The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្លាស្ទិក​ជា​ផ្នែក​មួយ​នៃ​យើង​ទាំងអស់​គ្នា​ ដល់​ពេល​ត្រូវ​ចាត់វិធានការ​ប្រឆាំង​នឹង​ការបំពុល​ដោយ​ប្លាស្ទិក

ប្លាស្ទិក​ជា​ផ្នែក​មួយ​នៃ​យើង​ទាំងអស់​គ្នា​ ដល់​ពេល​ត្រូវ​ចាត់វិធានការ​ប្រឆាំង​នឹង​ការបំពុល​ដោយ​ប្លាស្ទិក

Content image - Phnom Penh Post
កម្មករ​កំពុង​កើប​ប្រមូល​សំរាម ​(​មួយចំនួន​ប្លាស្ទិក​)​ ដាក់​រថយន្ត​នៅ​សង្កាត់​ចាក់អង្រែ​លើ​ពី​ខែមករា​។ រូបថត ភ្នំពេញ​ ប៉ុស្តិ៍

ប្លាស្ទិក​ជា​ផ្នែក​មួយ​នៃ​យើង​ទាំងអស់​គ្នា​ ដល់​ពេល​ត្រូវ​ចាត់វិធានការ​ប្រឆាំង​នឹង​ការបំពុល​ដោយ​ប្លាស្ទិក

ការបំពុល​ដោយ​ប្លាស្ទិក គឺជា​វិបត្តិ​សុខភាព​សាធារណៈ​​

មីក្រូ​ប្លាស្ទិក ដែល​ជា​កម្ទេច​កម្ទី​ប្លាស្ទិក​តូច​ល្អិត​មាន​ទំហំ​តិចជាង ៥ ​មិល្លីម៉ែត្រ ស្ថិតនៅ​គ្រប់​ទិសទី​រួមទាំង​ក្នុង​សារពាង្គកាយ​របស់​យើង​។ កាលពី​ឆ្នាំ ២០១៨ វា​ជា​លើក​ទី​ ១ ដែល​គេ​បាន​រកឃើញ​មីក្រូ​ប្លាស្ទិក​នៅក្នុង​លាមក​មនុស្ស​។ ​ក្នុង​ខែមីនា ឆ្នាំ​ ២០២២ គេ​បាន​រកឃើញ​មីក្រូ​ប្លាស្ទិក​នៅក្នុង​សួត និង​ឈាម​របស់​មនុស្ស​។ មីក្រូ​ប្លាស្ទិក​ចូលទៅក្នុង​សារពាង្គកាយ​របស់​យើង​តាមរយៈ​អាហារ​ដែល​យើង​បរិភោគ ទឹក​ដែល​យើង​ផឹក និង​សូម្បីតែ​ខ្យល់​ដែល​យើង​ដក​ដង្ហើមចូល​។ ដោយសារ​តែ​មីក្រូ​ប្លាស្ទិក​អាច​កើន​ចំនួន​បន្តិច​ម្តងៗ​មាន​មូលហេតុ​ជាច្រើន​ដែល​យើង​គួរ​បារម្ភ​ពី​ផលវិបាក​ដែល​អាច​កើតមានឡើង​មកលើ​សុខភាព​របស់​យើង​។

ហេតុអ្វី​បានជា​មីក្រូ​ប្លាស្ទិក​មាន​វត្តមាន​នៅ​គ្រប់​ទិសទី​បែបនេះ​?

ចន្លោះ​ពី​ឆ្នាំ​ ១៩៥០ ដល់​ឆ្នាំ ២០២០ ផលិតកម្ម​ប្លាស្ទិក​មាន​ការកើនឡើង​យ៉ាងគំហុក​ជា​រៀងរាល់​ឆ្នាំ​ពី​ ១,៥ លាន​តោន រហូត​ដល់ ៣៦៧ លាន​តោន​។ ផលិតកម្ម​សរុប​នៅក្នុង​សកលលោក​មាន​លើសពី ៨ ​ពាន់​លាន​តោន​កន្លងមក​។ នេះ​រាប់បញ្ចូល​ប្លាស្ទិក​ដែល​ប្រើប្រាស់​សម្រាប់​វេចខ្ចប់ (៣៦% នៃ​ផលិតកម្ម​សរុប​) សំណង់ (១៦%) និង​ការផលិត​វាយនភណ្ឌ (១៤%)​។

ប្លាស្ទិក​ផ្តល់​ភាពងាយស្រួល​ក្នុង​ការប្រើប្រាស់​មាន​ច្រើន​ប្រភេទ និង​មាន​តម្លៃថោក ប៉ុន្តែ​បរិមាណ​ដ៏​ច្រើន​មហិមា​នៃ​ផលិតកម្ម​នេះ គឺ​លើសពី​សមត្ថភាព​របស់​យើង​ក្នុង​ការធ្វើ​ប្រព្រឹត្តិកម្ម​សំណល់​ប្លាស្ទិក​ប្រកប​ដោយ​សុវត្ថិភាព​ជាពិសេស​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដោយសារ​ការចាក់ចោល​សំរាម​មិន​ស្របច្បាប់ និង​កង្វះ​ប្រព័ន្ធគ្រប់គ្រង​សំណល់​។

នាពេល​បច្ចុប្បន្ននេះ មាន​ប្លាស្ទិក​ដែល​ប្រើ​ហើយ​ត្រឹមតែ ៩% ប៉ុណ្ណោះ​ដែល​ត្រូវបាន​កែច្នៃ ដើម្បី​យក​មក​ប្រើប្រាស់​ឡើងវិញ​ដោយសារ​តែ​មិនមែន​គ្រប់​ប្លាស្ទិក​ទាំងអស់ សុទ្ធតែ​គេ​អាច​យកមក​កែច្នៃ​បាន​ឡើយ​។ ប្លាស្ទិក​ប្រហែល ២០% ត្រូវ​បាន​ដុតចោល​ដែល​បណ្តាល​ឱ្យ​មាន​បញ្ហា​សុខភាព​ជាច្រើន អាស្រ័យ​ទៅតាម​របៀប និង​កម្រិត​សុវត្ថិភាព​នៃ​ការដុត រាប់​ចាប់ពី​ការដុត​ធម្មតា​រហូត​ដល់​ការប្រើ​ឡដុត​សំណល់​ប្លាស្ទិក​។ ប្លាស្ទិក​ដែល​នៅសល់​ចំនួន​ ៧០% ទៀត​ត្រូវបាន​ចាក់ចោល​ក្នុង​ទីលាន​ចាក់សំរាម ឬ​ត្រូវបាន​ចាក់ចោល​នៅតាម​ចិញ្ចើមផ្លូវ​ក្នុង​ទន្លេ ក្នុងព្រៃ និង​ក្នុង​សមុទ្រ​។

ជា​សកល ៨១% នៃ​សំណល់​ប្លាស្ទិក​ហូរ​ចូលក្នុង​មហាសមុទ្រ​មាន​ប្រភពពី​ទ្វីបអាស៊ី​។ ជា​ឧទាហរណ៍​ប្រទេស​នៅ​តំបន់​អាស៊ី-​អាគ្នេយ៍​រួមចំណែក​ចម្បង​ក្នុងការ​បង្ហូរ​សំណល់​ប្លាស្ទិក​ពី​ដីគោក​ចូល​ទៅក្នុង​មហាសមុទ្រ​ពិភពលោក​ដោយ​ប្រទេស​ចំនួន ៦ ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំង ១០​​ប្រទេស​បាន​ផលិត​សំណល់​ប្លាស្ទិក​ជារួម​ចំនួន​ ៣១​ លាន​តោន​ក្នុង​​ ១​ ឆ្នាំ​។

នៅពេល​ដែល​ប្លាស្ទិក​បំពុល​បរិស្ថាន​ហើយ​នោះ​វា​ពិតជា​ពិបាក​ក្នុង​ការសម្អាត​ណាស់​។ ប្លាស្ទិក​ធន់​នឹង​បរិយាកាស​បានយូរ និង​អាច​ជ្រាប​ចូលក្នុង​បរិស្ថាន​ជុំវិញ​បាន​យ៉ាង​ងាយ​។ ប្លាស្ទិក​អាច​មាន​វត្តមាន​ក្នុង​បរិស្ថាន​រហូតដល់ ៥០០​​ឆ្នាំ​បន្ទាប់មក​បំបែក​ខ្លួន​បន្តិច​ម្តងៗ​ទៅជា​មីក្រូ​ប្លាស្ទិក​ដែល​អាច​រសាត់​ដោយ​សេរី​ទៅក្នុង​ទឹក និង​ខ្យល់​។ ​បន្ទាប់មក ប្លាស្ទិក​ក៏មាន​វត្តមាន​ក្នុង​ខ្សែចង្វាក់​អាហារ​របស់​មនុស្ស ព្រោះ​វា​ត្រូវបាន​ស៊ី ឬ​លេប​ចូល​ទៅក្នុង​ពោះ​ដោយ​សត្វ​ត្រី អណ្តើក ឬ​សត្វបក្សី និង​ពេលខ្លះ សត្វ​ទាំងនោះ​ត្រូវបាន​រុំ​ជុំវិញ​ខ្លួន​ដោយ​ប្លាស្ទិក ហើយក៏​ត្រូវស្លាប់​។

ដូច្នេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​?

វិបត្តិ​ប្លាស្ទិក​បែបនេះ តម្រូវ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា រិះរក​អ្វីដែល​ត្រូវធ្វើ​ផ្សេង​ពីមុន ដើម្បី​បង្កើត​នូវ​សេដ្ឋកិច្ច​វិលជុំ ដែល​បរិមាណ​សំណល់​ស្មើ​សូន្យ​។ ​ដោយហេតុថា ការផលិត​មាន​ច្រើន​លើសពី​សមត្ថភាព​ក្នុង​ការធ្វើ​ប្រព្រឹត្តិកម្ម​ជា​កា​ចាំបាច់​ដែល​គេ​ត្រូវ​អនុវត្ត​វិធានការ ដើម្បី​កាត់បន្ថយ​ឱ្យបាន​ច្រើន​បំផុត​នូវ​ការផលិត និង​ការប្រើប្រាស់​ប្លាស្ទិក​។ វិធានការ​ទាំងនេះ គួររៀបចំ​ឱ្យចំ​គោលដៅ ជាពិសេស​លើ​ប្លាស្ទិក​ដែល​គេ​អាច​ប្រើប្រាស់​បានតែ​ ១ ​ដង ដូចជា​ថង់ បំពង់​បឺត និង​ប្លាស្ទិក​ប្រើប្រាស់​សម្រាប់​វេចខ្ចប់​ជាដើម ដែល​ត្រូវបាន​គេ​បោះចោល​ភ្លាម​ក្រោយពេល​គេ​ប្រើប្រាស់​រួច​។

ភាព​ឆោតល្ងង់​នៃ​ការពឹង​អាស្រ័យ​លើ​ប្លាស្ទិក​ដែល​ប្រើ​បានតែ​ ១ ​ដង​បែបនេះ ស្តែងចេញ​ឱ្យឃើញ​យ៉ាងច្បាស់ ព្រោះថា រយៈពេល​ប្រើប្រាស់​ប្លាស្ទិក​ទាំងនេះ​ត្រឹមតែ​ប៉ុន្មាន​នាទី ប៉ុន្តែ​ផលវិបាក​អវិជ្ជមាន​របស់​វា​វិញ គឺមាន​រហូតដល់​រាប់សិប​ទសវត្សរ៍ ឬ​សតវត្សរ៍​ឯណោះ​។

វិធានការ បទប្បញ្ញត្តិ​ក៏ដូចជា​ការលើក​ទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ និង​ឆន្ទៈ​មិន​គាំទ្រ​នានា​ត្រូវបាន​អនុវត្ត​ដើម្បី​កាត់បន្ថយ​ការផលិត​ប្លាស្ទិក​ដែល​ប្រើ​បានតែ​ ១​ ដង​និង​ពន្លឿន​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដូចជា​ការប្តូរ​ពី​ការប្រើប្រាស់​ប្លាស្ទិក​ប្រើ​បានតែ​ ១ ​ដង​ទៅកាន់​ការប្រើប្រាស់​ប្លាស្ទិក​ដែល​ប្រើ​បាន​ច្រើនដង​ និង​ជម្រើស​ផ្សេងៗ​ដែល​ប្រកប​ដោយ​និរន្តរភាព​ព្រមទាំង​ការរចនា​ផលិតផល​ដែល​អាច​កែច្នៃ​ឡើងវិញ​បាន​យ៉ាង​ងាយស្រួល​។ នៅពេល​បច្ចុប្បន្ននេះ មាន​ប្រទេស​ជាង​ ១២៧ ដែល​បាន​ដាក់ឱ្យ​អនុវត្ត​វិធានការ​គតិយុត្ត ដូចជា ការដាក់​បម្រាម និង​ការយកពន្ធ និង​ថ្លៃ​សេវា ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​ប្លាស្ទិក​ដែល​អាច​ប្រើ​បានតែ​ ១ ​ដង​។

រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី ហ្វីលីពីន និង​ថៃ​បាន​អនុម័ត​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​វិលជុំ​ ដើម្បី​ផ្តល់​អាទិភាព​ដល់​គោលនយោបាយ និង​ការវិនិយោគ​ទាក់ទង​នឹង​ប្លាស្ទិក​។

ជាការ​ពិតណាស់​អភិបាលកិច្ច​ល្អ​គឺជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ ប៉ុន្តែ​កិច្ចសហប្រតិបត្តិការ​ និង​ការគាំទ្រ​ពី​អាជីវកម្ម និង​អ្នកប្រើប្រាស់​ត្រូវតែ​ចូលរួម​អនុវត្ត​ទន្ទឹមគ្នា​ផងដែរ​។ ​នៅក្នុង​សកលលោក​ទាំងមូល​ក៏មាន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ ដើម្បីឱ្យ​មាន​ការផ្លាស់ប្តូរ​ឥរិយាបថ ការប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព និង​ការជំរុញ​ឱ្យមាន​ការកែច្នៃ​ជាច្រើន​ប្រភេទ​ផងដែរ​។

ការ​ស្ទាបស្ទង់​ការយល់ឃើញ​ជុំវិញ​សំណល់​ប្លាស្ទិក​ (Plastic Waste Perceptions Survey) ​ពី​អ្នកប្រើប្រាស់​ចំនួន ​២ ០០០ ​នាក់ និង​ស្ថាប័ន ឬ​ក្រុមហ៊ុន​ក្នុង​អាជីវកម្ម​អាហារ និង​ភេសជ្ជៈ​ចំនួន ​៤០០​ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី​ហ្វីលីពីន ថៃ និង​វៀតណាម​ដែល​ធ្វើឡើង​ដោយ​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ (UNEP) និង​ឧស្សាហកម្ម​ម្ហូបអាហារ​អាស៊ី (FIA) ក្នុង​ឆ្នាំ​ ២០២០ ​បាន​រកឃើញ​ថា ៩១% នៃ​អ្នកប្រើប្រាស់​ «​មាន​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​»​ អំពី​សំណល់​ប្លាស្ទិក​។​ ប៉ុន្តែ​ជាង​ពាក់កណ្តាល​នៃ​អ្នកប្រើប្រាស់​ដែល​បាន​ស្ទង់មតិ​នេះ នៅតែ​បន្ត​ប្រើប្រាស់​វត្ថុ​ប្លាស្ទិក​ដែល​មិន​កែច្នៃ​ឡើងវិញ​ ដោយសារ​តែ​បទដ្ឋាន​វប្បធម៌​ និង​កង្វះ​ការយល់ដឹង​អំពី​វត្ថុ​ដែល​អាច​ប្រើ​ឡើងវិញ​បាន​ ឬ​ជម្រើស​ផ្សេងទៀត​ពី​ប្លាស្ទិក​។ ទោះជា​យ៉ាងណា​ក៏ដោយ យុទ្ធនាការ​បែបនេះ​មិនអាច​ដោះស្រាយ​បញ្ហា​ទាំងស្រុង​បានឡើយ​។

នេះ​ជា​បន្ទុក​ដ៏​ធ្ងន់ និង​ជា​ការទទួល​ខុសត្រូវ​ពី​ក្រុមហ៊ុន​ផលិត​ប្រេង និង​ក្រុមហ៊ុន​ផលិត​ប្លាស្ទិក​។ ​បើតាម​មូលនិធិ Minderoo (២០២១) មាន​ក្រុមហ៊ុន​តែ​ ២០ ប៉ុណ្ណោះ​ដូចជា ExxonMobil, Dow និង Sinopec កំពុង​ផលិត​ឥន្ធនៈផូស៊ីល ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ផលិត​ប្លាស្ទិក​ដែល​ប្រើ​បានតែ​ ១​ ដង ចំនួន​ ៥៥% នៃ​បរិមាណ​ប្លាស្ទិក​ដែល​ប្រើ​បានតែ​ ១ ​ដង សរុប​នៅក្នុង​សកលលោក​។ ការធ្វើ​សវនកម្ម​ដែល​ដឹកនាំ​ដោយ​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ចំនួន​ ៤៥ ក្នុង​ឆ្នាំ ២០២១ លើ​ម៉ាក​យីហោ​ប្លាស្ទិក​បាន​រកឃើញ​ថា ក្រុមហ៊ុន​យីហោ​ធំៗ​នៅក្នុង​ពិភពលោក​ដូចជា Coca-Cola, PepsiCo, Nestle និង Unilever គឺជា​ក្រុមហ៊ុន​ស្ថិត​នៅលើ​គេ បើ​គិតពី​បរិមាណ​សំណល់​ប្លាស្ទិក​ដែល​រកឃើញ​ក្នុង​យុទ្ធនាការ​សម្អាត​ប្លាស្ទិក​។

យុទ្ធសាស្ត្រ​មួយ ដើម្បី​សម្រេច​គោលដៅ​នេះ គឺ​ការដាក់​ឱ្យ​អនុវត្ត​នូវ​ឧបករណ៍​គោលនយោបាយ​ឱ្យ​អ្នក​ផលិត​ទទួល​ខុសត្រូវ (EPR) ពោល គឺ​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ទទួល​ខុសត្រូវ​លើ​ការប្រមូល ការកែច្នៃ និង​ការធ្វើ​ប្រព្រឹត្តិកម្ម​ផលិតផល​ក្រោយ​ការប្រើប្រាស់​។ ប្រទេស​ជាង ៦០ បាន​ដាក់ឱ្យ​អនុវត្ត​នូវ​គោលនយោបាយ​បែបនេះ​រួច​ទៅ​ហើយ​។​ ការពិភាក្សា​គោលនយោបាយ​ស្តីពី​តម្លៃ សក្តានុពល និង​លទ្ធភាព​នៃ​បទប្បញ្ញត្តិ​ដែល​ផ្អែកលើ​ EPR កំពុង​ដំណើរការ​នៅក្នុង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​បូព៌ា និង​អាស៊ីអាគ្នេយ៍​។ ​

ក្រៅពី​ប្រទេស​ចិន​ថៃ និង​ឥណ្ឌា ប្រទេស​វៀតណាម​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​កម្ពុជា​ក៏​កំពុង​ពិចារណា​លើ​ការដាក់​ឱ្យ​ប្រើប្រាស់​ EPR ផងដែរ​។ ការផ្លាស់ប្តូរ​ឆ្ពោះ​ទៅ​កាន់​សេដ្ឋកិច្ច​វិលជុំ និង​ការលើក​កម្ពស់​ការច្នៃប្រឌិត​អាច​ត្រូវបាន​ពន្លឿន​តាមរយៈ​ការវិនិយោគ​លើ​ផលប៉ះពាល់ និង​ការផ្តល់​ហិរញ្ញប្បទាន​បែប​ច្នៃប្រឌិត​។ ដូច្នេះ​ក្រុមហ៊ុន​សាជីវកម្ម និង​ស្ថាប័នហិរញ្ញវត្ថុ​គឺជា​ភ្នាក់ងារ​ដ៏សំខាន់​សម្រាប់​ការផ្លាស់ប្តូរ​នេះ​។

ឥឡូវនេះ​ដល់​ពេលវេលា​ដើម្បី​ចាត់វិធានការ​ទាំង​នៅក្នុង​ស្រុក​ និង​កម្រិត​សកល​សម្រាប់​ការផ្លាស់ប្តូរ​ ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​លើ​ប្លាស្ទិក និង​ធានា​ឱ្យបាន​នូវ​ភពផែនដី​ដែល​មាន​សុវត្ថិភាព និង​និរន្តរភាព​ដើម្បី​សុខភាព​ការរស់រាន​មាន​ជីវិត និង​វិបុលភាព​របស់​យើង​៕

លោកស្រី Alissar Chaker អ្នកតំណាង យូអិនឌីភី ប្រចាំ​កម្ពុជា និង​លោកស្រី Moeko Saito Jensen អ្នក​ឯកទេស​ផ្នែក​គោលនយោបាយ​បរិស្ថាន​នៃ​យូអិនឌីភី ប្រចាំ​កម្ពុជា​

អត្ថបទគួរចាប់អារម្មណ៍