នៅ​ប្រទេស​អង់គ្លេស ការផ្លាស់ប្តូរ​ប្រមុខ​រដ្ឋាភិបាល​ បន្ទាប់ពី​មាន​វិបត្តិ​នយោបាយ​ផ្ទៃក្នុង ព្រមទាំង​ការចូល​ទិវង្គត​របស់​ម្ចាស់​ក្សត្រិយ​អង់គ្លេស​អេលីហ្សាប៊ែត​ទី​ ២ (Elizabeth II) អាច​នឹង​បណ្ដាល​ឱ្យ​មាន​ការផ្លាស់ប្តូរ​របត់​នយោបាយ​អន្តរជាតិ​តិចតួច តែ​មិន​ជះឥទ្ធិពល​ដល់​ទំនាក់​ទំនង​ការបរទេស​កម្ពុជា​-​អង់គ្លេស​ឡើយ​។ មិន​ជះឥទ្ធិពល ព្រោះ​ប្រទេស​អង់គ្លេស​មាន​បន្ទាត់​នយោបាយ​ការបរទេស​ច្បាស់លាស់ មិន​ស្ថិត​លើ​បុគ្គល​នោះទេ​។

លោក សេង សារី អ្នកវិភាគ​នយោបាយ​ និង​សង្គម​យល់ឃើញ​ថា​៖ «​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក​នឹង​មាន​ការប្រែប្រួល​តិចតួច​ណាស់ ទោះបី​ជា​មាន​ការផ្លាស់ប្តូរ​ប្រមុខ​ដឹកនាំ​រដ្ឋ​ក្តី ព្រោះ​អង់គ្លេស​មាន​ប្រព័ន្ធ​នយោបាយ​ត្រឹមត្រូវ​។ ចំណែក​មេដឹកនាំ​ប្រទេស គ្រាន់តែ​ជា​តំណាង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ប៉ុណ្ណោះ​»​។

ចំពោះ​ការចូល​ទិវង្គត​របស់​ម្ចាស់​ក្សត្រិយ​អង់គ្លេស​អេលីហ្សាប៊ែត​ទី​ ២ លោក​ថា អាច​នឹង​មាន​ការប្រែប្រួល​នយោបាយ​ផ្ទៃក្នុង​ចំពោះ​រដ្ឋ​ជា​សមាជិក​នៃ​ប្រទេស​ខំមិនវែល ២ មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេស​ខំមិនវែល និង​បណ្តា​ប្រទេស​នានា ទោះបី​ប្រទេស​នោះ មិន​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ក៏ដោយ​»​។

គួរ​បញ្ជាក់ថា ក្រុម​ប្រទេស​ខំមិនវែល ​(Commonwealth) គឺជា​អន្តររដ្ឋាភិបាល​ដែល​មាន​រដ្ឋ​ជា​សមាជិក​ចំនួន ៥៣ ​ប្រទេស​មកពី​ទ្វីប​ទាំង ​៥ ដែលមាន​ម្ចាស់​ក្សត្រិយ Elizabeth II ជា​ប្រធាន ដែល​ប្រទេស​ទាំងនេះ ភាគច្រើន​គឺជា​អតីត​ដែនដី​អាណានិគម​និយម​របស់​ចក្រភព​អង់គ្លេស​។

ចំពោះ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​អង់គ្លេស​វិញ លោក សេង សារី សង្កេត​ឃើញ​ថា ជា​ទំនាក់​ទំនង​បែប​ប្រពៃណី ដែល​បន្ត​រាប់​ទសវត្សរ៍​មកហើយ​។ ហើយ​កន្លងមក ទោះ​មាន​ការផ្លាស់ប្តូរ​តួអង្គ​កាន់អំណាច​ណាមួយ ក៏​គេ​មិនឃើញ​មាន​ការផ្លាស់ប្តូរ​របៀបវារៈ​នយោបាយ ឬ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២ ​នេះដែរ​។ ហើយ​ទំនាក់​ទំនង​របៀបនេះ មាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​បារាំង​ដែរ​។ កម្ពុជា​ធ្លាប់​ស្ថិតក្រោម​អាណាព្យាបាល​របស់​បារាំង​អស់​រយៈពេល​ជិត​មួយរយ​ឆ្នាំ គឺ​ពី​ឆ្នាំ​ ១៨៦៣​ ដល់​ឆ្នាំ​ ១៩៥៣​។

លោក ឥន សុផល អ្នក​ស្រាវជ្រាវ និង​តាមដាន​ភូមិសាស្ត្រ​នយោបាយ ព្រម​ទាំង​ជា​អ្នកជំនាញ​ផ្នែក​កិច្ចការ​កម្ពុជា​-​អង់គ្លេស យល់​ឃើញ​ដូចគ្នា​ដែរ​។ លោក​សង្កត់​ធ្ងន់​ថា ទំនាក់​ទំនង​ការទូត​កម្ពុជា​ និង​អង់គ្លេស​នឹង​គ្មាន​ការប្រែប្រួល​ឡើយ​ ព្រោះ​មេដឹកនាំ​ថ្មី​លោកស្រី Liz Truss ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​នៃ​រដ្ឋាភិបាល​ចាស់​របស់​លោក Boris Johnson និង​មកពី​គណបក្ស​តែមួយ​។

គួររំឭក​ថា លោកស្រី Liz Truss បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃទី​ ០៦ កញ្ញា​។ ២ ​ថ្ងៃ​បន្ទាប់ពី​នោះ ពោល​គឺ​នៅ​ថ្ងៃទី​ ០៨ ខែកញ្ញា ម្ចាស់​ក្សត្រិយ​ចក្រភព​អង់គ្លេស អេលីហ្សាប៊ែត​ទី ២ បាន​យាង​ចូល​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ ៩៦ ​ព្រះវស្សា បន្ទាប់ពី​បាន​គ្រងរាជ្យសម្បត្តិ​អស់​រយៈពេល ៧០ ​ឆ្នាំ​។

នៅក្នុង​បញ្ហា​ការទូត លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថា នាយករដ្ឋមន្ត្រី​ថ្មី​របស់​អង់គ្លេស លោកស្រី Liz Truss មាន​ជំហរ​នយោបាយ​ និង​និន្នាការ​មិនសូវ​ខុសពី​លោក Boris Johnson នោះទេ​។

លោក គិន ភា គូសបញ្ជាក់​ថា​៖ «​មើល​ទៅ​ស្ថានការណ៍​នយោបាយ​អន្តរជាតិ នឹង​មិន​មាន​អ្វី​ប្រែប្រួល​ច្រើន​ទេ ព្រោះ​អង់គ្លេស​នៅ​ប្រើ​គោលជំហរ​នយោបាយ​ដើម​របស់​លោក Boris Johnson ដដែល​។ នោះ​ក៏ដោយ​ហេតុ​កម្ពុជា​ជា​ប្រទេស​តូច ដែល​ប្រទេស​មហាអំណាច​មិនមាន​នយោបាយ​ការទូត​ជាក់លាក់​ណាមួយ​ឡើយ គ្រាន់តែ​ផ្លាស់ប្តូរ​ឥរិយាបថ​ធ្វើការ​រវាង​មេដឹកនាំ​ និង​មេដឹកនាំ​ប៉ុណ្ណោះ ចំណែក​ផែនការ​នយោបាយ​អង់គ្លេស​នឹង​មិន​ប្រែប្រួល​ឡើយ​»​។

ដោយឡែក ចំពោះ​ការយាង​ចូល​ទិវង្គត​របស់​មហាក្សត្រិយ​អេលីហ្សាប៊ែត​ទី​ ២ ​វិញ លោក គិន ភា យល់ថា ឥទ្ធិពល​របស់​ម្ចាស់​ក្សត្រិយ​អេលីហ្សាប៊ែត​ទី​ ២ នឹង​នៅ​បន្ត​ក្នុង​ទំនាក់​ទំនង​នយោបាយ​ការបទេស​អន្តជាតិ ព្រោះ​ម្ចាស់​ក្សត្រិយ​បាន​គ្រងរាជ្យ​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​។ ឥទ្ធិពល​របស់​មហាក្សត្រិយ​អេលីហ្សាប៊ែត​ទី​ ២ បាន​គ្របដណ្តប់​លើ​ពិភពលោក​រួច​ទៅហើយ​។ ដូច្នេះ បើទោះបី​ព្រះអង្គម្ចាស់ ឆាលស៍​ទី​ ៣ ដែល​ពេលនេះ​ក្លាយ​ជា​ព្រះមហាក្សត្រ​នៃ​ចក្រភព​អង់គ្លេស​ ដោយ​ស្វ័យប្រវត្តិ​រួច​ទៅ​ហើយ​នោះ ទ្រង់​ចង់​ផ្លាស់ប្តូរ​គន្លង​របស់​ព្រះមាតា​ខ្លួន​នោះ ក៏​មិនអាច​ទៅរួច​ដែរ​។ លោក​ថា ព្រះមហាក្សត្រ​ថ្មី​ត្រូវ​ប្រើ​រយៈពេល​យូរ ដើម្បី​កសាង​ឥទ្ធិពល​។

សម្រាប់​លោក ឥន សុផល អ្នក​ស្រាវជ្រាវ និង​តាមដាន​ភូមិសាស្ត្រ​នយោបាយ ព្រម​ទាំង​ជា​អ្នកជំនាញ​ផ្នែក​កិច្ចការ​កម្ពុជា​-​អង់គ្លេស​វិញ ក៏​យល់​ឃើញ​ស្រដៀង​គ្នា​នេះដែរ​។ លោក​ថា អង្គ​ព្រះមហាក្សត្រ​អង់គ្លេស មិន​ខុសពី​នៅ​កម្ពុជា​នោះឡើយ​។ ពោល​គឺ សោយរាជ្យ​តែ​មិន​កាន់​អំណាច ដូច្នេះ​ការផ្លាស់ប្តូរ​ប្រមុខ​រាជានិយម​អង់គ្លេស មិន​ប៉ះពាល់​ដល់​នយោបាយ​រដ្ឋាភិបាល​អង់គ្លេស​ឡើយ​។

ពី​ជ្រុង​រដ្ឋាភិបាល​កម្ពុជា​លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា​៖ «​ការផ្លាស់ប្តូរ​របត់​នយោបាយ​នៅ​អង់គ្លេស បន្ទាប់ពី​មាន​ការផ្លាស់ប្តូរ​នាយក​រដ្ឋមន្ត្រី និង​ព្រះមហាក្សត្រ​នេះ​នឹង​មិន​មាន​ការជះឥទ្ធិពល​អាក្រក់​ណាមួយ​ដល់​ទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា​ និង​អង់គ្លេស​ឡើយ ដោយ​លោក​បញ្ជាក់​ថា ខាង​ភាគី​រដ្ឋាភិបាល​កម្ពុជា​ និង​អង់គ្លេស តែង​មាន​ទំនាក់​ទំនង​ និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ជានិច្ច​។ ចំណែក​ទំនាក់​ទំនង​សែ​រាជានិយម​វិញ លោក​ថា អង្គ​ព្រះមហាក្សត្រ​កម្ពុជា និង​អង់គ្លេស​តែង​បង្ហាញ​ភាពស្និទ្ធស្នាល​ទៅវិញ​ទៅមក មិន​ធ្លាប់​ចោទ​ជា​បញ្ហា​ឡើយ​។

លោក​ ផៃ ស៊ីផាន បាន​ពន្យល់​អំពី​កិច្ចសហប្រតិបត្តិការ​រវាង​អង់គ្លេស​ និង​កម្ពុជា​កន្លងមក ដោយ​អង់គ្លេស​ធ្លាប់​ជួយ​កម្ពុជា​លើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA, ការ​បោសសម្អាត​មីន​ក្នុងស្រុក​, ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ជាដើម ហើយ​អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ ក៏​សង្ឃឹម​ដែរ​ថា ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង ​២ នឹង​នៅតែ​ល្អប្រសើរ ឬ​កាន់តែ​ប្រសើរ​ឡើង​នាពេល​ខាងមុខ ដោយ​ការខិតខំ​ប្រឹងប្រែង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​បន្ត​រវាង​កម្ពុជា​ និង​អង់គ្លេស​។

បច្ចុប្បន្ន​ចក្រភព​អង់គ្លេស​ក៏បាន​ធ្វើការ​កែទម្រង់​ចំណុច​មួយចំនួន​ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ដើម្បី​ផ្តល់​ភាពអនុគ្រោះ​ឱ្យ​កម្ពុជា​កាន់តែ​ច្រើន​សម្រាប់​ការនាំចេញ​ទំនិញ​ទៅ​ចក្រភព​អង់គ្លេស ដែល GSP នេះ​អាច​ជា​ផ្នែក​មួយ​នៃ​ការ​ប៉ះប៉ូវ​ពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% របស់​សហគមន៍​អឺរ៉ុប ដែល​ផ្តាច់​ចេញពី​កម្ពុជា​កាលពី​ពេល​កន្លង​ទៅ​។

យោងតាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​ឱ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អង់គ្លេស គិត​ត្រឹម​រយៈពេល ៧ ​ខែ ក្នុង​ឆ្នាំ​ ២០២២ នេះ មាន​ទំហំ​ប្រមាណ​ជាង ៥៨១ ​លាន​ដុល្លារ​។ ចំនួន​នេះ​កើនឡើង​ជិត​ពាក់​កណ្តាល ឬ​ស្មើនឹង​ ៤៥% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​ ២០២១៕