សមភាព​យេនឌ័រ​ថ្ងៃនេះ ដើម្បី​អនាគត​ប្រកបដោយ​ចីរភាព​៖​ កត្តា​សំខាន់ៗ​ដែល​ចាំបាច់​ត្រូវ​យកមក​ពិចារណា​ដើម្បីឱ្យ​ការ​​ស្ដារឡើងវិញ​ពី​ការ​រាតត្បាត​ជា​សកល​មាន​លក្ខណៈ​បរិ​យា​ប័ន្ន​ចីរភាព​ និង​នាំមក​នូវ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ពាក់ព័ន្ធ​នឹង​យេនឌ័រ​។​

​វិសមភាព​យេនឌ័រ​ គឺជា​បញ្ហា​ប្រឈម​មួយ​ក្នុងចំណោម​បញ្ហា​ប្រឈម​ធំៗ​បំផុត​ដែល​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ជា​យូរ​មកហើយ​នៅ​ជំនាន់​របស់​យើង​។

​ជាមួយនឹង​វិបត្តិ​ផ្ទួនៗ​ និង​ភាព​​មិន​ប្រាកដប្រជា​ដែល​អ្នកដឹកនាំ​សព្វថ្ងៃនេះ​ កំពុង​ជួបប្រទះ​វិធាន​​ការ​បន្ទាន់​ដើម្បី​លើកកម្ពស់​សម​​ភាព​យេនឌ័រ​តែងតែ​ត្រូវបាន​គេ​ពន្យារ​ចាំ​ពេលណា​មួយ​ដែលមាន​ភាពងាយស្រួល​ជាង​ដែល​តាមពិត​ដំណោះស្រាយ​យូរអង្វែង​ចំពោះ​វិបត្តិ​នានា​ទាមទារ​ឱ្យមាន​ការឆ្លើយតប​ចំពោះ​ចំណុច​ខ្វះ​​ខាត​ពាក់ព័ន្ធ​នឹង​យេនឌ័រ​ទៅវិញ​ទេ​។ ប្រសិនបើ​ពុំមាន​សមភាព​យេនឌ័រ​នៅថ្ងៃនេះ​ទេ​ អនាគត​ប្រកបដោយ​ចីរភាព និង​សមភាព​នៅតែ​ជា​អ្វីដែល​គេ​មិនអាច​ឈោង​ដល់​។

​កម្ពុជា​បានសម្រេច​នូវ​ភាពជឿនលឿន​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​សមភាព​យេនឌ័រ​ក្នុង​រយៈ​​ពេល ២៥ ​ឆ្នាំ ចុងក្រោយ​នេះ​។ ប៉ុន្តែ​របាយការណ៍​ស្ដីពី​សមភាព​យេនឌ័រ​ដែល​ចេញផ្សាយ​ចាប់​​ពី​ពេល​ថ្មីៗ​នេះ​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​បង្ហាញថា វិសមភាព​យេនឌ័រ​គួរឱ្យ​កត់​​សម្គាល់​នៅតែ​បន្ត​មាន​ដែល​បង្ក​ជា​ឧបសគ្គ​រារាំង​ដល់​ការចូលរួម​ដោយ​ស្មើភាព​គ្នា​របស់​ស្ត្រី​ក្នុង​ជីវិត​វប្បធម៌​សេដ្ឋកិច្ច ​និង​ន​យោ​​បាយ​នៅក្នុង​ប្រទេស​នេះ​ និង​ប​ន្ទុ​ច​​បង្អាក់​ដល់​ការអភិវឌ្ឍ​ប្រកប​​ដោយ​បរិ​យា​ប័ន្ន និង​ចីរភាព​។​

​ដូច្នេះ​តើ​គេ​ត្រូវការ​អ្វីខ្លះ​ដើម្បីឱ្យ​ការស្ដារ​ឡើងវិញ​មាន​លក្ខណៈ​បរិ​យា​ប័ន្ន​ចីរភាព និង​នាំមក​នូវ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ពាក់ព័ន្ធ​នឹង​យេនឌ័រ​? មាន​បញ្ហា​ចំនួន ៥ ដែលមាន​សារៈសំខាន់​ និង​ចាំ​បាច់​ដែល​ត្រូវធ្វើ​ការដោះស្រាយ ​ដើម្បី​លើកកម្ពស់​សមភាព​យេន​​ឌ័​រ ​និង​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​។

​ទី​១- បទដ្ឋាន​សង្គម​៖ ​នៅ​កម្ពុជា​បទដ្ឋាន​សង្គម​និង​ជំនឿ​ក្នុងសង្គម​ដែល​រឹតត្បិត​លើ​អ្វីដែល​ស្ត្រី​អាចធ្វើ​បាន ហើយ​ដែល​ផ្តល់​តម្លៃ​ខ្ពស់ជាង និង​អំណាច​ច្រើនជាង​ដល់​បុរស​នៅតែ​កើតមាន​ជាទូទៅ​។ ការរំពឹងទុក​ក្នុងសង្គម​របស់​ស្ត្រី និង​បុរស​ត្រូវបាន​ស្តែងចេញ​ឱ្យឃើញ​នៅក្នុង​ទំនាក់​​ទំនង​ប្រចាំថ្ងៃ​នៅ​កន្លែងធ្វើការ​ និង​នៅក្នុង​សហគមន៍​។

​ក្នុងអំឡុងពេល​នៃ​ការសន្ទនា​របស់ខ្ញុំ​ជាមួយនឹង​អ្នកដឹកនាំ​ជា​ស្ត្រី​វ័យក្មេង​នៅ​កម្ពុជា​ ខ្ញុំ​តែង​​តែ​ឮជា​ញឹកញយ​ពី​ឧបសគ្គ​ធំៗ​ដែល​រារាំង​ធ្វើឱ្យ​ស្ត្រី​មិនអាច​កាន់​តួនាទី​ជា​អ្នកដឹកនាំ​ ប៉ុន្តែ​ខ្ញុំ​ក៏​បានឮ​ពី​រឿងរ៉ាវ​បង្ហាញ​ពី​ការផ្លាស់ប្តូរ​ដែល​ផ្ដល់នូវ​កម្លាំង​ជំរុញ​ទឹកចិត្ត​ផងដែរ​។

​ឌិន ដា​រ័ត្ន​តី ដែលជា​អ្នកនិពន្ធ​ម្នាក់​ក្នុងចំណោម​អ្នកនិពន្ធ​ដែល​ចូលរួម​រៀបរៀង​ជំពូក​នៅក្នុង​សៀវភៅ​កម្ពុជា​ឆ្នាំ ​២០៤០ បាន​និយាយថា ចាប់តាំងពី​ថ្ងៃ​ដែល​យើង​កើតមក​ស្ត្រី​ត្រូវបាន​គេ​បង្រៀន​ថា យើង​គឺជា​មនុស្ស​ដែល​ខ្សោយ​ និង​គួរឱ្យ​អ្នកដទៃ​ទៀត​ជា​អ្នក​មើលថែ​យើង​មិន​​មែន​យើង​ជា​អ្នក​មើលថែ​ខ្លួនឯង​ឡើយ​។ ខណៈពេលដែល​ការ​​លើកឡើង​បែបនេះ​ស្ដាប់ទៅ​ហាក់ដូចជា​បង្ហាញថា ដំណោះ​​ស្រាយ​ ​គឺ​ត្រូវ​សម្លឹង​ទៅខាង​ក្រៅ​មានន័យថា ចាំបាច់​ត្រូវតែមាន​ការផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​អ្វីដែល​សំខាន់​ផងដែរ​នោះ​ គឺ​ស្ត្រី​ត្រូវ​សម្លឹងមើល​ទៅខាង​ក្នុង​ខ្លួន​ធ្វើការ​វិភាគ​ចោទ​សំណួរ​ឈ្វេង​យល់​ និង​ដកខ្លួន​ចេញពី​បទដ្ឋាន​សង្គម​ដែល​ត្រូវបាន​បណ្តុះ​នៅក្នុង​ផ្នត់គំនិត​របស់​យើង​ក្នុងអំឡុង​ពេលដែល​ចម្រើន​វ័យ​កន្លងមក​។ ខ្ញុំ​ជឿថា ការផ្លាស់ប្តូរ​មាន​ចីរភាព​យូរអង្វែង​នៅពេលដែល​វា​មាន​ប្រភពពី​ផ្លូវ​ទាំង ​២ ​ពោលគឺ​ពី​ខាងក្រៅ​ផង​និង​ពី​ខាងក្នុង​ផង​។​

​ទី​២- បទដ្ឋាន​ដែលមាន​លក្ខណៈ​រឹតត្បិត​ទាំងនេះ​ត្រូវបាន​ឆ្លុះ​​បញ្ចាំង​ក្នុងការ​បែងចែក​ដែល​ពុំមាន​សមភាព​យ៉ាង​ធំធេង​នៃ​ការ​​ងារ​ផ្ទះ ​និង​ការងារ​ថែទាំ​ដោយ​ពុំ​បានទទួល​ប្រាក់កម្រៃ​ដោយ​ស្ត្រី​ជា​អ្នកធ្វើការ​ទាំងនេះ​រហូត​ដល់ ៩០% គិត​ជា​មធ្យម​។ នេះ​បង្ក​ឧបសគ្គ​ដល់​ការទទួលបាន​ឱកាស​ និង​ធនធាន​នានា​របស់​ស្ត្រី​។ បើទោះជា​បន្ទុក​ការងារ​ផ្ទះ​ និង​ការងារ​ផ្តល់​ការថែទាំ​ដោយ​មិន​ទទួលបាន​កម្រៃ​ គឺជា​ឧ​ប​សគ្គ​មួយ​ក្នុងចំណោម​ឧបសគ្គ​ធំៗ​ជាងគេ​ដែល​រារាំង​ដល់​ការ​​លើកកម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា​ក៏ដោយ​ឧបសគ្គ​នេះ​កម្រ បានទទួល​ការឆ្លើយតប​ក្នុង​គោលនយោបាយ​សាធារណៈ​ ឬ​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ណាស់​។​

​ទី​៣- ​បទដ្ឋាន​យេនឌ័រ​ដែល​បង្ក​គ្រោះថ្នាក់​ក៏​ជា​បុព្វ​ហេតុដែល​នាំឱ្យមាន​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ដែល​បង្ក​ផលប៉ះពាល់​ផ្ទាល់​ដល់​ស្ត្រី​នៅ​កម្ពុជា​ និង​ក្រុមមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា (LGBTQI) ក្នុង​ភាគរយ​មួយ​ដ៏​ច្រើន​។ ក្នុងចំណោម​ស្ត្រី​ខ្មែរ ៥ នាក់​ មាន​ម្នាក់ដែល​ទទួលរង​អំពើហិង្សា​ផ្លូវកាយ​ ឬ​ផ្លូវភេទ​ពី​ដៃគូ​។ ក្នុងចំណោម​ស្ត្រី​នៅ​កម្ពុជា​ ៣​ នាក់​ មាន​ម្នាក់​ដែល​ទទួលរង​ការ​រំលោភបំពាន​ផ្លូវចិត្ត​។​

​ទី​៤- ​ផលប៉ះពាល់​នៃ​វិសម​​ភាព​សំខាន់ៗ​ទាំងនេះ​ក៏បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ការ​​ចូលរួម​ក្នុង​ទីផ្សារការងារ​របស់​ស្ត្រី ​និង​នៅក្នុង​សេដ្ឋកិច្ច​ផងដែរ​។ ស្ថានភាព​ជារួម​របស់​ទីផ្សារ​ការ​​ងារ​បង្ហាញឱ្យឃើញ​ពី​វិសមភាព​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ ដោយ​ស្ត្រី​មាន​ចំនួន​ច្រើន​លើស​​លប់​ក្នុង​ការងារ​ដែល​ទទួល​បាន​ប្រាក់កម្រៃ​ទាប​ និង​មិនសូវ​គេ​ឱ្យ​តម្លៃ ​និង​មាន​ចំនួន​តិចតួច​ក្នុងតួនាទី​ជាន់ខ្ពស់​ និង​ដែល​ទទួលបាន​ប្រាក់កម្រៃ​ខ្ពស់​។

ស្ត្រី​រួម​ចំណែក​យ៉ាងច្រើន​ដល់​សេដ្ឋ​​កិច្ច​កម្ពុជា ​ដោយ​ម្ចាស់​សហ​​គ្រាស​ខ្នាតតូច​បំផុត ៦២% និង​សហគ្រាស​ខ្នាតតូច និង​មធ្យម ២៦% គឺជា​ស្ត្រី ប៉ុន្តែ​ពួកគេ​នៅតែ​បន្ត​ជួបប្រទះ​នឹង​ឧបសគ្គ​ក្នុងការ​ទទួលបាន​ធនធាន​ហិរញ្ញវត្ថុ និង​ចុះបញ្ជី​អាជីវកម្ម​របស់​ពួកគេ​។ អាជីវកម្ម​ដោយ​ពុំបាន​ចុះបញ្ជី​ពុំ​អាច​ទទួលបាន​ការគាំទ្រ​ក្នុងអំឡុងពេល​នៃ​ការ​​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​នោះឡើយ​។​

​ចុងក្រោយ​ភាពជា​តំណាង​នៅក្នុង​ការធ្វើ​សេចក្ដីសម្រេចចិត្ត​។ ស្រី​បន្ត​មាន​ចំនួន​តិចតួច​សម្រាប់​មុខតំណែង​ជា​អ្នក​គ្រប់​​គ្រង​នៅក្នុង​វិស័យ​នានា​ក្នុង​សហជីព​គណបក្សនយោបាយ​ និង​នៅ​គ្រប់​កម្រិត​ទាំងអស់​របស់​រដ្ឋាភិបាល​។ តំណាង​ស្ត្រី​នៅក្នុង​រដ្ឋសភា​កើនឡើង​ដល់ ២១% ខណៈពេលដែល​សមា​​ជិ​ក​ព្រឹទ្ធសភា​ជា​ស្ត្រី​នៅ​ទ្រឹង​ត្រឹម ១៦%​។ សកម្មជន​ដីធ្លី​និង​អ្នកការពារ​សិទ្ធិមនុស្ស​ជា​ស្ត្រី​ត្រូវ​ប្រឈម​នឹង​អំពើហិង្សា ​និង​ការ​បៀតបៀន ហើយ​ភាពជា​អ្នក​​ដឹកនាំ​របស់​ពួកគេ​ក្នុង​ការតស៊ូ​ទាំងនេះ​កម្រ​ជួយ​ឱ្យ​ពួកគេ​អាច​ទទួលបាន​អំណាច​ធ្វើ​សេចក្ដី​សម្រេចចិត្ត​ក្នុង​រយៈពេល​វែង​ណាស់​។

ក្នុងការ​សន្ទនា​កាលពី​ពេល​ថ្មីៗ​នេះ​ជាមួយនឹង​សកម្ម​​ជន​បរិស្ថាន​ជា​ស្ត្រី ខ្ញុំ​ឮថា​ “​នេះ​គឺជា​អ្វីដែល​ខ្ញុំ​ស្តាប់ឮ​។ ក្នុងនាម​ជា​ស្ត្រី​ដែលជា​សកម្មជន​បរិស្ថាន​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ធ្វើឱ្យ​យើង​កាន់តែ​មានការ​លំបាក​ក្នុងការ​បន្តធ្វើ​ការងារ​នៅក្នុង​វិស័យនេះ​។ ដំបូង​យើង​ត្រូវ​ឆ្លើយតប​និង​លើកឡើង​ពី​ក្ដីបារម្ភ​របស់​ស្ត្រី​បន្ទាប់មក​ចេញពី​ចំណុច​ទាំងនោះ​យើង​ស្វែងរក​ដំណោះ​​ស្រាយ​រួមគ្នា​។ មាន​មនុស្ស​ដែល​ប្រឹងប្រែង ​ដើម្បី​ជួយ​ឱ្យ​ស្ត្រី​ចូល​​រួម​ក្នុង​ការងារ​បរិស្ថាន ​ដើម្បី​ធានាឱ្យមាន​ភាព​ចម្រុះ និង​ដើម្បី​ឱ្យមាន​សំឡេង​កាន់​តែមាន​ប្រសិទ្ធ​​ភាព​”​។ អ្វីដែល​ល្អ​សម្រាប់​សម​​ភាព​យេនឌ័រ​ក៏​ល្អ​សម្រាប់​សេដ្ឋ​កិច្ច និង​សង្គម​ផងដែរ​។ តើ​អ្វី​ទៅជា​ជំហាន​បន្ទាប់​សម្រាប់​រាជ​​រដ្ឋាភិបាល​កម្ពុ​ជារួម​គ្នា​ជាមួយ​ដៃគូ​ក្នុងការ​ឆ្លើយតប​ចំពោះ​វិសមភាព​យេនឌ័រ និង​សម្រេចបាន​នូវ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ចំពោះ​យេនឌ័រ​?

​យើង​ត្រូវការ​យុទ្ធសាស្ត្រ​ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ ​និង​មាន​ចីរភាព​ដើម្បី​ផ្លាស់ប្តូរ​បទដ្ឋាន​យេនឌ័រ ជំរុញ​ការចូល​​រួម​ពី​តួអង្គ​ពាក់ព័ន្ធ​ចម្រុះ​នៅ​គ្រប់​កម្រិត​ដូចជា ក្មេងប្រុស​បុរស​គ្រួសារ​សហគមន៍​សាលា​​រៀន​គ្រឹះស្ថាន​និង​រដ្ឋាភិបាល​។

​យើង​ត្រូវ​ទទួលស្គាល់ និង​ឆ្លើយតប​ចំពោះ​បញ្ហា​ការងារ​ថែទាំ​ដោយ​មិនបាន​ប្រាក់កម្រៃ​របស់​ស្ត្រី​ និង​វិនិយោគ​លើ​ប្រព័ន្ធ​គាំពារ​សង្គម​ដែល​យកចិត្ត​ទុក​ដាក់​ចំពោះ​យេនឌ័រ ដើម្បី​ផ្តល់​​ការគាំទ្រ​ដល់​អ្នក​ដែល​ធ្វើការ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​។

​យើង​ចាំបាច់​ត្រូវ​ពង្រឹង​ការ​​ការពារ​ការឆ្លើយតប និង​ការស្ដារ​ឡើងវិញ​ពី​អំពើហិង្សា​ផ្លូវភេទ ​និង​អំពើហិង្សា​ទាក់ទង​នឹង​យេន​​ឌ័​រ​។ យើង​ចាំបាច់​ត្រូវ​វិនិយោគ​លើ​សុខភាព​ និង​សិទ្ធិ​ផ្លូវភេទ​ និង​បន្ត​ពូជ​តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​។​

​យើង​ត្រូវការ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​តាមរយៈ​កា​រវិ​និ​យោគ​ឱ្យចំ​គោលដៅ​ដូចជា លើ​ការអប់រំ​ការងារ និង​មុខរបរ ការ​​បណ្ដុះបណ្ដាល និង​ការងារ​សម​​រម្យ​សម្រាប់​ស្ត្រី និង​ក្មេងស្រី​។

​យើង​ចាំបាច់​ត្រូវ​លើកកម្ពស់​ភាពជា​អ្នកដឹកនាំ និង​ការចូល​​រួម​របស់​ស្ត្រី​នៅ​គ្រប់​កម្រិត​ទាំងអស់​ចាប់ពី​ស្ត្រី​ជនជាតិដើម​ភាគ​​តិច​នៅតាម​ឃុំ​រហូតដល់​ស្ត្រី​​ដែលជា​សមាជិក​ព្រឹទ្ធសភា​ និង​ចៅក្រម​។ យើង​ចាំបាច់​ត្រូវ​ជួយ​សម្រួល​ដល់​ការងារ​របស់​ស្ត្រី​ដែលជា​អ្នកការពារ​សិទ្ធិមនុស្ស​ និង​សកម្មជន​បរិស្ថាន ​ដើម្បីឱ្យ​អនាគត​ប្រកបដោយ​ចីរភាព​។

​ដើម្បី​អនាគត​ប្រកបដោយ​​ចីរភាព​ អង្គការសហប្រជាជាតិ​កំពុង​ជួយ​ដល់​រដ្ឋាភិបាល​ក្នុងការ​បំពេញ​តាម​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​របស់ខ្លួន​រួមទាំង​កាត​ព្វ​កិច្ច​ដែល​កំណត់ដោយ​គណៈ​​ក​ម្មា​ធិ​ការទទួល​បន្ទុក​លុបបំបាត់​អំពើ​រើសអើង​ប្រឆាំង​ស្ត្រីភេទ​ផងដែរ​។ ការពង្រឹង​ក្របខ័ណ្ឌ​ច្បាប់​ការគាំទ្រ​ដល់​ការផ្តល់សេវា​សុខភាព​ការបង្ការ​ទប់ស្កាត់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​ការផ្តល់សេវា​សង្គម​ ដើម្បី​ឱ្យមាន​ការបន្ត​ផ្តល់​ការថែទាំ​ក្នុងអំឡុង​​ពេលដែល​មានការ​រាតត្បាត​ជា​សកល​ការវិនិយោគ​លើ​ការអប់រំ​របស់​ក្មេងស្រី និង​ការងារ​សម​​រម្យ​សម្រាប់​យុវជន និង​ការផ្តល់​​ជំនួយ​បច្ចេកទេស​សម្រាប់​ការ​​រៀបចំ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដែល​គិតគូរ​ពី​យេនឌ័រ​ក៏ដូចជា​វាយតម្លៃ​ពី​របៀប​ធ្វើឱ្យ​ការងារ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​កាន់​តែមាន​លក្ខណៈ​ក្នុង​ប្រព័ន្ធ​បន្តិច​ម្តងៗ​។​

​វា​ត្រូវការ​ការរួមចំណែក​ពី​យើងទាំងអស់គ្នា​ម្នាក់ៗ ទើប​វឌ្ឍនភាព​អាច​សម្រេច​ទៅបាន​។ រួមគ្នា​ជាមួយនឹង​អ្នកស្រាវជ្រាវ​អ្នកសិក្សា និង​សកម្មជន​កម្ពុជា​យើង​នឹង​ផលិត​នូវ​ចំណេះដឹង​​ ព្រមទាំង​ភ័ស្ដុតាង ដើម្បី​លើក​​កម្ពស់​សមភាព​យេនឌ័រ​។ រួមគ្នា​ជាមួយនឹង​អង្គការ​សង្គម​ស៊ីវិល និង​ចលនា​សង្គម​យើង​នឹង​ស្វែងរក​ការគាំទ្រ​សម្រាប់​សមភាព​យេនឌ័រ និង​សិទ្ធិមនុស្ស​តាមរយៈ​ការផ្ដល់​នូវ​ធនធាន​ប​ង្កើ​ត​ជា​ឱកាស​ផ្សេងៗ​។​

​សម្រាប់​ទិវា​នារី​អន្តរជាតិ​ឆ្នាំ ២០២២​ នេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​អំពាវ​​នាវ​ឱ្យមាន​ការស្ដារ​ឡើងវិញ​ប្រកបដោយ​ចីរភាព​បែប​ស្ដ្រី​និយម​។ ខណៈពេលដែល​យើង​សម្លឹងមើល​អនាគត​ការស្ដារ​ឡើងវិញ​ប្រកបដោយ​ចីរភាព​ និង​សមភាព​សម្រាប់​ទាំងអស់​​គ្នា​អាចធ្វើ​ទៅបាន​លុះត្រាតែ​ការស្ដារ​ឡើងវិញ​នេះ​មាន​លក្ខណៈ​ស្ដ្រី​និយម ​“​ជាការ​ស្ដារឡើងវិញ​ដែល​ផ្ដោត​ការយកចិត្តទុកដាក់​សំខាន់​លើ​វឌ្ឍនភាព​សម្រាប់​ស្ត្រី​និង​ក្មេងស្រី​"៕

​ដោយ Pauline Tamesis តំណាង​អង្គការសហប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុជា​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សក​ម្ម​ភាព​នាំមក​នូវ​ការផ្លាស់​-​ប្ដូរ​ដែល​ចាំបាច់​ត្រូវមាន​សូម​មើល​ឯកសារ​ការ​ឈ្វេងយល់​ស៊ីជម្រៅ​ពី​សមភាព​យេនឌ័រ​នៅ​កម្ពុជា​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ (United Nations Gender Equality Deep-Dive for Cambodia)