The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក Martin Griffiths ថ្លែង​នៅក្នុង​ទិវា​មនុស្សធម៌​​ពិភពលោក​ឆ្នាំនេះ​ថា «​ក្តីសង្ឃឹម ​នៅតែមាន​បន្ត​»

លោក Martin Griffiths ថ្លែង​នៅក្នុង​ទិវា​មនុស្សធម៌​​ពិភពលោក​ឆ្នាំនេះ​ថា «​ក្តីសង្ឃឹម ​នៅតែមាន​បន្ត​»

Content image - Phnom Penh Post
លោក Martin Griffiths អគ្គលេខាធិការរង​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌ និង​ជា​អ្នក​សម្រប​សម្រួល​ជំនួយ​សង្គ្រោះ​ក្នុង​ស្ថានភាព​អាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​។ រូបថត UN

លោក Martin Griffiths ថ្លែង​នៅក្នុង​ទិវា​មនុស្សធម៌​​ពិភពលោក​ឆ្នាំនេះ​ថា «​ក្តីសង្ឃឹម ​នៅតែមាន​បន្ត​»

នៅពេល​ដែល​នាវា​ដឹកទំនិញ​ឈ្មោះ​ Razoni ​ធ្វើដំណើរ​ចាកចេញ​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​អូដេសា​របស់​ប្រទេស​អ៊ុយក្រែន​កាលពី​ដើមខែ​នេះ​ជាមួយ​នឹង​ពោត​ជាង​ ២៦ 000 តោន​សម្រាប់​ទីផ្សារ សកលលោក នាវា​នេះ​បាន​ក្លាយជា​​ប្រធាន​បទ​ដែល​ទទួល​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​។

ការធ្វើ​ដំណើរ​របស់​នាវា​នេះ គឺជា​​លទ្ធផល​នៃ​ការចរចា​រាប់​ខែ​រវាង​ប្រទេស​រុស្ស៊ី តួកគី អ៊ុយក្រែន និង​អង្គការ​សហប្រជាជាតិ​ដែល​មាន​ការចូលរួម​ពី​​បុគ្គលិក​មនុស្សធម៌ អ្នក​ជំនាញ​ខាង​ភ័ស្តុភារកម្ម និង​អ្នកជំនាញ​ផ្នែក​ច្បាប់​​របស់​អង្គការ​សហប្រជាជាតិ​។ ជា​លើក​ទី ១ ចាប់​តាំងពី​ពេល​ដែល​សង្គ្រាម​នៅ​អ៊ុយក្រែន​ចាប់ផ្តើម​កាលពី ៥ ខែ​មុន​​ដែល​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​​អ៊ុយក្រែន​តាមផ្លូវ​សមុទ្រ​អាច​ដំណើរការ​ឡើង​វិញ ដោយ​បាន​ផ្តល់​នូវ​ក្តីសង្ឃឹម​ដ៏ចាំបាច់​បំផុត​ដល់​មនុស្ស​រាប់លាន​នាក់ ដែល​កំពុង​រង​ផលប៉ះពាល់ ដោយសារ​ការឡើង​ថ្លៃ​ស្បៀង និង​ការថយចុះ​បរិមាណ​ផ្គត់ផ្គង់​ដែល​ជា​កត្តា​រុញច្រាន​មនុស្ស​ជាច្រើន​នាក់​ឱ្យ​ធ្លាក់​​ចូល​ក្នុង​គ្រោះ​អត់ឃ្លាន និង​ថែមទាំង​ក្នុង​គ្រោះ​ទុរភិក្ស​ទៀតផង​។

ក្តីសង្ឃឹម គឺជា​អ្វីដែល​កម្រ​មាន​នាពេល​បច្ចុប្បន្ននេះ​។

ជម្លោះ គ្រោះ​អត់ឃ្លាន វិបត្តិ​អាកាសធាតុ គ្រោះ​រាំងស្ងួត ភាពក្រីក្រ ការរាតត្បាត​ជាសកល​នៃ​ជំងឺឆ្លង​ក្នុង​ការងារ​ផ្តល់​ជំនួយ​ជាង ៤០ ឆ្នាំ កន្លង​ទៅនេះ ខ្ញុំ​មិន​ចាំបាន​ពី​ពេលដែល​​ពិភពលោក​ធ្លាប់​ជួបប្រទះ​ផ្ទួនៗ​នូវ​​បញ្ហា​ដ៏ច្រើន​ និង​មាន​តម្រូវការ​បន្ទាន់​​ក្នុងការ​ដោះស្រាយ​ដូច​ពេលបច្ចុប្បន្ន​នេះឡើយ​។ សព្វ​ថ្ងែ​មាន​មនុស្ស ៣០៣ ​លាន​នាក់​កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​ហើយ​នេះ​ជា​តួលេខ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។

ប៉ុន្តែ​បើទោះជា​ស្ថានភាព​អាក្រក់​បែបនេះ​ក៏ដោយ យើង​នៅតែ​មាន​ក្តីសង្ឃឹម​។ ហេតុអ្វី​? ព្រោះថា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ខ្ញុំ​បាន​មើលឃើញ​ថា ខណៈពេល​ដែល​ជម្លោះ និង​វិបត្តិ​ដទៃទៀត​បង្កឱ្យ​មាន​ស្ថានភាព​ដ៏សែន​អាក្រក់​បំផុត ស្ថានភាព​ទាំងនេះ​ក៏​ជំរុញ​ឱ្យ​មាន​អ្វីដែល​ល្អ​បំផុត​ សម្រាប់​មនុស្សជាតិ​ផងដែរ​។

ទោះជា​ក្តី​អស់សង្ឃឹម និង​ការបែកបាក់​មាន​ជម្រៅ​ដ៏សែនជ្រៅ​ក៏ដោយ ក៏​គេ​នៅតែ​មើលឃើញ​ពន្លឺ​នៃ​ក្តីសង្ឃឹម​ចាប់ពី​ដំណោះស្រាយ​ថ្មីៗ​ចំពោះ​បញ្ហា​ដែល​ហាក់បី​ដូចជា​ពិបាក​ដោះស្រាយ​រហូត​ដល់​ទង្វើ​សប្បុរសធម៌ និង​សន្តាន​ចិត្ត​ដែល​នាំមក​នូវ​ភាពធូរស្បើយ​ចំពោះ​ការឈឺចាប់​។

ការផ្តល់​នូវ​ក្តីសង្ឃឹម និង​ការ​ក្រោកឈរ​ដោយ​ស្មារតី សាមគ្គីភាព គឺជា បេះដូង​នៃ​សកម្មភាព​មនុស្សធម៌​។ នៅថ្ងៃនេះ ក្នុង​ទិវា​មនុស្សធម៌​ពិភពលោក យើង​ចង់​អបអរសាទរ ស្មារតី​នេះ ព្រោះថា​នៅក្នុង​ស្ថានភាព​មួយចំនួន​​ដែល​ងងឹត​បំផុត ស្មារតី​បែបនេះ​អាច​ជា​អ្វីដែល​មនុស្ស​នៅតែ​មាន​។

មាន​ឃ្លា​មួយ​ដែល​លើកឡើង​ថា​ «​គេ​ត្រូវការ​មនុស្ស​មួយ​ភូមិ​ដើម្បី​ចិញ្ចឹម​បីបាច់​កុមារ​ម្នាក់​។​» ដូចគ្នា​នេះដែរ គេ​ត្រូវការ​កម្លាំង​មួយ​ភូមិ​ដែរ​ដើម្បី​ជួយ​ដល់​សហគមន៍​មួយ​ដែល​កំពុង​ជួបនឹង​វិបត្តិ​។ ភូមិ​នេះ​មាន​សមាសភាព​ជា​សហគមន៍ ដែល​រង​ផលប៉ះពាល់ ដែល​តែង​ជា​អ្នក​ឆ្លើយតប​ដំបូង​គេ​នៅពេល​ដែល​វិបត្តិ​​កើតមានឡើង ដោយ​មាន​ការជួយ​ពី​​ប្រព័ន្ធ​គាំទ្រ​ផ្តល់​សេវា​សង្គ្រោះ​នាពេល​អាសន្ន​នៅក្នុង​ប្រទេស សហគ្រាស​ក្នុង​មូលដ្ឋាន សង្គម​ស៊ីវិល អង្គការ​ក្រៅ​រដ្ឋាភិបាល (NGOs) ទីភ្នាក់ងារ​សហប្រជាជាតិ និង គ្រួសារ​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​។ ពួកគេ​ជាច្រើន​នាក់ គឺជា​បុគ្គលិក​ផ្តល់​ជំនួយ​អន្តរជាតិ ប៉ុន្តែ​សកម្មភាព​មនុស្សធម៌​ភាគច្រើន​លើសលប់​មាន​ប្រភព​ចេញពី​ប្រទេស​ដែល​រង​ផលប៉ះពាល់​ ដោយសារ​វិបត្តិ​ខ្លួនឯង​។

រៀងរាល់​ម៉ោង រៀងរាល់​ថ្ងៃ «​ភូមិ​» ​មនុស្សធម៌​នេះ​បាន​ខិតខំ​រៀបចំ​ផ្តល់​​ជំនួយ​សង្គ្រោះ ចែក​សាច់ប្រាក់ បង្កើត គ្លីនិក​សុខភាព និង​សាលារៀន​ចល័ត សាងសង់​អណ្តូងស្នប់ ចែក​អាហារូបត្ថម្ភ ដោយ​ទម្លាក់​ពី​អាកាស ផ្តល់​សេវា ប្រឹក្សា និង​ការគាំទ្រ​ដទៃទៀត ដើម្បី​ឱ្យ​មនុស្ស​រាប់លាន​នាក់​នៅតែ​រក្សា​លំនឹង ដើម្បី​បន្ត​ការរស់រាន​របស់​ពួកគេ​។

ភូមិ​នេះ​មាន​បុគ្គលិក​ផ្តល់ជំនួយ​ដូចជា Zuhra Wardak​ ដែលជា​បុគ្គល​ឆ្នើម​ក្នុង​ការដោះស្រាយ​បញ្ហា​អប់រំ និង​យេនឌ័រ​របស់​ក្មេងស្រី និង​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ដំបូងៗ​ ដែល​​វិលត្រឡប់​ទៅ​ធ្វើការ​ក្នុងប្រទេស​អាហ្វហ្គានីស្ថាន​វិញ បន្ទាប់ពី​ក្រុម​តាលីបង់​​ចូលកាន់​កាប់​អំណាច​។

Andrii អ្នក​បើកបរ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​អ៊ុយក្រែន​មួយ​ឈ្មោះថា Proliska ដែល​ប្រថុយ​ប្រថាន​ជីវិត​របស់គាត់ ដើម្បី​ជម្លៀស​មនុស្ស​​ចេញពី​តំបន់​ដែល​កំពុង​ទទួលរង​ការទម្លាក់​គ្រាប់បែក និង Amina Haji Elmi បុគ្គល​ឆ្នើម​ខាង​សិទ្ធិ​ស្ត្រី​នៅ​ប្រទេស​សូម៉ាលី ដែល​ដឹងថា ការជួយ​ស្ត្រី គឺជា​បេសកកម្ម​របស់​គាត់ ក្រោយ​ពេល​ដែល​គាត់ និង គ្រួសារ​បាន​បាត់បង់​លំនៅ​ ដោយសារ​តែ​ជម្លោះ​ដែល​កើតមាន​នៅក្នុង​ប្រទេស​នេះ​។

លើស​ពីនេះ ក្តីសង្ឃឹម​ក៏​នៅមាន​​កម្រិត​ទូលំទូលាយ​ជាង​នេះ​ផងដែរ​។

ឧទាហរណ៍ ចំ​ពេល​ដែល​អំពើ​ហិង្សា​កើតមាន​ឥតឈប់ឈរ​ក្នុង​ប្រទេស​អ៊ុយក្រែន យើង​បាន​ឃើញ​អ្នកស្ម័គ្រចិត្ត​រាប់ពាន់​នាក់​បាន​ជួយ​ដល់​មនុស្ស​ដែល​ជាប់គាំង​ក្នុង​តំបន់​សង្គ្រាម និង​ទឹកចិត្ត សប្បុរសធម៌​របស់​សហគមន៍​ដែល​បាន​ទទួល​ស្វាគមន៍​ជនភៀសខ្លួន អ៊ុយក្រែន ដែលជា​ការបង្ហាញ​យ៉ាង​ជាក់ច្បាស់​ពី​ប្រពៃណី​ដ៏យូរលង់​នៃ​ការជួយ​ដល់​អ្នក​ជិតខាង​ចាប់ពី​ប្រទេស​បង់ក្លាដែស​រហូតដល់​កូឡុំប៊ី ពី​ហ្ស៊កដានី​រហូតដល់​ប្រទេស​អ៊ូហ្គង់ដា​។

យើង​ក៏​អាច​ទទួល​បាន​នូវ​ការលើក​ទឹកចិត្ត​ពី​វឌ្ឍនភាព​ផ្នែក​នយោបាយ ដែល​សម្រេច​បាន​ក្នុង​វិបត្តិ​បង្ហូរឈាម​ដ៏សែន​ឃោរឃៅ ដូចជា​នៅក្នុង​ប្រទេស យេម៉ែន ដែល​កិច្ចព្រមព្រៀង​សន្តិភាព​ត្រូវ​បាន​អនុវត្ត​ហើយ​ធ្វើឱ្យ​ការភ័យខ្លាច​អំពើ​ហិង្សា​ដែល​ជាប់​ដិតដាម​ជាប្រចាំ​​កន្លងមក​ត្រូវ​រលាយបាត់​បន្តិច​ម្តងៗ​។

ចាប់ពី​ការកែលម្អ​ផ្លូវ​សម្រាប់​ចូល​ទៅដល់​ប្រជាពលរដ្ឋ ដែល​ជួប​ការខ្វះខាត​ក្នុង​តំបន់ Tigray នៃ​ប្រទេស​អេត្យូពី ​ដែល​កើតឡើង​ដោយសារ​ការចរចា​ជា​បន្តបន្ទាប់ ហើយ​ធ្វើឱ្យ​ក្បួន​រថយន្ត​ដឹក​ជំនួយ​បាន​ទៅដល់​អ្នក​ដែល​កំពុង​ត្រូវការ​ស្បៀង​ជា​ចាំបាច់​។

ចាប់ពី​ការអនុម័ត​លើ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​លេខ ២ ៦៤២ ដែល​អនុញ្ញាត​ឱ្យ​មាន​ការដឹក​ជំនួយ​ឆ្លងដែន​ទៅកាន់​ភាគពាយព្យ​នៃ​ប្រទេស​ស៊ីរី ហើយ​ផ្តល់នូវ​ជំនួយ​សង្គ្រោះ​ជីវិត​​ដល់​មនុស្ស​រាប់លាន​នាក់ យ៉ាង​ហោចណាស់​បាន​ថែម ​២-៣ ​ខែ​ទៅ​មុខ​ទៀត​។

និង​ចាប់ពី​នាវា​ Navi Star, Polarnet, Razoni, Rojen​ និង​នាវា​ដទៃទៀត ដែល​ដឹក​គ្រាប់​ធញ្ញជាតិ​ពី​ប្រទេស​អ៊ុយក្រែន​ទៅ​ប្រទេស​ដទៃទៀត​ក្នុង​ពិភពលោក​ផ្តល់​នូវ​ក្តីសង្ឃឹម​ដល់​មនុស្ស​​ប្រមាណ ៣៤៥ លាន​នាក់​ដែល​កំពុង​រងគ្រោះ​ដោយសារ​បញ្ហា​ខ្វះ​ស្បៀង​។

ក្នុង​ទិវា​មនុស្សធម៌​ពិភពលោក​យើង​ទាំងអស់​គ្នា​ប្រើប្រាស់​ពេលវេលា​នេះ ដើម្បី​ផ្តល់​កិត្តិយស​ដល់​អ្នក​ដែល​ធ្វើ​​ការងារ​មិន​ខ្លាច​នឿយហត់​ទាំងយប់​- ទាំង​ថ្ងៃ ដើម្បី​ស្មារតី​សាមគ្គីភាព ហើយ​ជារឿយៗ​ពួកគេ​ត្រូវ​លះបង់​ផ្ទាល់ខ្លួន​ជាច្រើន​។ ពួកគេ​សង្គ្រោះ​ជីវិត​ដែល​ជា​រឿយៗ​ពិភពលោក​តែង​បំភ្លេច​ចោល ហើយ​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​យ៉ាង​ជាក់ស្តែង​៖ បុគ្គលិក​មនុស្សធម៌​ចំនួន ៤៦១ នាក់​បាន​ទទួលរង​ការ​វាយប្រហារ​កាលពី​ឆ្នាំ​មុននេះ ពេល​ដែល​ពួកគេ​កំពុង​ឆ្លើយតប​ចំពោះ​វិបត្តិ​មនុស្សធម៌ ដែល​ក្នុងនោះ ១៤១ នាក់​ត្រូវបាន​សម្លាប់​ដែល​ស្ទើរតែ​ទាំងអស់​លើកលែង​តែមួយ​ចំនួន​តូច​ជា​បុគ្គលិក​ជាតិ​។

សេចក្តី​ក្លាហាន និង​ជំនឿ​របស់​បុគ្គលិក​មនុស្សធម៌​ទាំងនេះ ដែល​ជានិច្ចកាល​តែង​រិះរក​វិធី ដើម្បី​បាន​ទៅដល់​មនុស្ស​ដែល​កំពុង​ត្រូវការ​ជំនួយ សូម្បីតែ​នៅក្នុង​ស្ថានភាព​ដែល​អាក្រក់​បំផុត​ជា​កត្តា​ជំរុញ​ចិត្ត​ឱ្យ​យើង​មិនត្រូវ​អស់សង្ឃឹម​នោះឡើយ​។

ខណៈពេល​ដែល​យើង​អបអរសាទរ​ទិវា​មនុស្សធម៌​ពិភពលោក​នៅ​ឆ្នាំនេះ យើង​សូម​ចងចាំ​អ្នក​ដែល​បាន​បាត់បង់​ជីវិត ហើយ​យើង​អបអរសាទរ​បុគ្គលិក​មនុស្សធម៌​ទាំងអស់ ដែល​បាន​បន្ត​​អនុវត្ត​បេសកកម្ម​ដ៏ថ្លៃថ្នូរ​នេះ​ជាមួយ​​យើង​ទាំងអស់​គ្នា​។

ចុងក្រោយ​កិច្ចការ​ទាំងអស់​នេះ​ត្រូវការ​មនុស្ស​ ១ ​ភូមិ​ដើម្បី​ឱ្យ​សម្រេច​បាន​៕

Martin Griffiths អគ្គលេខាធិការរង​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌ និង​ជា​អ្នក​សម្រប​សម្រួល​ជំនួយ​សង្គ្រោះ​ក្នុង​ស្ថានភាព​អាសន្ន​នៃ​អង្គការ​សហប្រជាជាតិ

អត្ថបទគួរចាប់អារម្មណ៍