ភ្នំពេញៈ នៅ​ថ្ងៃទី​ ៤ ​កក្កដា ឆ្នាំ​ ២០២២​ នេះ ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា ចូលរួម​ជាមួយ​ប្រជាជន​អាមេរិក នៅ​ទូទាំង​សកលលោក ដើម្បី​អបអរ​ខួប​លើក​ទី​ ២៤៦ នៃ​ការប្រកាស​ឯករាជ្យ​របស់​យើង​។

ឯកសារ​ដើម​ពី​សតវត្សរ៍​ទី​ ១៨ នៅតែមាន​សំឡេង​ខ្ទរខ្ទារ​រហូត​ដល់​សព្វថ្ងៃនេះ ដែលជា​ការ​រំឭក​យើង​ឱ្យដឹងថា មនុស្ស​ទាំងអស់​កើតមក​មាន​សមភាព ហើយ​មិនអាច​ត្រូវបាន​គេ​បដិសេធ​ក្នុង​ការ​ទទួលបាន​សិទ្ធិ​ជា​មូលដ្ឋាន ក្នុង​ការ​មាន “​ជីវិត សេរីភាព និង​សិទ្ធិ​ក្នុងការ​ស្វែងរក​សុភមង្គល​” ទេ​។

ក្នុង​ប្រវត្តិសាស្ត្រ​ទាំងមូល​របស់​យើង យើង​បាន​ខិតខំ​បំពេញ​តាម​ឧត្តមគតិ ដែល​បង្កើត​ប្រជាជាតិ​របស់​យើង និង​ដែល​ធានា​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នូវ​សេរីភាព និង​សិទ្ធិ​ជា​មូលដ្ឋាន ដោយ​មាន​រដ្ឋាភិបាល​ដែលមាន​ការទទួល​ខុសត្រូវ​ចំពោះមុខ​ពលរដ្ឋ​របស់ខ្លួន​។ គុណ​តម្លៃ​ទាំងនេះ​បន្ត​មាន​ភាពរស់រវើក ហើយ​រំឭក​យើង​ពីអ្វី ដែល​កំណត់​ខ្លួន​យើង​ជា​ប្រជាជាតិ​មួយ ហើយ​ជំរុញ​ការខិតខំ​ជា​បន្ត ដើម្បី “​បង្កើតជា​ប្រជាជាតិ​មួយ​ដែលមាន​ភាព​កាន់តែ​ល្អ​ឡើងៗ​”​។

ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​បាន​ដឹងថា ប្រជាជន​កម្ពុជា​ក៏មាន​សេចក្តី​ប៉ងប្រាថ្នា​ជា​សកល​ទាំងនេះ​ដូច​យើង​ដែរ​។ ដូច​មិត្ត​ជា​ជនជាតិ​អាមេរិក​របស់គេ​ដែរ ប្រជាជន​កម្ពុជា​តស៊ូ ដើម្បី​សេចក្តី​ថ្លៃថ្នូរ សមភាព សេរីភាព និង​សិទ្ធិ​ក្នុង​ការជ្រើសរើស​រដ្ឋាភិបាល​មួយ ដែលមាន​ការទទួល​ខុសត្រូវ​ចំពោះ​ពលរដ្ឋ​របស់ខ្លួន​។

ខ្ញុំ​មើលឃើញ​ការពិត​នេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​។ ខ្ញុំ​មើល​ឃើញ​ចំណុច​នេះ​ក្នុង​ក្តីសង្ឃឹម និង​សេចក្តី​ប៉ងប្រាថ្នា​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ខ្ញុំ​បានឮ​វា ក្នុង​សំឡេង​របស់​អ្នក​ដែល​ឡើង​និយាយ​គាំទ្រ​សិទ្ធិ​ការងារ និង​សិទ្ធិ​បរិស្ថាន សេរីភាព​សារព័ត៌មាន និង​ការការពារ​ឯករាជភាព​របស់​ប្រទេស​កម្ពុជា​។

ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​គុណតម្លៃ​ប្រជាធិបតេយ្យ ដែល​ត្រូវ​បានចែង​ក្នុង​សេចក្តី​ប្រកាស​ឯករាជ្យ និង​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋអាមេរិក ថែមទាំង​ដឹកនាំ​គោលនយោបាយ​ការបរទេស​របស់​យើង ដែល​មានបំណង​ធ្វើឱ្យ​ពិភពលោក​មាន​សន្តិសុខ វិបុលភាព និង​សន្តិភាព​កាន់តែ​ច្រើន​។

ការណ៍​នេះ​ស្តែងចេញ​ក្នុង​ការគាំទ្រ​របស់​យើង ចំពោះ​ប្រទេស​អ៊ុយក្រែន នៅពេល​ដែល​ប្រទេស​នេះ ការពារ​បូរណភាព និង​អធិបតេយ្យភាព​ជាតិ​របស់ខ្លួន​។ យើង​ចូលរួម​ជាមួយ​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃ​ជាច្រើន​ទៀត​ក្នុង​ការ​សហការ​គាំទ្រ​ដំណោះស្រាយ​របស់​អង្គការ​សហប្រជាជាតិ ដោយ​ថ្កោលទោស​ការឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី ហើយ​ទាមទារ​ឱ្យ​បញ្ឈប់​សង្គ្រាម​ដែល​គ្មាន​ការបង្ក​ហេតុនេះ​។ យើង​ក៏​ធ្វើការ​ផងដែរ​ជាមួយ​ប្រទេស​កម្ពុជា ដែល​ពេលនេះ ជា​ប្រធាន​អាស៊ាន ដើម្បី​ដោះស្រាយ​រឿង​រដ្ឋប្រហារ​យោធា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជាប់ឆ្នោត​នៅ​ប្រទេស​ភូមា ហិង្សា ដែលមាន​ជា​បន្ត​មក ហើយ​និង​វិបត្តិ​មនុស្សធម៌​។

យើង​បាន​ដឹកនាំ​ភារកិច្ច​ក្នុង​ការបង្កើត និង​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ដែល​ជួយ​ជីវិត​មនុស្ស​នៅ​ទូទាំង​សកលលោក​។ ចាប់​តាំងពី​មាន​មេរោគ​រាតត្បាត​នេះ​មក សហរដ្ឋ​អាមេរិក​បាន​ផ្តល់​វ៉ាក់សាំង​ចំនួន​ ៣​ លាន​ដូស​ដល់​ប្រជាជន​កម្ពុជា ហើយ​យើង​គ្រោង​នឹង​ផ្តល់​បន្ថែមទៀត​នៅ​ឆ្នាំនេះ ជា​ការបន្ថែម​លើ​ថវិកា​ចំនួន​ ១៦ ​លាន​ដុល្លារ ជា​ការគាំទ្រ​បន្ថែម ដែល​យើង​បានរួម​ចំណែក ក្នុង​ការដោះស្រាយ​ផលប៉ះពាល់​ ដោយសារ​ជំងឺ​កូវីដ​ ១៩​។

ក្នុង​កាលៈទេសៈ​ដ៏លំបាក​នេះ សហរដ្ឋអាមេរិក​ឈរ​នៅ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់ខ្លួន ដែល​រួមមាន​ទាំង​ប្រជាជន​កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​ជាមួយ​នឹង​គោលបំណង និង​ការប្តេជ្ញា​ចិត្ត​ច្បាស់លាស់​៕

លោក W. Patrick Murphy ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា