
អ្នកស្រី ស្រីមាស និងក្រុមគ្រួសាររបស់គាត់។ រូបថត អង្គការអុកស្វាម
ខេត្តកោះកុងត្រូវបានចាត់ទុកជាតារារះនាទិសបស្ចិមរបស់ប្រទេសកម្ពុជា។ ខេត្តនេះមានកិត្តិនាមល្បីល្បាញដោយសារតែមានឆ្នេរដ៏ស្រស់ស្អាត ព្រៃកោងកាង និងទេសភាពខៀវស្រងាត់នៅតាមជួរភ្នំក្រវាញ។ កោះកុងមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រផលិតរថយន្ត គ្រឿងបន្លាស់អគ្គិសនី រោងចក្រកាត់ដេរ និងរោងចក្រវាយនភណ្ឌក្នុងតម្លៃវិនិយោគរាប់លានដុល្លារអាមេរិក។
យើងបានចំណាយពេលប្រមាណ ៤០ នាទី ធ្វើដំណើរឆ្លងកាត់ផ្លូវលំតូចមួយដើម្បីទៅជួបជាមួយអ្នកស្រី ថោ ស្រីមាស អាយុ ៣៤ ឆ្នាំ ដែលជាកម្មការិនីកាត់ដេរមានកូន ២ នាក់។ អ្នកស្រី ស្រីមាស បានបោះបង់ចោលការសិក្សាត្រឹមថ្នាក់ទី៣ ដោយសារតែជីវភាពទីទ័លក្រ និងត្រូវទទួលបន្ទុករ៉ាប់រងគ្រួសារ។ មុនពេលមករស់នៅខេត្តកោះកុងក្នុងឆ្នាំ ២០១៦ អ្នកស្រីបានធ្វើការងារជាកម្មករនៅកសិដ្ឋានស្ករអំពៅមួយកន្លែងក្នុងខេត្តកំពង់ឆ្នាំងជាកន្លែងដែលអ្នកស្រីបានជួបជាមួយប្តីរបស់គាត់ហើយក្រោយមកអ្នកទាំង ២ បានផ្លាស់មករស់នៅខេត្តកោះកុងបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច។
យើងបានអង្គុយជាមួយអ្នកស្រីមាស និងគ្រួសារដ៏មានសុភមង្គលនៅក្នុងផ្ទះឈើចាស់ ប៉ុន្តែពោរពេញដោយភាពកក់ក្តៅ។ ថ្ងៃដែលយើងសម្ភាសស្រីមាស គឺគាត់កំពុងសម្រាកលម្ហែមាតុភាព និងនៅសល់តែ១សប្តាហ៍ទៀតប៉ុណ្ណោះដល់ពេលសម្រាលហើយ។ ពេលក្រុមការងារយើងសួរថា តើអ្នកស្រីត្រៀមខ្លួនសម្រាលឬនៅ? ស្ត្រីរូបនេះបានឆ្លើយទាំងញញឹមពព្រាយថា៖ «ចាស៎!ត្រៀមហើយ»។
ជាមួយទឹកមុខ ប្រកបដោយស្នាមញញឹម អ្នកស្រីបានរៀបរាប់ថា៖ «ខ្ញុំបានត្រៀមខ្លួនរួចហើយ និងមានការព្រួយបារម្ភតិចជាងមុន បើធៀបនឹងពេលដែលខ្ញុំសម្រាលកូនដំបូង។ កាលពីមុនគ្រួសារខ្ញុំគិតច្រើន បារម្ភខ្លាំងណាស់ ដោយសារតែពុំមានប្រាក់គ្រប់គ្រាន់។ យើងត្រូវខ្ចីបុលគេដើម្បីសម្រាលកូន។ យើងពិតជាព្រួយបារម្ភច្រើនកាលនោះ»។
ស្រីមាសបន្ថែមថា៖ «ឥឡូវនេះ ខ្ញុំមានបណ្ណសមាជិក ប.ស.ស បន្ទាប់ពីបានធ្វើការនៅរោងចក្រមួយកន្លែងក្នុងខេត្តកោះកុងនេះ។ បណ្ណនេះ [បសស] នឹងជួយរ៉ាប់រងការចំណាយលើការសម្រាលកូន។ ខ្ញុំក៏នឹងទទួលបានប្រាក់ឧបត្ថម្ភ ១០០ ដុល្លារផងដែរ ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន»។ អ្នកស្រីក៏បានពន្យល់ប្រាប់យើងអំពីដំណើរការទូទាត់ប្រាក់ និងឯកសារចាំបាច់ផ្សេងទៀត។ អ្នកស្រីយល់ច្បាស់អំពីការធានារ៉ាប់រង និងអត្ថប្រយោជន៍របស់របបសន្តិសុខសង្គម។
ពេលយើងសួរគាត់ថា តើបានដឹងរឿងទាំងនេះដោយរបៀបណា?
អ្នកស្រីបានឆ្លើយថា គាត់បានចូលរួមវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដែលរៀបចំឡើងដោយភ្នាក់ងារបេឡាជាតិ និងតំណាងសហជីព ហើយអ្នកស្រីក៏ដឹងតាមរយៈការនិយាយតគ្នាពីមាត់ ១ ទៅមាត់ ១ ក្នុងចំណោមអ្នកធ្វើការជាមួយគ្នា និងបទពិសោធន៍ពីការសម្រាលកូនទី ២ របស់គាត់។
រឿងរ៉ាវរបស់ស្រីមាស និងឥទ្ធិពលវិជ្ជមាននៃ បសស បញ្ជាក់អំពីតម្រូវការបន្ទាន់ និងសារៈសំខាន់នៃការគាំពារសង្គមប្រកបដោយបរិយាប័ន្ន សម្រាប់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី និងអ្នកម្តាយ។ អ្វីដែលស្រីមាស និងស្ត្រីដទៃទៀតបានចែករំលែកពីការទទួលបានអត្ថប្រយោជន៍ពីរបបសង្គមនេះគឺកើតចេញពីឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធានាបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។
ប្រការនេះមិនអាចទៅរួចទេប្រសិនជាមិនមានក្របខ័ណ្ឌគោលនយោបាយគាំទ្រដូចជាក្របខ័ណ្ឌគោលនយោបាយគាំពារសង្គម ឆ្នាំ ២០១៦-២០២៥ ស្ថាប័នទទួលបន្ទុក ដូចជាក្រុមប្រឹក្សាជាតិគាំពារសង្គម និងការវិនិយោគសាធារណៈ។ ទោះបីកម្ពុជាយើងមានភាពថ្មីសន្លាងក្នុងវិស័យគាំពារសង្គមក៏ដោយ ក៏វឌ្ឍនភាពដែលសម្រេចបានកន្លងមក គឺពិតជាគួរឱ្យកោតសរសើរ។ បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គមគ្របដណ្តប់លើកម្មករ-និយោជិតចំនួន ១,៤ លាននាក់ លើ ៤,១ លាននាក់។
ក្នុងរយៈពេល ២៨ ខែកន្លងមកនេះ ថវិកាចំនួន ៨៣៧,០៥ លានដុល្លារត្រូវបានវិភាជទៅឱ្យគោលនយោបាយជំនួយសង្គមដូចជា៖ កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការផ្ទេរសាច់ប្រាក់ដែលគ្របដណ្តប់លើគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៧០៦ ០៦០ គ្រួសារនៅទូទាំងប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាក៏បានចំណាយថវិកាសរុបចំនួន ២០,០៧ លានដុល្លារ ចន្លោះពីខែមិថុនា ឆ្នាំ ២០១៩ ដល់ខែតុលា ឆ្នាំ ២០២២ ដើម្បីឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះចំនួន ១៨១ ៥៤២ នាក់ និងកុមារអាយុក្រោម ២ ឆ្នាំចំនួន ១០៦ ៨២០ នាក់។
កម្ពុជាក៏បានបើកសករាជថ្មីនៅក្នុងប្រព័ន្ធគាំពារសង្គមរបស់ខ្លួនផងដែរតាមរយៈការអនុវត្តរបបប្រាក់សោធននៅឆ្នាំ ២០២២ សម្រាប់និយោជិតវិស័យឯកជនដែលកន្លងមកមានសម្រាប់តែមន្ត្រីរាជការ។ បន្ថែមលើនេះទៀត រដ្ឋាភិបាលក៏សន្យាផងដែរថានឹងផ្តល់តាវកាលិកសន្តិសុខសង្គមដល់ស្ត្រីរកស៊ីផ្លូវភេទនៅឆ្នាំ ២០២៣។
ស្រីមាស មានសំណាងជាងគេ ពីព្រោះអ្នកស្រីទទួលបានការធានារ៉ាប់រងដោយរបបសន្តិសុខសង្គម ប៉ុន្តែ ស្ត្រី និងអ្នកម្តាយរាប់ម៉ឺននាក់ទៀត នៅមិនទាន់ត្រូវបានដាក់បញ្ចូល និងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមនៅឡើយទេ។ ពួកគេទាំងនោះរួមមានអ្នកលក់ដូរតាមផ្លូវ ដែលភាគច្រើនជាស្ត្រី និងអ្នកម្តាយកសិករខ្នាតតូច ដែលបានចូលរួមចំណែកតាំងពីយូរណាស់មកហើយដើម្បីធានាសន្តិសុខស្បៀងហើយលើសពីនេះទៅទៀតគឺយុវជន និងនិស្សិតដល់វ័យធ្វើការ។ នេះនៅមិនទាន់គិតដល់ប្រជាជនជាច្រើនក្រុមផ្សេងទៀតផង។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយតាមរយៈប្រសាសន៍លោកលើកឡើងថ្មីៗនេះថា៖ «[គោលនយោបាយគាំពារសង្គម] មិនប៉ះពាល់ដល់សេដ្ឋកិច្ចទេ ប៉ុន្តែនឹងលើកកម្ពស់សុខភាព និងការអភិវឌ្ឍកម្លាំងពលកម្មរបស់ព្រះរាជាណាចក្រកម្ពុជា»។ ការវិនិយោគលើការគាំពារសង្គមគឺជាគោលនយោបាយឈ្នះឈ្នះ។
ទោះបីវាហាក់បីដូចជាប្រញាប់ប្រញាល់ពេកក្នុងការពង្រីកការគ្របដណ្តប់ និងការវិនិយោគបន្ថែមលើគោលនយោបាយគាំពារសង្គម ដែលជាការប្រថុយលើសទំហំសារពើពន្ធក៏ដោយប៉ុន្តែបទពិសោធន៍ និងជោគជ័យនៅប្រទេសដទៃអាចជាកត្តាលើកទឹកចិត្តឱ្យកម្ពុជាចាប់យកឱកាសនេះឱ្យឆាប់បំផុត។ ការសិក្សាអំពីការវិនិយោគលើគោលនយោបាយគាំពារសង្គមនៅប្រទេសជប៉ុន ម៉ុងហ្គោលី កូរ៉េ និងថៃ បានរកឃើញពីផលប៉ះពាល់ជាវិជ្ជមានទៅលើទំហំនៃផលិតផលក្នុងស្រុកសរុប។
នៅជប៉ុន ប្រាក់ ១ ដុល្លារបន្ថែមដែលចំណាយលើការគាំពារសង្គមធ្វើឱ្យមានកំណើនផលិតផលក្នុងស្រុកសរុបចំនួន ១,៧ ដុល្លារក្នុងរយៈពេល ២ ឆ្នាំកន្លះក្រោយមក។ កូរ៉េខាងត្បូងមានផលគុណខ្ពស់បំផុត ដោយកើនឡើង ៣ដុ ល្លារ នៅ ១០ ត្រីមាសក្រោយមក។ នៅម៉ុងហ្គោលី ផលគុណគឺ ១,៥ ដុល្លារ នៅ ៨ ត្រីមាសក្រោយមក។ ទាំងនេះ គឺជាលទ្ធផលនៃលទ្ធភាពចំណាយក្នុងគ្រួសារនីមួយៗ និងការវិនិយោគឯកជន ដោយសារតែការវិនិយោគលើគោលនយោបាយគាំពារសង្គម។
នៅកម្ពុជា ការវាយតម្លៃផលប៉ះពាល់រួមរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបានរកឃើញថា «គ្រាន់តែកម្មវិធីផ្ទេរសាច់ប្រាក់របស់កម្ពុជាតែ ១ ផ្នែកគឺបានរួមចំណែកបង្កើនផលិតផលក្នុងស្រុកសរុបចំនួន ០,៤៥%, កាត់បន្ថយភាពក្រីក្របាន៣,៤% និងអត្រាគ្មានការងារធ្វើ ០,៦២% នៅឆ្នាំ ២០២១»។
ឥឡូវនេះ ក្រុមប្រឹក្សាជាតិគាំពារសង្គមបាននិងកំពុងប្រឹក្សា និងប្រមូលធាតុចូលដើម្បីរៀបចំ “ក្របខ័ណ្ឌគាំពារសង្គមជាតិឆ្នាំ ២០២៣”។ អុកស្វាម និងអង្គការដៃគូបានត្រៀមខ្លួនរួចជាស្រេចដើម្បីពាំនាំយកសំឡេងពីសហគមន៍ទៅចូលរួមជាធាតុចូលក្នុងកិច្ចពិភាក្សា និងការតាក់តែងគោលនយោបាយនេះ។ ការកសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្នមានសារៈសំខាន់ណាស់សម្រាប់មនុស្សជំនាន់ក្រោយ និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់ប្រជាជាតិយើង។ ដូចអ្នកទាំងអស់គ្នាដែរគឺខ្ញុំមានសុទិដ្ឋិនិយមថា កម្ពុជាអាចធ្វើបានហើយវាចាប់ផ្តើមពីពេលនេះតែម្តង៕
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម