The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - LDP ពី​គណបក្ស​នយោបាយ​ ទៅ​ជា​លទ្ធិ​?

LDP ពី​គណបក្ស​នយោបាយ​ ទៅ​ជា​លទ្ធិ​?

Content image - Phnom Penh Post
លោក​ ខឹម វាសនា ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ។ រូបថត ហ្វេសប៊ុក

LDP ពី​គណបក្ស​នយោបាយ​ ទៅ​ជា​លទ្ធិ​?

ផ្ដួចផ្ដើម​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០០៥ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ឬ​ហៅ​កាត់​ដោយ​ខ្លី​ថា LDP បាន​បំពេញ​បែបបទ​ចុះ​បញ្ជី​ជា​ផ្លូវការ ស្រប​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ហើយ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ ទទួល​ស្គាល់​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី​ ២៦ ខែ​មិថុនា ឆ្នាំ​ ២០០៦។

ចាប់​តាំងពី​បង្កើត​ឡើង គណបក្ស​មួយ​នេះ ​គ្មាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​អ្វី​ច្បាស់​លាស់​ ដូច​គណបក្ស​ដទៃ​ទៀត​ទេ តែ​ការគាំទ្រ​ទាំង​ឡាយ​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចំពោះ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួល​បាន​តាម​រយៈ​យន្តការ ៨ ​ចំណុច ដែល​លោក​ ខឹម វាសនា ប្រធាន​គណបក្ស តែងតែ​ថ្លែង​ពន្យល់​នៅ​គ្រប់​ទីកន្លែង​ គ្រប់​វេទិកា គ្រប់​ការ​ពិភាក្សា​ទាំងអស់​ មិន​ថា​វេទិកា​នោះ ធ្វើ​ឡើង​ជា​សាធារណៈ ឬ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឡើយ។

ការ​ថ្លែង​ពន្យល់​របស់​លោក ខឹម វាសនា ជាទូទៅ ធ្វើ​ឡើង​ដោយ​ប្រើ​យុទ្ធសាស្ត្រ «ជេរ» ។ ប្រមុខ​បក្ស ​LDP ធ្លាប់​ថ្លែង​ប្រាប់​អ្នក​សារព័ត៌​មាន​ដោយ​ប្រកាន់​ជំហរ​រឹងមាំ​ថា​ លោក​ជេរ​គេ មិន​ខុស​ទេ ព្រោះ​លោក​ជេរ​មនុស្ស​ដែល​គួរ​ជេរ ហើយ​វា​មាន​ដើម​ហេតុ​ដែល​នាំ​ឱ្យ​ក្រុម​របស់​លោក​ជេរ​ផងដែរ​។ លើស​ពីនេះ ប្រធាន​បក្ស​ជួង បាន​ឱ្យ​ដឹង​ថា ការ​ជេរ​របស់​លោក ធ្វើឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ និង​ចូលរួម​ថវិកា​ទ្រទ្រង់​បក្ស​ ប្រហែល​ពី​ ៧ ទៅ​ ៨ ម៉ឺន​ដុល្លារ​ជា​រៀងរាល់​ខែ​ទៀត​ផង​។ ច្រើន​ជាង​នេះ អ្នក​គាំទ្រ LDP​ ផ្សេង​ទៀត បាន​ទិញ​ឡាន​ម៉ាក Mazda ២០១៦ ថ្មី​ ជូន​លោក​ថែម​ទៀត​។ បើ​តាម​លោក ខឹម វាសនា ទាំង​នេះ​គឺជា​កាដូ​នៃ​ការ​ជេរ​របស់​លោក​។

ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៣ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាត់​មុខ​មួយ​រយៈ​ធំ។ គឺ​ទាល់​តែ​ចុង​ខែ​មុន ពោល​គឺ​ទើប​តែ​នៅ​ចុង​ខែ​សីហា​ ឆ្នាំ​ ២០២២ ​ទេ ទើប​គេ​ឃើញ​គណបក្ស​នេះ​មាន​សកម្មភាព​ឡើង​វិញ តាម​រយៈ​ព្រឹត្តិការណ៍ ប្រមូល​ផ្ដុំ​មនុស្ស​នៅ​ចម្ការ​របស់​លោក ខឹម វាសនា នៅ​ជើង​ភ្នំ​គូលែន​។ ជា​ព្រឹត្តិការណ៍​កើត​ឡើង​ដោយ​សារ​តែ​មនុស្ស​មួយ​ចំនួន​ជឿ​លើ​វោហារស័ព្ទ​របស់​លោក​ ខឹម វាសនា ដែល​ថា ពិភព​លោក​ទាំង​មូល​ នឹ​ង​លិច​ទឹក ហើយ​មាន​តែ​នៅ​ដី​ចម្ការ​របស់​លោក​ តែ​មួយ​គត់ ដែល​មាន​សុវត្ថិភាព​ គេច​ផុត​ពី​ហេតុ​ការណ៍​នេះ​។ នៅពេល​ដែល​មនុស្ស​ជឿ​លើ​សម្ដី​របស់​លោក ខឹម វាសនា នៅក្នុង​រឿង​អបិយជំនឿ​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ដូច្នេះ​ តើ​គេ​អាច​និយាយ​បាន​ទេ​ថា​ «សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​» កំពុង​ប្រែក្លាយ​ខ្លួន​ពី «គណបក្ស​នយោបាយ» ទៅ​ជា «លទ្ធិ» ទៅ​ហើយ​?

មុន​នឹង​ឈាន​ទៅ​ឆ្លើយ​នឹង​សំណួរ​នេះ គេ​ត្រូវ​យល់​​អំពី «លទ្ធិ» សិន ដែល​ក្នុង​ភាសា​អង់គ្លេស​ហៅ​ថា «Cult» ។ «លទ្ធិ» ​ជា​ជំនឿ​ ១ ប្រភេទ​។​ ប៉ុន្តែ​ខុស​ពី ​«សាសនា» ​លទ្ធិ​ដែល​មាន​រាប់​រយ​រាប់​ពាន់​លទ្ធិ​នៅ​លើ​ពិភព​លោក​យើង​សព្វ​ថ្ងៃ​នេះ​អាច​កំណត់​អត្តសញ្ញាណ​បាន​តាម​រយៈ​ចំណុច​៣ សំខាន់៖ ទី១​ លទ្ធិ​ដឹកនាំ​ដោយ​មនុស្ស​ម្នាក់​ដែល​មាន​បុគ្គលិក​លក្ខណសម្បត្តិ​ទាក់ទាញ​ និង​ចាត់​ទុក​ខ្លួន​ឯង​ជា​អង្គ​ទេព​ ១ ​រូប​ ហើយ​អ្វី​ដែល​ចេញ​ពី​មាត់​របស់​បុគ្គល​នោះ​ គឺជា​សារ​របស់​ព្រះ​នៅ​ក្នុង​សាសនា​ណា​មួយ​។ ទី២ លទ្ធិមាន​ទំនោរ​ចង់​គ្រប់​គ្រង​ចិត្ត​របស់​មនុស្ស​ឱ្យ​លង់​ជឿ​ទៅ​លើ​ពាក្យ​សម្ដី​របស់​មេ​ដឹកនាំ​លទ្ធិ និង​ទី៣ នៅ​ពេល​មនុស្ស​ជឿ​ហើយ​ លទ្ធិ​នោះ នឹង​ស្វែងរក​ផល​ចំណេញ​ពី​អ្នក​ទាំង​នោះ​នៅ​ក្នុង​ផ្នែក​ណាមួយ​ជាពិសេស​ផ្នែក​សេដ្ឋកិច្ច​។

តើ​គេ​អាច​ហៅ​ករណី​លោក ​ខឹម វាសនា ​ដែល​ប្រើ​វោហារ​ស័ព្ទ​របស់​ខ្លួន​ ទាក់​ទាញ​អ្នកគាំទ្រ​ឱ្យ​ទៅ​ប្រមូល​ផ្ដុំ​គ្នា​ជាង​ ១ ​ម៉ឺន​នាក់ នៅ​ផ្ទះ​ចម្ការ​របស់​ខ្លួន​ ដោយ​​សំអាង​លើ​ហេតុ​ផល​ថា ពិភពលោក​នឹង​ត្រូវ​ទឹក​លិច​ថា ជា​លទ្ធិ​ដែរ​ឬ​ទេ?​ គេ​នៅ​មិន​ទាន់​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន​នៅ​ឡើយ​ទេ ដរាប​ណា​គេ​មិន​ទាន់​រក​ឃើញ​ភ័ស្តុតាង​ច្បាស់​លាស់​ថា​ តើ​លោក​ ខឹម វាសនា​ បាន​បង្កើត​ព្រឹត្តិការណ៍​នេះ​ដើម្បី​ទាញ​ប្រយោជន៍​ប្រមូល​ប្រាក់​ពី​អ្នក​គាំទ្រ​របស់​ខ្លួន​?

ប្រសិន​បើ​អ្វី​ដែល​លោក ​ខឹម ​វាសនា ​កំពុង​ធ្វើ​ជា​ «លទ្ធិ» ​តើ​វា​បង្ក​គ្រោះថ្នាក់​ដែរ​ឬ​ទេ​សម្រាប់​ស្រុក​ខ្មែរ​? កន្លង​មក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​គូស​បញ្ជាក់​ហើយ​ថា​ ការ​ប្រមូល​ផ្ដុំ​នេះ​ កើត​ឡើង​ដោយ​សារ​តែ​ជំនឿ​របស់​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​។ វា​បង្ក​ភាព​ចលាចល​ និង​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ​ដែរ​ នៅពេល​ដែល​មាន​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជឿ​លើ​វោហារស័ព្ទ​របស់​លោក​ ខឹម វាសនា ​ហើយ​វេច​បង្វេច​ត្រឡប់​មក​ស្រុក​តម្រង់​ទៅជើង​ភ្នំ​គូលែន​ចោល​ការងារ​ទាំង​មិន​ទាន់​ចប់​កុងត្រា​។

យ៉ាងណាក៏ដោយ​ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​ឡាយ​ ត្រូវ​តែ​បន្ត​តាម​ដាន​សកម្មភាព​របស់​លោក​ ខឹម វាសនា ​និងការ​ប្រមូល​ផ្ដុំ​នៅ​ចម្ការ​របស់​លោក​ និង​គួរ​មាន​ផែនការ​ដោះស្រាយ​ឱ្យ​រួច​ជា​ស្រេច​ ប្រសិន​បើ​ស្រាវជ្រាវ​រកឃើញ​ថា លោក​ ខឹម វាសនា បង្កើត​ព្រឹត្តិការណ៍​ ដើម្បី​ទាញ​ប្រយោជន៍​ពី​អ្នក​គាំទ្រ​របស់​ខ្លួន​។

ពិសេស​ជាង​នេះ គឺ​ត្រូវ​ប្រយ័ត្ន​ឱ្យ​មែនទែន​ចំពោះ​រាល់​សកម្មភាព​របស់​លោក​ ខឹម វាសនា​ ដើម្បី​ធានា​ថា​ លោក​នឹង​មិន​ប្រើប្រាស់​វោហា​រស័ព្ទ​របស់​លោក ​បង្គាប់​បញ្ជា​អ្នកគាំទ្រ​ខ្លួន​ឱ្យ​ប្រព្រឹ​ត្ត​អំពើ​គ្រោះថ្នាក់​ផ្សេងៗ​ ដូច ​«លទ្ធិ​គ្រោះថ្នាក់​» ​នៅ​បរទេស​ ដូចជា​ករណី​នៅ​អាមេរិក ​Heaven's Gate, Angel's Landing, Charles Manson, Synanon, និង​ករណី​ Aum Shinrikyo​ នៅ​ប្រទេស-ជប៉ុន​ជា​ដើម​នោះ​ឡើយ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍