​នៅ​ជុំវិញ​ពិភពលោក​វឌ្ឍនភាព​លើ​សិទ្ធិ​ស្ត្រី​កំពុងតែ​បាត់បង់​នៅ​ចំពោះ​ក្រសែភ្នែក​យើង​។ ការ​ព្យាករ​ចុងក្រោយ​បំផុត​បាន​ប៉ាន់​​ស្មានថា នៅលើ​ដំណើរ​បច្ចុប្បន្ន​របស់​យើង យើង​ត្រូវការ​ពេល ៣០០ ​ឆ្នាំ​ទៀត ដើម្បី​សម្រេច​ឱ្យបាន​សមភាព​យេនឌ័រ​ពេញ​លេញ​។

វិបត្តិ​ជា​បន្តបន្ទាប់​ក្នុងពេល​បច្ចុប្បន្ននេះ រាប់​តាំងពី​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​​ក្រែ​ន ​រហូតដល់​គ្រោះអាសន្ន​អាកាសធាតុ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ស្ត្រី និង​កុមារី​មុនគេ​និង​ខ្លាំងជាងគេ​បំផុត​។

​បន្ថែម​ពីលើ​នេះ ជា​ផ្នែក​មួយ​នៃ​ការដើរ​ថយ​​ក្រោយ​ជាស​កល​ក្នុងទិសដៅ​ផ្ទុយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​ស្ត្រី​ចំពោះ​រាងកាយ និង​ស្វ័យភាព​លើ​ជីវិត​របស់​ពួកគេ​កំពុង​ត្រូវបាន​គេ​ចោទសួរ និង​បដិសេធ​។​

​បរាជ័យ​របស់​យើង​ត្រូវ​បានបង្ហាញ​យ៉ាងច្បាស់​តាមរយៈ​ស្ថិតិ​ចំនួន​ ២៖ ​រៀងរាល់​ ១០ ​នាទី ស្ត្រី​ ឬ​កុមារី​ម្នាក់ ​ត្រូវបាន​សម្លាប់​ដោយ​សមាជិកគ្រួសារ ឬ​ដៃគូ​ស្និទ្ធ​​ស្នាល​របស់​ពួកគេ ហើយ​ស្ត្រី​ម្នាក់​ស្លាប់​រៀងរាល់ ​២ ​នាទី ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ ឬ​ពេល​សម្រាលកូន​។ ភាគច្រើន​នៃ​ការស្លាប់​ទាំងនោះ គឺអាច​បង្ការ​បាន​ទាំងស្រុង​។​

​ក្នុងឱកាស​ទិវា​នារី​អន្តរជាតិ​ យើង​ត្រូវតែ​តាំងចិត្ត​ធ្វើឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។ យើង​ត្រូវតែ​បញ្ច្រាស​និន្នាការ​ដ៏​អាក្រក់​ទាំងនេះហើយ​ក្រោកឈរឡើង​ដើម្បី​ជីវិត និង​សិទ្ធិ​របស់​ស្ត្រី និង​កុមារី​នៅ​គ្រប់​ទីកន្លែង​។ នេះ​​ គឺជា​អាទិភាព​ស្នូល​ ១​ របស់ខ្ញុំ និង​ជា​ចំណុចកណ្តាល​ ១​ នៃ​ការងារ​របស់​អង្គការ​សហ​​ប្រជាជាតិ​នៅ​ជុំវិញ​ពិភពលោក​។ ពី​ប្រទេស​ស៊ូដង់​ខាងត្បូង ដល់​ប្រទេស​មី​យ៉ាន់​ម៉ា យើង​កំពុងតែ​គាំទ្រ​ស្ត្រី និង​កុមារី​ដែលមាន​វិបត្តិ​ហើយ​ធានាថា សំឡេង​របស់​ពួកគេ​ត្រូវបាន​គេ​យកចិត្តទុកដាក់​នៅក្នុង​ដំណើរការ​សន្តិភាព​។

​ថ្មីៗ​នេះ​លោកស្រី អា​មីណា ម៉ូ​ហាម​ម៉េ​ដ (Amina Mohammed) អគ្គលេខាធិការរង​នៃ​អង្គការ​សហ​ប្រជា​ជាតិ​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អា​​ហ្វ​ហ្គា​នី​ស្ថាន ដោយបាន​ផ្ញើ​សារ​ ១​ ដល់​អាជ្ញាធរ​នៅ​ទីនោះ​ថា​៖ ស្ត្រី និង​ក្មេងស្រី​មាន​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ហើយ​យើង​មិនត្រូវ​បោះបង់​ការតស៊ូ​ដើម្បី​ពួកគេ​នោះឡើយ​។

ឆ្នាំនេះ ​ទិវា​នារី​អន្តរជាតិ​ផ្តោតលើ​ការបិទ​​គម្លាត​យេនឌ័រ​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​។ នៅ​ទូទាំង​ពិភពលោក បុរស​ទំនងជា​ចំណាយពេល​ប្រើ​អ៊ី​ន​ធឺ​ណិ​តដល់​ទៅ​ ២១ ​ភាគរយ​ច្រើនជាង​ស្ត្រី ហើយ​បុរស​ក្នុងប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប ទំនងជា​ប្រើ​អ៊ី​ន​ធឺ​ណិ​ត​ច្រើនជាង​ស្ត្រី​ដល់​ទៅ ​៥០ ​ភាគរយ​។​

​ប៉ុន្តែ​សូម្បីតែ​ប្រទេស​អ្នកមាន​បំផុត ក៏​មិនទាន់​ល្អប្រសើរ​ដែរ ដោយសារ​ផ្នត់គំនិត​យេនឌ័រ និង​ភាពលម្អៀង​ជា​ប្រវត្តិសាស្ត្រ​កន្លងមក​។ ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា បុរស​មាន​ចំនួន​ច្រើនជាង​ស្ត្រី​ក្នុង​សមាមាត្រ ​២ ​ទល់​នឹង ​១​។ នៅក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត ​(AI)​បុរស​មាន​ចំនួន ៥ ​នាក់​ ទល់នឹង​ស្ត្រី ​១ ​នាក់​។​

​ទិន្នន័យ​ធំ ​(Big Data) ​ត្រូវបាន​គេ​ចាត់​​ទុក​ថា ជា​មាស​ថ្មី និង​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​​សម្រេចចិត្ត​ផ្នែក​នយោបាយ និង​ធុរកិច្ច​នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​ជារឿយៗ ទិន្នន័យ​ទាំងនេះ​មិនបាន​ផ្តោតលើ​ភាពខុសគ្នា​នៃ​យេនឌ័រ​នោះទេ ឬ​មិន​យកចិត្តទុកដាក់​ចំពោះ​ស្ត្រី​តែម្តង​។ យើងទាំងអស់គ្នា​គួរតែ​ដាស់​ស្មារតី​ចំពោះ​ផលិតផល និង​សេវាកម្ម​ដែល​បង្កប់​នូវ​វិសម​​ភាព​យេនឌ័រ​តាំងពី​ការចាប់ផ្តើម​បង្កើត​ផលិតផល និង​សេវាកម្ម​នោះមក និង​ឌីជីថល​​ភា​វូ​នីយកម្ម​ដែល​ផ្តល់​អាទិភាព​លើ​តែ​បុរស​ និង​ដែល​មិន​សមប្រកប​សម្រាប់​ស្ត្រី​។

យើង​មិន​ត្រូវឱ្យ​តំបន់​ជ្រលង​ស៊ី​លី​កូន (Silicon Valleys) ឬ​វិស័យ​បច្ចេកវិទ្យា​នៃ​ពិភពលោក​យើង​នេះ​ក្លាយជា​ជ្រលង​មរណៈ​សម្រាប់​សិទ្ធិ​ស្ត្រី​នោះទេ​។​

​ការធ្វើ​រោគវិនិច្ឆ័យ​ដោយ​ផ្អែកលើ​តែ​ទិន្នន័យ​ពី​រាងកាយ​របស់​បុរស​មិន​ត្រឹមតែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ស្ត្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​បង្កឱ្យមាន​ការស្លាប់​បាត់បង់​ជីវិត​ផងដែរ​។ ការរើសអើង​ប្រឆាំងនឹង​ស្ត្រី​នៅ​​ក្នុង​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​គឺជា​លទ្ធផល​នៃ​ប្រព័ន្ធ​បិតា​ធិបតេយ្យ​ការ​រើស​​អើ​ង និង​ផ្នត់គំនិត​ដែលមាន​លក្ខណៈ​បំផ្លាញ​ដែល​កើតមាន​អស់​រយៈពេល​ជាច្រើន​សត​​វត្សរ៍​មកហើយ​។

ចាប់តាំងពី​ឆ្នាំ ​១៩០១ មក​ស្ត្រី​មាន​ត្រឹមតែ​ ៣​ ភាគរយ​ប៉ុណ្ណោះ​នៃ​បុគ្គល​ដែល​ទទួលបាន​ពានរង្វាន់​ណូបែល​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ ហើយ​ស្ត្រី​ដែលមាន​វត្តមាន​តាម​ប្រព័ន្ធ​អន​ឡាញ រួមទាំង​អ្នក​វិទ្យា​សាស្ត្រ និង​អ្នកសារព័ត៌មាន​ជារឿយៗ គឺជា​គោលដៅ​នៃ​ការនិយាយ​ដែលមាន​លក្ខណៈ​ស្អប់ខ្ពើម ដោយសារតែ​ពួកគាត់​ជា​ស្ត្រី និង​ការបំពាន​ដែលមាន​ចេតនា​បំបិទមាត់ និង​ធ្វើឱ្យ​ពួកគេ​រង​ភាពអាម៉ាស់​។ ប៉ុន្តែ​ស្ត្រី​នឹងមិន​ត្រូវបាន​គេ​បំបិទមាត់​នោះឡើយ​។ ស្ត្រី និង​កុមារី នៅ​គ្រប់​ទីកន្លែង​កំពុងតែ​ទាមទារ​សិទ្ធិ​របស់​ពួកគេ​ហើយ​សំឡេង​របស់​ពួកគេ​កំពុងតែ​កងរំពង​ជុំវិញ​ពិភព​​លោក​។ យើង​ត្រូវធ្វើ​សកម្មភាព​ក្នុង​វិស័យ​មួយចំនួន​ ដើម្បី​ធ្វើឱ្យ​ប្រាកដថា ស្ត្រី និង​កុមារី​ អាចធ្វើ​ការរួមចំណែក​ពេញលេញ​ចំពោះ​ចំណេះដឹង​នានា​ជា​សកល​តាមរយៈ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។​

​យើង​ត្រូវតែ​ទម្លុះ​ឧបសគ្គ រាប់​ចាប់ពី​ទិន្ន​​ន័យ​ដែលមាន​ភាព​រើសអើងរ​ហូត​ដល់​ផ្នត់​​គំនិត​ដែល​រុញច្រាន​ក្មេងស្រី​ឱ្យ​ចាក​ឆ្ងាយ​​ពី​ការសិក្សា​មុខវិជ្ជា​វិទ្យាសាស្ត្រ​តាំងពី​បឋមវ័យ​មក​។ សម្រាប់​អ្នក​ដែលមាន​តួនាទី​ក្នុងការ​ធ្វើការ​សម្រេចចិត្ត​គ្រប់​ប្រភេទ​ពួកគេ​ត្រូវតែ​បង្កើន​ការចូលរួម និង​ភាពជា​អ្នក​​ដឹកនាំ​របស់​ស្ត្រី​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​តាមរយៈ​ការកំណត់​កូតា​ប្រសិន​​បើ​ចាំបាច់​។​

​ពួកគេ​គួរតែមាន​ភាព​ច្នៃប្រឌិត​ពង្រីក​បណ្តាញ​ជ្រើសរើស​បុគ្គលិក​ដោយ​ផ្អែកលើ​ជំនាញ​ហើយ​ត្រូវតែ​បន្តធ្វើ​បែបនេះ​ក្នុង​រយៈពេល​វែង​។ សមភាព​យេនឌ័រ​នឹងមិន​កើតឡើង​ដោយ​ខ្លួនឯង​នោះឡើយ​។ ពួកគេ​ត្រូវតែ​ផ្តល់​អាទិភាព និង​ទាមទារ​សម្រាប់​សមភាព​យេនឌ័រ​។ កិច្ចខិតខំ​ប្រឹងប្រែង​នេះ កំពុងតែ​ទទួលបាន​លទ្ធផល​នៅឯ​អង្គការ​​សហប្រជាជាតិ ដែល​យើង​មាន​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន​របស់​យើង​សម្រាប់​សមភាព​យេនឌ័រ​ក្នុងចំណោម​បុគ្គលិក​របស់​យើង​។​

​យើង​ក៏​ត្រូវការ​សកម្មភាព​ដើម្បី​បង្កើត​បរិយាកាស​ឌីជីថល​ដែលមាន​សុវត្ថិភាព​សម្រាប់​ស្ត្រី និង​ទាមទារ​ឱ្យមាន​ការទទួល​​ខុសត្រូវ​ទាំងពី​សំណាក់​ជនល្មើស​នៃ​ការ​រំលោភបំពាន​តាម​ប្រព័ន្ធ​អន​ឡាញ និង​វេទិកា​ឌីជីថល​នានា​ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពួកគេ​ប្រព្រឹត្ត​អំពើ​ទាំងនេះ​។​

​អង្គការសហប្រជាជាតិ​កំពុងតែធ្វើការ​ជាមួយ​រដ្ឋាភិបាល សង្គម​ស៊ីវិល វិស័យ​ឯកជន​ និង​តួអង្គ​ដទៃទៀត​ទាក់ទង​នឹង​ក្រម​ប្រតិបត្តិ​ដែលមាន​គោលដៅ​កាត់បន្ថយ​គ្រោះថ្នាក់ និង​បង្កើន​គណនេយ្យភាព​ចំពោះ​វេទិកា​ឌីជីថល​នានា ព្រម​ពេល​ជាមួយគ្នា​នឹង​កិច្ចការពារ​សេរីភាព​នៃ​ការបញ្ចេញមតិ​ផងដែរ​។ សិទ្ធិ​របស់​ស្ត្រី​មិនមែនជា​វត្ថុ​ប្រណីត​ដែល​អាច​រង់​​ចាំ​រហូត​ទាល់តែ​យើង​បាន​ដោះស្រាយ​បញ្ហា​វិបត្តិ​អាកាសធាតុ បញ្ចប់​ភាពក្រីក្រ និង​បង្កើត​ពិភពលោក​ដែល​ប្រសើរ​ជាង​មុន​នោះឡើយ​។ ការវិនិយោគ​លើ​ស្ត្រី និង​កុមារី គឺជា​វិធី​ជាក់លាក់​បំផុត​ ១​ ក្នុង​ការជួយ​លើកស្ទួយ​ប្រជា​សហគមន៍ និង​ប្រទេស​ទាំងអស់​ព្រមទាំង​ដើម្បី​សម្រេច​ឱ្យបាន​របៀបវារៈ​ឆ្នាំ​ ២០៣០​ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​ចូរ​ធ្វើការ​រួមគ្នា​ដើម្បី​សម្រេច​ឱ្យបាន​ពិភពលោក​មួយ​ដែលមាន​លក្ខណៈ​កាន់តែ​មាន​បរិ​យា​ប័ន្ន យុត្តិធម៌ និង​វិបុល​សុខ​បន្ថែមទៀត​សម្រាប់​ស្ត្រី និង​កុមារី បុរស និង​កុមារី​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​៕

​លោក Antonio Guterres ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​