​ជា​រៀងរាល់ថ្ងៃ​គ្រួសារ​កម្ពុជា​និយម​ទទួលទាន​ត្រី​ដែល​នេសាទ​បាន​ពី​ទន្លេមេគង្គ ឬ​ស្ទឹង​បឹងបួរ​ផ្សេងទៀត​។ ប្រជាពលរដ្ឋ​កម្ពុជា​ចូលចិត្ត​ទទួលទាន​ត្រី​ទី​ឡា​ព្យ៉ា​ត្រី​ស្ពង់ ត្រី​រ៉ស ត្រី​កាប និង​ត្រី​អណ្តែង​ជាដើម​។ មុខម្ហូប​អា​ម៉ុក​ត្រី​ចម្ហុយ​ជាមួយ​ខ្ទិះដូង​ខ្ចប់​ស្លឹក​​ចេក ជា​មុខ​អាហារ ដែល​ពេញ​និយម​សម្រាប់​កម្មវិធី​ទទួល​អា​ហារ​ផ្សេងៗ​នៅ​កម្ពុជា​។​

​មិន​ថា សម្រាប់​មុខម្ហូប​មួយណា​នោះទេ ត្រី​ដែល​គេ​យកមក​ចម្អិន ភាគច្រើន​ជា​ប្រភេទ​ត្រីងៀត ឬ​ត្រីឆ្អើរ ដែល​ត្រូវបាន​គេ​ស​ម្ងួ​ត​ដើម្បី​រក្សាទុក​ប្រើប្រាស់​។ ជាក់​​ស្តែង​អ្នក​កែច្នៃ​ផល​នេសាទ​និង​អ្នកលក់​ត្រី ហាល​ស​ម្ងួ​ត​ត្រី​ដើម្បី​ទុក​លក់​ខណៈដែល​ប្រជាពលរដ្ឋ​នៅតាម​គេហដ្ឋាន ហាល​ស​ម្ងួ​ត​ត្រី​ទុក​ទទួលទាន​ពេល​ក្រោយ​។​ជាធម្មតា​ពួកគេ​ហាល​ស​ម្ងួ​ត​ត្រី​ក្រោម​កម្តៅថ្ងៃ ឬ​ឆ្អើរ​ដោយ​ដុត​អុស​ឬ​ធ្យូង​។ ជនជាតិខ្មែរ​គ្រប់រូប ដឹង​យ៉ាងច្បាស់​អំពី​ការ​ឆ្អើរ ឬ​ហា​លស​ម្ងួ​ត​ត្រី​បែប​ប្រពៃណី​នេះ និង​រួមទាំង​ក្លិន​របស់​វា​ផងដែរ​។​

​នេះ​ជា​វិធី​ស​ម្ងួ​ត​ត្រី ដែល​បាន​បន្សល់ទុក​ពី​ដូនតា​ខ្មែរ​ជា​យូរលង់​ណាស់​មកហើយ​ស្តាប់ទៅ​ហាក់ដូចជា​ពុំ​សូវ​សមប្រកប ហើយ​ពិបាក​នឹង​ផ្លាស់ប្តូ​រណាស់​។ ប៉ុន្តែ​ហេតុអ្វី​បានជា​យើង​ចាំបាច់​យកចិត្តទុកដាក់​ចំពោះ​ការផ្លាស់ប្តូរ​រឿងនេះ​? ចំណុច​នៅត្រង់ថា វិធីសាស្ត្រ​ហា​លស​ម្ងួ​ត​ត្រី​តាមបែប​ប្រពៃណី​នេះ​គឺ​ពុំ​សូវ​មាន​ប្រ​សិទ្ធ​ភាព​អនាម័យ​និង​និរន្តរភាព​ទេ​។

​ការ​ហាល​ស​ម្ងួ​ត​ត្រី​ក្រោម​កម្តៅថ្ងៃ​មាន​លក្ខណៈ​បើកចំហ​ធ្វើឱ្យ​ត្រីងៀត​អាច​ឆ្លង​មេរោគ​ស្ងួត​មិន​ស្មើ​សាច់​ល្អ​និង​ខូច​រស​ជាតិ​ជាដើម​។ ត្រីងៀត​ដែល​ហា​លស​ម្ងួ​ត​បែបនេះ​ក៏​អាច​ប្រឡាក់​ជាប់​ធូលី​ប្រឈម​នឹង​សត្វល្អិត​ឬ​លាមក​សត្វ​បក្សី​ផ្សេងៗ​ផងដែរ​។ បន្ថែម​ពីនេះ​ទៅទៀត​ការប្រើ​អុស​ធ្យូង ឬ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ដុត​កម្តៅ​ឆ្អើរ​ស​ម្ងួ​ត​ត្រី បញ្ចេញ​ផ្សែង​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​​ដង្ហើម​របស់​មនុស្ស​ហើយ​វា​ក៏​ចូល​​រួម​ធ្វើឱ្យមាន​ការប្រែប្រួល​អាកាស​ធាតុ និង​ការបាត់បង់​ទីជម្រក​សត្វ​បន្ថែមទៀត​ផងដែរ​។​

​ឈរលើ​មូលដ្ឋាន​នេះ​អ្នក​កែ​​ច្នៃ​ផល​នេសាទ​កាន់តែ​ច្រើនឡើង​បាន​ផ្លាស់ប្តូរ​មកប្រើប្រាស់​វិធី​សាស្ត្រ​ទំនើប​ក្នុងការ​ហាល​ស​ម្ងួ​ត​ត្រី ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​សូ​ឡា​ដែលមាន​ឈ្មោះថា «​ទូ​ស​ម្ងួ​ត​ពន្លឺព្រះអាទិត្យ​»​។

​ទូ​ស​ម្ងួ​ត​ពន្លឺព្រះអាទិត្យ​នេះ មាន​រូបរាង​ដូច​ផ្ទះ​កញ្ចក់ សង់​ឡើង​នៅលើ​កម្រាល​បេតុង ដោយ​ប្រើ​គ្រោង​ដែក​ស្រាលៗ​ប្រក់​ដោយ​វត្ថុ​ធាតុ​ប៉ូ​លីកា​បូ​ណាត​ដែល​អាចឱ្យ​ពន្លឺព្រះអាទិត្យ​ឆ្លងកាត់​បាន​។ នៅក្នុង​ទូ​ស​ម្ងួ​ត​នេះ​គេ​ដាក់​ត្រី​ហាល​លើ​ធ្នើរ​ដែល​អាច​រៀបចំ​លៃ​តម្រូវ​ទៅតាម​ទីតាំង​បាន​។ កម្តៅ​ និង​ពន្លឺព្រះអាទិត្យ​អាច​ឆ្លងកាត់​ចេញចូល​ទៅក្នុង​ទូ​ស​ម្ងួ​ត​នេះ​បាន​យ៉ាង​ងាយស្រួល​ ដើម្បី​ហាល​ស​ម្ងួ​ត​ត្រី​បាន​យ៉ាង​ល្អ ហើយ​វា​ជួយ​ការពារ​ត្រីងៀត​ពី​ធូលី​និង​សត្វល្អិត​ផ្សេងៗ​។ ចំណែក​កង្ហារ​បឺត​ខ្យល់​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ក្នុង​ទូ​ស​ម្ងួ​ត​ជួយ​រក្សា​សី​តុ​ណ្ហា​ភាព​ខាងក្នុង​ទូ​ស​ម្ងួ​ត​នេះ​បាន​យ៉ាង​ល្អ​បំផុត​។​

​ការ​ហាល​ស​ម្ងួ​ត​ត្រី​ក្នុង​ទូ​ស​ម្ងួ​ត​ពន្លឺព្រះអាទិត្យ​នេះ ​មាន​សុវត្ថិភាព​ខ្ពស់​ និង​ឆាប់​ស្ងួត​ជាង​ការ​ហា​លស​ម្ងួ​ត​តាមបែប​ប្រពៃណី ហើយ​ធ្វើឱ្យ​ត្រីងៀត​នៅមាន​រសជាតិ​កាន់តែ​ឆ្ងាញ់​ពិសា​ផងដែរ​។​

​ការផ្លាស់ប្តូរ​មកប្រើប្រាស់​ទូ​ស​ម្ងួ​ត​ពន្លឺព្រះអាទិត្យ​គឺជា​ការផ្លាស់ប្តូរ​តូច​មួយ​ក្នុង​របៀប​ហាល​ស​ម្ងួ​ត​ត្រី​ដែល​ត្រូវបាន​ប្រើប្រាស់​ដ៏​ទូលំទូលាយ​ហើយ​កិច្ចការ​នេះ​ត្រូវបាន​ជំរុញ​និង​គាំទ្រ​ដោយ​រដ្ឋបាល​ជលផល​ក​ម្ពុ​ជា (FiA) ក្រោម​ជំនួយ​បច្ចេកទេស​ពី​អង្គ​​ការ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) និង​ការគាំទ្រ​ថវិកា​ពី​សហភាព​អឺរ៉ុប ​(EU)​។ មកទល់ពេលនេះ​មាន​សហគ្រាស​កែច្នៃ​ផល​ផលិតផល​ជលផល​ចំនួន ​១០ បានទទួល​យក​និង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ក្រោម​ជំនួយ​បច្ចេកទេស​និង​ការគាំទ្រ​ជា​សម្ភារ​បរិក្ខារ​ពី​ស្ថា​ប័ន​ខាងលើ​។ សា្ថ​ប័ន​ខាងលើ​នេះដែរ ក៏​នឹង​បន្ត​គាំទ្រ​ទៅដល់​សហ​​គ្រាស​កែច្នៃ​ផល ផលិតផល​ជលផល​ផ្សេងទៀត​ផងដែរ​។​

​ភាពខុសប្លែក​ពីគ្នា ​គឺមាន​ទំហំ​ធំ​យ៉ាង​គួរឱ្យកត់សម្គាល់ ដោយ​ការ​ហា​លស​ម្ងួ​ត​ត្រី​តាម​ប្រពៃណី​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​លក្ខខណ្ឌ​អាកាស​តុ​ហើយ​ត្រូវការ​ពេល​ពី ​៣ ​ទៅ​ ៧ ​ថ្ងៃ​ ខណៈដែល​ទូ​ស​ម្ងួ​ត​ពន្លឺព្រះអាទិត្យ​ត្រូវការ​ពេល​ប្រមាណ​តែ​ពី​ ៨​ ទៅ​ ១២​ ម៉ោង​តែប៉ុណ្ណោះ​និង​អាច​នៅតែ​ដំណើរការបាន​ទោះ​ជាមាន​ភ្លៀង ​ឬ​មិនមាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់​ក្តី​។ ទូ​ស​ម្ងួ​ត​ពន្លឺ​ព្រះ​អាទិត្យ​ពុំមាន​បញ្ចេញ​នូវ​សារ​ធាតុ​បំពុល​ដូច​ការដុត​អុស​ ឬ​ធ្យូង​ដែល​បង្កឱ្យមាន​ជំងឺ​ក្អក ឬ​រលាក​បំពង់ក​នោះទេ​។ ខ្យល់​បរិសុទ្ធ​និង​សុខ​ភាពល្អ​សម្រាប់​អ្នក​បរិ​ភោគ គឺជា​ផល​ជះ​រយៈពេល​វែង​នៃ​វិធីសាស្ត្រ​ទំនើប​នេះ​។​

​នវានុវត្តន៍​ថ្មី​ប្រកបដោយ​ប្រជា​ប្រិយភាព​នេះ​ពិតជា​នឹង​រួម​ចំណែក​តម្រង់ទិស​បង្កើន​ផលិត​​ភាព​និង​អភិវឌ្ឍ​ជលផល​ក្រោយ​ប្រមូល​ផល​របស់​កម្ពុជា​ប្រកប​​ដោយ​ចីរភាព​ជាក់​ជាមិនខាន​។​ជាមួយ​ផលិតផល​ដែលមាន​គុណ​ភាព​និង​សុវត្ថិភាព​អនុវិស័យ​ជល​​ផល​ក្រោយ​ប្រមូល​ផល​របស់​កម្ពុជា​ពិតជា​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ប្រកួតប្រជែង​ជាមួយនឹង ផលិតផល​នាំចូល ​និង​នាំចេញ​ទៅកាន់​ទីផ្សារ​នៅក្នុង​តំបន់​អា​​ស៊ី​អឺរ៉ុប​ និង​ទីផ្សារ​មួយចំនួនទៀត​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ​។​ ការផ្លាស់ប្តូរ​នេះ​ទោះបី​ជាមាន​ទំហំ​តូច​តែ​ប្រាកដ​ណាស់​នឹងមាន​ការរួមចំណែក​ដល់​សេដ្ឋកិច្ចកម្ពុជា​តាមរយៈ​ការបង្កើត​ការ​ងារ​និង​ឱកាស​វិនិយោគ​បន្ថែមទៀត​។ ការវិនិយោគ​កាន់តែច្រើន​លើ​បច្ចេកវិទ្យា​សាមញ្ញ​នេះ​នឹង​ផ្តល់​ផល​ត្រលប់​កាន់តែច្រើន​។​

​ពោលគឺ​មិនមែន​ត្រឹមតែ​អត្ថ​ប្រយោជន៍​សេដ្ឋកិច្ច​មួយ​មុខ​នោះទេ​។ ដោយ​ការប្រើប្រាស់​បច្ចេក​​វិទ្យា​ដ៏​សាមញ្ញ​នេះ​ពលរដ្ឋ​កម្ពុជា នឹង​ទទួលបាន​ផលិតផល​ជល​ផល​ដែលមាន​សុវត្ថិភាព​និង​រស​ជាតិ​ឆ្ងាញ់​។ លទ្ធផល​ដ៏​មោទនៈ​នេះ​គឺជា​អ្វីដែល​យើង​មិនអាច​នឹងមិន​អបអរសាទរ​បាន​នោះទេ​៕

លោក សេត​ធី ស៊ីថា​រ៉ា​ម៉ា ថម​បា​ធូ ប្រធាន​ទីប្រឹក្សាបច្ចេកទេស​របស់ UNIDO សម្រាប់​គម្រោង CAPFISH-Capture (​គាំទ្រ​ហិ​រញ្ញ​ប្ប​ទាន​ដោយ​សហភាព​អឺរ៉ុប​)

លោក អឹម សំរួល ជំនាញការ​ថ្នាក់ជាតិ​ផ្នែក​ទំនាក់ទំនង និង​ផ្សព្វផ្សាយ​របស់ UNIDO សម្រាប់​គម្រោង CAPFISH-Capture (​គាំទ្រ​ហិរញ្ញប្បទាន​ដោយ​សហភាព​អឺរ៉ុប​)

(​ទស្សនៈ​ដែល​បានលើកឡើង​ក្នុង​អត្ថបទ​នេះ ជាការ​យល់ឃើញ​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​)