កាលពី​ ៥០ ឆ្នាំមុន​នៅ​ថ្ងៃទី ​៥ ខែ មិថុនា ឆ្នាំ ​១៩៧២ តំណាង​រដ្ឋាភិបាល​ជាង ១០០ ​រូប បាន​ជួបប្រជុំគ្នា​នៅក្នុង​ទីក្រុង​ស្តុក​ខុម (​ប្រទេស​ស៊ុយអែត​) ដើម្បី​ចូល​​រួម​ក្នុង​សន្និសីទ​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​បរិស្ថាន​មនុស្ស ដែល​ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា ជា​កិច្ចប្រជុំ​អន្តរ​ជាតិ​លើកដំបូង​បង្អស់​ផ្តោតលើ​បញ្ហា​បរិស្ថាន​។

ក្រោយ​សង្គ្រាម​​លោក​លើក​ទី​២ ការពិភាក្សា​អំពី​កិច្ចអភិវឌ្ឍន៍​នៅក្នុង​សកលលោក ភាគច្រើន​ផ្តោតលើ​របៀបវារៈ​កំណើនសេដ្ឋកិច្ច ហើយ​បន្ទាប់មក​ត្រូវបាន​ពង្រីក​វិសាលភាព​របៀបវារៈ​របស់​ខ្លួន ​ដើម្បី​បញ្ចូល​បញ្ហា​សង្គម​នានា ដូចជា​បញ្ហា​វិសមភាព​ជាដើម​។ ក្តីបារម្ភ​ទៅលើ​រឿង​បរិស្ថាន​ក៏​ទើបតែ​បានចាប់ផ្តើម​លេចចេញ​ជា​រូបរាង​នៅ​ទសវត្សរ៍​ទី​៧០ ​ប៉ុណ្ណោះ​។ ភ័ស្តុតាង​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​កាន់តែ​ច្រើនឡើង​ត្រូវបាន​ប្រមូល​ចងក្រង និង​បង្ហាញឱ្យឃើញ​ពី​ផលប៉ះពាល់​ដ៏​ធំ​មហិមា​ដែល​មាគ៌ា​នៃ​ការអភិវឌ្ឍ​ក្នុង​សកល​​លោក​បាន​បង្ក​ឡើងលើ​បរិស្ថាន​។

ក្នុង​សន្និសីទ​ទីក្រុង​ស្តុក​ខុម​នេះ ប្រតិភូ​បាន​ទទួលស្គាល់ថា យើង​មាន​«​ផែនដី​មានតែ​ ១»​ ហើយ​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​ការពារ​បរិស្ថាន​មាន​ទំនាក់​​ទំនង​ជាមួយគ្នា​ទៅវិញទៅមក​យ៉ាង​ជិតស្និទ្ធ​។ នេះ​គឺជា​សម្រង់​ខ្លឹមសារ​ខ្លះ​នៃ​សេចក្តីប្រកាស​របស់​សន្និសីទ​នេះ ដែល​បានក្លាយ​ជាគោលការណ៍​ស្នូល​ដ៏​សំខាន់​សម្រាប់​របៀបវារៈ​ដែល​ត្រូវ​ដាក់ចេញ​ក្រោយៗ​មកទៀត រួមទាំង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ផងដែរ​៖ «​មនុស្ស​មាន​សិទ្ធិ​ជា​មូល​​ដ្ឋា​ន ដើម្បី​ទទួលបាន​សេរីភាព សមភាព និង​លក្ខខណ្ឌ​នៃ​ការ​រស់​នៅ​ដែល​សមរម្យ ក្នុង​បរិស្ថាន​មួយ​ប្រកបដោយ​គុណភាព​ដែល​អនុ​​ញ្ញាត​ឱ្យ​ពួកគេ​ទទួលបាន​ជីវិត​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ និង​សុខុមាលភាព ហើយ​មនុស្ស​មានការ​ទទួល​ខុសត្រូវ​ដ៏​ឱឡារិក​ក្នុង​កិច្ចការពារបរិស្ថាន និង​ធ្វើឱ្យ​បរិស្ថាន​កាន់​តែមាន​ភាពប្រសើរ​ស​ម្រា​ប់​មនុស្ស​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​»​។​

៥០ ​ឆ្នាំ​ក្រោយមក ពាក្យពេចន៍​ទាំងនេះ​រឹត​តែមាន​សារៈសំខាន់​ជាង​ពេលណាៗ​ទាំងអស់​។ វា​មិនមែនជា​រឿង​ដែល​គួរឱ្យ​ភ្ញាក់​ផ្អើល​ឡើយ ដែល​ឃ្លា​ «​ផែនដី​មានតែ​ ១»​ ត្រូវបាន​ជ្រើសរើស​ធ្វើជា​ពាក្យស្លោក​និមិត្តរូប​សម្រាប់​ទិវា​បរិស្ថាន​ពិភពលោក ឆ្នាំ​ ២០២២​។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ សហគមន៍​អន្តរ​​ជាតិ​បាន​ជួបប្រជុំគ្នា​នៅក្នុង​ប្រទេស​ស៊ុយអែត ក្នុង​សន្និសីទ​ស្តុក​ខុម​+៥០ ​ក្រោម​ប្រធានបទ ​«​ភពផែនដី​ដែលមាន​សុខភាព​មាំមួន​ ដើម្បី​វិបុលភាព​ទាំងអស់គ្នា​៖ ការទទួលខុសត្រូវរ​បស់​យើង​ឱកាស​របស់​យើង​» ​ដើម្បី​ពិភាក្សា​ពី​សកម្មភាព​បន្ទាន់​ប្រកបដោយ​មហិច្ឆតា ដើម្បី​ធានា​ឱ្យបាន​នូវ​អនាគត​ដែល​កាន់តែ​ប្រកប​​ដោយ​និរន្តរភាព​។

​ជាការ​ពិត បើទោះជា​មានការ​​សម្រេច​វឌ្ឍន​ភាពជា​វិជ្ជមាន​ផ្នែក​គោលនយោបាយ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក៏ដោយ កណ្តឹង​ប្រកាសអាសន្ន​ពី​សុខភាព​របស់​ភពផែនដី​របស់​យើង​កំពុង​រោទ៍​ឮ​យ៉ាងខ្លាំង​ដើម្បី​ប្រកាស​ឱ្យ​យើងទាំងអស់គ្នា​បានដឹងថា យើង​បាន​ឈានចូល​ទៅក្នុង​ស្ថាន​​ភាពអាសន្ន ព្រោះតែ​វិបត្តិ​ជាច្រើន​ដែល​កំពុង​កើតមាន​នៅលើ​ភព​​ផែនដី ហើយ​ដែល​វិបត្តិ​ទាំងនេះ​ចាក់​ស្រែះ​ប្រទាក់ក្រឡា​គ្នា​ចាប់ពី​ការប្រែប្រួល​អាកាសធាតុ រហូតដល់​ការបាត់បង់​ជីវចម្រុះ ការ​​បំពុលបរិស្ថាន ហើយ​វិបត្តិ​ទាំងនេះ​បាននិងកំពុង​ធ្វើឱ្យមាន​វិសមភាព ហានិភ័យ​សុខភាព និង​បញ្ហា​អសន្តិសុខ​ជាស​កល​កាន់តែខ្លាំង​ឡើងៗ​។

មានការ​ប៉ាន់ប្រមាណ​ថា យើង​កំពុង​ប្រើប្រាស់​ធនធាន​កកើតឡើង​វិញ សមមូល​នឹង​អ្វីដែល​ត្រូវបាន​ផលិត​ដោយ​ភព​ផែនដី​ស្ទើរតែ​ ២ ​ភព (១,៦​ ភព​​ផែនដី​) ​ទើប​យើង​អាច​បន្ត​រក្សា​របៀប​រស់​នៅ​ដូច​បច្ចុប្បន្ននេះ​បាន ហើយ​ការរេចរឹល​នៃ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ប្រជាជន​ប្រមាណ ៤០% នៃ​ប្រ​ជា​ជន​សរុប​ក្នុង​ពិភពលោក​។

​ដូច្នេះហើយ យើង​មិនអាច​ខ្ជះ​​ខ្ជាយ​ពេលវេលា​ថែមទៀត​ទេ ប្រសិនបើ​យើង​ចង់​ស្តារ​ក្តីសង្ឃឹម​សម្រាប់​មនុស្ស​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​។ ធម្មជាតិ​ត្រូវតែ​ស្ថិតនៅ​ចំណុច​ស្នូល​នៃ​ការ​អភិ​​វ​ឌ្ឍ ហើយ​យើងទាំងអស់គ្នា ក្នុងនាម​ជា​សង្គម ក្រុមហ៊ុន និង​បុគ្គល​ម្នាក់ៗ​គួរ​ខិតខំ​ប្រឹងប្រែង​ឱ្យបាន​កាន់តែ​ច្រើនជាង​មុន ដើម្បី​រស់​​នៅក្នុង​ភាពសុខដុមរមនា​ជាមួយនឹង​ធម្មជាតិ​។ កណ្តឹង​អាសន្ន​នេះ​ក៏​កំពុង​រោទ៍​សម្រាប់​កម្ពុជា​ផង​​ដែរ​។ ប្រទេស​នេះ​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច និង​ការ​កាត់​​បន្ថយ​ភាពក្រីក្រ ក្នុង​អត្រា​មួយ​ដ៏​អស្ចារ្យ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ប៉ុន្តែ​ទន្ទឹមគ្នានេះ សម្ពាធ​មកលើ​ធនធានធម្មជាតិ និង​ផលប៉ះពាល់​មកលើ​បរិស្ថាន ក៏មាន​កាន់តែច្រើន​ផងដែរ​។

​ឧទាហរណ៍​គម្រប​ព្រៃឈើ​សរុប​ថយចុះ​ពី ​៥៧% មក ​៤៧% ចន្លោះ​ពី​ឆ្នាំ ​២០១០ ដល់​ឆ្នាំ ​២០១៨ ដែល​មិន​ត្រឹមតែ​នាំឱ្យ​មានការ​​បាត់បង់​ជីវចម្រុះ​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំឱ្យមាន​ការបាត់បង់​មុខរបរ​ចិញ្ចឹមជីវិត​របស់​ប្រជា​​ជន​នៅតាម​ជនបទ​ផងដែរ​។ ការ​​ថយចុះ​បែបនេះ​ក៏​បណ្តាលឱ្យ​ចំនួន​អាង​ស្តុក​កាបូន​មានការ​ថយចុះ ដែលនាំឱ្យ​មានការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កាន់តែច្រើន និង​រួមចំណែក​ធ្វើឱ្យមាន​ការប្រែប្រួល​អាកាសធាតុ​។ បើទោះបីជា​កម្ពុជា​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​តិចតួច​ក៏ដោយ ក៏​ព្រះរាជា​ណា​​ចក្រ​មួយ​នេះ គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​ងាយ​រងគ្រោះ​ជាងគេ​ដោយសារ​ការ​គំរាមកំហែង​បង្កឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ដូច្នេះ​ការដាក់ចេញ​នូវ​សកម្មភាព​អា​​កាស​ធាតុ និង​ការកសាង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ គឺជា​វិធានការ​ដ៏​ចាំបាច់​បំផុត​។ ជា​ការពិត​ប្រជាជន ​១ ​ភាគ​ធំ ​ពឹង​អាស្រ័យ​លើ​របរ​កសិកម្ម និង​រស់​​នៅក្នុង​តំបន់​ដែល​ងាយ​រង​គ្រោះ​នឹង​ហានិភ័យ​ទឹកជំនន់​។

លើសពីនេះ កំណើនប្រជាជន ការអភិវឌ្ឍ​ទីប្រជុំជន និង​បំ​ផ្លាស់​ប្តូរ​និន្នាការ​នៃ​ការប្រើប្រាស់ ក៏​នាំឱ្យ​បរិមាណ​សំណល់​កាន់តែ​មានការ​កើនឡើង​យ៉ាងច្រើន ដែល​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្បើម ជាពិសេស​ការកើនឡើង​នូវ​សំណល់​នៅតាម​ទីក្រុង​ធំៗ​។ ភាពខ្វះខាត​នៃ​ការគ្រប់គ្រង​សំណល់​ឱ្យបាន​សមស្រប​នាំឱ្យមាន​ការបំពុល​ខ្យល់ និង​ការកកស្ទះ​ប្រព័ន្ធ​លូ និង​ផ្លូវទឹក​ដែលនាំឱ្យ​មានការ​​កើនឡើង​នូវ​ហានិភ័យ​ជំនន់​ទឹក​​ភ្លៀង និង​ការបំពុល​តំបន់ឆ្នេរ ផ្លូវទឹក និង​ទឹក​ក្រោម​ដី​។​

​ទោះបីជា​បញ្ហា​ប្រឈម​មាន​ស្ថាន​ភាពមិន​សមប្រកប​ក៏ដោយ យើង​ក៏ត្រូវ​ពិនិត្យ​ទៅលើ​សញ្ញា និង​និន្នាការ​វិជ្ជមាន​នានា​ជាមុនសិន ហើយ​ប្រសិនបើ​យើង​រក្សា​ឱ្យមាន​និរន្តរភាព និង​ពង្រឹង​បន្ថែម​នូវ​ដំណោះស្រាយ​ជា​បន្តបន្ទាប់ នោះ​នឹង​ផ្តល់ឱ្យ​ប្រទេស​កម្ពុជា​នូវ​ឱកាស​សម្រាប់ធ្វើ​ការផ្លាស់​​ប្តូរ​ស្ថានភាព​ឆ្ពោះទៅកាន់​អនាគត​ប្រកបដោយ​និរន្តរភាព​សម្រាប់​ជា​ប្រយោជន៍​ដល់​សង្គមជាតិ​ទាំងមូល​។​

​ចំណុច​ទី​១ គឺមាន​ការទទួល​ស្គាល់​កាន់តែ​ច្រើនឡើង​ថា បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​មាន​ទំនាក់​​ទំនង​ទៅវិញទៅមក​ជាមួយនឹង​ទិដ្ឋភាព​សេដ្ឋកិច្ច និង​សង្គម​ដទៃទៀត​។ ដូច្នេះ​គេ​ចាំបាច់​ត្រូវ​ឆ្លើយ​​តប​ចំពោះ​បញ្ហា​ប្រឈម​ទាំងនោះ​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ​។ វា​ជា​រឿង​វិជ្ជមាន​ដែល​ត្រូវ​កត់សម្គាល់ថា ធម្មជាតិ និង​ការប្រែប្រួល​អាកាស​​ធាតុ​រឹតតែ​ត្រូវបាន​បញ្ជ្រាប​ទៅក្នុង​គោលនយោបាយ និង​ផែន​​ការ​តាម​វិស័យ​នានា​ជា​បណ្តើរៗ​។

ជា​ឧទាហរណ៍ ក្នុង​វិស័យ​ថាមពល​ការប្រកាស​មួយចំនួន​នាពេល​ថ្មីៗ​នេះ​ គឺជា​សញ្ញា​វិជ្ជមាន ដែល​ក្នុងនោះ​រួមមាន​ការប្រកាស​មិន​អនុញ្ញាតឱ្យ​មានការ​សាងសង់​បន្ថែមទៀត​នូវ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​នៅ​កម្ពុជា​លើកលែងតែ​គម្រោង​ណា​ដែល​បានទទួល​ការអនុម័ត​ត្រឹម​ឆ្នាំ ២០១៩​ ការប្រកាស​ពី​ការចាំបាច់​ឱ្យមាន​ការវិនិយោគ​បន្ថែមទៀត​លើ​ថាមពល​កកើត​ឡើងវិញ និង​ការ​ប្រកាសថា​ នឹង​លែង​មានការ​​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ធំៗ​បន្ថែមទៀត​នៅតាម​ដង​ទន្លេ​មេ​​គ​ង្គ​។

លើសពីនេះទៅទៀត គេ​ក៏​សង្កេតឃើញ​មានការ​ប្តេជ្ញាចិត្ត​ស្រដៀង​គ្នា​នេះ​នៅក្នុង​វិស័យ​ផ្សេងទៀត​ផងដែរ​។ ក្នុងន័យនេះ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (​ហៅថា UNDP) សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​ស៊ុយអែត បាននិងកំពុង​ធ្វើការ​ងារ​តាមរយៈ​សម្ព័ន្ធ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា ដើម្បី​ជួយ​កម្ពុជា​រៀបចំ​ផែនការ​ពហុ​​វិស័យ ដោយមាន​ការដាក់ចេញ​នូវ​ការប្តេជ្ញាចិត្ត​ជាក់លាក់ និង​ប្រកបដោយ​មហិច្ឆតា ដើម្បី​រួម​​ចំណែក​ក្នុងការ​សម្រេច​របៀប​​វារៈ​អាកាសធាតុ​សកល​។​

​អ្វី​ដែលជា​គន្លឹះ​ដ៏​សំខាន់​នាពេលនេះ​ គឺ​ត្រូវ​ព​ន្លឿ​ន​ការអនុវត្ត​ផែន​-​ការ​ទាំងនេះ​។ ខណៈពេលដែល​គេ​រំពឹងថា រដ្ឋាភិបាល​ត្រូវ​ដឹកនាំ​ដំណើរការ​នេះ ភាពជោគជ័យ​នៃ​ដំណើរការ​នេះ ក៏​ពឹង​អាស្រ័យ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ រួម​​ទាំង​វិស័យ​ឯកជន​ផងដែរ​។​

​ចំណុច​ទី​២ នោះ​គឺ​ការ​កើន​​ឡើង​នៃ​ការ​ទទួលស្គាល់ថា សកម្មភាព​ពាក់ព័ន្ធ​នឹង​ធម្មជាតិ និង​អាកាសធាតុ​ក៏​ផ្តល់នូវ​ឱកាស​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម​។ ដោយ​លើកយក​សក្តានុពល​នៃ​ការបង្កើត​ការងារ​បៃតង​ជា​ឧទាហរណ៍ ការ​​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​រយៈពេល​វែង​ស្តីពី​អព្យាក្រឹត​កាបូន នឹង​បង្កើត​ការងារ​ចំនួន ៤៤៩ ០០០ កន្លែង​ត្រឹម​ឆ្នាំ ​២០៥០​។

ផ្ទុយទៅវិញ មានការ​ប៉ាន់ប្រមាណ​ថា ការប្រែប្រួល​អាកាសធាតុ​នឹង​កាត់បន្ថយ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប ​(​ឬ GDP) មធ្យម​ប្រចាំឆ្នាំ​របស់​ប្រទេស​នេះ​ស្មើនឹង ១០% ត្រឹម​ឆ្នាំ ​២០៥០ ប្រសិន​បើ​ពុំមាន​ការអនុវត្ត​វិធានការ​បន្ស៊ាំ​បន្ថែមទៀត​ទេនោះ​។

​ខណៈដែល​កម្ពុជា​បន្តដំណើ​រលើ​មាគ៌ា​ឆ្ពោះទៅរក​ការ​ក្លាយខ្លួនជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ វិស័យ​ឯកជន​កាន់​តែមាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​វិនិយោគ​លើ​ដំណោះ​​ស្រាយ ដើម្បី​ធម្មជាតិ និង​វិធាន​​ការ​អាកាសធាតុ​។ ក្នុងន័យនេះ UNDP កំពុង​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធ​កម្ម​ជម្រើស​ហិរញ្ញវត្ថុ​របស់ខ្លួន ដើម្បី​គាំទ្រ​ដល់​របៀប​​វារៈ​អភិវឌ្ឍន៍ ដូចជា​តាមរយៈ​ហិរញ្ញប្បទាន​បៃតង​ដែលមាន​លក្ខណៈ​នវានុវត្តន៍​ជាដើម​។​

​ជា​ឧទាហរណ៍​នៅក្នុង​បរិបទ​នៃ​គំនិត​ផ្តួចផ្តើម​ហិរញ្ញប្បទាន​​ជីវចម្រុះ (​ឬ BIO-FIN)​ និង​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​ពិភព​​លោក UNDP កំពុង​គាំទ្រ​ដល់​ការរៀបចំ និង​ការដាក់ឱ្យ​អនុវត្ត​នូវ​ជម្រើស​ហិរញ្ញប្បទាន​ប្រកប​ដោយ​និរន្តរភាព​ជាច្រើន ​(​ដូចជា​ទីផ្សារ​កាបូន និង​ទេសចរណ៍ធម្មជាតិ​) ដើម្បី​ផ្តល់​ហិរញ្ញ​ប្ប​​ទាន​ដល់​ការអភិរក្ស និង​ការ​​គ្រប់គ្រង​ជីវចម្រុះ​ក្នុង​តំបន់​ការ​ពារ​ធម្មជាតិ​។

​លើសពីនេះ​ UNDP ក៏​បាននិងកំពុង​សហ​ការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ជប៉ុន​ក្នុងការ​​គាំទ្រ​ដល់​ការបង្កើត​យន្តការ​គោល​​នយោបាយ ដើម្បីឱ្យ​វិស័យ​ឯក​​ជន​ធ្វើការ​កាត់បន្ថយ​បរិមាណ​ប្លា​ស្ទិ​ក​ផងដែរ​។​

​ចំណុច​ទី​៣ ប្រជាជន​កាន់តែ​មានការ​យល់ដឹង​អំពី​ភាពចាំបាច់​ក្នុង​ការគិត​សាជាថ្មី​ពី​របៀប​ដែល​យើង​រស់នៅ និង​ប្រើប្រាស់ ក៏ដូចជា​តួនាទី​ដែល​យើង​ម្នាក់ៗ​អាចធ្វើ​បាន ដើម្បី​នាំមក​នូវ​ការ​​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​។ អ្វី​ដែលជា​គន្លឹះ​សំខាន់​នោះ​គឺ ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​អប់រំ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ភាព​អង់អាច ដើម្បីឱ្យ​ប្រជាជន​អាចធ្វើ​សកម្មភាព និង​មាន​ជម្រើស​វៃឆ្លាត​។ នេះ​គឺជា​អ្វីដែល​ពាក់ព័ន្ធ​ជាពិសេស​ចំពោះ​យុវជន ដែល​កាន់តែ​យក​​ចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​និរន្តរ​​ភាព​ដោយសារតែ​កម្រិត​អប់រំ និង​ការយល់ដឹង​កាន់តែ​ខ្ពស់​របស់​ពួកគេ​ (​ដូចជា​តាមរយៈ​បណ្តាញ​សង្គម​)​។ ការយល់ដឹង​ថ្មី​បែបនេះ ក៏​ជំរុញឱ្យមាន​នវានុវត្តន៍ និង​នាំឱ្យមាន​ផល​ជា​វិជ្ជមាន​មកលើ​និរន្តរភាព​ផងដែរ តាមរយៈ​ការផ្លាស់ប្តូរ​របៀប​ដែល​យើង​ផលិត និង​ប្រើប្រាស់ និង​ទំនាក់​​ទំនង​កាន់តែ​ទូលំទូលាយ​ជាមួយនឹង​ធម្មជាតិ និង​ធនធាន​របស់​វា​។

ក្នុងន័យនេះ UNDP តាមរយៈ​កម្មវិធី Accelerator Lab ក៏​កំពុង​រិះរក និង​ទាញ​ប្រយោជន៍​ពី​សក្តានុពល​ដែល​កើតចេញពី​នវានុវត្តន៍​នេះ តាមរយៈ​ការ​​ឈ្វេងយល់​ពី​បញ្ហា​ប្រឈម និង​ឱកាស​ថ្មីៗ​ព្រមទាំង​ពិនិត្យមើល​វិធីសាស្ត្រ​ដែល​ប្រជាជន​កំពុង​អនុវត្ត ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ទាំងនោះ​ក៏​ដូច​​ជាការ​ធ្វើតេស្ត​សាកល្បង និង​ពង្រីក​វិសាលភាព​ដំណោះស្រាយ​ដែល​ដែល​ពិចារណា​ពី​ទិដ្ឋភាព​យេនឌ័រ និង​ទិដ្ឋភាព​អន្តរ​ជំនាន់​ដូចគ្នា​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​នៅ​កម្រិត​សកល​នានា ដូចជា​គំនិត​ផ្តួចផ្តើម​មិនយឺត​ពេល​ពេក​ទេ និង​វេទិកា​លើកកម្ពស់​ភាព​អង់អាច​របស់​យុវជន​ក្នុងការ​​អនុវត្ត​សកម្មភាព​អាកាសធាតុជាដើម​។​

​ចំណុច​ចុងក្រោយ នៅក្នុង​ទិវា​​បរិស្ថាន​ពិភពលោក​ឆ្នាំនេះ​ យើង​ត្រូវ​រំឭក​ប្រាប់​ខ្លួន​យើង​ថា យើង​មាន​ភពផែនដី​តែ ១​ គត់ ហើយ​ធម្មជាតិ​ត្រូវតែ​ជា​ស្នូល​នៃ​ការ​​អភិវឌ្ឍ និង​ត្រូវតែ​ជា​កម្លាំងចលករ ដើម្បី​ជួយ​សម្រេច​គោល​​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទាំងអស់​។ ​ការរស់នៅ​ដោយមាន​ភាពសុខដុមរមនា​ជាមួយនឹង​ធម្មជាតិ​ គឺជា​ជម្រើស​តែ ​១ ​គត់ ​ដែល​យើង​មាន​! UNDP ប្តេជ្ញា​ពង្រីក​វិសាលភាព​នៃ​កិច្ច​​ខិតខំ​ប្រឹងប្រែង និង​ភាពជា​ដៃគូ​នានា ដើម្បី​លើកកម្ពស់​ដំណោះ​​ស្រាយ​ដោយ​ផ្អែកលើ​ធម្មជាតិ និង​វិធានការ​អាកាសធាតុ​នានា ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​៕

​អត្ថបទ​ដោយ​៖ លោកស្រី AlissarChaker, អ្នកតំណាង UNDP ប្រចាំ​កម្ពុជា​

​លោក Paolo Dalla Stella, អ្នកឯកទេស​ផ្នែក​គោ​លន​យោ​​បាយ​បរិស្ថាននៃ UNDP ប្រចាំ​កម្ពុជា​