
បុរសម្នាក់ ឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតពីការបំផ្ទុះគ្រាប់នៅសណ្ឋាគារកាណាល់ ប្រទេសអុីរ៉ាក់។ រូប AFP
ក្នុងទិវាមនុស្សធម៌ពិភពលោកឆ្នាំនេះ យើងរំឭកខួបលើកទី២០ ចាប់តាំងពីថ្ងៃដែលមានមនុស្សជាច្រើននាក់បាត់បង់ជីវិតនៅពេលដែលភេរវករបានបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្រៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងសណ្ឋាគារកាណាល់នៅទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០០៣។ ដូចប្រសាសន៍របស់អតីតអគ្គលេខាធិការអង្គការប្រជាជាតិលោក កូហ្វីអាណាន់ កាលពីពេលនោះ វាគឺជាថ្ងៃអន្ធការមួយក្នុងប្រវត្តិសាស្ត្រនៃអង្គការសហប្រជាជាតិ។ រហូតមកដល់ពេលនេះ ថ្ងៃនោះនៅតែជាស្រមោលអន្ធការ។
សម្រាប់ខ្ញុំទិវាមនុស្សធម៌ពិភពលោកតែងតែជាឱកាសដើម្បីបង្ហាញពីអារម្មណ៍ច្រើនចម្រុះ ប៉ុន្តែជាអារម្មណ៍ពិត។ ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិតនៅថ្ងៃនោះ គឺ Sergio Vieira de Mello ដែលបំពេញភារកិច្ចជាតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ីរ៉ាក់។គាត់គឺជាមិត្តរបស់ខ្ញុំនិងជាឪពុកធម៌កូនស្រីរបស់ខ្ញុំ។
Sergio បូជាជីវិត ដើម្បីអង្គការសហប្រជាជាតិ។ គាត់ចូលបម្រើការងារនៅការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននៅក្នុងឆ្នាំ ១៩៦៩ មិនយូរប៉ុន្មានក្រោយពេលដែលគាត់បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ហើយគាត់បានចំណាយពេលក្នុងជីវិតដែលត្រូវបញ្ចប់ដោយសោកនាដកម្មរបស់គាត់ជាមួយអង្គការសហប្រជាជាតិ តាមរយៈការកាន់មុខតំណែងជាន់ខ្ពស់ជាបន្តបន្ទាប់។
ខ្ញុំធ្វើការជាមួយគាត់ដំបូងបំផុតក្នុងឆ្នាំ ១៩៩៦ នៅពេលដែលគាត់កាន់ការងារមួយរយៈខ្លីជាអ្នកសម្របសម្រួលការងារមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំតំបន់ Great Lakes Region ដែលពេលនោះ ខ្ញុំគឺជាអនុប្រធានរបស់គាត់ មុនពេលដែលខ្ញុំកាន់មុខតំណែងរបស់គាត់។ ប៉ុន្តែខ្ញុំស្គាល់គាត់ច្បាស់នៅពេលដែលយើងផ្លាស់ទៅទីក្រុងញូវយ៉កជាមួយគ្នាក្នុងឆ្នាំ ១៩៩៨ ដើម្បីបង្កើតការិយាល័យថ្មីមួយដើម្បីសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA)។
គាត់គឺជាអគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ ហើយដូចមុនដែរ ខ្ញុំគឺជាអនុប្រធានរបស់គាត់។ចំណងមិត្តភាពរបស់យើងកាន់តែជិតស្និទ្ធ ដោយសារតែយើងមានក្តីប្រាថ្នាដូចគ្នាគឺចង់ដឹងពីស្ថានភាពជាក់ស្តែងនៃវិបត្តិមនុស្សធម៌ និងដំណោះស្រាយចំពោះវិបត្តិទាំងនោះ។ ដូចគ្នានឹងមិត្តរួមការងារដែលមានសមត្ថភាពបំផុតរបស់យើងដែរ ក្តីប្រាថ្នារបស់ Sergio ត្រូវបានស្តែងចេញតាមរយៈការប្តេជ្ញាចិត្តអនុវត្តតាមធម្មនុញ្ញអង្គការសហប្រជាជាតិដែលគាត់តែងយកតាមខ្លួនជានិច្ច។ គាត់ដឹងច្បាស់ពីតថភាពនៃពិភពលោកដែលធ្វើឱ្យការតស៊ូមតិនិងជំនាញនិយាយរបស់គាត់កាន់តែមានប្រសិទ្ធភាព។ យើងក៏ក្លាយជាមិត្តជិតស្និទ្ធនៅក្រៅការងារផងដែរ ហើយខ្ញុំនៅតែមានមោទនភាពដែលកូនស្រីរបស់ខ្ញុំគឺជាកូនធម៌របស់គាត់។
ដោយសារតែការជឿទុកចិត្តផ្ទាល់ខ្លួន និងភាពជាដៃគូក្នុងការងារវិជ្ជាជីវៈជាមួយ Sergio នេះហើយដែលធ្វើឱ្យការបាត់បង់ជីវិតរបស់គាត់បានបង្កស្នាមរបួសផ្លូវចិត្ត ក៏ដូចជា បន្សល់ស្លាកស្នាមជាច្រើនសម្រាប់ខ្ញុំ ក៏ដូចជាមនុស្សជាច្រើននាក់ទៀត។ ភាពគំរូរបស់គាត់បានផ្តល់កម្លាំងជំរុញចិត្តខ្ញុំ ដ្បិតពេលនេះខ្ញុំគឺជាអ្នកកាន់តួនាទីដែលគាត់បានបំពេញរាប់ឆ្នាំកន្លងមក។
ការបាត់បង់ជីវិត Sergio មួយប៉ប្រិចភ្នែកបានធ្វើឱ្យខ្ញុំរន្ធត់ចិត្តដ៏ជ្រាលជ្រៅបំផុត។ ការបាត់បង់ជីវិតរបស់គាត់ធ្វើឱ្យខ្ញុំដឹងកាន់តែច្បាស់ថា សេចក្តីស្លាប់អាចកើតឡើងតែមួយប៉ប្រិចភ្នែក ទោះជាខ្ញុំធ្វើការងារនៅក្នុងតំបន់ដែលមានសង្គ្រាមជាច្រើនឆ្នាំមកហើយក៏ដោយ។ ខ្ញុំកាន់ទុក្ខគាត់រហូតមកដល់ថ្ងៃនេះ។
សរុបមកមានមនុស្សចំនួន ២២ នាក់បានបាត់បង់ជីវិតនៅថ្ងៃនោះនិងមានមនុស្សជាង ១០០ នាក់បានរងរបួស។ ពួកគេជាច្រើននាក់គឺជាបុគ្គលិកអង្គការសហប្រជាជាតិដែលជាជនជាតិអ៊ីរ៉ាក់។ប៉ុន្តែអ្វីដែលបង្រួបបង្រួមពួកគេគឺបេសកកម្មដើម្បីជួយស្តារ និងស្ថាបនាប្រទេសអ៊ីរ៉ាក់ឡើងវិញ។
ខ្ញុំដឹងថា ការរំឭកខួបនៃព្រឹត្តិការណ៍នេះពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះគ្រួសារ មិត្តភក្ដិនិងសហការីរបស់មនុស្សដែលបាត់បង់ជីវិត អ្នករងផលប៉ះពាល់ដោយសារព្រឹត្តិការណ៍នោះ និងអ្នកបាត់បង់ជីវិតទទួលរងរបួសឬត្រូវបានចាប់ជំរិតក្នុងពេលដែលពួកគេធ្វើការងារដើម្បីបុព្វហេតុមនុស្សធម៌ចាប់តាំងពីពេលនោះមក ហើយខ្ញុំក៏ដឹងដែរពីអត្ថន័យចំពោះសហគមន៍មនុស្សធម៌ និងសហគមន៍អង្គការសហប្រជាជាតិទាំងមូល។ ការបាត់បង់ជីវិតគ្នាយើងណាម្នាក់ គឺជាការបាត់បង់សម្រាប់យើងទាំងអស់គ្នា។ ខ្ញុំដឹងពីទុក្ខសោក និងការឈឺចាប់របស់អ្នក។
ខ្ញុំក៏មានកំហឹងផងដែរពីព្រោះថាអ្នកដែលទទួលខុសត្រូវលើការបំផ្ទុះគ្រាប់បែកនៅសណ្ឋាគារកាណាល់និងអ្នកដែលទទួលខុសត្រូវលើការវាយ ប្រហារភាគ ច្រើនលើបុគ្គលិកមនុស្សធម៌ចាប់តាំងពីពេលនោះ ក៏ដូចជាការវាយប្រហារលើបុគ្គលិកសុខាភិបាលនិងជនស៊ីវិលក្នុងស្ថានភាពដែលមានជម្លោះ ហើយមិនធ្លាប់ត្រូវបានគេនាំមកទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេឡើយ។
កំហឹងដែលពី ១ ឆ្នាំទៅ ១ ឆ្នាំបុគ្គលិកមនុស្សធម៌នៅតែជាមុខសញ្ញានៃការវាយប្រហារដោយចេតនានិងត្រូវបានគេសម្លាប់ រងរបួស ឬត្រូវបានគេចាប់ជំរិតក្នុងអំឡុងពេលដែលពួកគេបំពេញការងារ។បុគ្គលិកផ្តល់ជំនួយ ជាង ៤០០ នាក់បានក្លាយជាជនរងគ្រោះកាលពីឆ្នាំមុនដែលពួកគេភាគច្រើនគឺជាបុគ្គលិកនៅក្នុងប្រទេសផ្ទាល់។
និទ្ទណ្ឌភាពចំពោះឧក្រិដ្ឋកម្មទាំងនេះបន្សល់នូវស្លាកស្នាមដ៏សែនអាក្រក់មកលើមនសិការជាសមូហភាពរបស់យើង។ ពាក្យពេចន៍ពិសិដ្ឋមិនអាចនាំមកនូវការផ្លាស់ប្តូរឡើយ តែការធ្វើសកម្មភាពទៅវិញទេដែលអាចនាំមកនូវការផ្លាស់ប្តូរ។ នេះគឺជាពេលដែលយើងត្រូវធ្វើទៅតាមអ្វីដែលយើងបានសន្យាថា នឹងជំរុញការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ និងឆ្លើយតបចំពោះនិទ្ទណ្ឌភាព។
ប៉ុន្តែអារម្មណ៍ដ៏សែនលើសលប់របស់ខ្ញុំ នៅពេលនេះ ក៏ដូចជានៅគ្រប់ទិវាមនុស្សធម៌ពិភពលោកគឺការមានមោទនភាពបំផុត។ជាមោទនភាពដែលបានធ្វើការជាមួយនឹងមនុស្សដូចជា Sergio និងមោទនភាពដែលបានចូលរួមបំពេញការងារជាមួយអង្គការនិងសហគមន៍ដែលបន្តបូជាជីវិតដើម្បីជួយមនុស្សកាន់តែច្រើននាក់ជាងពេលណាៗទាំងអស់នៅទូទាំងពិភពលោកក្នុងអំឡុងពេលដែលពួកគេត្រូវការជំនួយនេះបំផុត បើទោះជាត្រូវប្រឈមនឹងហានិភ័យ និងគ្រោះថ្នាក់យ៉ាងណាក៏ដោយ។
ក្នុងទិវាមនុស្សធម៌ពិភពលោកនេះ ខ្ញុំសូមរំឭកវិញ្ញាណក្ខន្ធ និងថ្លែងអំណរគុណចំពោះមនុស្សទាំងអស់ដែលបានបូជាជីវិតនិងរងរបួសក្នុងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកនៅសណ្ឋាគារកាណាល់កាលពី ២០ ឆ្នាំមុន។ ខ្ញុំក៏សូមសម្ដែងការដឹងគុណចំពោះមនុស្សទាំងអស់ដែលត្រូវបានសម្លាប់ រងរបួស និងត្រូវបានគេចាប់ជំរិតក្នុងអំឡុងពេលដែលពួកគេបំពេញការងារដើម្បីបុព្វហេតុមនុស្សធម៌។ខ្ញុំក៏សូមថ្លែងអំណរគុណដល់បុគ្គលទាំងអស់ដែលបន្តផ្តល់សេវាដល់មនុស្សរាប់លាននាក់ដែលកំពុងជួបការខ្វះខាតនៅជុំវិញពិភពលោក មិនថាពួកគេជានរណានៅទីកន្លែងណានិងមានអ្វីកើតឡើងក៏ដោយ។
ក្នុងនាមជាអ្នកសម្របសម្រួលជំនួយសង្គ្រោះក្នុងស្ថានភាពអាសន្ននិងជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌អ្វីដែលខ្ញុំសន្យាចំពោះអ្នកដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យមនុស្សធម៌ក្នុងទិវាមនុស្សធម៌ពិភពលោកនេះ គឺ៖ យើងនឹងបន្តតស៊ូមតិ ដើម្បីសុវត្ថិភាព និងសន្តិសុខរបស់អ្នក ដរាបណាអ្នកបន្តធ្វើកិច្ចការដ៏សំខាន់របស់អ្នក យើងនឹងផ្តល់ភាពជាអ្នកដឹកនាំក្នុងលក្ខណៈជាប្រព័ន្ធដែលគេអាចព្យាករដឹងមុន ដើម្បីឱ្យអ្នកទទួលបានសុវត្ថិភាពក្នុងពេលបំពេញការងារមនុស្សធម៌,យើងនឹងបន្តអំពាវនាវឱ្យមានការទទួលខុសត្រូវលើការបំពានច្បាប់មនុស្សធម៌អន្តរជាតិ ហើយយើងនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីមើលថែអ្នកនៅពេលដែលអ្នកត្រូវការការគាំទ្រ។
យើងមិនអាចនាំយកមនុស្សដែលត្រូវបានគេឆក់យកចេញពីយើងនោះឡើយ ប៉ុន្តែយើងនៅតែបន្តផ្តល់កិត្តិយសដល់អនុស្សាវរីយ៍របស់ពួកគេតាមរយៈការធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីគាំទ្រដល់អ្នកដែលកំពុងបន្តបំពេញការងារដែលអ្នកទាំងនោះបានធ្វើកន្លងមក៕
ដោយ Martin Griffiths អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះក្នុងស្ថានភាពអាសន្នក្នុងទិវាមនុស្សធម៌ពិភពលោក (ថ្ងៃទី ១៩ សីហា)