The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការផ្តល់​ថាមពល​ប្រកបដោយ​បរិ​យា​ប័ន្ន​ និង​និរន្តរភាព​ដល់​ភូមិ​ដាច់ស្រយាល​នៅ​កម្ពុជា​

ការផ្តល់​ថាមពល​ប្រកបដោយ​បរិ​យា​ប័ន្ន​ និង​និរន្តរភាព​ដល់​ភូមិ​ដាច់ស្រយាល​នៅ​កម្ពុជា​

Content image - Phnom Penh Post
ភូមិមួយនៅជនបទ​ទទួលបានប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះ​អាទិត្យប្រើប្រាស់​។ រូប UNDP កម្ពុជា

ការផ្តល់​ថាមពល​ប្រកបដោយ​បរិ​យា​ប័ន្ន​ និង​និរន្តរភាព​ដល់​ភូមិ​ដាច់ស្រយាល​នៅ​កម្ពុជា​

នៅសល់​រយៈពេល​មិន​ដល់​ ៨ ​ឆ្នាំ​នោះទេ ក្នុងការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs)​។ ដោយ​វឌ្ឍន​ភាព​នៃ​ការអនុវត្ត​គោលដៅ​ទាំងនេះ​នៅ​ទូទាំង​ពិភពលោក​មានការ​យឺត​ជាង​ការគ្រោងទុក បណ្តា​អ្នកដឹកនាំ​នៅលើ​ពិភពលោក​បាន​ជួបប្រជុំ​នៅ​អង្គការ​សហ​​ប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក កាលពី​ ២​ ឆ្នាំមុន និង​បាន​ស្នើសុំ​ឱ្យមាន “​ទសវត្សរ៍​នៃ​សកម្មភាព​” ដោយមាន​គោលដៅ​កៀរគរ​ហិរញ្ញប្បទាន ពង្រឹង​ការអនុវត្ត​ថ្នាក់ជាតិ​និង​ពង្រឹង​ស្ថាប័ន​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ត្រឹម​ឆ្នាំ ២០៣០​ ទៅតាម​ការគ្រោងទុក​។​

​ការទទួលបាន​ថាមពល ​គឺជា​កិច្ចការ​ដ៏​ងាយស្រួល​មួយ ដែល​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដូចជា កាត់បន្ថយ​ភាពក្រីក្រ ពង្រីក​កាលានុវត្តភាព​និង​ពង្រឹង​សុខុមាលភាព ផលិតភាព និង​ស្តង់ដា​នៃ​ការរស់នៅ​។ នេះ​គឺ​ជា​មូល​ហេតុដែល គោលដៅ​អភិវឌ្ឍ​ន៍ទី​៧ ធានាឱ្យមាន​ការ​​ទទួលបាន​ថាមពល​ទំនើប មានតម្លៃ​សមរម្យ អាច​ទុកចិត្តបាន និង​មាន​និរន្តរភាព សម្រាប់​គ្រប់គ្នា និង​នៅ​គ្រប់​ទីកន្លែង​។ កាលពី​ឆ្នាំមុន អ្នកដឹកនាំ​ជាង ១៣០ នាក់​នៅលើ​ពិភពលោក រួមទាំង ប្រមុខរដ្ឋ និង​រដ្ឋាភិបាល រដ្ឋមន្ត្រី នាយក​ប្រតិបត្តិ​នៃ​បណ្តា​អង្គ​​ភាព​នានា​របស់​អង្គការ​សហ​​ប្រជាជាតិ​ (UN) ​និង​អង្គការ​អន្តរ​ជាតិ អគ្គនាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ឯកជន និង​តំណាង​ភាគី​ពាក់​​ព័ន្ធ​ដទៃទៀត​បាន​ចូលរួម​កិច្ច​​សន្ទនា​កម្រិត​ខ្ពស់​ស្តីពី​ថាមពល នៅ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ពិភាក្សា​រដោះ​​ស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​គោលដៅ​អភិវឌ្ឍន៍​មួយ​នេះ​ជាពិសេស​។ នៅពេល​បញ្ចប់​កិច្ចប្រជុំ​នេះ គណៈប្រតិភូ​បានបង្ហាញ​ផែនទី​បង្ហាញផ្លូវ​ជា​សកល​មួយ ដើម្បី​ព​ន្លឿ​ន​សកម្មភាព​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៧ និង​បានប្រកាស​អំពី​គោលដៅ​ថ្មីៗ​ប្រកបដោយ​​មហិច្ឆតា រួមជាមួយ​ទឹកប្រាក់​ជាង ៤០០ ​ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​វិ​និ​​យោគ​ថ្មីៗ ដែលមាន​គោលដៅ​សម្រេច​ឱ្យបាន​នូវ​ការទទួលបាន​ថាមពល​ជាស​កល និង​ការមិន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។

​ផែនទី​បង្ហាញផ្លូវ​នេះ​ក៏​ទាមទារ​ឱ្យមាន​កិច្ចសហការ​ជា​អន្តរជាតិ​ដើម្បី​ផ្តល់​អាទិភាព និង​កៀរគរ​ហិរញ្ញវត្ថុ​នៅក្នុង​វិស័យ​សា​ធា​​រណៈ​និង​ឯកជន​ដើម្បី​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​ប្រភព​ថាមពល​។ ពួក​គេ​បាន​ទទួលស្គាល់ថា ការតភ្ជាប់​បណ្តាញ​អគ្គិសនី​ដល់​ភូមិ​ដាច់​​ស្រយាល​មានការ​ពិបាក​ប៉ុន្តែ អាច​សម្រេចបាន​តាមរ​យៈ​កា​រវិ​និ​យោគ​នៅក្នុង​វិស័យ​សាធារណៈ និង​តាមរយៈ​ការ​ងាក​ចេញពី​ការឧបត្ថម្ភ​ធន​ដល់​វិស័យ​ហ្វូ​ស៊ី​ល​ឥន្ធនៈ​។ ពួកគេ​បាន​រំពឹងទុក​ថា ការគាំទ្រ​ជា​សាធារណៈ​កាន់តែ​ខ្លាំងក្លា​នឹង​អាច​ជំរុញ​ដល់​ការ​​វិនិយោគ​របស់​វិស័យ​ឯកជន​ដោយ​ពុំមាន​ហានិភ័យ​។​

​ប្រទេស​កម្ពុជា ​បានដឹង​យ៉ាងច្បាស់​អំពី​គុណ​តម្លៃ​នៃ​ការទទួលបាន​ថាមពល​និង​មាន​វឌ្ឍនភាព​យ៉ាងខ្លាំង​ក្លា​នៅក្នុង​រយៈពេល​ ២​ ទសវត្សរ៍​កន្លងទៅនេះ ដោយ​ធនាគារពិភពលោក​ (World Bank) បានចាត់ទុក​កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ “​ប្រទេស​ផ្គត់ផ្គង់​អគ្គិសនី​លឿន​បំផុត​នៅលើ​ពិភពលោក​”​។ នេះ​ជា​​លទ្ធផល​បន្ទាប់ពី​កម្ពុជា បាន​ពង្រីក​ការទទួលបាន​ថាមពល​របស់ខ្លួន​ពី ៦,៦% នៅ​ឆ្នាំ​ ២០០០ ទៅ ៩៧,៥% ត្រឹម​ចុងឆ្នាំ​ ២០២១​។ យោងតាម​អាជ្ញាធរ​អគ្គិសនី​កម្ពុជានៅសល់​ភូមិ​ចំនួន ៣៥០ ដែល​គ្មាន​អគ្គិសនី​ប្រើ​​ប្រាស់នៅ​ដើមឆ្នាំ​ ២០២២​។ ដើម្បី​ផ្តល់​ពន្លឺ​អគ្គិសនី​ដល់​ភូមិ​ដាច់ស្រយាល​ (​សំដៅលើ​ដំណាក់កាល​ចុងក្រោយ​នៃ​ដំណើរ​ការពង្រីក​បណ្តាញ​អគ្គិសនី​) រាជរដ្ឋាភិបាល​មាន​ផែនការ​បន្ទាន់ ក្នុង​ការតភ្ជាប់​ខ្សែបណ្តាញ​អគ្គិ​ស​នី​ជាតិ​ទៅកាន់​ភូមិ​ចំនួន​ ១៧០ ក្នុង​រយៈពេល​ ៥ ទៅ​ ៧​ ឆ្នាំក្រោយ​។ ប៉ុន្តែ​នៅមាន​ភូមិ​ចំនួន​ ១៨០ ​ទៀត គ្មាន​អគ្គិសនី​ប្រើប្រាស់ ដែល​ភាគច្រើន​ជា​លំនៅឋាន​របស់​ជន​ងាយ​រងគ្រោះ​បំផុត​ដូចជា​ជន​​ជាតិ​ដើម​ភាគតិច​មនុស្ស​វ័យ​ចំណាស់ និង​ប្រជាជន​ដែល​ត្រូវបាន​បំ​ផ្លាស់​ទី​។​

​ការទំនាក់ទំនង​ទៅកាន់​ពួកគេ​មិន​​មែន​ជា​រឿង​ងាយស្រួល​នោះទេ ពីព្រោះ​សហគមន៍​ទាំងនេះ​ស្ថិតនៅ​រាយប៉ាយ​ និង​នៅ​ដាច់ស្រយាល​ដោយ​មិនអាច​ទៅដល់​តាមផ្លូវ​គោក​បាន​នោះទេ ដោយ​ភាគច្រើន​នៅក្នុង​តំបន់​បណ្តែត​ទឹក​។ លើសពីនេះ​ទៀត​ការតភ្ជាប់​សហគមន៍​ទៅនឹង​បណ្តាញ​អគ្គិសនី​ជាតិ​តាម​ធម្មតា គឺ​មិនទាន់​គ្រប់គ្រាន់​នោះទេ ពីព្រោះ​ការ​​ទទួលបាន​អគ្គិសនី​ដែល​ទុកចិត្តបាន និង​មានតម្លៃ​សមរម្យ នៅតែ​ជា​បញ្ហា​ប្រឈម​។ ជិត​ ២​ ភាគ​ ៣​ នៃ​គ្រួសារ​ដែល​បាន​ត​ភ្ជាប់​ខ្សែបណ្តាញ​អគ្គិសនី​ហើយ បាន​ជួបប្រទះ​នឹង​កង្វះខាត​អគ្គិសនី​ជា​​ញឹកញាប់​។ ដូច្នេះ​នៅក្នុង​គោ​លន​យោ​​បាយ​ផ្គត់ផ្គង់​អគ្គិសនី​នៅតាម​ជនបទ រាជរដ្ឋាភិបាល​កម្ពុជា បានស្នើ​សុំ​ជំនួយ​សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​ទៅកាន់​ភូមិ​ដែល​នៅសល់ និង​បង្កើន​ការ​ទុក​​ចិត្តបាន​នៃ​អគ្គិសនី​សម្រាប់​ភូមិ​ដែល​បាន​ត​ភ្ជាប់​ខ្សែបណ្តាញ​អគ្គិសនី​រួច​​រាល់​ហើយ​។​

​ធាតុ​សំខាន់ៗ​នៃ​ដំណោះស្រាយ​​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP)​ កំពុង​ឆ្លើយតប​នឹង​ការស្នើសុំ​នេះ​។ ផែនការ​យុទ្ធសាស្ត្រ ឆ្នាំ ​២០២២-២៥ របស់ UNDP បានរួម​បញ្ចូល​ការ​​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​គាំទ្រ​ប្រជាជន ៥០០ ​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ឱ្យទទួល​បាន​ថាមពល​ស្អាត ត្រឹម​ឆ្នាំ ​២០២៥ “​ការមិន​ទុក​នរ​​ណា​ម្នាក់​ចោល​។ យើង​ត្រូវការ​ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​បន្ថែមទៀត​ ដើម្បី​គាំទ្រ​ដល់​កម្លាំង​ជំរុញ​នេះ និង​លើកកម្ពស់​អភិក្រម​ដែល​ធានា​ចំពោះ​ការទទួលបាន​ថាមពល​ដែលមាន​តម្លៃ​សមរម្យ និង​អាច​ទុកចិត្តបាន ការផ្ទេរ​ដំណោះស្រាយ​ថ្មីៗ និង​អាច​សម្រេចបាន សម្រាប់​ការទទួលបាន​ថាមពល​ដែល​បំពេញ​តាម​តម្រូវ​ការខុសៗ​គ្នា និង​តម្រូវការ​អគ្គិសនី​។ អគ្គិសនី​កម្ពុជា (EDC) តាមរយៈ​មូលនិធិ​ផ្គត់ផ្គង់​អគ្គិ​​ស​នី​តាម​ទីជនបទ​របស់ខ្លួន បាន​ជួយ​ដល់​ប្រព័ន្ធ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅតាម​ផ្ទះ ដើម្បី​ទទួលបាន​ថាមពល​នៅតាម​សហគមន៍​ដែល​គ្មាន​អគ្គិសនី​ប្រើប្រាស់​។​

UNDP កំពុង​បំពេញបន្ថែម​លើ​កិច្ច​​ប្រឹងប្រែង​ទាំងនេះ តាមរយៈ​ការដំឡើង​បណ្តាញ​អគ្គិសនី​ខ្នាតតូច​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ​ដែល​ផ្តល់​ដំណោះស្រាយ​ដែល​អាច​សម្រេចបាន​ដល់​ការបង្កើន​លទ្ធភាព​ក្នុង​ការទទួល​​បាន​អគ្គិសនី និង​កាត់បន្ថយ​បញ្ហា​ប្រឈម​ផ្នែក​បច្ចេកទេស​នៃ​ប្រព័ន្ធ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺ​​ព្រះអាទិត្យ​នៅតាម​ផ្ទះ​ដែលមាន​បន្ទុក​ថាមពល ​(​អាគុយ​)​មាន​អាយុ​ខ្លី នៅ​ខណៈពេល​នៃ​ការបំពេញ​តាម​តម្រូវ​​ការ​អគ្គិសនី​ខុសៗ​គ្នា​ជាច្រើន​ដូចជា អគ្គិសនី​សម្រាប់​ចម្អិនម្ហូប កម្តៅ កិន​។​ល​។ បណ្តាញ​អគ្គិសនី​ខ្នាតតូច​ក៏មាន​ភាពងាយស្រួល​ក្នុងការ​ថែទាំ និង​ថែរក្សា​ផងដែរ ដោយសារ​ភាព​​ជឿនលឿន​នៃ​បច្ចេកវិទ្យា និង​សេដ្ឋកិច្ច​មាត្រដ្ឋាន។​

​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ (NGOs) និង​ស្ថាប័ន​នៅតាម​មូលដ្ឋាន​ដែល​យល់ច្បាស់​អំពី​សហគម​ន៍​ដែល​គ្មាន​អគ្គិសនី​ប្រើប្រាស់​ដើម្បី​កសាង​ទំនុកចិត្ត​របស់​សហគម​ន៍ និង​ស្វែងយល់​អំពី​ទិដ្ឋភាព​នៃ​សេដ្ឋកិច្ចសង្គម​។ NGOs និង​ស្ថាប័ន​នៅតាម​មូលដ្ឋាន មាន​តួនាទី​យ៉ាង​សំ​​ខាន់​នៅក្នុង​ការប្រើប្រាស់​ថាមពល​ដើម្បី​ផលិតភាព និង​ធ្វើឱ្យ​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង​។ UNDP បាន​ធ្វើជា​ដៃគូ​ជាមួយ​អង្គការ​សហការ​អន្តជាតិ​​កម្ពុជា​ (ICC) ដែលជា​អង្គការ​ក្នុង​មូល​​ដ្ឋា​ន​មួយ នៅ​ខេត្តរតនគិរី​ ដែល​បាន​ជួយ​កសាង​ទំនុកចិត្ត​របស់​សហគម​ន៍​និង​បាន​ព​ន្លឿ​ន​ការអនុវត្ត​គម្រោង​។​

​ធ្វើការ​ជាមួយ​សហគមន៍​តាំង​ដំ​​ណាក់​កាល​ដំបូង ​ដើម្បី​ពង្រឹង​សមត្ថ​-​ភាព​របស់​ពួកគេ​ក្នុង​ការធ្វើ​ប្រតិបត្តិការ និង​ថែទាំ​ប្រព័ន្ធ​មិន​ត​ភ្ជាប់​បណ្តាញ​​អគ្គិសនី​រដ្ឋ ពីព្រោះ​វា​មិន​ងាយស្រួល​នោះទេ ក្នុងការ​ទំនាក់ទំនង​ទៅកាន់​សហគមន៍​មួយចំនួន​ក្នុងចំណោម​សហគមន៍​ដែល​គ្មាន​អគ្គិសនី​ប្រើប្រាស់​ទាំងនេះ ​ក្នុងករណី​មាន​បញ្ហា​បច្ចេក​​ទេស​។ ដោយ​ការទទួលបាន​ថាមពល​មាន​ផលប៉ះពាល់​វិជ្ជមាន​ដោយផ្ទាល់​ចំពោះ​សុខភាព សុខុមាលភាព និង​កាលានុវត្តភាព​របស់​ស្ត្រី ដូច្នេះ​ត្រូវការ​ការចូលរួម​រប​ស់​ស្ត្រី​នៅ​គ្រប់​ដំណាក់​​កាល និង​នៅក្នុង​ការសម្រេចចិត្ត​នានា​។​

​រួមមាន​ដូចជា​ការសម្រេច​ចិត្ត​លើ​ការកំណត់​យន្តការ​គ្រប់គ្រង និង​ការកំណត់​តម្លៃ​អគ្គិសនី​សមរម្យ ដែល​គ្របដណ្តប់​លើ​ថ្លៃ​ថែទាំ និង​ធានា​ចំពោះ​ការតភ្ជាប់​ការផ្គត់ផ្គង់​អគ្គិសនី​ទៅកាន់​គ្រួសារ​ទាំងអស់​នៅក្នុង​ភូមិ​ដោយ​ផ្អែកលើ​គោលការណ៍​បរិ​យា​​ប័ន្ន និង​មិន​ទុក​នរណាម្នាក់​ចោល​។

​ធ្វើការ​ជាមួយ​អង្គភាព​វិស័យ​ឯកជន​នានា​ដូចជា សហគ្រាស​អគ្គិសនី​ជន​​បទ (REEs) ជាដើម​។ REEs ផ្តល់​ការផ្គត់ផ្គង់​អគ្គិសនី​ដល់​ខ្នង​ផ្ទះ​ចំនួន ៣៩​ ភាគរយ​ទូទាំងប្រទេស​កម្ពុជា​។ ពួកគេ​ក៏មាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​ពង្រីក​ការចែក​ចាយ​អគ្គិសនី​ទៅកាន់​តំបន់​ដាច់ស្រយាល​ផងដែរ​។ ​REEs រួមបញ្ចូល​ការផ្គត់ផ្គង់​អគ្គិសនី​ទៅកាន់​ភូមិ​ដែល​គ្មាន​អគ្គិសនី​ប្រើប្រាស់ ជា​ផ្នែក​មួយ​នៃ​គំរូ​អាជីវកម្ម​របស់​ពួកគេ តាមរយៈ​ការប្រើប្រាស់​បណ្តាញ​អគ្គិ​​ស​នី​ខ្នាតតូច​។ យើង​ចាំបាច់​ពិនិត្យមើល​ឡើងវិញ​លើ​មូលនិធិ​អគ្គិសនី​ជនបទ​ ដើម្បី​ពង្រីក​វិសាលភាព​ក្នុងការ​​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការផ្គត់ផ្គង់​អគ្គិ​​ស​នី​ដល់​តំបន់​មិនទាន់​ត​ភ្ជាប់​ខ្សែ​​បណ្តាញ​អគ្គិសនី​រដ្ឋ ពីព្រោះ​មូលនិធិ​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​បង្កើន​ការផ្គត់ផ្គង់​អគ្គិសនី ដែលមាន​សកម្ម​ភាព​មួយ​ភាគ​ធំ​ត្រូវបាន​សម្រេច​ហើយ​។​

​ការឆ្លើយតប​នឹង​ការស្នើសុំ​​រាជរដ្ឋាភិបាល​ជប៉ុន​បាន​ឆ្លើយតប​នឹង​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​រួចរាល់​ហើយ ដោយ​ប្រកាស​អំពី​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​ហៅថា ការទទួលបាន​ថាមពល​កកើត​ឡើងវិញ​ប្រកបដោយ​បរិ​យា​ប័ន្ន​នៅ​តំបន់​ជនបទ​ដែល​រួមបញ្ចូល​ទាំង​ការ​​ដំឡើង​បណ្តាញ​អគ្គិសនី​ខ្នាតតូច​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ និង​ការ​​បណ្តុះបណ្តាល​សហគមន៍​ក្នុង​មូល​​ដ្ឋា​ន ​ដើម្បីឱ្យ​ពួកគេ​អាច​ថែទាំ​បណ្តាញ​អគ្គិសនី​របស់​ពួកគេ​ដោយ​ខ្លួនឯង​។ គម្រោង​នេះ​នឹង​អនុវត្ត​ដោយ UNDP និង​ក្រសួង​រ៉ែ និង​ថាមពល ដោយ​ផ្តល់​អត្ថប្រយោជន៍​ដល់ ១ ៣០០ ​ខ្នង​ផ្ទះ ពង្រឹងគុណភាព​ជីវិត​របស់​ប្រជាជន​ប្រហែល ៦ ០០០​ នាក់ ដែល​ទទួលបាន​ថាមពល​ស្អាត​ដោយផ្ទាល់​មានតម្លៃ​សមរម្យ និង​អាច​ទុកចិត្តបាន​។ វា​ក៏​រួម​​បញ្ចូល​ការពង្រីក​គំរូ​អាជីវកម្ម​ដែលមាន​និរន្តរភាព​នាពេល​បច្ចុប្បន្ន រួមទាំង​បណ្តាញ​ខ្នាតតូច​ដែល​គ្រប់គ្រង​ដោយ​សហគមន៍ និង​ដំណើរការ​ដោយ REEs ផងដែរ​។​

​ប្រភព​អគ្គិសនី​ដែល​អាច​ទុកចិត្តបាន មាន​និរន្តរភាព និង​មានតម្លៃ​សមរម្យ គឺជា​កត្តា​អនុគ្រោះ​មួយ​សម្រាប់​វឌ្ឍន​​ភាព និង​ការកាត់បន្ថយ​ភាពក្រីក្រ​។ ប្រព័ន្ធ​ថាមពល​ផ្តល់​ការគាំទ្រ​ដល់​គ្រប់​វិស័យ​ទាំងអស់ ចាប់ពី​វិស័យ​វេជ្ជសាស្ត្រ​និង​វិស័យ​អប់រំ រហូតដល់​វិស័យ​កសិកម្ម ផលិតកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទំនាក់​​ទំនង និង​បច្ចេកវិទ្យា​ជាដើម​។​

​អាស្រ័យហេតុនេះ សង្គម​រស់នៅ​ទំនើបៗ​ពឹងផ្អែក​យ៉ាងខ្លាំង​ក្លា​លើ​សេវា​ថាមពល​ដែលមាន​តម្លៃ​សមរម្យ និង​អាច​ទុកចិត្តបាន ដើម្បី​បំពេញ​មុខងារ​បាន​យ៉ាង​រលូន និង​អភិវឌ្ឍ​ប្រកប​​ដោយ​សមធម៌​។ ដូច្នេះ UNDP ត្រៀមខ្លួន​ជាស្រេច និង​ប្តេជ្ញាចិត្ត​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន និង​ភាពជា​ដៃគូ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​ដើម្បី​ពង្រីក​ភាពជោគជ័យ​ក្នុង​ការធានា​ឱ្យទទួល​បាន​ថាមពល​ប្រើប្រាស់​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​៕

​អត្ថបទ​ដោយ ឯ​.​ឧ​.​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ឯ​.​ឧ​. Mikami Masahiro ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន ប្រចាំ​កម្ពុជា និង​លោកស្រី AlissarChaker អ្នកតំណាង​នៃ UNDP កម្ពុជា​

អត្ថបទគួរចាប់អារម្មណ៍