បើទោះជា​ត្រូវបំពេញ​កិច្ចការ​ជំនាញ​ដ៏​សែន​ច្រើន​ក្នុងផ្ទះ​ក៏ដោយ​ជារឿយៗ ការខិតខំ​ប្រឹង​ប្រែង​របស់​អ្នកធ្វើការ​តាម​ផ្ទះ ពុំ​ត្រូវបានគេទទួលស្គាល់ ដូចជា​តាមរយៈ​ការផ្តល់ប្រាក់​ឈ្នួល​ និង​លក្ខខណ្ឌ​ការងារ​នោះឡើយ​។ ដើម្បី​អបអរសាទរ​ទិវា​អ្នកធ្វើការ​តាម​ផ្ទះ​អន្តរជាតិ ថ្ងៃទី ​១៦ ខែមិថុនា ឆ្នាំ ២០២៣ លោកស្រី​ Anna Engblom ប្រធាន​ទីប្រឹក្សាបច្ចេកទេស​នៃ​កម្មវិធី​ត្រីកោណ​ក្នុង​តំបន់​អាស៊ាន​របស់​អង្គការ​​អន្តរជាតិ​ខាង​ការងារ ILO ​បាន​ពន្យល់​ពី​មូលហេតុ​សំខាន់​នេះ ដែល​ចាំបាច់​ត្រូវធ្វើ​ការផ្លាស់ប្តូរ​។​

​មនុស្ស​គ្រប់រូប ជាពិសេស​ស្ត្រីដែល​ចំណាយ​ពេលធ្វើ​ការងារ​ផ្ទះ ចម្អិន​អាហារ ធ្វើ​ការងារ​សម្អាត មើលថែទាំ​កូន ការងារ​ថែទាំ​សួន បោក​ខោអាវ​គ្រប់គ្រង​ផ្ទះ​ឬ​មើលថែ​មនុស្ស​ចាស់ ឬ​ជន​មាន​ពិការ​​ភាព អាច​ប្រាប់​អ្នក​ថា វា​គឺជា​​ការងារ​ដ៏​សែន​នឿយហត់ និង​នឿយណាយ​ចិត្ត​។ ពួកគេ​ក៏​នឹង​ប្រាប់​អ្នកផង​ដែរ​ថា នេះ​គឺជា​ការ​​ងារ​ជំនាញ​។ សូម​ពិចារណា​ថា​តើ​គេ​ត្រូវ​ការជំនាញ​អ្វីខ្លះ ដើម្បី​ចម្អិន​អាហារ​ពេល​ល្ងាច​សម្រាប់​មនុស្ស​ ៦​ នាក់​ ដែលមាន​តម្រូវការ​​របប​អាហារ​ផ្សេងៗ​គ្នា ការមើល​ថែទាំ​កូនតូច ឬ​ឪពុកម្តាយ​ចាស់ជរា​ជាដើម​។​

​ការងារ​ផ្ទះ គឺជា​ការងារ​ដែល​ស្ថិតនៅ​ចន្លោះ​សេវា​ដែល​ «​ជា​​ប្រពៃណី​កន្លងមក​» ​ពុំ​បានទទួល​ប្រាក់កម្រៃ​ និង​វិស័យ​ផ្តល់​សេវា​ថែទាំ​ដែល​កំពុងមាន​សម្ទុះ​កើនឡើង ជាពិសេស​ក្រោយ​ការរីក​​រាលដាល​នៃ​ជំងឺ​កូ​វី​ដដែល​ត្រូវបាន​ចាត់ទុកថា ជាការ​ងារ​ដ៏​សំខាន់ និង​ចាំបាច់​។ នៅ​ចន្លោះ​នេះ ជំនាញ​ដែល​ចាំបាច់​សម្រាប់​ការងារ​ផ្ទះ ដូចជា​ការផ្តល់សេវា​ថែទាំ​នៅក្នុង​ផ្ទះ​ជាដើម ជារឿយៗ​ពុំ​ត្រូវបានគេទទួលស្គាល់ ហើយ​ស្ទើរតែ​​តែង​ត្រូវបាន​គេ​ឱ្យ​តម្លៃ​តិចតួច​​ប៉ុណ្ណោះ​។ ដូច្នេះហើយ ទើប​អ្នកធ្វើការ​តាម​ផ្ទះ​ភាគច្រើន​នៅក្នុង​តំបន់​អាស៊ាន​ដែល​ភាគច្រើន​ជា​ស្ត្រី និង​ជា​ជន​ចំណាកស្រុក ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកធ្វើការ​គ្មាន​ជំនាញ​។

​របៀបរបប​នៃ​ការធ្វើ​ចំណាក​ស្រុក និង​លក្ខខណ្ឌ​ការងារ​នៅក្នុង​វិស័យនេះ ឆ្លុះបញ្ចាំង​ពី​បញ្ហា​នេះ​ត្បិត​អ្នក​ដែល​មក​ធ្វើការ​ជា​អ្នកធ្វើការ​តាម​ផ្ទះ​តែង​ទទួលបាន​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​នានា​តិចតួច​។​

​ការសិក្សា​មួយ​ដែល​ធ្វើឡើង​កាលពីពេល​ថ្មីៗ​នេះ ដោយ​អង្គ​​ការ​អន្តរជាតិ​ខាង​ការងារ (ILO) ពិនិត្យ​ជាក់លាក់​លើ​ជំនាញ និង​លក្ខខណ្ឌ​ការងារ​របស់​ពលករ​​ចំណាកស្រុក​ដែល​ធ្វើការ​តាម​ផ្ទះ ដោយ​កន្លងមក​នៅ​តំបន់​អាស៊ី​​អាគ្នេយ៍​មិនដែល​មានការ​វិភាគ​លើ​ជំនាញ​របស់​អ្នកធ្វើការ​តាម​ផ្ទះ​បែប​នេះឡើយ​។

​ការសិក្សា​នេះ​ប្រៀបធៀប​កិច្ច​ការដែល​អ្នកធ្វើការ​តាម​ផ្ទះ​​បំពេញ​នៅតាម​ផ្ទះ​នានា​ធៀប​នឹង​ចំណាត់ថ្នាក់​ស្តង់ដា មុខរបរ និង​ការងារ​អន្តរជាតិ​ (ISCO)​ និង​បាន​រកឃើញថា​ អ្នកធ្វើការ​តាម​ផ្ទះ​ស្ទើរតែ​ទាំងអស់ កំពុង​អនុវត្ត​​ការងារ​ក្នុង​កម្រិត​មធ្យម ពោលគឺ​ស្ថិតនៅ​កម្រិត​មួយ​ដែល​នៅ​ខ្ពស់​ឆ្ងាយ​ជាង​កម្រិត​អ្នកធ្វើការ ​«​គ្មាន​ជំនាញ​»​។​

​លើសពីនេះ ការសិក្សា​នេះ​បាន​រកឃើញថា ពលករ​ទេ​សន្តរ​​ប្រវេសន៍​ដែល​ធ្វើការ​តាម​ផ្ទះ​កំពុង​ប្រើប្រាស់​ជំនាញ​សំខាន់ៗ​មួយ​​ចំនួន ដែល​អាច​ប្រើប្រាស់​បាន​ច្រើន​កាលៈទេសៈ ពោលគឺ​ជំនាញ​ដែល​គេ​អាច​ប្រើប្រាស់​នៅក្នុង​បរិបទ​ការងារ​ជាច្រើន​មិនមែន​តែ​សម្រាប់​ការងារ​តាម​ផ្ទះ ឬ​ការងារ​ផ្តល់​ការថែទាំ​នោះឡើយ​។ ដូច​​ជាការ​ចេះ​និយាយ​ភាសា​ក្នុងស្រុក ការចេះ​ទំនាក់ទំនង​ច្បាស់លាស់ និង​ការគ្រប់គ្រង​អារម្មណ៍​ខ្លួនឯង និង​អារម្មណ៍​របស់​អ្នក​ដទៃទៀត​ជាដើម​។​

​យ៉ាងណាមិញ នៅក្នុង​តំបន់​អាស៊ាន​នេះ ការបណ្តុះបណ្តាល​ជំនាញ​ដល់​អ្នកធ្វើការ​តាម​ផ្ទះ ពុំ​ត្រូវបាន​ផ្តល់ឱ្យ​បានជា​ប់លាប់ ឬ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ឡើយ​។ មានការ​ទទួលស្គាល់​តិចតួច​ពី​​បម្រែបម្រួល​នៃ​កម្រិត​ការងារ​​ដែល​កំពុងមាន​ជាក់ស្តែង​ត្រូវបាន​រំពឹងទុក និង​តម្រូវការ​នៅក្នុង​វិស័យនេះ​ណាស់​។ មាន​និយោជក​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ចាត់ទុក​ជំនាញ​ថា ជា​លក្ខខណ្ឌ​ដែល​ចាំបាច់​សម្រាប់​ការបំពេញ​ការងារ​នេះ ហើយ​និយោជក​នៅតែ​បន្ត​ជួល​អ្នកធ្វើការ​តាម​ផ្ទះ​ជាច្រើន​នាក់​ដែល​ពុំមាន​ជំនាញ​ដែល​ចាំ​​បាច់​ និង​សមស្រប​សម្រាប់​ការ​ងារ​របស់​ពួកគេ​។ ស្របពេល​នេះដែរ អ្នកធ្វើការ​តាម​ផ្ទះ​ជាច្រើន​ផ្សេងទៀត ដែលមាន​ជំនាញ​បែរជា​ពុំ​ត្រូវបានគេទទួលស្គាល់ និង​ទទួលបាន​ប្រាក់​ឈ្នួល​មិន​គ្រប់​​គ្រាន់​ជាដើម​។​

​គួររៀបចំ​ឱ្យ​មានឱកាស​ទទួលស្គាល់​ជំនាញ​ដល់​អ្នកធ្វើការ​​តាម​ផ្ទះ ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ និង​មាន​ជំនាញ​ច្រើនយ៉ាង ការទទួលស្គាល់​នេះ​គួរ​​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការផ្តល់ប្រាក់​ឈ្នួល និង​លក្ខខណ្ឌ​ការងារ​។ ការរៀបចំ​ប្រព័ន្ធ​នីតិវិធី និង​ច្រក​ទេសន្តរប្រវេសន៍​ដែល​ផ្តល់នូវ​ភាពងាយស្រួល​ និង​មាន​ភាពបត់បែន​សម្រាប់​ពលករ​​ទេសន្តរប្រវេសន៍​ស្ត្រី​ដែល​ធ្វើការ​តាម​ផ្ទះ ដើម្បី​អាច​កាត់បន្ថយ​ពេលវេលា ភាពស្មុគស្មាញ ហា​​និ​ភ័យ និង​កាន់​តែមាន​ភាព​ទាក់​​ទាញ​ថែមទៀត ដែល​ទាំងនេះ​នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​ដ៏​ធំ​ក្នុង​ជីវិត ​និង​ជីវភាព​រស់នៅ​របស់​ព​លករ​រាប់លាន​នាក់​នៅក្នុង​តំបន់​នេះ​។​

​ជា​ការពិត​ចាំបាច់​ត្រូវតែមាន​ការផ្លាស់ប្តូរ​។ គួរឱ្យ​សោកសៅ​ការស្រាវជ្រាវ​នេះ​ក៏បាន​រកឃើញ​ផងដែរ​ថា អ្នកធ្វើការ​តាម​ផ្ទះ​នៅ​បន្ត​ទទួលរង​លក្ខខណ្ឌ​ការងារ​យ៉ាងធ្ងន់ធ្ងរ​បំផុត ដូចជា​ការបន្ត​ទទួលបាន​ប្រាក់​ឈ្នួល​ទាប​ក្នុង​​រយៈពេល​មួយ​ដ៏​យូរ​និង​ការធ្លាក់​ចូលទៅក្នុង​ស្ថានភាព​ពលកម្ម​ដោយ​បង្ខំ​ជាដើម​។

​ការស្រាវជ្រាវ​នេះ​បាន​ប៉ាន់​ប្រមាណ​ថា អត្រា​ពលកម្ម​​ដោយ​បង្ខំ​របស់​ពលករ​ទេស​ន្ត​រ​ប្រវេសន៍ ដែល​ធ្វើការ​តាម​ផ្ទះ​មាន ​២៩% នៅ​ប្រទេស​ម៉ាឡេស៊ី ៧% នៅ​ប្រទេស​សិង្ហ​បុរី និង ៤% នៅក្នុង​ប្រទេស​ថៃ​។​

​ដូច្នេះ នេះ​គឺជា​ស្ថានភាព​មួយ​ដែល​ហាក់បីដូច​ជាមាន​ភាពផ្ទុយ​គ្នា​។ ការងារ​តាម​ផ្ទះ​ផ្តល់​លទ្ធភាព​​រួមចំណែក​ឱ្យ​សង្គម​អាចបំពេញ​មុខងារ​រប​ស់​ខ្លួន​បាន​កាន់តែច្រើន ប៉ុន្តែ​ការងារ​តាម​ផ្ទះ​នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា ជាការ​ងារ​ដែល​មិន​សម​នឹង​ទទួលបាន​ការការពារ​ដូចគ្នា​នឹង​ការងារ​ដទៃ​​ទៀត​។ ការងារ​តាម​ផ្ទះ ​គឺជា​ការ​​ងារ​ដ៏​សំខាន់ និង​ចាំបាច់ ប៉ុន្តែ​គេ​នៅ​មិនទាន់​មើលឃើញ​ពី​ភាពស្មុគស្មាញ​នៃ​ការងារ​នេះ​នៅឡើយ​។

​ការងារ​តាម​ផ្ទះ ធ្វើឱ្យ​អ្នកធ្វើការ​ដទៃទៀត​មាន​ពេល​ចេញទៅ​ធ្វើការ​របស់ខ្លួន ​ប៉ុន្តែ​មានការ​ផ្តល់​ការទទួលស្គាល់​តិចតួច​ប៉ុណ្ណោះ​ដល់​ជំនាញ​របស់​អ្នកធ្វើការ​តាម​ផ្ទះ​។ កាលពី​ថ្ងៃទី​ ១៦ ខែមិថុនា ឆ្នាំ​ ២០១១ អង្គការ​អន្តរជាតិ​ខាង​ការងារ​បានអនុម័ត​អនុសញ្ញា​

​ស្តីពី​កម្ម​ការ​ការងារ​ផ្ទះ (​លេខ ១៨៩) ដែល​ទទួលស្គាល់​នៅ​​ក្នុង​ច្បាប់​អន្តរជាតិថា ការងារ​ផ្ទះ គួរ​ទទួលបាន​ការការពា​រ​ដូចគ្នា​នឹង​ការងារ​ប្រភេទ​ផ្សេងទៀត​ដែរ​។ នេះ​សំដៅលើ​ប្រាក់​ឈ្នួល​អប្បបរមា ចំនួន​ម៉ោង​អតិបរមា ប្រាក់​ឈ្នួល​ថែម​ម៉ោង​ថ្ងៃ​ឈប់​សម្រាក ការទទួលបាន​សេវា​គាំ​​ពារ​សង្គម ព្រមទាំង​អត្ថប្រយោជន៍​ដទៃទៀត​។​

​ការងារ​តាម​ផ្ទះ អាច​នឹង​គួរ​ជា​ប្រភព​នៃ​ការលើកស្ទួយ​ភាព​អង់​​អាច និង​ផ្តល់នូវ​សេចក្តីថ្លៃថ្នូរ​។ ក្នុងការ​អបអរសាទ​រ​ទិវា​អ្នកធ្វើការ​តាម​ផ្ទះ​អន្តរជាតិ​នេះ អង្គការ ILO សូម​អំពាវនាវ​ឱ្យ​និយោជក​ទាំងអស់​ដែល​ជួល​អ្នកធ្វើការងារ​តាម​ផ្ទះ និង​រដ្ឋាភិបាល​សូម​ទទួលស្គាល់​ជំនាញ និង​ការរួមចំណែក​របស់​អ្នកធ្វើការ​តាម​ផ្ទះ ចំពោះ​គ្រួសារ ក៏ដូចជា​ចំពោះ​សេដ្ឋកិច្ច​។ អ្នកធ្វើការ​តាម​ផ្ទះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សង្គម​របស់​យើង វា​ជា​ពេលដែល​ត្រូវផ្តោត​ការ​តប​ស្នង​ដល់​ពួកគេ​វិញ តាមរយៈ​ការជួយ​ឱ្យ​ពួកគេ​អាច​ទទួលបាន​

​ការទទួលស្គាល់​ និង​ការគាំទ្រ​ដែល​ពួកគេ​ត្រូវការ និង​ស័ក្ដិ​​សម​សម្រាប់​ពួកគេ​នឹង​អាច​​ទទួលបាន​ជានិច្ច​៕

​កម្មវិធី​ត្រីកោណ​ក្នុង​តំបន់​អា​ស៊ាន​របស់​អង្គការ ILO គឺជា​ភាពជា​ដៃគូ​រវាង​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី (DFAT) ក្រសួងការបរទេស​កា​ណា​​ដា (GAC) និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)​។ កម្មវិធី​​ត្រីកោណ​ក្នុង​អាស៊ាន​ផ្តល់ជំនួយ និង​ការគាំទ្រ​បច្ចេកទេស ដើម្បី​សម្រេច​គោលដៅ​ជារួម នោះ​គឺ​បង្កើន​ការរួមចំណែក​នៃ​ទេ​សន្តរ​ប្រវេសន៍​ការងារ​ឱ្យ​បានជា​អតិ​បរមា​ដល់​កំណើន​ប្រកបដោយ​សមធម៌ បរិ​យា​ប័ន្ន និង​ស្ថិរភាព​ក្នុង​តំបន់​អាស៊ាន​។​