ងងឹត​ហើយ សូម​បើកភ្លើង​បំភ្លឺ​បន្ថែម​៕

ដោយ ព្រំម វីរ: LL.B, LL.M, PhD Dr. (2006 Nagoya University) បង្រៀនច្បាប់​នៅ CamEd Business School (​គំនិត​ក្នុង​អត្ថបទ​នេះ​ជា​របស់​តែ​អ្នកនិពន្ធ​ប៉ុណ្ណោះ​)