
អ្នកវិភាគយល់ឃើញថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានគួររក្សាឱ្យបាននូវជំហអព្យាក្រឹត្យភាពក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង ដែលជាទំនាស់រ៉ាំរ៉ៃរាប់ទសវត្សរ៍គ្មានច្រកចេញ និងបន្តជំរុញឱ្យបណ្តារដ្ឋក្នុងតំបន់អាស៊ាន ដែលមានជម្លោះ និងប្រទេសចិន គួរប្រើយន្តការទ្វេភាគី ជាជាងយកវេទិការអាស៊ានជាតុលាការកាត់ក្តី។
សម្រាប់លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) យល់ថាមូលហេតុដែលនាំឱ្យជម្លោះសមុទ្រចិនខាងត្បូងក្លាយជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់ និងដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងសតវត្សរ៍ទី ២១ នេះ ព្រោះភាគីជម្លោះមានចិន និងបណ្តាប្រទេសសមាជិកអាស៊ាន ៤ រួមមាន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងហ្វីលីពីន មិនលែងដៃ និងមិនយល់ពីយន្តការដំណោះស្រាយកន្លងមករហូតក្លាយជាវិបត្តិជម្លោះដែនអធិបតេយ្យភាពរ៉ាំរ៉ៃ រកច្រកចេញមិនឃើញ។
ស្រដៀងគ្នានេះដែរ លោក ថុង ម៉េងដាវិត អ្នកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បញ្ជាក់ថា បញ្ហាសមុទ្រចិនខាងត្បូងនេះ វាពាក់ព័ន្ធច្រើនទៅលើបញ្ហាច្បាប់ បញ្ហាប្រវត្តិសាស្ត្រ បញ្ហាសេដ្ឋកិច្ច និងប្រយោជន៏ប្រទេស និងចុងក្រោយបញ្ហាទីតាំងយុទ្ធសាស្ត្រ។ ទីតាំងយុទ្ធសាស្ត្រ ដែលជាច្រកដង្ហើមសេដ្ឋកិច្ចពិភពលោក និងដែលគ្រប់គ្រងចរាចរណ៍ពាណិជ្ជកម្មសកលរហូតផលិតផលពិភពលោកជាង ៥០% ឆ្លងកាត់ដែនទឹកមួយនេះ ព្រមទាំងធនធានធម្មជាតិរាប់ពាន់លានដុល្លារនៅក្រោមសមុទ្រ។ មិនតែប៉ុណ្ណោះ វាក៏ជាច្រកភ្ជាប់រវាងលោកខាងលិច និងលោកខាងកើតផង។
វិលទៅកាលពីឆ្នាំ ២០០២ គ្រាកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានដំបូង បន្ទាប់ពីបានក្លាយជាសមាជិកអង្គការតំបន់នេះបាន ៣ ឆ្នាំ កម្ពុជាបានសម្រេចធ្វើសេចក្តីប្រកាសរួមស្តីពីការប្រតិបតិ្តរបស់ភាគីនៅសមុទ្រចិនខាងត្បូង DOC (Declaration on the Conduct of Parties in the South China Sea) ដែលជាកិច្ចព្រមព្រៀងមិនមែនផ្លូវច្បាប់ សម្រាប់យកទៅជជែកចរចា ដើម្បីសម្រេចក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង COC (Code of Conduct for the South China Sea)។
ដោយឡែក ១០ ឆ្នាំក្រោយមក ក្នុងឆ្នាំ ២០១២ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានម្តងទៀត កម្ពុជាមិនអាចចេញសេចក្ដីថ្លែងការណ៍រួមគ្នាពោលគឺ COC ឡើយ ដោយហេតុភាគីនីមួយៗមិនទទួលយកការសម្របសម្រួល ហើយមានការរិះគន់ថា កម្ពុជាជាម្ចាស់ផ្ទះលំអៀងទៅរកចិន។
ជុំវិញបញ្ហាចម្រូងចម្រាសដែលរារាំងមិនឱ្យជម្លោះសមុទ្រចិនខាងត្បូងមានច្រកចេញនោះ លោក ថុង ម៉េងដាវិត អះអាងថា ដោយសារផលប្រយោជន៍ និងយុទ្ធសាស្ត្រនៃបណ្តាប្រទេសពាក់ព័ន្ធ ហើយគេមិនបានគោរពតាមច្បាប់អន្តរជាតិ។ ជារឿយៗ គេសង្កេតឃើញមានការប៉ះទង្គិចទាំងយោធា និងសង្គ្រាមពាក្យសម្ដីរវាងសមាជិកអាស៊ានពាក់ព័ន្ធនឹងចិនផង ដែលវាថែមទាំងនាំឱ្យជាប់គាំងនៃការពង្រាងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC)។
បន្ថែមពីនេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថាមិនត្រឹមតែភាគីនីមួយៗក្នុងជម្លោះយល់ថា យន្តការដោះស្រាយនានាកន្លងមកមានភាពអយុត្តិធម៌ ដែលមិនអាចទទួលយកបាននោះទេ ថែមទាំងមានការជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងពីបណ្តាប្រទេសខាងក្រៅពីដែនអធិបតេយ្យភាពសមុទ្រចិនខាងត្បូងផង រួមមាន សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ ជាដើម។ ជាពិសេស សហរដ្ឋអាមេរិកផ្ទាល់ដែលនៅប្រកាន់ជំហរអនុត្តរភាពរបស់ខ្លួនក្នុងដែនសមុទ្រចិនខាងត្បូង។
លោក គិន ភា ពន្យល់ដូច្នេះថា៖ «សហរដ្ឋអាមេរិកនៅតែប្រកាន់ខ្ជាប់នូវអនុត្តរភាពរបស់ខ្លួន គាត់អត់ចង់ឱ្យមានដំណោះស្រាយមួយដែលមានការបែងចែកដែនអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូងទេ ព្រោះគាត់ចង់ឱ្យសមុទ្រចិនខាងត្បូង ជាដែនសមុទ្រអន្តរជាតិ ដែលមានសេរីភាពនាវាចរ និងការហោះហើរ ព្រោះវាជាច្រកអន្តរជាតិដ៏សំខាន់ បើមានការបែងចែកអធិបតេយ្យភាព នោះនឹងធ្វើឱ្យលម្ហនាវាចរ និងការហោះហើររួមតូច ប៉ះពាល់ប្រយោជន៍សហរដ្ឋអាមេរិក និងមហាអំណាចផ្សេងទៀត»។
ពីអនុត្តរភាពចិនវិញ លោក វណ្ណ ប៊ុនណាលើកឡើងពីទ្រឹស្តីប្រាកដនិយមនូវមហិច្ឆតាក្លាយជាមហាអំណាចកំពូលពិភពលោករបស់ចិន ដែលទាមទារឱ្យចិនក្លាយជាមហាអំណាចតំបន់ជាមុនសិន ជាកត្តាគេមើលឃើញពីការចង់បានរបស់ចិនក្នុងការកាន់កាប់សមុទ្រចិនខាងត្បូង ដែលជាច្រកពាណិជ្ជកម្មសំខាន់របស់ពិភពលោក និងធនធានក្រោមទឹកដ៏សម្បូរបែប ហើយអាចបន្ថែមទម្ងន់នយោបាយខ្លួនលើឆាកអន្តរជាតិផង។
លោក វណ្ណ ប៊ុនណា បន្ថែមថា ជម្លោះកម្មសិទ្ធិដែនសមុទ្រដ៏រ៉ាំរ៉ៃនេះ បានយាយីរំខានមិនត្រឹមតែរវាងចិន និងបណ្តារដ្ឋអាស៊ានដែលគេពិបាកដោះស្រាយនោះទេ វាថែមទាំងជាជម្លោះដ៏ស្មុគស្មាញក្នុងផ្ទៃក្នុងអាស៊ានផង។ សមាជិកអង្គការតំបន់មួយនេះរួមមាន ប្រទេសវៀតណាម ម៉ាឡេស៊ី ព្រុយណេ និងហ្វីលីពីន មានភាពចម្រូងចម្រាសនឹងគ្នា សឹងបែកបាក់អាស៊ាន ហើយដែលតុលាការអន្តរជាតិក៏មិនអាចរកច្រកចេញបានដែរ ខណៈភាគីនីមួយៗមិនទទួលយក។
នាពេលថ្មីៗនេះ ខណៈកម្ពុជាកំពុងធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅតែសម្តែងការចង់រកច្រកចេញ សម្រាប់វិបត្តិសមុទ្រចិនខាងត្បូង។ ក្នុងថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ទៅលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបថា កម្ពុជាចង់ឃើញការបន្តអនុវត្តឱ្យបានពេញលេញនូវ DOC ហើយកម្ពុជានឹងខិតខំជំរុញការចរចាឱ្យចេញបាននូវ COC នៅពេលខាងមុខ។
ជុំវិញបញ្ហានេះដែរ លោក វណ្ណ ប៊ុនណាគូសបញ្ជាក់ថា DOC ដែលសម្រេចបានកាលពីឆ្នាំ ២០០២ ជាយន្តការឱ្យភាគីជម្លោះនីមួយៗទុកចិត្តគ្នា និងដោះស្រាយវិបត្តិសមុទ្រចិនខាងត្បូងនេះ ដោយសន្តិវិធី និងជាមូលដ្ឋានសម្រាប់យកទៅជជែករកយន្តការណាមួយ សម្រាប់ដោះស្រាយដែលភាគីនីមួយៗទទួលយកបាន ដែលចេញជា COC។ ចំណែក COC គឺជាយន្តការផ្លូវច្បាប់ ឬនីតិវិធីក្នុងការដោះស្រាយបញ្ហាតាមរយៈការបង្កើត ឬប្រើប្រាស់តុលាការអន្តរជាតិដែលមានស្រាប់ជាដើម និងវាមានកម្រិតសមាសភាពជម្លោះ ដែលមានតែចិននិ ងបណ្តារដ្ឋសមាជិកអាស៊ាន ៤ ប៉ុណ្ណោះ គ្មានភាគីណាមួយទៀតឡើយ។
ស្រដៀងគ្នានេះដែរលោក គិន ភា បញ្ជាក់បន្ថែមថា មកដល់ពេលនេះគេមិនទាន់បានកំណត់រូបរាង COC នោះច្បាស់ជាផ្លូវការណាមួយនៅឡើយទេ ប៉ុន្តែគេអាចដឹងបានថា វាជាចំណងដំណោះស្រាយផ្លូវច្បាប់ សម្រាប់ភាគីជម្លោះ ហើយវាមានភាពទូលំទូលាយជាង DOC។
ក្នុងនាមកម្ពុជាជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២ នេះ លោក វណ្ណ ប៊ុនណា យល់ថា កម្ពុជាគួរតែរក្សាជំហរអព្យាក្រឹត្យដោយមិនត្រូវគាំទ្រភាគីចិន ឬភាគីជាសមាជិកអាស៊ានណាមួយឡើយ ដោយជំរុញភាគីនីមួយៗចូលតុចរចាដោយសន្តិវិធី ហើយប្រើប្រាស់យន្តការដូចជាច្បាប់អន្តរជាតិស្តីពីដែនសមុទ្រ (UNCLOS) ជាដើម។
សម្រាប់លោក គិន ភា វិញមិនខុសពីលោក វណ្ណ ប៊ុនណាឡើយដែលចង់ឱ្យកម្ពុជាបន្តរក្សាអព្យាក្រឹត ហើយភាគីនីមួយៗត្រូវរក្សាភាពស្ងប់ស្ងៀម បន្តគោរព DOC ឱ្យខ្ជាប់ខ្ជួន និងពេញលេញ ព្រមជំរុញភាគីនីមួយៗចរចា ដើម្បីសម្រេច COC ឱ្យបានឆាប់។
ចំណែកលោក ថុង ម៉េងដាវិត វិញបន្ថែមថា កម្ពុជាត្រូវបន្តខិតខំសម្របសម្រួលទាំងរវាងចិន និងបណ្តាប្រទេសជាសមាជិកអាស៊ានឱ្យពិភាក្សាវិធានការច្បាប់ ដែលអាចធ្វើសម្បទានសេដ្ឋកិច្ច និងនយោបាយគ្នាទៅវិញទៅមក ក្នុងបំណងរក្សាការអត់ធ្មត់ខ្ពស់ ដើម្បីដោះស្រាយដោយសន្តិវិធីតាមរយៈទ្វេភាគីក៏ដូចជាច្បាប់អន្តរជាតិ។
អ្នកជំនាញកិច្ចការអន្តរជាតិទាំងនេះបានយល់ស្របគ្នាឱ្យកម្ពុជាជំរុញដល់ភាគីជម្លោះរួមមានចិន និងបណ្តាប្រទេសជាសមាជិកអាស៊ាន ៤ ដែលជាប់ពាក់ព័ន្ធជម្លោះនោះ ត្រូវដោះស្រាយដោយកិច្ចចរចាទ្វេភាគី ដែលចៀសវាងយកបញ្ហាសមុទ្រចិនខាងត្បូងជាបញ្ហារួមរបស់អាស៊ានទល់ជាមួយចិន។
គួររំឭកថា នាពិធីសម្ពោធសណ្ឋាគារហៃយ៉ាត់រីជិនស៊ី កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា លោកនឹងព្យាយាមចរចារកដំណោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ប៉ុន្តែលោកមិនហ៊ានធានាថាបញ្ហានេះអាចសម្រេចបានសេចក្តីថ្លែងការណ៍រួមឡើយ។
កាលពីឆ្នាំ ២០១២ គេមិនអាចសម្រេចសេចក្តីថ្លែងការណ៍រួមនោះ លោកសង្កត់ធ្ងន់ថា វាមានបញ្ហាសំខាន់មួយចំនួនរួមទាំងការអះអាង ដែលអាស៊ានមិនមែនជាតុលាការកាត់ក្តីតាមការចង់បានរបស់ភាគីជម្លោះណាមួយឡើយ៕