
កាសែត ភ្នំពេញ ប៉ុស្តិ៍ បាននិងកំពុងបោះពុម្ពផ្សាយជាបន្តបន្ទាប់អស់រយៈពេល ៣១ ឆ្នាំមកហើយគិតចាប់តាំងពីបើកដំណើរការនៅឆ្នាំ ១៩៩២។ វាជាកាសែតដែលមានអាយុកាលយូរជាងគេរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានបោះពុម្ពផ្សាយព័ត៌មានដំបូងជាភាសាអង់គ្លេស ហើយក្រោយមកក៏មានបោះពុម្ពផ្សាយជាភាសាខ្មែរផងដែរ។ បច្ចុប្បន្ននេះ ភ្នំពេញ ប៉ុស្តិ៍ ក៏មានការចុះផ្សាយព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗថ្មីៗតាមអនឡាញ ៧ ថ្ងៃក្នុង១សប្តាហ៍ បន្ថែមទៅលើការបោះពុម្ពផ្សាយរបស់ខ្លួន។
ប៉ុន្តែថ្មីៗនេះ យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងស្រងាក់ចិត្តចំពោះអត្ថបទមួយរបស់អ្នកយកព័ត៌មាន BBC លោក George Wright ដែលបានដកស្រង់សម្តីលោក ម៉ិច ដារ៉ា អតីតអ្នកយកព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ដោយគាត់អះអាងថា គាត់បានចាកចេញពីអង្គភាពព័ត៌មានរបស់យើង ដោយសារតែកាសែតនេះត្រូវបាន “បំបិទសំឡេង” ហើយថា លោក“មិនអាចទទួលយកការបិទសំឡេងនេះបានតទៅទៀតទេ”។
នៅក្នុងអត្ថបទរបស់ BBC ដែលចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ដែលមានចំណងជើងថា «កម្ពុជា៖ រាល់បន្ទប់ព័ត៌មានដែលខ្ញុំធ្វើការត្រូវបានបិទសំឡេង»កាសែតភ្នំពេញប៉ុស្តិ៍ត្រូវបានចោទប្រកាន់ដោយមិនបានផ្តល់ឱកាសក្នុងការឆ្លើយតបទៅនឹងការអះអាងខុស របស់លោក ម៉ិច ដារ៉ា។
ជាគោលការណ៍ សិទ្ធិក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់ណាមួយ គឺជាគោលការណ៍យុត្តិធម៌ និងជាមូលដ្ឋានគ្រឹះនៃសារព័ត៌មានវិជ្ជាជីវៈដែលត្រូវបានបង្រៀននៅសាលា និងកន្លែងធ្វើការទាំងអស់។ ប៉ុន្តែគោលការណ៍គ្រឹះនេះមិនត្រូវបានគោរពនៅក្នុងអត្ថបទព័ត៌មានខាងលើនេះទេ។
លោក Wright គឺជាអតីតអ្នកយកព័ត៌មាន ខេមបូឌា ដេលី ដែលឈប់ដំណើរការបោះពុម្ពផ្សាយតាំងពីយូរមកហើយ។ លោកបានជ្រើសរើស លោកម៉ិច ដារ៉ា ដែលជាអតីតសហការី មកធ្វើជាតួឯកក្នុងរឿងរបស់គាត់ ដើម្បីរំលេចព្រឹត្តិការណ៍ជុំវិញការដកហូតអាជ្ញាបណ្ណវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។
លោក Wright មានសិទ្ធិជ្រើសរើសមុំណាមួយដែលគាត់ចង់បានសម្រាប់សរសេររឿងរបស់គាត់ និងប្រើប្រាស់ប្រភពណាដែលលោកយល់ថាគួរឱ្យជឿជាក់ ដែលការណ៍នេះត្រូវបានធានាដោយគោលការណ៍សេរីភាពសារព័ត៌មាន។ ប៉ុន្តែនៅក្នុងអត្ថបទព័ត៌មានរបស់លោកខាងលើ មានកំហុសដ៏ធ្ងន់ធ្ងរដែលកាសែតភ្នំពេញប៉ុស្តិ៍ចាំបាច់ត្រូវបំភ្លឺ និងការពារកិត្តិយសរបស់ខ្លួនដែលត្រូវបានរងការចោទប្រកាន់។
យោងតាមអត្ថបទរបស់លោក Wright លោក ម៉ិច ដារ៉ា ត្រូវបានអ្នកកាសែតលោកខាងលិចមួយចំនួនចាត់ទុកជា «អ្នកសារព័ត៌មានដ៏គួរឱ្យគោរពបំផុតម្នាក់របស់ប្រទេសកម្ពុជា»។
អត្ថបទរបស់ លោក Wright បានសរសេរថា ម៉ិច ដារ៉ា ចូលបម្រើការនៅភ្នំពេញប៉ុស្តិ៍ដំបូងនៅឆ្នាំ ២០១៦។
តាមការពិត ម៉ិច ដារ៉ា បានប្ដូរការងារពីកាសែត ខេមបូឌា ដេលី មកកាសែតភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៥។
បន្ទាប់ពីបានចូលបម្រើការនៅភ្នំពេញប៉ុស្តិ៍មួយឆ្នាំកន្លះនៅដើមខែកញ្ញា ឆ្នាំ ២០១៧ កាសែត ខេមបូឌា ដេលី ដែលជាអតីតកន្លែងការងាររបស់លោកបានប្រកាសថាខ្លួនឈប់ដំណើរការតទៅទៀតហើយ ដោយសារការចោទប្រកាន់ថា មិនបានបង់ពន្ធលើវិក្កយបត្រជាង ៦ លានដុល្លារ។
ត្រឹមតែកាលបរិច្ឆេទតែមួយនេះ អាចបញ្ជាក់បានថា ការអះអាងរបស់ម៉ិចដារ៉ា គឺខុសពីអ្វីដែលគាត់លើកឡើងថា គាត់ត្រូវផ្លាស់ពីស្ថាប័នព័ត៌មានមួយទៅស្ថាប័នព័ត៌មានមួយផ្សេងទៀត ក៏ព្រោះតែស្ថាប័នទាំងនោះ«ត្រូវបានបិទ» តែតាមការពិត គឺគាត់ឈប់មុនពេលស្ថាប័ននោះបានប្រកាសបិទ។
នៅដើមខែឧសភា ឆ្នាំ ២០១៨កាសែតភ្នំពេញប៉ុស្តិ៍បានផ្លាស់ប្តូរកម្មសិទ្ធិ និងការគ្រប់គ្រង ដែលការណ៍នេះធ្វើឱ្យបុគ្គលិកមួយចំនួនដែលមិនសប្បាយចិត្តនឹងការផ្លាស់ប្តូរនោះ បានចាកចេញ។
ទោះជាយ៉ាងនេះក្តី លោក ម៉ិច ដារ៉ា បានបន្តធ្វើការនៅកាសែតភ្នំពេញប៉ុស្តិ៍រយៈពេលប្រហែល៣ខែទៀត រហូតដល់លោកលាលែងនៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៨ ដោយយក «ការបន្តការសិក្សា»ជាមូលហេតុនៃការលាឈប់។ ប៉ុន្តែ លោក ម៉ិច ដារ៉ាត្រូវបានដកស្រង់សម្ដីក្នុងអត្ថបទរបស់លោក Wright ថា លោកបានចាកចេញពីភ្នំពេញប៉ុស្តិ៍ដោយសារលោក«មិនអាចទទួលយកវាបានតទៅទៀត»។
តើពិតទេដែលលោកមិនអាចយកវាបានតទៅទៀត?
នៅថ្ងៃទី៥ខែកញ្ញា ឆ្នាំ ២០១៨ គឺត្រឹមតែប្រមាណ១ខែប៉ុណ្ណោះបន្ទាប់ពីបានលាឈប់ លោក ម៉ិច ដារ៉ា បានទាក់ទងផ្នែកធនធានមនុស្ស(HR) របស់កាសែតភ្នំពេញប៉ុស្តិ៍ ដើម្បីស្នើសុំមកបម្រើការនៅភ្នំពេញប៉ុស្តិ៍ម្ដងទៀត។
លោកសរសេរទៅកាន់ផ្នែកធនធានមនុស្សថា៖ “សួស្តីបង ខ្ញុំចង់ត្រឡប់ទៅធ្វើការនៅភ្នំពេញប៉ុស្តិ៍វិញចាប់ពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ [២០១៨]” តទៅ។
សំណើរបស់លោកត្រូវបានយល់ព្រម ក្រោយមានការពិភាក្សាគ្នា ដោយសារតែលោកធ្លាប់រួមចំណែកពីមុនចំពោះក្រុមហ៊ុន ដែលការផ្ដល់ការងារជូនវិញនេះ ក៏ដូចទៅនឹងបុគ្គលិកផ្សេងទៀតដែលត្រូវបានផ្ដល់ការងារឡើងវិញបន្ទាប់ពីចាកចេញមួយរយៈ ដោយមានហេតុផលសមរម្យ និងក្នុងរយៈពេលសមរម្យមួយ។
ការបំពេញការងាររបស់លោក ម៉ិច ដារ៉ា ជាលើកទី២នៅកាសែតភ្នំពេញប៉ុស្តិ៍ គឺរហូតដល់ថ្ងៃទី ២៩ខែកុម្ភៈឆ្នាំ ២០២០ បើរាប់ជាថ្ងៃគឺមានរយៈពេល៥៣០ថ្ងៃ។ ប្រសិនបើលោក ម៉ិច ដារ៉ា ពិតជា «មិនអាចទទួលយកវាបានតទៅទៀតទេ» ដូចដែលលោកបាននិយាយនៅក្នុងអត្ថបទរបស់លោកWright តើហេតុអ្វីបានជាលោកត្រឡប់មកភ្នំពេញប៉ុស្តិ៍វិញ ហើយធ្វើការបានរយៈពេលរហូតដល់ទៅ ៥៣០ថ្ងៃទៀត?
នៅចុងបញ្ចប់នៃអត្ថបទរបស់លោក Wright លោកម៉ិច ដារ៉ាត្រូវបានដកស្រង់សម្ដីផ្ទាល់ដោយនិយាយថា «កន្លែងធ្វើការ៣ កន្លែងត្រូវបានបិទ។ ពេលខ្លះអ្នកឈានដល់ចំណុចមួយដែលអាចនិយាយបានថា វាគ្រប់គ្រាន់ហើយ»។
តើ ម៉ិច ដារ៉ា មានបញ្ហាអ្វី? តាមការពិត ភ្នំពេញប៉ុស្តិ៍ មិនដែលត្រូវបាន “បិទទ្វារ”ឬ “បិទសំឡេង” ម្ដងណាទេហើយកាសែតនេះបាន និងកំពុងបន្តបោះពុម្ពផ្សាយ ទោះបីជាមាន ឬគ្មានការចូលរួមចំណែកពីលោក ម៉ិច ដារ៉ា ក៏ដោយ។
យើងគួរតែរំពឹងថា “អ្នករាយការណ៍ដ៏គួរឱ្យគោរពបំផុតម្នាក់របស់កម្ពុជា”ដូចដែលជនបរទេសមួយចំនួនហៅលោកនោះ គួរតែអាចរាយការណ៍ព័ត៌មានទាំងអស់ដោយមិនលំអៀង និងផ្អែកលើការពិត និងអាចចងចាំប្រវត្តិការងាររបស់ខ្លួនបានច្បាស់។ បើសូម្បីតែព័ត៌មានអំពីខ្លួនឯងមិនអាចចងចាំបានផង តើគាត់រាយការណ៍ព័ត៌មានផ្អែកលើការពិតបានយ៉ាងដូចម្ដេច?
អំពីបុគ្គលិកលក្ខណៈរបស់លោក ម៉ិច ដារ៉ា
អ្នកដែលបានធ្វើការជាមួយលោក ម៉ិច ដារ៉ា នៅក្នុងបន្ទប់ព័ត៌មានអាចចាំបានយ៉ាងងាយ ពោលគឺលោកធ្លាប់ទទួលរងការធ្វើបាបក្នុងវ័យកុមារភាពរបស់លោកពីសំណាក់ឪពុកហិង្សារបស់លោក ដែលធ្វើឱ្យលោក ម៉ិច ដារ៉ាបានរងការប៉ះទង្គិចផ្នែកផ្លូវចិត្ត។ លោក ម៉ិច ដារ៉ា មិនអាចលាក់បាំងបញ្ហាកុមារភាពរបស់លោកបានឡើយ ហើយលោកបានបង្ហោះបញ្ហាទាំងនោះជាបន្តបន្ទាប់នៅលើ Twitter ដោយបង្ហាញថាឪពុករបស់លោកមានភាពហិង្សាប៉ុនណាចំពោះលោក។ លោកតែងតែអះអាងថាខ្លួនជាជនរងគ្រោះ។
លោកមានបញ្ហាធ្ងន់ធ្ងរជាមួយផ្លូវច្បាប់និងអាជ្ញាធរ និងបានក្លាយជាមនុស្សកំសាក និងដកថយ មិនហ៊ានទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក។
នៅក្នុងបន្ទប់ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ យើងទទួលស្គាល់នូវចំណង់ចំណូលចិត្តរបស់លោកម៉ិច ដារ៉ាដែលតែងតែកាន់ជើងអ្នកដែលខ្លួនយល់ថាជាជនរងគ្រោះ។ ទោះបីអ្នកណាក៏ដោយក៏លោកបានកំណត់ថាជាជនរងគ្រោះដែរ។
ប៉ុន្តែយើងតែងមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះទំនោររបស់គាត់ទៅនឹងការលាបពណ៌ភាគីខ្លះថាជាជនរងគ្រោះលើសពីអ្វីដែលជាការពិតដែលយើងដឹង និងមានការបញ្ជាក់ត្រឹមត្រូវ។
នៅក្នុងបន្ទប់ព័ត៌មាន យើងបានឃើញកំហុសរបស់លោក ម៉ិច ដារ៉ាច្រើនជាងភាពត្រឹមត្រូវរបស់គាត់។ កំហុសនោះគឺ សមត្ថភាពមានកម្រិតរបស់គាត់ក្នុងការរៀបចំសរសេរជាព័ត៌មានដែលផ្អែកលើអង្គហេតុពិតដើម្បីឱ្យអ្នកអានអាចយល់បាន និងសមត្ថភាពមានកម្រិតផ្នែកភាសាអង់គ្លេស។ លើសពីនេះទៀត គាត់មានការស្ទាក់ស្ទើរភ័យខ្លាចក្នុងការទៅស៊ើបអង្កេតរកភាពត្រឹមត្រូវតាមការអះអាង និងការចោទប្រកាន់របស់គាត់។ ទាំងនេះកើតចេញពីគុណវិបត្តិបុគ្គលិកលក្ខណៈច្បាស់ក្រឡែត ដែលសហការីអ្នកកាសែតនៅតែចងចាំ។
លោក Wright ដែលធ្លាប់ធ្វើការជាមួយលោកដារ៉ានៅ ខេមបូឌា ដេលី មិនគួរមើលរំលងចំណុចទាំងអស់នេះទេ នៅពេលលោកសរសេរអត្ថបទឱ្យ BBC ដោយយកលោក ម៉ិច ដារ៉ា ជាតួឯក៕
វិចារណកថា


