កម្ពុជាបានធ្វើការសម្រេចចិត្តសំខាន់ ២ លើមាគ៌ាជាតិរបស់ខ្លួនទាក់ទងនឹងការផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ ដោយឃុំខ្លួនក្នុងផ្ទះ ពីបទក្បត់ជាតិ និងសមគំនិតជាមួយបរទេស។
ទី១ កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជាតិនេះបានជ្រើសរើសយកការកសាងលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធីជាជម្រើសរបស់ខ្លួននៅក្នុងកិច្ចខិតខំប្រឹងប្រែងប្រកបដោយសង្គតិភាព ដើម្បីកសាងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។
សម្រាប់មជ្ឈដ្ឋានខ្លះគេអាចពិចារណាថា ការកាត់ទោសនេះ គឺជាការបញ្ចប់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែ បើក្រឡេកមើលប្រវត្តិសាស្ត្រនៃការកសាងជាតិរបស់កម្ពុជាព្រឹត្តិការណ៍នេះ គឺគ្រាន់តែជាចំណុចមួយនៃពេលវេលា ដែលកម្ពុជាបានគូសបញ្ជាក់ពីសិទ្ធិស្វ័យសម្រេច និងការប្តេជ្ញាចិត្តរបស់ខ្លួន អំពីជម្រើសនៃលទ្ធិប្រជាធិបតេយ្យដែលខ្លួនចង់កសាងនៅកម្ពុជា។
ប្រាកដណាស់កម្ពុជាមិនជ្រើសយកលទ្ធិប្រជាធិបតេយ្យដែលរំជើបរំជួលប្រថុចប្រថំភ្លាមៗ ហិង្សា និងលទ្ធិប្រជាធិបតេយ្យបែបអាត្មានិយមដែលសេរីភាពបុគ្គលត្រូវបានគោរពបូជា និងលើកតម្កើងខ្ពស់ហួសហេតុលើសពីសន្តិភាព ស្ថិរភាព និងភាពសុខដុមក្នុងសង្គមនោះឡើយ។ នេះ គឺជាបរិបទចម្លែកខ្លាំងណាស់នៅពេលដែលសិទ្ធិបុគ្គលក្នុងការកាន់កាប់កាំភ្លើង បែរជាមានសារៈសំខាន់ជាងការការពារអាយុជីវិត របស់កុមារទៅទៀតនោះ។ បរិបទបែបនេះ គឺពិបាករកយល់មិនបាន នៅពេលដែលសេរីភាពបុគ្គល និងលទ្ធិប្រជាធិបតេយ្យត្រូវបានគេផ្តល់អាទិភាពខ្ពស់ហួសសន្តិភាពដោយមិនគិតគូរសូម្បីដល់សិទ្ធិរស់រានមានជីវិតរបស់ប្រជាជន។
តើលទ្ធិប្រជាធិបតេយ្យមានន័យអ្វីទៅសម្រាប់ប្រទេសដែលធ្លាក់ក្នុងសង្គ្រាមដែលគ្មានទីបញ្ចប់? ជីវិតរបស់ប្រជាជនគឺជាសិទ្ធិដ៏ពិសិដ្ឋបំផុតនៃសិទ្ធិមនុស្ស។
ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ការបំផ្លិចបំផ្លាញរដ្ឋាភិបាល និងសន្តិសុខសាធារណៈ គឺសុទ្ធតែទទួលបានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់នៅគ្រប់ប្រទេស។ ជាឧទាហរណ៍ក្នុងខែធ្នូ ឆ្នាំ ២០២២ ប្រទេសអាល្លឺម៉ង់ បានបង្ក្រាបផែនការធ្វើរដ្ឋប្រហារដោយបើកការវាយឆ្មក់ដ៏ធំបំផុតមិនធ្លាប់មាននៅទូទាំងប្រទេសផង ហើយថែមទាំងនៅក្នុងប្រទេសអូទ្រីស និងអ៊ីតាលីទៀត។ អាល្លឺម៉ង់បានប្រើប្រាស់មន្ត្រីអនុវត្តច្បាប់ជាង ៣ ពាន់នាក់ ដើម្បីធ្វើការងារនេះ ហើយបានឆែកឆេរជាង ១៥០ កន្លែង និងបានចាប់ខ្លួនមនុស្ស ២៥ នាក់។
ក្នុងខែកក្កដា ឆ្នាំ ២០១៦ ជាលទ្ធផលនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងពេលតែ ១ យប់ មនុស្សជាច្រើនត្រូវបានសម្លាប់នៅក្នុងប្រទេសតួកគី និងមានជាង ១ ៤០០ នាក់បានរងរបួស។ ទន្ទឹមនឹងនេះរដ្ឋាភិបាលបានចាប់ខ្លួនមនុស្សប្រមាណ ៦ ០០០ នាក់ រួមទាំងមន្ត្រីយោធាជាន់ខ្ពស់ និងចៅក្រមផងដែរ។ បើធៀបនឹងករណីខាងលើចំណាត់ការរបស់អាជ្ញាធរកម្ពុជាក្នុងការទប់ស្កាត់បដិវត្តន៍ពណ៌ដែលបានគ្រោងទុកជាមុន ហាក់មានភាពស្ងប់ស្ងាត់ជាង។ ពោល គឺគ្មានអំពើហិង្សា គ្មានការធ្វើទារុណកម្ម និងគ្មានការបង្ហូរឈាម។ គ្រប់ទិដ្ឋភាពសិទ្ធិមនុស្សត្រូវបានគេគោរពយ៉ាងតឹងរ៉ឹង។
ជាឧទាហរណ៍ សិទ្ធិរបស់ជនត្រូវចោទត្រូវបានធានាយ៉ាងពេញលេញរួមទាំងសិទ្ធិទទួលបានមេធាវី ការអនុញ្ញាតឱ្យមានការសង្កេតការណ៍ក្នុងការកាត់ក្តី និងការពិចារណាលើការថែទាំសុខភាព។ នៅកម្ពុជាអ្នកការទូតបរទេសថែមទាំងត្រូវបានអនុញ្ញាតឱ្យចូលរួមសង្កេតសវនាការដែលមានសរុបចំនួន ៦៦ លើក ចាប់ពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២។
បើនៅប្រទេសថៃវិញ នៅខែមេសា ឆ្នាំ ២០១៩ ក្រសួងការបរទេសថៃបានតវ៉ាចំពោះស្ថានទូតបស្ចិមប្រទេសដោយចោទប្រកាន់ពួកគេពីបទរំលោភច្បាប់ការទូត នៅពេលដែលពួកគេបានចូលរួមស្តាប់សវនាការតុលាការទាក់ទងនឹងអ្នកនយោបាយថៃ ១ រូប ដែលរងបទចោទពីការបះបោរ។
ឧក្រិដ្ឋកម្មក្បត់ជាតិ ការឃុបឃិតជាមួយអំណាចបរទេស ការបំផ្លិចបំផ្លាញរដ្ឋាភិបាល និងសន្តិសុខសាធារណៈស្ថិតក្នុងចំណោមប្រភេទឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតមួយ។ ប្រទេសកម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់របស់ខ្លួនក្នុងការការពារសណ្តាប់ធ្នាប់នៃរដ្ឋធម្មនុញ្ញ ហើយនៅក្នុងដំណើរការទាំងនេះ កម្ពុជាបានអនុវត្តយ៉ាងតឹងរ៉ឹងនូវកាតព្វកិច្ច និងនីតិវិធីសិទ្ធិមនុស្ស។ សកម្មភាពទាំងនេះបានប្រាប់បញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបានជ្រើសរើសយកលទ្ធិប្រជាធិបតេយ្យដែលផ្អែកលើគោលការណ៍នីតិរដ្ឋ។ គណបក្ស និងតួអង្គនយោបាយទាំងអស់ត្រូវក្រើនរំឭកខ្លួនឯងជានិច្ច អំពីកាតព្វកិច្ចក្នុងការការពារសន្តិភាពស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម នៅពេលដែលពួកគេចង់លើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សក្រោមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ នេះគឺជាជម្រើសរបស់កម្ពុជា។
ទី២ កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបដិសេធដាច់ខាតចំពោះអន្តរាគមន៍ និងការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ក្នុងឆ្នាំ ១៩៩៤ សិង្ហបុរីបានកាត់ទោស Michael Fay ដែលជាក្មេងជំទង់ជនជាតិអាមេរិកឱ្យជាប់គុក និងវាយដោយរំពាត់ពីបទបំផ្លិចបំផ្លាញ និងចោរកម្ម។ ប្រធានាធិបតីនៅពេលនោះ លោក Bill Clinton បានស្នើសុំឱ្យមានការលើកលែងទោសធ្វើឱ្យសិង្ហបុរីពិបាកសម្រេចចិត្ត។
«ម្យ៉ាងយើងត្រូវតែឈរលើគោលការណ៍នីតិរដ្ឋ។ ...ហើយម្យ៉ាងវិញទៀត ប្រសិនបើយើងបានផ្តល់ការលើកលែងទោសយើងនឹងមិនធ្វើឱ្យទំនាក់ទំនងរបស់យើងជាមួយសហរដ្ឋអាមេរិកប្រសើរឡើងនោះទេ ពីព្រោះយើងនឹងត្រូវបានគេមើលឃើញថា រដ្ឋរណបរបស់អាមេរិក» អតីតនាយករដ្ឋមន្ត្រី Goh Chok Tong បាននិយាយបែបនេះ នៅពេលដែលគាត់រំឭកពីព្រឹត្តិការណ៍ដែលបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង ២ ស្ថិតក្នុងភាពតានតឹង។
អតីតនាយករដ្ឋមន្ត្រី Lee Kuan Yew បាននិយាយចំៗថា «សង្គមអាមេរិក គឺជាអ្នកមានបំផុតនិងរីកចម្រើនបំផុតនៅក្នុងពិភពលោក ប៉ុន្តែប្រទេសនេះគ្មានសុវត្ថិភាព និងសន្តិភាពទេ។ ប្រសិនបើអ្នកចូលចិត្តបែបនេះ នោះគឺជារឿងរបស់អ្នក ប៉ុន្តែនេះមិនមែនជាមាគ៌ាដែលយើងជ្រើសយកនោះទេ។ ពួកគេតែងតែនិយាយអំពីសិទ្ធិមនុស្ស។ ខ្ញុំគិតថា វាគ្រាន់តែជាពាក្យស្លោកដ៏ងាយស្រួលមួយប៉ុណ្ណោះ»។ យោងតាមលោក Goh Chok Tong ក្នុងឆ្នាំ ២០០២ លោកប្រធានាធិបតី Clinton បាននិយាយទៅកាន់គាត់ថា «អ្នកគួរតែវាយគាត់ (Michael Fay) ឱ្យបានច្រើនជាងនេះ» ហើយបានបន្ថែមថា ឪពុករបស់ Fay គួរតែវាយប្រដៅកូនគាត់តាំងពីមុនយូរមកហើយ។ នេះគឺជាការសម្រេចចិត្តដ៏លំបាកមួយសម្រាប់សិង្ហបុរីនៅពេលដែលប្រទេសមួយត្រូវបដិសេធការជ្រៀតជ្រែកពីបរទេសក្នុងការប្រតិបត្តិនីតិរដ្ឋរបស់ខ្លួន។
ប៉ុន្តែករណីលោក កឹម សុខា គឺពិបាកជាងនេះឆ្ងាយណាស់។ នេះមិនមែនជាករណីដែលក្មេងអាមេរិកមករញ៉េរញ៉ៃបំផ្លាញសួនច្បារសិង្ហបុរីនោះទេ ប៉ុន្តែវាជាករណីដែលអ្នកនយោបាយខ្មែរបានមកកកូរកកាយនយោបាយកម្ពុជាដោយមានការគាំទ្រពីអំណាច
បរទេស។ លោក កឹម សុខា ជាអ្នកនិយាយខ្លួនឯងប្រកបដោយមោទនភាព។ គាត់បានរំឭកពីសកម្មភាពទាំងឡាយរបស់គាត់ ដើម្បីទទួលបានទំនុកចិត្តផ្នែកនយោបាយបន្ថែមទៀតពីអ្នកគាំទ្ររបស់គាត់ ប៉ុន្តែអ្វីដែលគាត់និយាយបានក្លាយជាភ័ស្តុតាងដាក់បន្ទុកទៅលើរូបគាត់ពីបទក្បត់ជាតិ និងការឃុបឃិតជាមួយបរទេស។ គ្មាននរណាម្នាក់បានធ្វើទារុណកម្មគាត់ឱ្យសារភាពទេ ហើយក៏គ្មាននរណាម្នាក់បានបង្ខំគាត់ឱ្យនិយាយអំពីផែនការរយៈពេលវែងរបស់គាត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលតាមរយៈបដិវត្តន៍ពណ៌ដោយមានការគាំទ្រពីអំណាចបរទេសនោះដែរ។
ករណីនេះ ប្រៀបដូចជាករណីដែលមានអ្នកនយោបាយអាមេរិកមានសញ្ជាតិរុស្ស៊ីម្នាក់ បាននិងកំពុងព្យាយាមឈរឈ្មោះធ្វើជាប្រធានាធិបតីនៅអាមេរិកដោយអះអាងថា គាត់មានរូបមន្តល្អក្នុងការជួសជុលលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។ តើអាមេរិកនឹងដោះស្រាយដោយរបៀបណាចំពោះអ្នកនយោបាយដែលគ្រប់គ្រងដោយបរទេសបែបនេះនៅក្នុងប្រទេសរបស់ខ្លួន? ការបដិសេធការជ្រៀតជ្រែកពីបរទេសមិនមែនជារឿងងាយស្រួលនោះទេសម្រាប់រដ្ឋតូចៗ។ ការគំរាមកំហែង ការបង្ខិតបង្ខំ ការបំភិតបំភ័យ និងការដាក់ទណ្ឌកម្មឯកតោភាគី គឺជាផលវិបាកដែលអាចព្យាករបាន។
ប៉ុន្តែកម្ពុជានៅតែនិយាយថាទេ ចំពោះការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយជ្រើសរើសការអនុវត្តច្បាប់របស់ខ្លួនយ៉ាងម៉ឺងម៉ាត់។ ប្រសិនបើការដាក់ទណ្ឌកម្មពីបរទេសកើតចេញពីការខិតខំរក្សាសុខសន្តិភាពក្នុងស្រុក ហើយពានរង្វាន់សិទ្ធិមនុស្សត្រូវបានគេផ្តល់ឱ្យពីបរទេស ដោយធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងស្រុក កម្ពុជានឹងជ្រើសរើសយកសន្តិភាពក្នុងស្រុក និងអធិបតេយ្យភាពរបស់ខ្លួន។
ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាបានស្តាប់ស៊ាំត្រចៀកទៅហើយពីការដាក់ទណ្ឌកម្មពីបស្ចិមប្រទេសដោយសារតែពួកគាត់ធ្លាប់ឆ្លងកាត់ទណ្ឌកម្មសេដ្ឋកិច្ចដ៏អយុត្តិធម៌រយៈពេល ១២ ឆ្នាំ ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣ នៅពេលដែលពលរដ្ឋខ្មែរដែលនៅរស់រានមានជីវិតទាំងអស់ទើបតែងើបចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ពួកគាត់ គឺជាមនុស្សដែលធន់ និងប្រកបដោយមោទនភាពដែលបានចូលរួមចំណែកដឹកនាំប្រទេសប្រែក្លាយប្រទេសពីសង្គ្រាមទៅជាសន្តិភាព និងពីសន្តិភាពទៅរកភាពរីកចម្រើនរុងរឿង។
ពួកគាត់ គឺជាជំនាន់ដែលមានជំនឿថា អន្តរាគមន៍ពីបរទេសគឺជាមូលហេតុចម្បងមួយសម្រាប់សោកនាដកម្មរបស់កម្ពុជាដែលបានបន្សល់ទុកស្លាកស្នាមរបួសដែលអាចមើលឃើញរហូតមកដល់សព្វថ្ងៃនេះដូចជាគ្រាប់មីនសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់ឥទ្ធិពលពីសារធាតុពុលគីមីពណ៌ទឹកក្រូច (Agent Orange)។ បទពិសោធន៍របស់ពួកគាត់បានប្រាប់ពួកគាត់ថា កុំឱ្យព្រលែងបាត់សន្តិភាព ឯករាជ្យ និងអធិបតេយ្យភាពឱ្យសោះ។ កម្ពុជានឹងក្តាប់ជោគវាសនារបស់ខ្លួនដោយដៃរបស់ខ្លួន។ កម្ពុជាជ្រើសរើសលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធី ឈរលើគោលការណ៍នីតិរដ្ឋ និងដោយការគោរពពេញលេញចំពោះសន្តិភាព និងស្ថិរភាព។ សិទ្ធិស្វ័យសម្រេចរបស់កម្ពុជា ត្រូវតែទទួលបានការគោរព។
ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)