
ម៉ូតូធំជាច្រើនគ្រឿងត្រូវបានសមត្ថកិច្ចឃាត់ទុកពីថ្ងៃទី ៨ តុលា។ រូបថត ហ្វេសប៊ុក
ជាទូទៅនៅប្រទេសកម្ពុជា ម៉ូតូដែលមានទំហំស៊ីឡាំងចាប់ពី 150cc ឡើងទៅ ត្រូវបានគេចាត់ទុកថា ជាប្រភេទម៉ូតូធំ ដែលច្បាប់ចរាចរណ៍ផ្លូវគោកតម្រូវឱ្យអ្នកជិះត្រូវមានបណ្ណបើកបរផងដែរ។ ម៉ូតូធំត្រូវបានកត់សម្គាល់ឃើញមានកំណើនកើនឡើងច្រើនក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅរាជធានីភ្នំពេញ ខណ:ពេលដែលប្រទេសជាតិមានសន្តិភាព ស្ថិរភាព ប្រជាពលរដ្ឋមានការយល់ដឹងអំពីសុខុមាលភាព យកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តក៏ដូចជាចូលរួមលើកស្ទួយវិស័យកីឡាយានយន្ត។ ម៉ូតូធំត្រូវបានអ្នកនិយមជិះធ្វើចំណាត់ថ្នាក់ជាក្រុម តាមប្រភេទ ដូចជា៖
១. ប្រភេទ Scooter 150cc ដូច Honda PCX និងប្រភេទផ្សេងៗទៀត ដែលគេនិយមចូលចិត្តប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរប្រកបមុខរបរប្រចាំថ្ងៃផង និងសម្រាប់ជិះកម្សាន្តទូទៅផងដែរ ព្រោះពួកវាមានរូបរាងស្រស់ស្អាត ងាយស្រួលជិះ និងងាយស្រួលរក្សាទុកក្នុងចំណត។
២. ប្រភេទម៉ូតូត្រៃ 150 ទៅ 500cc មានលក្ខណៈជាម៉ូតូសម្រាប់កីឡាប្រណាំងជិះហោះក្នុងទីលាន (Motorcross) ឬជិះឆ្លងកាត់ផ្លូវមានឧបសគ្គក្នុងព្រៃជាលក្ខណៈ Enduro ឡើងភ្នំជាដើម ឬប្រភេទ Dual Sport នៅលើផ្លូវ On road ឬក្នុងទឹកល្បាប់ភក់ Off roadជាដើមដែលម៉ូតូធម្មតា ឬប្រភេទម៉ូតូធំផ្សេងទៀតមិនអាចធ្វើដូចបានទេ។ ម៉ូតូប្រភេទ Motorcross គឺ មិនមែនសម្រាប់ជិះលើផ្លូវជាតិទេ វាសម្រាប់តែជិះក្នុងទីលានប្រណាំងតែប៉ុណ្ណោះ ហេតុនេះគេច្រើនតែដឹកលើវាលើរថយន្ត ឬរ៉ឺម៉កសណ្តោងទៅកាន់ទីលានប្រណាំងតែម្តង។
៣. ប្រភេទម៉ូតូ Super Sports ដែលមានទំហំស៊ីឡាំងចាប់ពី 150cc ទៅដល់ 1,100cc ឬធំជាងនេះ ដែលគេនិយមជិះ ឬប្រណាំងលើផ្លូវរាប ដែលអាចប្រើល្បឿនលឿនលើសពី 250Km/h ប៉ុន្តែវាមិនសូវមានផាសុកភាព ឬងាយស្រួលសម្រាប់ជិះក្នុងទីក្រុងចរាចរណ៍ចង្អៀតទេព្រោះសីតុណ្ហភាពម៉ាស៊ីនអាចនឹងឡើងកម្ដៅខ្ពស់បង្កឱ្យងាយខូចម៉ាស៊ីនហើយក៏មិនស្រួលក្នុងការធ្វើដំណើរកម្សាន្តរយ:ចម្ងាយឆ្ងាយពេកដែរព្រោះអ្នកជិះត្រូវឱនបន្ទាបតាមទម្រេតមុខខ្យល់ និងទប់ចង្កូតបត់បែន។
៤. ប្រភេទម៉ូតូទេសចរណ៍ (Touring) ដែលមានទំហំស៊ីឡាំង ចាប់ពី 400cc ទៅ 1,800cc ខ្លះមានរចនាលក្ខណ:ជា Semi-cruiser ដែលអាចទុកដាក់សម្ភារផ្ទាល់ខ្លួនបានច្រើនសម្រាប់ធ្វើដំណើរទេសចរណ៍រយ:ចម្ងាយមធ្យមឆ្លងពីក្រុង ១ ទៅក្រុង ១ ឬខេត្ត ១ ទៅខេត្ត ១ ឬឆ្លងប្រទេស។ អ្នកជិះម៉ូតូប្រភេទនេះគេជិះដោយមិនសូវប្រើល្បឿនពេកទេគឺគេជិះល្បឿនបែបលម្ហែក្នុងល្បឿន ចន្លោះពី 60 ទៅ 100Km/h តែប៉ុណ្ណោះរៀងរាល់ចន្លោះផ្លូវ 50 ឬ 100Km គេឈប់សម្រាកម្តងព្រោះភាគច្រើនវាមានទំហំធំ និងទម្ងន់ធ្ងន់ ហើយម៉ូតូប្រភេទនេះត្រូវបានគេស្គាល់ដូចជាពពួក Harley Davidson ឬ Honda Shadow ជាដើមហើយក៏មានការតាក់តែងជាលក្ខណៈបែបម៉ូតូកាហ្វេផងដែរ។
៥. ប្រភេទម៉ូតូសម្រាប់ធ្វើដំណើរផ្សងព្រេង (Adventure) រយ:ចម្ងាយឆ្ងាយ ដែលមានទំហំស៊ីឡាំង ចាប់ 700cc ទៅ 1,400cc អាចប្រើល្បឿនលឿនលើផ្លូវរាបឆ្លងប្រទេស និងល្បឿនមធ្យមលើផ្លូវឧបសគ្គខ្លះៗ ឬផ្លូវដី ដែលសម្គាល់ភាគច្រើនមានពពួកម៉ូតូ BMW, Africa Twin ជាដើម។ ម៉ូតូប្រភេទ Adventure គឺមានធុងផ្ទុកប្រេងធំ ជាប្រភេទម៉ូតូធន់ និងងាយស្រួលបញ្ជា បើទោះជា មានទំហំធំ និងទម្ងន់ធ្ងន់ក៏ដោយ។
ម៉ូតូធំភាគច្រើនត្រូវបានគេយកទៅប្រើក្នុងវិស័យកីឡាយានយន្ត បើទោះជាកីឡាប្រភេទនេះមិនត្រូវបានចាត់បញ្ចូលជាវិញ្ញាសាកីឡាអូឡាំពិកក៏ដោយ ប៉ុន្តែក៏ជាប្រភេទកីឡាដែលពេញនិយមនៅទូទាំងសកលលោក និងប្រទេសនានាក្នុងតំបន់។ ជាក់ស្តែងជាច្រើនឆ្នាំកន្លងមកនេះ សហព័ន្ធកីឡាយានយន្តកម្ពុជាបានដើរតួនាទីសំខាន់ក្នុងការដឹកនាំការបង្កើតឱ្យមានទីលានប្រកួតកីឡាប្រណាំងម៉ូតូច្រើនប្រភេទខុសៗគ្នា ទាំងក្នុងស្រុក ទាំងបញ្ជូនកីឡាករទៅចូលរួមប្រកួតនៅប្រទេសជិតខាងទៅលើវិញ្ញាសា Super Cross,វិញ្ញាសា Enuro Cross country វិញ្ញាសា Super Sport លើផ្លូវរាបជាដើម ហើយទទួលបានការគាំទ្រ និងចូលរួមពីកីឡាករ កីឡាការិនីជាច្រើនរយនាក់។
ក្រៅពីនេះក្លឹប និងក្រុមម៉ូតូមួយចំនួនបានសហការជាមួយក្រសួងទេសចរណ៍ និងក្រសួងបរិស្ថានបង្កើតការជិះម៉ូតូចូលព្រៃស្វែងរកតំបន់ទេសចរណ៍ធម្មជាតិតាមតំបន់ដាច់ស្រយាល និងធ្វើជាមគ្គុទ្ទេសក៍នាំភ្ញៀវទេសចរជាតិ អន្តរជាតិទៅកម្សាន្ត និងផ្សព្វផ្សាយតំបន់ទាំងនោះទៀតផង។
ជាងនេះទៅទៀត ក្រុមម៉ូតូ Adventure ជាពិសេសក្រុម BMW Cambodiaបានទំនាក់ទំនងជាមួយប្រទេសជិតខាងដោយបាននាំភ្ញៀវទេសចរក្នុងស្រុកជិះម៉ូតូធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជិតខាងក្នុងតំបន់ និងបាននំាភ្ញៀវទេសចរបរទេសក្នុងតំបន់ជិះម៉ូតូចូលមកទស្សនាទឹកដីអង្គរដ៏បវរនៃយើងផងដែរ។
តាមរយ:សកម្មភាពទាំងនេះ ក្រុមម៉ូតូធំពិតជាបានដើរតួនាទីមួយចំណែកក្នុងការបង្ហាញពីភាពរីកចម្រើនជឿនលឿនលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជាព្រមទាំងបានផ្សព្វផ្សាយឱ្យអន្តរជាតិបានដឹងថា៖ ក្រោមម្លប់សន្តិភាពដឹកនាំដោយសម្តេច ហ៊ុន សែន ប្រទេសកម្ពុជាមានអ្វីៗគ្រប់យ៉ាង មិនចាញ់ប្រទេសជឿនលឿនដទៃទៀតឡើយ។
នៅក្នុងប្រទេសកម្ពុជា ប្រភេទម៉ូតូធំដូចដែលបានរៀបរាប់ខាងលើ គឺត្រូវបានកត់សម្គាល់ឃើញថា គេមិនសូវប្រើប្រាស់សម្រាប់ជាមធ្យោបាយធ្វើដំណើរប្រកបការងារប្រចាំថ្ងៃនោះទេ ព្រោះវាមានតម្លៃថ្លៃ ស៊ីប្រេងឥន្ធនៈច្រើន ថ្លៃសេវាថែទាំខ្ពស់ តម្លៃបង់ពន្ធក៏ខ្ពស់ ហើយពិបាកជិះជាងម៉ូតូធម្មតា ផ្ទុយទៅវិញម៉ូតូទាំងនោះត្រូវបានអ្នកនិយមចូលចិត្តជិះជាក្រុមៗជាលក្ខណ:កីឡាកម្សាន្ត កីឡាអាជីព ឬជាលក្ខណ:ទេសចរណ៍តាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ ដូច្នេះ អ្នកជិះម៉ូតូធំត្រូវមានលក្ខខណ្ឌសំខាន់ ៤ យ៉ាង៖
១. មានសុខភាពល្អកាយសម្បទារឹងមាំ និងមានបញ្ញាវៀងវៃ
២. មានសមត្ថភាព និងទេពកោសល្យក្នុងការជិះម៉ូតូធំ
៣.អាចលៃលកពេលវេលាបាន
៤.មានធនធានហិរញ្ញវត្ថុសម្រាប់បំពេញចំណង់ចំណូលចិត្តនេះបាន
ផ្អែកទៅតាមចំណង់ចំណូលចិត្ត និងស្ថិតក្នុងស្មារតីលើកស្ទួយវិស័យកីឡាយានយន្ត, វិស័យទេសចរណ៍ និងជាការកម្សាន្តសប្បាយផ្លូវចិត្ត អ្នកនិយមជិះម៉ូតូធំបានចងក្រងគ្នាជាក្រុមៗ ឬក្លិប។ ក្រុម ឬក្លិបមួយចំនួនបានចុះបញ្ជីជាសមាជិកសហព័ន្ធកីឡាយានយន្តកម្ពុជា តាមប្រភេទម៉ូតូនីមួយៗ ឬចម្រុះប្រភេទ ហើយចូលរួមចំណែកជួយការងារសង្គមតាមរយ:សកម្មភាពមនុស្សធម៌នានា ទៅតាមទស្សនវិស័យនៃក្រុមរៀងៗខ្លួន។
ក្រុមម៉ូតូដែលបានចុះបញ្ជីជាសមាជិកសហព័ន្ធកីឡាយានយន្តកម្ពុជា ត្រូវបានបំពេញលក្ខខណ្ឌនានាស្របតាមនីតិវិធី ដោយក្រុម ឬក្លិបនីមួយៗ ត្រូវមានលក្ខខន្តិក: បទបញ្ជាផ្ទៃក្នុង និងរបៀបណែនាំពីសុវត្ថិភាពនៃការជិះម៉ូតូជាក្រុមលើដងផ្លូវសាធារណ:ស្របតាមបញ្ញត្តិច្បាប់ចរាចរណ៍ផ្លូវគោក។
ក្រុម ឬក្លិបម៉ូតូធំមានច្រើន ហើយក្រុមនីមួយៗចេញដំណើរកម្សាន្ត ឬបំពេញកិច្ចការសង្គមជាបន្តបន្ទាប់តាមពេលវេលាសមស្របជាក្រុម ឬជាលក្ខណៈឯកជនដាច់ដោយឡែក ឬពេលខ្លះលក្ខណ:សម្ព័ន្ធភាពជាមួយក្រុមផ្សេងរួមគ្នា ទើបយើងឧស្សាហ៍ឃើញម៉ូតូធំធ្វើដំណើរលើដងផ្លូវជាញឹកញយ ជាពិសេសនាពេលចុងសប្តាហ៍ ប៉ុន្តែមិនប្រាកដថាជាក្រុមតែមួយនោះទេ។
ជារឿយៗការកៀរគរគ្នាចេញដំណើរកម្សាន្តម្តងៗក្រុមនីមួយៗមានការលំបាកប្រមូលជួបជុំគ្នាណាស់ ព្រោះអ្នកជិះម៉ូតូធំភាគច្រើនជាអ្នកជំនួញ បុគ្គលិកក្រុមហ៊ុនឯកជន ឬជាមន្រ្តីរាជការ ដែលពួកគេទាំងនោះមិនសូវមានសល់ពេលវេលាច្រើនទេ។ ក្រុមខ្លះ ១ ឆ្នាំជិះស្ទើរតែមិនបាន ១០ ដងផង ដូច្នេះ ម៉ូតូធំមិនសូវមានឱកាសធ្វើចរាចរណ៍នោះទេ គឺចតនៅផ្ទះច្រើនជាង។ រីឯការធ្វើដំណើរតាមដងផ្លូវទៀតសោត គឺជិះជាជួរដោយមាន Captain ដឹកនាំផ្លូវ និងមានឆ្មាំកន្ទុយមើលពីខាងក្រោយ ហើយត្រូវបានធ្វើការណែនាំយ៉ាងហ្មត់ចត់រៀងរាល់មុនពេលចេញដំណើរ។
ឆ្លងកាត់បទពិសោធការជិះម៉ូតូធំជាក្រុម គឺមានភាពសប្បាយរីករាយមានអនុស្សាវរីយ៍ និងមានហានិភ័យទាបជាងការជិះម្នាក់ឯង។ ទោះជាយ៉ាងណា ក៏មានបុគ្គលខ្លះ ឬក្រុមខ្លះបានប្រព្រឹត្តផ្ទុយពីការណែនាំផងដែរ ដែលករណីនេះពិតជាចៀសមិនរួចឡើយ ទើបធ្វើឱ្យមានមតិរិះគន់ដល់ក្រុមម៉ូធំជារឿយៗ។
ជាក់ស្តែងករណីដែលមន្រ្តីគយចល័តបានត្រួតពិនិត្យពន្ធនាំចូលលើម៉ូតូធំនាពេលថ្មីៗនេះ ក៏មានការបញ្ចេញមតិជាច្រើនលើបណ្តាញសង្គមតាមទស្សន:យល់ឃើញខុសៗគ្នា។ ជាការពិតណាស់ ដូចដែល ឯ.ឧ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានមានប្រសាសន៍កាលពីពេលថ្មីៗថា "អ្នកប្រើប្រាស់រថយន្ត ឬម៉ូតូ មិនទាន់បានបង់ពន្ធ នឹងប្រឈមការពិបាកទាំងផ្នែកច្បាប់រដ្ឋប្បវេណី និងច្បាប់ព្រហ្មទណ្ឌ" ព្រោះវាមិនមែនជាវត្ថុដែលអាចលាក់កំបាំងបានដូចជាទូរទស្សន៍ ឬវត្ថុតូចតាចដទៃទៀតដែលស្ថិតក្នុងផ្ទះនោះឡើយ។
ចំពោះម៉ូតូធំដែលមិនទាន់បានបង់ពន្ធនោះ ដែលមានចំនួនប្រហែល ៨០% ក៏មិនមែនពួកគេជាមនុស្សមិនល្អ គេចវេះពីកាតព្វកិច្ចពន្ធគយនោះទេ ក៏ប៉ុន្តែភាពឆកល្វែងកន្លងមក និងតថភាពជាក់ស្តែងក្នុងសង្គមធ្វើឱ្យពួកគេមានឱកាសជ្រើសរើសយកផ្លូវមិនទាន់បង់ពន្ធ ដោយសារកត្តាមួយចំនួនដូចខាងក្រោម៖ ១. ម៉ូតូអត់ពន្ធមានតម្លៃទាបជាងម៉ូតូមានពន្ធច្រើន
២. ងាយស្រួលលក់ចេញវិញ និងខាតតិចជាងម៉ូតូមានពន្ធ ឬមានស្លាកលេខហើយ ៣. ជាសម្ភារសម្រាប់កម្សាន្តសប្បាយ បំបាត់ភាពនឿយណាយនឹងការងារវាមិនមែនជាមធ្យោបាយចាំបាច់សម្រាប់ប្រើប្រាស់ក្នុងជីវភាពរាល់ថ្ងៃ (ប្រើប្រាស់តិចតួចណាស់ធៀបនឹងតម្លៃ) ៤ ពន្យារពេលបានយូរ តម្លៃបង់ពន្ធកាន់តែថយចុះទៅតាមឆ្នាំផលិត ៥. រង់ចាំឱកាសបង់ពន្ធ នៅពេលគ្មានជម្រើស។
នៅក្នុងនោះដែរ ក៏មានការបញ្ចេញមតិជាច្រើនបែបចំអកឌឺដងដល់អ្នកជិះម៉ូតូធំ ដែលមិនទាន់បានបង់ពន្ធ ព្រោះអ្នកខ្លះគាត់បានបង់ពន្ធហើយ រីឯអ្នកខ្លះអត់មានម៉ូតូដែលត្រូវបង់ពន្ធទេ តែបែរជាមានគំនិតអវិជ្ជមាន រហូតដល់មិនចង់ឱ្យរដ្ឋាភិបាលមានការលើកលែងសូម្បីតែពិន័យ បើទោះជាកន្លងមករាជរដ្ឋាភិបាលក៏ធ្លាប់បានធ្វើការបន្ធូរបន្ថយពន្ធសម្រួលដល់ស្ថានការណ៍ជាក់ស្តែងជូនប្រជាពលរដ្ឋរួចហើយក៏ដោយ។ ផ្តើមចេញការបញ្ចេញទស្សន:ទាំងវិជ្ជមាន ទាំងអវិជ្ជមានលើបញ្ហា ម៉ូតូធំនេះធ្វើឱ្យយើង អាចវាយតម្លៃជារួមលើមនុស្សជា ៤ ជំពូកផ្សេងគ្នា៖ ១ .ជំពូកអ្នកស្រឡាញ់ ចូលចិត្តម៉ូតូធំ និងអាចជិះបាន ២ ជំពូកអ្នកស្រឡាញ់ ចូលចិត្តម៉ូតូធំ ប៉ុន្តែមិនអាចជិះបាន គឺបានត្រឹមតែលួចសរសើរគេអ្នកជិះបាន ៣ ជំពូកអ្នកច្រណែននឹងអ្នកជិះម៉ូតូធំ ដោយសារខ្លួនឯងធ្វើមិនបាន និង ៤.ជំពូកអ្នកស្អប់អ្នកជិះម៉ូតូធំ។
ទោះជាយ៉ាងណា ករណីម៉ូតូធំអត់បង់ពន្ធវាគ្រាន់តែជាផ្នែកតូចមួយនៃបទល្មើសគេចពន្ធនាំចូលតែប៉ុណ្ណោះ រីឯទិដ្ឋភាពដែលគយចល័តបានចុះអនុវត្តនីតិវិធីលើ ម៉ូតូធំកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ កន្លងមកបានឆ្លុះបញ្ចាំងឱ្យឃើញរូបភាព ២ គឺ៖ ១. បង្ហាញពីជោគជ័យរបស់សមត្ថកិច្ចគយចល័តដែលបានបញ្ចេញស្នាដៃបង្រ្កាបបទល្មើសគេចពន្ធកណ្តាលទីក្រុងបានយ៉ាងសន្ធឹកសន្ធាប់។ ២.បង្ហាញភាពឆកល្វែង ឬអសមត្ថភាពរបស់សមត្ថកិច្ចគយតាមច្រកនានាដែលបណ្តែតបណ្តោយឱ្យទំនិញគេចពន្ធទាំងនោះ អាចហោះចូលមកកណ្តាលរាជធានីភ្នំពេញបានយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ដោយរបៀបណា? ដែលករណីនេះធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមើលឃើញហើយអស់ជំនឿព្រោះការបង្រ្កាបបទល្មើសដដែលៗបែបនេះវាកើតមានរយ:ពេលប្រមាណជាង ៣០ ឆ្នាំមកហើយ។
ក្នុងនាមប្រជាពលរដ្ឋជាម្ចាស់ឆ្នោតគ្រប់រូបពិតជាមានសុឆន្ទៈក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ និងគាំទ្រនូវការអនុវត្តវិធានការទប់ស្កាត់នានាព្រមទាំងចង់ឃើញរាជរដ្ឋាភិបាលធ្វើការលុបបំបាត់ចោលទាំងស្រុងរាល់បទល្មើសគេចពន្ធដើម្បីឱ្យតម្លៃទំនិញប្រកួតប្រជែងក្នុងទីផ្សារមានតម្លាភាព។ ជាមួយគ្នានេះដែរក្នុងកាលៈទេសៈដែលស្ថានភាពទូទៅនៃជំងឺកូវីដ ១៩ ទើបតែមានការថយចុះ ម្យ៉ាងទៀត ព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ ២០២៣ ខាងមុខនេះរាជរដ្ឋាភិបាលគួរពិចារណាបន្ធូរបន្ថយពន្ធនាំចូលចំពោះប្រភេទម៉ូតូកីឡា និងលើកលែងពិន័យលើប្រាក់ពន្ធចំពោះម៉ូតូធំ ដែលបាន និងកំពុងចរាចរក្នុងស្រុករួចហើយដើម្បីឱ្យពួកគេបានបង់ពន្ធ និងបំពេញនីតិវិធីស្របច្បាប់វិញ៕
ដោយ លោក លី សូម៉ានេថ