«​មិត្តភក្តិ​ដែល​គួរឱ្យ​ទុកចិត្ត​បំផុត» «មិត្ត​ល្អ​ជួយ​គ្នា​ក្នុង​គ្រាក្រ​» «​មិត្តភាព​ដែក» «ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ» និង «សហគមន៍​ចិន​-​កម្ពុជា​ដែលមាន​អនាគត​រួមគ្នា» ជា​ឃ្លោងឃ្លា​មួយចំនួន​ក្នុង​ចំណោម​ឃ្លោងឃ្លា​ដទៃទៀត​ ដែល​តែងតែ​ត្រូវបាន​ប្រើ​ដើម្បី​បរិយាយ​អំពី​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ចិន​។

ផ្អែក​តាម​ប្រវត្តិសាស្ត្រ ទំនាក់ទំនង​ចិន​-​កម្ពុជា​មាន​អាយុកាល​តាំងពី​សតវត្សរ៍​ទី​ ១៣ ​មកម្ល៉េះ​។ ក្នុង​សម័យ​ទំនើប ទំនាក់ទំនង​ការទូត​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​ ១៩ ខែកក្កដា ឆ្នាំ​ ១៩៥៨ ​។ ចាប់ពី​ពេល​នោះ​មក ក្នុងនាម​ជា​ប្រទេស​ជិតខាង​និង​ដៃគូ​ដ៏​ជិតស្និទ្ធ កម្ពុជា​និង​ចិន​បាន​បង្កើត​ និង​បីបាច់​ថែរក្សា​ចំណងមិត្តភាព «​ដែកថែប​» ដែល​មិនអាច​បំបែក​បាន​ដោយបាន​ឆ្លងកាត់​ការសាកល្បង​ និង​ការលំបាក​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​។

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែង​បញ្ជាក់​ជា​សាធារណៈ​ជា​បន្តបន្ទាប់​ថា ចិន​ជា «​មិត្តភក្តិ​ដែល​គួរឱ្យ​ទុកចិត្ត​បំផុត​» របស់​ប្រទេស​កម្ពុជា​។ ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​ចាក់ឫស​ជ្រៅ​ដោយ​ផ្អែកលើ​គោលការណ៍​បច្ចសីលា​សន្តិសហវិជ្ជមាន គោលការណ៍​ស្មើភាព​ និង​ស្មើ​សិទ្ធិ ការគោរព​ផលប្រយោជន៍​គ្នា​ទៅវិញ​ទៅមក និង​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ផង​គ្នា​ទៅវិញទៅមក​។ ថ្វីបើ​មិនមាន​ព្រំដែន​ជាប់​គ្នា តែ​ប្រទេស​ទាំងពីរ​ត្រូវបាន​ចងភ្ជាប់​ដោយ​ទន្លេមេគង្គ​ និង​ទន្លេ​ឡាន​ឆាង - យើង​មាន​ទឹក​រួមគ្នា​, យើង​មាន​ទន្លេ​រួមគ្នា​។

ក្នុង​ទិដ្ឋភាព​នយោបាយ កម្ពុជា​គឺជា​សម្ព័ន្ធមិត្ត​ដ៏ចំណាស់​ និង​ជិតស្និទ្ធ​បំផុត​របស់​ចិន​។ ប្រទេស​ទាំងពីរ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ និង​ផ្លូវការ​កម្រិត​ខ្ពស់​ជា​ញឹកញាប់​ និង​ទៀងទាត់​។ កម្ពុជា​តែងតែ​ជា​អ្នកគាំទ្រ​ដ៏​មុតមាំ​បំផុត​នៃ​គោលនយោបាយ​ចិន​តែមួយ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​យ៉ាងច្បាស់​ថា «​កម្ពុជា​នឹង​មិន​ផ្លាស់ប្តូរ​គោលនយោបាយ​ចិន​តែមួយ​របស់ខ្លួន​នោះទេ​»​។

ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច ប្រទេស​ចិន​គឺជា​អ្នកវិនិយោគ​បរទេស​ដ៏ធំ​ជាងគេ​របស់​កម្ពុជា ជា​ម្ចាស់ជំនួយ​ដ៏សំខាន់ និង​ជា​ដៃគូ​ពាណិជ្ជកម្ម​កាន់តែ​សំខាន់​ខ្លាំង​ឡើង​របស់​កម្ពុជា​។ ចក្ខុវិស័យ​របស់​ប្រទេស​ចិន​សម្រាប់​ការអភិវឌ្ឍ​សកល​ និង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​របស់​ខ្លួន​ជាមួយ​កម្ពុជា ត្រូវបាន​គេ​មើលឃើញ​តាមរយៈ​កំណត់ត្រា​នៃ​ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា​។ យោងតាម​ស្ថិតិ​ដែល​ចេញផ្សាយ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ដែល​ត្រូវ​បានអនុម័ត​ក្នុង​អំឡុង​ឆ្នាំ ១៩៩៤-២០១៩ ភាគរយ​ធំ​បំផុត​គឺ​មកពី​ប្រទេស​ចិន (២១,៨១%) ​។ នៅ​បណ្តា​ឆ្នាំ​ដំបូងៗ ប្រទេស​ចិន​បាន​ធ្វើការ​វិនិយោគ​យ៉ាង​សម្បើម​ សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង​ធនធានធម្មជាតិ​។ ក្នុង​ឆ្នាំ​ ២០២១ ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ពី​ប្រទេស​ចិន​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​ជាមួយ​នឹង​ការវិនិយោគ​សរុប​ចំនួន ២ ៣២៦ ​លាន​ដុល្លារ​អាមេរិក កើនឡើង​ ៦៧% បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ​។ នៅ​ឆ្នាំ​ ២០១៧ កម្ពុជា​ទទួល​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ប្រមាណ​ជា ៤,២ ​ពាន់​លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​ឥតសំណង និង​កម្ចីសម្បទាន​ពី​ប្រទេស​ចិន​។

ក្នុង​ទិដ្ឋភាព​វប្បធម៌ គុណ​តម្លៃ​របស់​ប្រទេស​ចិន​ត្រូវបាន​បង្កប់​យ៉ាងជ្រៅ​នៅក្នុង​ទិដ្ឋភាព​ជាច្រើន​នៃ​សង្គម​កម្ពុជា​។ ទំនាក់ទំនង​រឹងមាំ​រវាង​ប្រជាជន​ និង​ប្រជាជន និង​ទំនាក់​ទំនង​សង្គម បង្កើត​បាន​ជា​មូលដ្ឋាន​រឹងមាំ​សម្រាប់​ការរីកចម្រើន​ជា​បន្តបន្ទាប់​នៃ​កិច្ចសហប្រតិបត្តិការ​ជា​មិត្តភាព​រវាង​កម្ពុជា​ និង​ចិន​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កិច្ចសហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ជំរុញ​ឱ្យ​ទំនាក់ទំនង​កម្ពុជា​-​ចិន​កាន់តែ​អភិវឌ្ឍ​ទៅដល់​កម្រិត​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។

ក្នុង​ឆ្នាំ​ ២០០៦ ប្រទេស​ទាំងពីរ​បាន​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ទៅជា «​ភាពជា​ដៃគូ​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​» ហើយ​នៅ​ឆ្នាំ​ ២០១០ បាន​ដំឡើង​ទៅជា «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​។ ប្រទេស​កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ ដែល​គាំទ្រ​និង​ទទួលយក​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និង​ផ្លូវ (BRI) ដែល​បង្កើតឡើង​ដោយ​ប្រទេស​ចិន​នា​ឆ្នាំ ​២០១៣ ដោយ​ទទួល​ស្គាល់​ថា ឱកាស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សំខាន់ៗ​នឹង​ត្រូវបាន​បង្កើតឡើង​។

ក្នុង​ឆ្នាំ​ ២០១៦ ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការបង្កើត​ផែនការ​សហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​រួមគ្នា​កសាង​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​ ២១ ​។ មួយឆ្នាំ​ក្រោយមក «​គ្រោង​នៃ​ផែនការ​សហប្រតិបត្តិការ​ទ្វេភាគី​ ដើម្បី​រួមគ្នា​កសាង​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ​ និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី ​២១» ត្រូវបាន​ចុះហត្ថលេខា​។ វិស័យ​ចំនួន​ ៧ ​ត្រូវ​បានផ្តល់​អាទិភាព​ សម្រាប់​កិច្ចសហប្រតិបត្តិការ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាង​សមត្ថភាព ឧស្សាហកម្ម វប្បធម៌​ និង​ទេសចរណ៍ ហិរញ្ញវត្ថុ និង​ការការពារ​បរិស្ថាន​។

នា​ខែមេសា ឆ្នាំ ​២០១៩ កម្ពុជា​ និង​ចិន​បាន​ចុះហត្ថលេខា​លើ «​ផែនការ​សកម្មភាព ឆ្នាំ​ ២០១៩-២០២៣ ស្តីពី​ការកសាង​សហគមន៍​ចិន​-​កម្ពុជា​ដែល​មាន​អនាគត​រួមគ្នា​»​។ នៅក្រោម​ផែនការ​សកម្មភាព​នេះ ប្រទេស​ទាំងពីរ​បាន​ប្តេជ្ញា​អនុវត្ត​វិធានការ​ចំនួន​ ៣១ ក្នុង​វិស័យ​ទាំង ៥ រួមមាន នយោបាយ សន្តិសុខ សេដ្ឋកិច្ច ទំនាក់​ទំនង​ប្រជាជន​ និង​ប្រជាជន និង​កិច្ចសហប្រតិបត្តិការ​ពហុភាគី​។

ថ្មីៗ​បំផុត កម្ពុជា​ និង​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (CCFTA) នា​ខែតុលា ឆ្នាំ​ ២០២០ ដែលជា​ការកត់សម្គាល់​ការចាប់ផ្តើម​នៃ​យុគសម័យ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​។ តួនាទី​ដ៏​សំខាន់​របស់​កម្ពុជា​នៅក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និង​ផ្លូវ និង​ភាពជា​ដៃគូ​ដ៏រឹងមាំ​ជាមួយ​ប្រទេស​ចិន​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​ការវិនិយោគ ត្រូវបាន​បង្ហាញ​នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ចំពោះ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​សកល (GDI) គំនិត​ផ្តួចផ្តើម​សន្តិសុខ​សកល (GSI) និង​សហគមន៍​ដែលមាន​អនាគត​រួមគ្នា​។

ការផ្ទុះ​ឡើង​នៃ​រោគរាតត្បាត​កូវីដ​ ១៩ បាន​សាកល្បង​សាមគ្គីភាព​សកល និង​ភាពធន់​នៃ​ការឆ្លើយតប​របស់​ប្រទេស​នានា​ចំពោះ​ជំងឺ​រាតត្បាត​នេះ​។ នៅពេលដែល​កម្ពុជា​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ដ៏ធ្ងន់ធ្ងរ​នៃ​កូវីដ ១៩ ប្រទេស​ចិន​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ ដើម្បី​ជួយ​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគរាតត្បាត​នេះ​។ ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន នា​ខែកុម្ភៈ ឆ្នាំ​ ២០២០ ខណៈ​ស្ថានភាព​រោគរាតត្បាត​កូវីដ ​១៩​ នៅ​ប្រទេស​ចិន​នៅតែ​ធ្ងន់ធ្ងរ​នៅឡើយ​នោះ បានបង្ហាញ​ពី​ការគាំទ្រ​ដ៏រឹងមាំ​របស់​កម្ពុជា​ចំពោះ​ប្រទេស​ចិន​។

ការគាំទ្រ​របស់​ប្រទេស​ចិន​ចំពោះ​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​តាមរយៈ​ការផ្តល់​ដល់​កម្ពុជា​នូវ​វ៉ាក់សាំង​រាប់លាន​ដូស បាន​បង្ហាញ​ឱ្យឃើញថា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​សម្រេចចិត្ត​ដ៏ត្រឹមត្រូវ​ក្នុងការ​ជ្រើសរើស​ប្រទេស​ចិន​ជា​ប្រភព​វ៉ាក់សាំង​ដ៏សំខាន់​របស់​ប្រទេស និង​ជា​អ្នកផ្គត់ផ្គង់​វ៉ាក់សាំង​ជា​យុទ្ធសាស្ត្រ​។ ប្រទេស​ចិន​ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​ក្រោយ​កូវីដ​១៩​។

ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កម្ពុជា​តែងតែ​អំពាវនាវ​ដល់​ភាគី​ទាំងអស់​ឱ្យ​អនុម័ត​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធី​ និង​បន្ត​ប្រើប្រាស់​យន្តការ​អាស៊ាន​-​ចិន សម្រាប់​ការអនុវត្ត​ដោយ​ពេញលេញ​នូវ​សេចក្តី​ប្រកាស​ស្តីពី​ការប្រតិបត្តិ​នៃ​ភាគី​នានា​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) និង​ជំរុញ​ឱ្យ​អាស៊ាន​ និង​ចិន​ធ្វើការ​រួមគ្នា​បន្ថែមទៀត ដើម្បី​សម្រេច​បាន​នូវ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង (COC) ​។ សំខាន់​ជាងនេះទៀត ជំហរ​អព្យាក្រឹត​ និង​យុត្តិធម៌​របស់​កម្ពុជា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ​បានរួម​ចំណែក​ដល់​ការថែរក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់ ទន្ទឹមនឹង​ការលើកកម្ពស់​ផលប្រយោជន៍​ទៅវិញ​ទៅមក​ដែល​កើតចេញពី​ទំនាក់​ទំនង កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ ដែល​មាន​ផលប្រយោជន៍​ទៅវិញ​ទៅមក​រវាង​អាស៊ាន​ និង​ចិន​។

កម្ពុជា​ក៏​រក្សា​ទំនាក់​ទំនង​ល្អជា​មួយ​ប្រទេស​ចិន​ក្នុង​កម្រិត​ពហុភាគី​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ផងដែរ ដូចជា ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​អាស៊ាន​+១ អាស៊ាន​+៣ និង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង ជាដើម​។ ប្រទេស​ទាំងពីរ​ប្រកាន់ខ្ជាប់​យ៉ាង​ពេញលេញ​នូវ​គោលការណ៍​ពហុភាគី​និយម ជាពិសេស​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែល​មាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) គឺជា​កម្លាំង​ចលករ​ស្នូល​ សម្រាប់​ជំរុញ​ទំនាក់​ទំនង​អន្តរជាតិ​ ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅវិញ​ទៅមក សមធម៌ និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។

ចំណង​មិត្តភាព​ដែកថែប​របស់​កម្ពុជា​ជាមួយ​ចិន បាន​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន​ និង​ចិន ព្រមទាំង​ធានា​សិទ្ធិ​ និង​ផលប្រយោជន៍​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍ បង្កើន​ការយោគយល់​គ្នា និង​ការជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក និង​លើកកម្ពស់​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​។ ទោះបី​ជា​មាន​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​ក្តី ក៏​អាស៊ាន​ និង​ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​គ្នា​ទៅវិញ​ទៅមក និង​រក្សាបាន​នូវ​សន្ទុះ​នៃ​កំណើន​។

ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី​ និង​ក្របខ័ណ្ឌ​ពហុភាគី ទំនាក់​ទំនង​កម្ពុជា​-​ចិន បន្តធ្វើ​ពិពិធកម្ម​ និង​ពង្រឹង​លើ​គ្រប់​វិស័យ​ដែល​មាន​ផលប្រយោជន៍​រួម​។ សាមគ្គីភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​អន្តរជាតិ បទពិសោធ​រឹងមាំ​ក្នុង​កិច្ចសន្ទនា​ទ្វេភាគី ការ​ពន្លឿន​ទំនាក់ទំនង​គ្រប់​កម្រិត​លើ​វេទិកា​ផ្សេងៗ ការយោគយល់​គ្នា​ទៅវិញ​ទៅមក​ ដែល​ចាក់ឫស​យ៉ាង​ស៊ីជម្រៅ និង​វិធីសាស្ត្រ​ប្រកបដោយ​ការគោរព​គ្នា ពិតជា​ធានា​ឱ្យ​ប្រទេស​ទាំងពីរ​អាច​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ថែមទៀត ទាំង​កម្រិត​ជាតិ​ និង​ពិភពលោក​។ ដូច្នេះ​ទំនាក់ទំនង​ចិន​-​អាស៊ាន ក៏បាន​ឈានចូល​ទំព័រ​ថ្មី​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដើម្បី​រួមគ្នា​កសាង​សហគមន៍​ ដែល​មាន​អនាគត​រួមគ្នា​សម្រាប់​មនុស្សជាតិ​៕

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​កម្ពុជា

រាជបណ្ឌិត្យ​សភា​កម្ពុជា