
អត្ថប្រយោជន៍នៃសមភាពយេនឌ័រ គឺធំធេង។ ពេលណាដែលស្ត្រីនិងក្មេងស្រីមានសិទ្ធិអំណាច ពួកគេអាចរួមចំណែកកាន់តែច្រើនឡើងក្នុងវិស័យសេដ្ឋកិច្ច ធ្វើឱ្យសុខភាពនិងសុខុមាលភាពគ្រួសាររបស់ពួកគេកាន់តែប្រសើរឡើង។ រូប UNFPA
"ការបញ្ចេញអានុភាពនៃសមភាពយេនឌ័រ៖ការជ្រោងឡើងនូវសំឡេងស្ត្រី និងក្មេងស្រី ដើម្បីបង្ហាញពីលទ្ធភាពគ្មានដែនកំណត់នៃពិភពលោកយើង"
ប្រធានបទសកលសម្រាប់ទិវាប្រជាជនពិភពលោកឆ្នាំ ២០២៣ គឺការបញ្ចេញអានុភាពនៃសមភាពយេនឌ័រ។ តើផែនការប្រជាជនពាក់ព័ន្ធនឹងសមភាពយេនឌ័រមានអ្វីខ្លះ?
“ស្ត្រីកាន់កាប់ផ្ទៃមេឃទាំងមូលពាក់កណ្តាល” ហើយក៏ជាចំនួនប្រមាណពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកដែរ។ នៅក្នុងប្រទេសកម្ពុជា ស្ត្រីនិងក្មេងស្រី មានចំនួនលើសពី ៥០% នៃប្រជាជនសរុប ប៉ុន្តែពួកគេកាន់កាប់ត្រឹមតែ ២៦% ប៉ុណ្ណោះនៃតួនាទីជាអ្នកដឹកនាំនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ហើយត្រឹមតែ ១០,៨% ប៉ុណ្ណោះនៃតួនាទីជាអ្នកគ្រប់គ្រងក្នុងវិស័យសាធារណៈ។ ប៉ុន្តែ បើទោះបីជាពួកគេពិតជាមានសារៈសំខាន់ក៏ដោយ ស្ត្រីនិងក្មេងស្ត្រីជាញឹកញាប់ត្រូវបានគេផាត់ចេញពីកិច្ចពិភាក្សានិងការធ្វើសេចក្តីសម្រេចចិត្តនានាជុំវិញការធ្វើផែនការប្រជាជន។
ក្នុង “ពិភពលោកមួយដែលមានប្រជាជនចំនួន ៨ ប៊ីលាននាក់” អង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជារួមជាមួយនឹងក្រសួងផែនការសូមគូសបញ្ជាក់នូវភាពចាំបាច់ក្នុងការពន្លឿនសមភាពយេនឌ័រឆ្ពោះទៅសម្រេចបាននូវក្តីប្រាថ្នានៃយើងទាំង៨ប៊ីលាននាក់។ ដំណើរនេះចាប់ផ្ដើមដោយការបញ្ចេញនូវសក្ដានុពលនៃប្រជាជនរបស់យើងប្រហែលពាក់កណ្ដាលឱ្យចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្ត អប់រំនិងអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីអាចឱ្យប្រទេសឈានដល់សក្ដានុពលពេញលេញរបស់ខ្លួន។
គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ គាំទ្រវិធីសាស្ត្ររីកចម្រើនទាំងឡាយណាដែលទុកស្ត្រីនិងគ្រួសារចំកណ្ដាលនៃការធ្វើសេចក្តីសម្រេចចិត្ត។ សេចក្តីស្នើគោលនយោបាយជាតិស្តីពីសមភាពយេនឌ័រគឺជាក្របខ័ណ្ឌមួយសម្រាប់ជំរុញសមភាពយេនឌ័រនិងសិទ្ធិអំណាចស្ត្រីដោយដោះស្រាយឫសគល់បញ្ហានៃវិសមភាពយេនឌ័រ តួយ៉ាង ភាពក្រីក្រ អំពើហិង្សាលើស្ត្រី និងការរើសអើង។ នៅពេលដែលក្របខ័ណ្ឌនេះត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល វានឹងរួមចំណែកឆ្ពោះទៅសម្រេចបានសមភាពយេនឌ័រក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គ.អ.ច) ត្រឹមឆ្នាំ ២០៣០។
ស្ត្រី និងក្មេងស្រី ត្រូវការកិច្ចគាំទ្រនិងផ្ដល់អំណាចពេញលេញ ដើម្បីធ្វើការសម្រេចចិត្តបានត្រឹមត្រូវសម្រាប់ខ្លួននិងគ្រួសារអំពីពេលវេលា និងការត្រៀមខ្លួនមានជាមួយនឹងលទ្ធភាពធានាបាននូវគុណភាពជីវិត និងកាលានុវត្តភាពសម្រាប់បុត្រធីតារបស់ពួកគេ។ សហគមន៍ និងសង្គមទាំងមូល នឹងកាន់តែរឹងមាំ និងមានសុខភាពល្អប្រសើរនៅពេលណាដែលស្ត្រី និងក្មេងស្រី មានសិទ្ធិអំណាចក្នុងការជ្រើសរើសសាងនូវគ្រួសារដែលពួកគេប្រាថ្នាតាមកាលវេលាសមស្រប។
អ្វីដែលស្ត្រីប៉ងប្រាថ្នា គឺសំខាន់ណាស់ហើយអង្គការសហប្រជាជាតិខ្វាយខ្វល់គិតគូរចំពោះតម្រូវការរបស់ពួកគេ។ ដូចមានបញ្ជាក់ក្នុងរបាយការណ៍ស្ថានភាពប្រជាជនពិភពលោកសកលឆ្នាំ ២០២៣ របស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ពេលណាដែលស្ត្រី និងក្មេងស្រី ទទួលបានព័ត៌មាននិងជម្រើសលើជីវិត និងរាងកាយរបស់ខ្លួនពួកគេនិងគ្រួសារ គឺរុងរឿងចម្រើនឡើង។ ដោយជំរុញវឌ្ឍនភាពសមភាពយេនឌ័រ យើងត្រូវធ្វើការដើម្បីធានាថា ភាពច្នៃប្រឌិតវិស្វកម្មភាព (ភាពប៉ិនប្រសប់) ធនធាននិងអំណាចនៃប្រជាជនពាក់កណ្ដាលនៃភពផែនដីត្រូវបានបញ្ចេញអានុភាព។
ឥទ្ធិពលដោយប្រយោលដែលមាន គឺពិភពលោកមួយដែលប្រសើរជាងមុន មានសមត្ថភាពដោះស្រាយនូវរាល់បញ្ហាប្រឈមនាពេលអនាគត។
ពេលណាដែលស្ត្រី និងក្មេងស្រី មិនស្ថិតនៅចំកណ្ដាលនៃការធ្វើសេចក្តីសម្រេចចិត្តស្តីពីការបន្តពូជ ផលវិបាកពិតជាពិបាកវាស់វែង និងធ្ងន់ធ្ងរ ដែលមានជាអាទិ៍ៈ ក- កំណើនមរណភាពមាតា ខ- កំណើនមរណភាពកុមារ គ- កំណើនភាពក្រីក្រ ឃ- កំណើនអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង ង-ការថយចុះនូវកាលានុវត្តភាពអប់រំនិងសេដ្ឋកិច្ច។
មានប្រទេសជាច្រើនបានព្យាយាមដាក់ចេញនូវវិធានគ្រប់គ្រងចំនួនប្រជាជនដែលជំរុញស្ត្រីឱ្យមានបុត្រធីតាច្រើន។ គោលនយោបាយទាំងនេះបានបង្កគ្រោះថ្នាក់ដល់ស្ត្រីកាន់តែច្រើនឡើង ខណៈស្ត្រីនិងគ្រួសាររបស់ពួកគេ ស័ក្ដិសមជាអ្នកធ្វើសេចក្តីសម្រេចចិត្តអំពីកាលវេលាសមប្រកបក្នុងការមានបុត្រធីតា អាស្រ័យទៅតាមស្ថានភាពសុខភាពរបស់ខ្លួន ស្ថានភាពសេដ្ឋកិច្ច និងឱកាសធានានូវគុណភាពជីវិតសម្រាប់គ្រួសារទាំងមូល។
វិធានទាំងឡាយណាក្នុងបំណងលើកទឹកចិត្តស្ត្រីឱ្យមានបុត្រធីតាច្រើន បានឱ្យផលអវិជ្ជមានមួយចំនួនដូចខាងក្រោម៖កំណើនភាពក្រីក្រៈ ការលើកទឹកចិត្តបែបហិរញ្ញវត្ថុឱ្យមានបុត្រធីតាច្រើន អាចនាំឱ្យភាពក្រីក្រកើនឡើង ដោយសារគ្រួសារទាំងឡាយ មិនអាចមានលទ្ធភាពគាំទ្រគ្រប់គ្រាន់។ ករណីនេះអាចនាំទៅដល់វដ្ដនៃភាពក្រីក្រដោយសារកុមារមកពីគ្រួសារក្រីក្រ គឺមានឱកាសតិចតួចក្នុងការចាកផុតពីភាពក្រីក្រ។
កំណើនវិសមភាពយេនឌ័រៈ ការលើកទឹកចិត្តហិរញ្ញវត្ថុឱ្យមានបុត្រធីតាច្រើនអាចនាំឱ្យវិសមភាពយេនឌ័រកាន់តែខ្លាំងក្លាឡើងហើយស្ត្រីអាចត្រូវគេចាត់ទុកថា អ្នកទទួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់កូន និងចូលរួមក្នុងកម្លាំងពលកម្មបានតិចតួច។
ក្នុងប្រទេសកម្ពុជា គោលនយោបាយជាតិប្រជាជនទទួលស្គាល់ និងគាំទ្រសិទ្ធិបុគ្គលនិងគ្រួសារក្នុងការសម្រេចដោយសេរី និងទទួលខុសត្រូវលើចំនួនបុត្រធីតា និងមធ្យោបាយពន្យារកំណើត។ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការពិសេសដើម្បីពន្លឿនវឌ្ឍនភាពការប្ដេជ្ញាចិត្តជាតិក្រោមក្របខ័ណ្ឌផែនការសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ដែលតាមដានការអនវុត្តការប្ដេជ្ញាចិត្តសកលទាំង ១២ ដែលមានជាអាទិ៍ សកម្មភាពនានាដែលគាំទ្រសុខភាព និងសិទ្ធិបន្តពូជរបស់ស្ត្រី។
ការវិនិយោគក្នុងសមភាពយេនឌ័រ គឺមិនមែនគ្រាន់តែជាកិច្ចការត្រឹមត្រូវដែលត្រូវធ្វើនោះទេ វាគឺជាភាពវៃឆ្លាតផងដែរ។ នៅពេលដែលស្ត្រី និងក្មេងស្រីមានឱកាសស្មើគ្នាគឺគ្រប់គ្នានឹងបានទទួលផលប្រយោជន៍។ យើងមើលឃើញចំណុចនេះតាមរយៈទិន្នន័យ៖ ប្រទេសដែលកាន់តែមានសមភាពយេនឌ័រ គឺកាន់តែមានសេដ្ឋកិច្ចរឹងមាំប្រជាជនមានសុខភាពកាន់តែប្រសើរ ហើយជាសង្គមប្រកបដោយភាពសុខស្ងប់។ យើងមិនអាចសម្រេចបានសមភាពយេនឌ័រតែឯកឯងបានឡើយ។ វាត្រូវការឱ្យយើងសហការគ្នាបង្កើតពិភពលោកមួយដែលស្ត្រីនិងក្មេងស្រីអាចសម្រេចបានសក្ដានុពលពេញលេញរបស់ខ្លួន៕
លោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី Sandra Bernklau តំណាងប្រចាំប្រទេស មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) លោក ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការនៃក្រសួងផែនការ