
ក្នុងឆ្នាំ ២០២៣ នេះ តួអង្គជាច្រើននៅលើពិភពលោក ដែលធ្វើការលើប្រធានបទសិទ្ធិមនុស្ស បាននិងកំពុងត្រៀម និងរៀបចំយុទ្ធនាការនានា ក្នុងគោលដៅដាស់រំឭកស្មារតីប្ដេជ្ញា និងរិះរកមធ្យោបាយ ដើម្បីបង្កើនកិច្ចការពារនិងលើកកម្ពស់សិទ្ធិមនុស្សឱ្យបានកាន់តែប្រសើរ ខ្ជាប់ខ្ជួន ខណៈសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សឈានដល់វ័យ ៧៥ ឆ្នាំ។
ក៏ប៉ុន្តែ ជាការកត់សម្គាល់ ចាប់តាំងពីឆ្នាំ ១៩៤៨ ដែលសេចក្ដីប្រកាសខាងដើមបានអនុម័តមក ក្នុងប្រទេសនីមួយៗលើពិភពលោកយើងនេះ តើមានពលរដ្ឋប៉ុន្មានភាគរយបានយល់ច្បាស់អំពីវិសាលភាព និងព្រំដែននៃសិទ្ធិមនុស្សរបស់ខ្លួន និងអ្នកដទៃ? តួយ៉ាង មានប៉ុន្មាននាក់ ជាពិសេស សកម្មជនសិទ្ធិមនុស្ស ដែលអាចបែងចែកបានច្បាស់ថា៖ អ្វីជាជាសេរីភាពបញ្ចេញមតិ ឬជាការប្រើសម្ដីញុះញង់ ការបរិហារកេរ្តិ៍ ឬផ្សព្វផ្សាយព័ត៌មានមិនពិត?
មានប៉ុន្មានរូបដែលយល់បានយ៉ាងច្បាស់ថា ទង្វើអ្វីខ្លះដែលជាសេរីភាពប្រមូលផ្ដុំដោយសន្តិវិធី ឬទង្វើដែលចាត់ចូលជាការបង្កអសណ្ដាប់ធ្នាប់សាធារណៈ អស្ថិរភាពសង្គម ឬគំរាមកំហែងដល់សុខភាពសាធារណៈ ឬសន្តិសុខជាតិល?
នៅមានឧទាហរណ៍ជាច្រើនទៀត ដែលឆ្លុះបញ្ចាំងអំពីការយល់ខុសនានារបស់ពលរដ្ឋលើពិភពលោក រវាង “ភាពសេរី” និង “សេរីភាព” ក្នុងសិទ្ធិមនុស្ស។ ហើយពិតណាស់ អ្នកប្រព្រឹត្តខុសពុំអាចឆ្លើយ “ខ្ញុំពុំដឹងថាវាបង្កបញ្ហាដូច្នេះ!” ដើម្បីរួចផុតពីវិធានការច្បាប់បានឡើយ។
ក្នុងបរិបទនេះ ខ្ញុំយល់ថា វត្ថុបំណងការពារសិទ្ធិមនុស្ស និងបញ្ហាខាងលើនៅគ្រប់ទិសទីទាំងអស់នឹងអាចសម្រេច ហើយនឹងដោះស្រាយទៅបានតាមរយៈការបន្ថែមការយកចិត្តទុកដាក់លើ “ការអប់រំអំពីសិទ្ធិមនុស្ស” ពីសំណាក់គ្រប់តួអង្គ រួមមានពលរដ្ឋខ្លួនឯងផ្ទាល់ តួអង្គរដ្ឋ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដោយគេត្រូវធានាភាពត្រឹមត្រូវសមស្រប និងបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងការអប់រំ និងបញ្ជ្រាបការយល់ដឹងលើប្រធានបទនេះ។
ជាគោលដៅមួយនៃរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព“ការអប់រំអំពីសិទ្ធិមនុស្ស” រួមមាន ការអប់រំ បណ្ដុះបណ្ដាល បញ្ជ្រាបការយល់ដឹង ការចែករំលែកព័ត៌មាន ការបំពាក់បំប៉នជំនាញ ស្ដីពីសិទ្ធិមនុស្សដល់ពលរដ្ឋ។ ការលើកកម្ពស់ការអប់រំអំពីសិទ្ធិមនុស្សអាចចាប់ផ្ដើមពីការបញ្ជ្រាបទៅក្នុងកម្មវិធីអប់រំនៅថ្នាក់បឋមសិក្សា មធ្យមសិក្សានិងបន្តទៅថ្នាក់ឧត្តមសិក្សាផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ត្រីរាជការស៊ីវិល មន្ត្រីអនុវត្តច្បាប់កងកម្លាំងយោធា បុគ្គលិកក្នុងប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន និងជាពិសេស យុវជន។ ឧត្តមានុវត្តន៍ជាច្រើនទៀតនៃការអប់រំអំពីសិទ្ធិមនុស្សអាចរកបានក្នុងកម្មវិធីពិភពលោកសម្រាប់ការអប់រំស្ដីពីសិទ្ធិមនុស្ស ផែនការសកម្មភាព និងរបាយការណ៍ស្ដីពីការអនុវត្តកម្មវិធីរបស់អង្គការសហប្រជាជាតិ។
លក្ខខណ្ឌចាំបាច់ ដើម្បីអនុវត្តកម្មវិធីលើកកម្ពស់ការអប់រំអំពីសិទ្ធិមនុស្សទទួលបានលទ្ធផលវិជ្ជមានដែលតួអង្គទាំងអស់ ជាពិសេស សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ធ្វើការពាក់ព័ន្ធសិទ្ធិមនុស្ស ត្រូវបំពេញជាដាច់ខាត មាន ៣ចំណុច។ទី១៖ ត្រូវយល់ដឹងឱ្យបានច្បាស់អំពីបរិបទប្រទេស រួមមាន៖ កម្រិតយល់ដឹង ការត្រិះរិះពិចារណា ឬឥរិយាបថអំពីសិទ្ធិសេរីភាព និងកម្រិតជីវភាពរបស់ប្រជាជន។
តួអង្គទាំងអស់ខាងលើគួរបង្កើតឱ្យមានយន្តការវាស់ស្ទង់កម្រិតយល់ដឹងនិងវិភាគវាយតម្លៃឥរិយាបថរបស់ប្រជាជនអំពីសិទ្ធិមនុស្សឱ្យបានទូលំទូលាយញឹកញាប់ និងជាប្រចាំ។ ការធ្វើដូច្នេះគឺប្រៀបដូចជាការធ្វើរោគវិនិច្ឆ័យជាទៀងទាត់ ដើម្បីដាក់ថ្នាំព្យាបាលឱ្យចំរោគសញ្ញា ឬដាក់ថ្នាំបំប៉នឱ្យចំតម្រូវការ និងអាចអនុញ្ញាតឱ្យខ្លួនអាចធ្វើការរួមគ្នាកាន់តែប្រសើរនិងមានប្រសិទ្ធភាពជាមួយតួអង្គរដ្ឋ។
ទី២៖ ត្រូវធានាភាពមិនអាចបំបែកចេញពីគ្នា ការពឹងផ្អែកគ្នា ការជាប់ទាក់ទងគ្នា និងសកលភាពនៃសិទ្ធិមនុស្សទាំងអស់ រួមមានសិទ្ធិពលរដ្ឋ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ និងសិទ្ធិអភិវឌ្ឍន៍ ព្រមទាំងផ្ដល់សារៈសំខាន់ដល់សិទ្ធិទាំងនោះស្មើៗគ្នា ឈរលើគោលជំហរដូចៗគ្នា។ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ពុំគួរឡើយលើកកម្ពស់តែសិទ្ធិពលរដ្ឋ និងនយោបាយ តាមការចង់បានរបស់ម្ចាស់ជំនួយ ហើយបែរជាបំភ្លេចចោលនូវសារៈសំខាន់នៃសិទ្ធិរស់រានមានជីវិត សិទ្ធិសេដ្ឋកិច្ច និងសិទ្ធិអភិវឌ្ឍន៍។ល។ ដែលជាសិទ្ធិមូលដ្ឋានសំខាន់ដូចគ្នា។
ជាឧទាហរណ៍ជាក់ស្ដែង ប្រសិនបើសិទ្ធិរស់រាន ឬការកាត់បន្ថយភាពក្រីក្រ ពុំត្រូវបានខិតខំការពារទេនោះ (មានន័យថា បើពុំមានអាយុជីវិតសម្រាប់រស់ ឬអាហារសម្រាប់ហូប) ថាតើពលរដ្ឋនឹងមានឱកាសគិតពីឬទទួលបានសិទ្ធិទទួលបានការអប់រំ សិទ្ធិបញ្ចេញមតិ ឬសិទ្ធិប្រមូលផ្ដុំដោយសន្តិវិធីទេ? ចម្លើយគឺ “មិនអាចទេ!។ពួកគេត្រូវធ្វើការជាមួយរដ្ឋាភិបាលប្រកបដោយស្មារតីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងស្ថាបនា និងចៀសវាងការបន្ទោសបង្អាប់ ក្នុងការកាត់បន្ថយការរើសអើងគ្រប់ទម្រង់ និងពង្រឹងការធានាសមភាព និងសមធម៌ សម្រាប់បុគ្គលគ្រប់រូប ជាពិសេសជនងាយរងគ្រោះ រួមមាន កុមារ ស្ត្រី ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា មនុស្សចាស់ ជនមានពិការភាព ជនជាតិភាគតិច។ល។
ទី៣ ៖ត្រូវសង្កត់ធ្ងន់ថា សិទ្ធិមនុស្សនិងសេរីភាព គឺមានដែនកំណត់ និងត្រូវអនុវត្តដោយការទទួលខុសត្រូវ រួមមាន“ការគោរពសិទ្ធិ ឬកេរ្តិ៍ឈ្មោះរបស់អ្នកដទៃ សណ្ដាប់ធ្នាប់សាធារណៈ កិច្ចការពារសន្តិសុខជាតិ ឬសណ្ដាប់ធ្នាប់ ឬសុខភាពសាធារណៈល"ដូចមានចែងក្នុងមាត្រា ២៩ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សមាត្រា ១៩, ២១, និង២២ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។
ជាមួយគ្នានេះដែរ ក្នុងកម្រិតសមស្រប ការអប់រំអំពីសិទ្ធិមនុស្សត្រូវផ្សារភ្ជាប់ជានិច្ចជាមួយការបញ្ជ្រាបអំពីបទប្បញ្ញត្តិច្បាប់ និងវិបាកនៃការអនុវត្តសិទ្ធិមនុស្សហួសព្រំដែន ដែលមានជាធរមានក្នុងប្រទេសនីមួយៗ។មិនខុសពីគ្នាឡើយប្រទេសទាំងអស់លើសកលលោកយើងនេះ គឺ ប្រជាពលរដ្ឋមានភាពស្មើគ្នាចំពោះមុខច្បាប់។ មិនថាក្នុងឋានៈជាអ្វី ជាអ្នកនយោបាយ ឬជាសកម្មជនសិទ្ធិមនុស្ស។ល។ ការប្រើសិទ្ធិសេរីភាព ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។
ប្រសិនបើពុំបានបំពេញលក្ខខណ្ឌទាំង ៣ ខាងលើទេ ការលើកកម្ពស់ការអប់រំអំពីសិទ្ធិមនុស្សគឺមានភាពលម្អៀង និងមិនអាចសម្រេចនូវអ្វីដែលជាគុណតម្លៃនិងគោលដៅនៃការអប់រំ និងសិទ្ធិមនុស្សបានឡើយ។ ផ្ទុយទៅវិញបុគ្គលដែលទទួលបានការបណ្ដុះបណ្ដាល បំពាក់បំប៉នលម្អៀងដូច្នេះ អាចនឹងក្លាយជាជនជ្រុលនិយមយល់ខុសអំពី “សេរីភាព” ទៅជា “ភាពសេរី”ប្រព្រឹត្តហួសព្រំដែន ផ្ទុយនឹងច្បាប់ បង្កភាពអនាធិបតេយ្យក្នុងសង្គម ដែលមិនត្រឹមតែពុំបានរួមចំណែកអ្វីដល់ការអភិវឌ្ឍ ប៉ុន្តែបែរជាបង្កើតឧបសគ្គនានាដល់ការរីកចម្រើនរបស់សង្គមជាតិ។
ប្រការនេះពុំគួរកើតមានឡើយ ដូចសុភាសិតអ្រាហ្វិកបានពោលថា “ការអប់រំលើតែ ១ ជ្រុង គឺគ្រោះថ្នាក់ជាងគ្មានការអប់រំ។ ហេតុដូច្នេះ ការអប់រំអំពីសិទ្ធិមនុស្សត្រូវធ្វើឡើងឱ្យបានគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងសមស្រប៕
ដោយ វ៉ា វាសនា អ្នកឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស