រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ការអបអរ​សាទរ​ចំពោះ​គោលជំហរ​នាពេល​ថ្មីៗ​នេះ ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ក្នុង​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ ខណៈពេល​ដែល​កំពុងតែ​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ​នៃ​ការប្រែប្រួល​អាកាសធាតុ​ និង​តម្រូវការ​អភិវឌ្ឍ​របស់​ប្រជាជន​កម្ពុជា​ ដែល​ភាគច្រើន​ជា​យុវជន​។

ឧទាហរណ៍​នាពេល​ថ្មីៗ​នេះ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ទៅកាន់​ប្រទេស​សមាជិក​អាស៊ាន​ឱ្យ​គាំទ្រ​ «​កិច្ចព្រមព្រៀង​បៃតង​»​ អាស៊ាន ដើម្បី​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ​ទៅកាន់​សេដ្ឋកិច្ច​ប្រកួត​ប្រជែង ប្រកប​ដោយ​ចីរភាព ភាព​ធន់ និង​ធនធាន​ប្រកប​ដោយ​ប្រសិទ្ធភាព​។

ការប្តេជ្ញាចិត្ត​ដ៏សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​ ២០២០ គឺ​ឱ្យ​ផ្អាក​ការសង់​ទំនប់​វារីអគ្គិសនី​នៅលើ​តួមេ​នៃ​ទន្លេ​មេគង្គ​រយៈពេល​ ១០ ​ឆ្នាំ ដែល​ការប្តេជ្ញាចិត្ត​នេះ​ត្រូវ​បាន​លើកឡើង​ជា​ថ្មី​ម្តងទៀត ដោយ​រដ្ឋ ន្ត្រី​ក្រសួង​បរិស្ថាន​ក្នុង​សន្និសីទ​កំពូល​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី​ ២៦ (COP26)​។ ជាមួយ​គ្នា​នេះ​កម្ពុជា​រក្សា​ភាពជា​ដៃគូ​ក្នុង​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ ​១៩៩៥ ធានា​ដល់​ការគ្រប់គ្រង​ទឹក​រួមគ្នា​ប្រកប​ដោយ​ការទទួល​ខុសត្រូវ និង​គណនេយ្យភាព​រវាង​ប្រទេស​ទាំង ​៤ (​កម្ពុជា ថៃ ឡាវ និង​វៀតណាម​) និង​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​លើ​អនុសញ្ញា​ស្តីពី​តំបន់​ដីសើម​ (​រ៉ាមសារ​) ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ​ ១៩៩៩​។ ការប្តេជ្ញាចិត្ត​ទាំងនេះ​ត្រូវបាន​គាំទ្រ​ដោយ​បទប្បញ្ញត្តិ​ជាតិ​ ដើម្បី​ធានា​ការវាយតម្លៃ​ផលប៉ះពាល់​លើ​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​។

នៅ​ចន្លោះ​ខែមករា​ និង​ខែមិថុនា​ឆ្នាំ​ ២០២២ មាន​ការ​សិក្សា​ការវាយតម្លៃ​ពី​ហេតុ​ប៉ះពាល់​សង្គម និង​បរិស្ថាន​ (SEIA) ដែល​ការសិក្សា​នេះ ត្រូវ​បាន​សន្មត​ថា​ជា​ផ្នែក​នៃ​ការសិក្សា​ពី​សមិទ្ធិ​លទ្ធភាព​ដែល​ប្រកាស​ជា​ផ្លូវការ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល (​លិខិត​លេខ ១ ៧៥០ ចុះ​ថ្ងៃទី​ ១៧ ខែមិថុនា ឆ្នាំ​ ២០២២) សម្រាប់​គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹងត្រែង​ ដែល​បង្កឱ្យ​មាន​ចម្ងល់​ជាច្រើន​ ដោយសារ​អ្វីដែល​កំពុង​កើតឡើង​ផ្ទុយ​ទៅនឹង​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល ហើយ​ផែនការ​អភិវឌ្ឍន៍​ថាមពល​កម្ពុជា​មិនបាន​រួមបញ្ចូល​គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹងត្រែង​ទេ​។

អង្គការ​អុកស្វាម​បាន​ធ្វើការ​ស្រាវជ្រាវ​ជា​ទម្រង់​ករណី​សិក្សា​សហគមន៍​ដោយ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​កំណត់​ពី​របៀប​នៃ​ដំណើរការ​ និង​ការប្តេជ្ញា​ចិត្ត​កំពុង​ត្រូវ​បាន​អនុវត្ត​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​។ ទីប្រឹក្សា​របស់​អង្គការ​អុកស្វាម​បាន​សម្ភាស​អ្នកផ្តល់​ព័ត៌មាន​សំខាន់ៗ​ចំនួន​ ២៤ នាក់​ (​ស្រី​ ១៤ នាក់​)​ មកពី​ភូមិ​ខាំផាន់​, ភូមិ​កោះ​ខនឌិន​, ភូមិ​កោះ​ស្នែង និង​ភូមិ​ថ្មី (​ស្ថិតនៅ​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម នៅ​ទីតាំង​ដែល​ចង់​សាងសង់​ទំនប់​វារីអគ្គិសនី​) ​និង​តំណាង​មកពី​អង្គការ​គាំពារ​ការអភិរក្ស​ធនធាន និង​ជីវភាព​ប្រជាជន​ក្នុង​តំបន់​ចំនួន ៦ ​រូប​។

គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹងត្រែង​ជា​ទំនប់​វារីអគ្គិសនី​សំខាន់​មួយ​ក្នុង​ចំណោម​ទំនប់​ចំនួន​ ១១​ ដែល​គ្រោង​សាងសង់​នៅលើ​តួមេ​នៃ​ទន្លេមេគង្គ​ក្រោម និង​ជា​ទំនប់​ដំបូង​គេ​នៅ​កម្ពុជា ដែល​មាន​លទ្ធភាព​ផលិត​ថាមពល​ ១ ៤០០ ​មេហ្គាវ៉ាត់ ហើយ​ទីតាំង​នេះ​ស្ថិត​នៅ​កណ្តាល​ទន្លេ​មេគង្គ​ក្នុង​តំបន់​រ៉ាមសារ​លេខ​ ៩៩៩​។

ដោយសារតែ​វា​ជា​ទំនប់​វារីអគ្គិសនី​នៅលើ​តួមេ​នៃ​ទន្លេមេគង្គ​រដ្ឋាភិបាល​កម្ពុជា​បាន​និង​តម្រូវ​ឱ្យ​ធ្វើការ​ជូន​ដំណឹង​ដល់​គណៈកម្មការ​ទន្លេមេគង្គ​ ដើម្បី​ចាប់ផ្តើម​នីតិវិធី​នៃ​ការជូន​ដំណឹង​ការពិគ្រោះ​យោបល់​ជាមុន និង​ការព្រមព្រៀង​ដែល​អញ្ជើញ​ប្រទេស​ជា​សមាជិក ធ្វើការ​វាយតម្លៃ​គម្រោង​ដែល​បាន​ស្នើឡើង​រួមទាំង​ការវាយតម្លៃ​ហេតុ​ផលប៉ះពាល់​បរិស្ថាន​។ ក្នុងនោះ​ផងដែរ ដោយសារ​តែ​ទីតាំង​ទំនប់​ស្ថិតក្នុង​តំបន់​រ៉ាមសារ កម្ពុជា​ត្រូវ​ជូន​ដំណឹង និង​ពិគ្រោះ​ជាមួយ​លេខាធិការដ្ឋាន​អនុសញ្ញា ដើម្បី​ធានា​ការការពារ និង​អភិរក្ស​តំបន់​ដីសើម​។

ករណី​សិក្សា​សហគមន៍​របស់​អុកស្វាម​បញ្ជាក់​ថា ការពិគ្រោះ​យោបល់​ជា​សាធារណៈ​បាន​រៀបចំ​ឡើង​ដោយ​អ្នក​អភិវឌ្ឍន៍​ និង​អាជ្ញាធរ​ខេត្ត​នៅ​សាលាខេត្ត​ស្ទឹងត្រែង​កាលពី​ថ្ងៃទី​ ២៧ ​ខែមករា​ឆ្នាំ​ ២០២២​ ដោយ​មាន​អ្នកចូលរួម​ជា​មន្ត្រី​មកពី​មន្ទីរ​បរិស្ថាន កសិកម្ម អភិវឌ្ឍន៍​ជនបទ អាជ្ញាធរ​ស្រុក ឃុំ និង​ភូមិ​។ អង្គការ​អុកស្វាម​បាន​ដឹងថា មាន​តំណាង​សហគមន៍​តែ​ម្នាក់​គត់​មកពី​ភូមិ​ដែល​ស្ថិត​នៅក្បែរ​ទីតាំង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ដែល​បានគ្រោង​ចូលរួម ប៉ុន្តែ​គ្មាន​វត្តមាន​សមាជិក​សហគមន៍​មកពី​តំបន់​ផ្សេង​ទេ​។ ការសម្ភាស​ភាគី​ពាក់ព័ន្ធ​បានបង្ហាញ​ឱ្យ​ឃើញ​ថា ការយល់ដឹង​នៅ​មាន​កម្រិត ឬ​គ្មាន​ការយល់ដឹង​អំពី​គម្រោង​អ្នក​ចូលរួម​ពឹង​ផ្អែកលើ "​ការនិយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​" ដោយសារ​ការពិគ្រោះ​យោបល់​នោះ​មិន​បាន​ប្រើប្រាស់​ភាសា​ដែល​ឱ្យ​គាត់​ងាយ​យល់បាន​។

មន្ត្រី​បាន​ធានា​ចំពោះ​សហគមន៍​ថា ពួកគាត់​នឹង ​«​មិន​រង​ផលប៉ះពាល់​» ​ប៉ុន្តែ​ការធានា​នេះ​ពិបាក​ក្នុង​ការវាយតម្លៃ​ដោយ​ឯករាជ្យ ក្នុង​ករណី​ដែល​គ្មាន​ផែនការ និង​ប្រហែលជា​មិន​ខ្វល់​ពី​ផលប៉ះពាល់​ដោយ​ប្រយោល​។ លទ្ធផល​នៃ​ការសម្ភាស​ក្នុង​ករណី​សិក្សា​ក៏​បង្ហាញថា ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​មាន​ភាពមិន​ច្បាស់លាស់​ក្នុង​ការពន្យល់​ពី​គោលបំណង​នៃ​ការប្រមូល​ទិន្នន័យ​មូលដ្ឋាន​។

ដំណើរការ​នេះ​មិន​អនុលោម​តាម​ស្តង់ដា​អន្តរជាតិ និង​ការណែនាំ​ផ្ទាល់​របស់​ក្រសួង​បរិស្ថាន​ឆ្នាំ​ ២០២០ ដែលថា​ការចូលរួម​ជា​សាធារណៈ​គឺ​ដើម្បី​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​គម្រោង និង​ទទួល​ស្តាប់​ក្តីកង្វល់ ការរិះគន់ មតិ​កែលម្អ មតិ​គាំទ្រ និង​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ទិន្នន័យ​បរិស្ថាន​ដែល​មាន​ស្រាប់​។ ក្នុង​ចំណោម​ការព្រួយ​បារម្ភ​នានា ស្ត្រី មិន​ត្រូវ​បាន​រាប់បញ្ចូល ឬ​ដឹង​តិចតួច​អំពី​គម្រោង​នេះ​។

នេះ​ជា​រឿង​សំខាន់​ណាស់ ​ដោយសារ​តែ​ស្ត្រី​គឺជា​អ្នក​ប្រើប្រាស់​ទឹក​ដ៏សំខាន់​ដោយសារ​ជីវភាព​រស់នៅ​របស់​ពួកគាត់​នៅ​ពឹងផ្អែក​លើទឹក​។ ស្ត្រី​អាច​ជា​អ្នកផ្តល់​ព័ត៌មាន​ដ៏ល្អ​ ដើម្បី​ធ្វើឱ្យមាន​ឥទ្ធិពល​លើ​ការតាក់តែង​គម្រោង ប៉ុន្តែ​ជារឿយៗ​ស្ត្រី​ត្រូវ​បាន​ផាត់​ចេញ ដោយ​អ្នក​អភិវឌ្ឍន៍ និង​មន្ត្រី ដោយ​លើកឡើង​ថា គាត់​ «​មិន​យល់​» ​អំពី​គម្រោង​។

កង្វះ​តម្លាភាព​បាន​បង្កឱ្យ​មាន​មន្ទិល និង​ចម្ងល់​ថា តើ​វា​ជា​ដំណើរការ​ពិគ្រោះ​យោបល់​ពេញលេញ ឬថា តើ​គម្រោង​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ត្រួតពិនិត្យ​ ឬ​ស្វែងរក "​ព័ត៌មាន​បន្ថែម​"​។ ការប្រឹក្សា​យោបល់​នេះ​ធ្វើ​មិន​បាន​ល្អ ខកខាន​ក្នុង​ការបំពេញ​តាម​ការប្តេជ្ញាចិត្ត​ជាតិ ឬ​អន្តរជាតិ ដែល​ចាំបាច់​ត្រូវការ​កែសម្រួល​ជាបន្ទាន់ ដើម្បី​ឱ្យ​ភាគី​ពាក់ព័ន្ធ​​រួមទាំង​អ្នក​អភិវឌ្ឍន៍​អាច​ត្រូវបាន​ជូនដំណឹង និង​មាន​ការទទួល​ខុសត្រូវ​។

ទាក់ទង​នឹង​ការប្តេជ្ញាចិត្ត​ផ្សេងទៀត ការជូន​ដំណឹង​ទៅ​គណៈកម្មការ​ទនេ្ល​មេគង្គ និង​លេខាធិការដ្ឋាន​អនុសញ្ញា​តំបន់​រ៉ាមសារ​ពិតជា​ចំាបាច់ ហើយ​ការពិគ្រោះ​យោបល់ និង​ការសិក្សា​លម្អិត​រវាង​រដ្ឋ​សមាជិក​របស់​គណៈកម្មការ​ទនេ្ល​មេគង្គ គឺ​មាន​សារៈសំខាន់​ណាស់​។ សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​ចាំបាច់​​ត្រូវ​ទទួល​បាន​ការជូន​ដំណឹង​ពី​ដំណើរការ​សំខាន់ៗ ផលប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល ហើយ​កិច្ចការ​នេះ​អាច​សម្រេច​បាន​តាមរយៈ​ការបង្កើន​ការយល់ដឹង និង​ចៀសវាង​កុំឱ្យ​មាន​ជំហរ​ខុសគ្នា​ច្រើន​ក្នុង​ការងារ​នេះ​។ អង្គការ​អុកស្វាម​ជំរុញ​ឱ្យ​មាន​ការយកចិត្ត​ទុកដាក់​លើ​ការពិគ្រោះ​យោបល់​ប្រកប​ដោយ​បរិយាបន្ន ដែល​តម្រូវ​ឱ្យ​មាន​វិធានការ​ជាក់លាក់ ដូចជា​រៀបចំ​ការពិគ្រោះ​ជាមួយ​ក្រុម​ស្ត្រី និង​កំណត់​ពី​របៀប​នៃ​ការពិគ្រោះ​យោបល់​ជាមួយ​ក្រុម​ជនពិការ​។

ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា គឺ​កើត​មាន​ជា​រៀងរាល់ថ្ងៃ​។ សារៈសំខាន់​នៃ​តំបន់​ដីសើម​ចំពោះ​ប្រព័ន្ធ​អេកូឡូស៊ី​ទន្លេមេគង្គ​ដែល​ងាយ​រងគ្រោះ​គឺ​កាន់តែ​ច្បាស់​ឡើង​។

ការផ្លាស់ប្តូរ​ទាំងឡាយ គឺ​ត្រូវតែ​មាន​ការវាយតម្លៃ​ដោយ​ប្រុងប្រយ័ត្ន​។ កាតព្វកិច្ច និង​ការសិក្សា​ដែល​ចាំបាច់​ទាំងនេះ​គឺ​ស្មុគស្មាញ ត្រូវការ​ធនធាន ការធ្វើ​ផែនការ និង​ពេលវេលា​។ បទពិសោធ និង​ភ័ស្តុតាង​ក្នុង​តំបន់​បង្ហាញ​ថា ការខកខាន​ក្នុង​ការអនុវត្តតាម​ដំណើរការ​ដោយ​ត្រឹមត្រូវ​អាច​បណ្តាល​ឱ្យមាន​មហន្តរាយ​ដល់​សហគមន៍ គម្រោង​អាច​បរាជ័យ និង​បង្ក​វិវាទ​រយៈពេល​វែង នៅពេល​ដែលមាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​ការអភិវឌ្ឍ​គម្រោង​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

អង្គការ​អុកស្វាម​ស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​អ្នក​អភិវឌ្ឍន៍​បង្កើន​តម្លាភាព​បន្ថែមទៀត ដើម្បី​បញ្ជាក់​ពី​ភាពមិនប្រក្រតី​រវាង​ការប្តេជ្ញាចិត្ត​មិន​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី និង​ការសិក្សា​សមិទ្ធិ​លទ្ធភាព​បច្ចុប្បន្ន​នៅ​ខេត្តស្ទឹងត្រែង​។

ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវបាន​ជំរុញ​ឱ្យ​អនុវត្តតាម​ការណែនាំ​អន្តរជាតិ និង​ថ្នាក់ជាតិ ដើម្បី​លើកកម្ពស់​ការពិគ្រោះ​យោបល់​ប្រកប​ដោយ​អត្ថន័យ​។ ការណែនាំ​ទាំងនោះ​មាន​ស្រាប់​ហើយ ប៉ុន្តែ​ប្រសិន​បើ​មិន​អើពើ កម្ពុជា​នឹង​ប្រឈម​នឹង​ការបង្កើន​ការរេចរឹល​នៃ​ធនធាន​ធម្មជាតិ និង​បន្សល់​មរតក​ដូច​មាន​ក្នុង​​រូបភាព​ខាងលើ​៕

លោកស្រី ភាណ សោភ័ណ នាយិកា​អង្គការ​អុកស្វាម​នៅ​កម្ពុជា​ (នេះ គឺជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​អ្នកនិពន្ធ មិន​ឆ្លុះបញ្ចាំង​ពី​កាសែត ភ្នំពេញ ​ប៉ុស្តិ៍ ទេ​)