ពេញ​ ១​ ឆ្នាំនេះ រដ្ឋ​សមាជិក​អាស៊ាន​នឹង​រៀបចំ​កិច្ចប្រជុំ​ផ្សេងៗ ដោយមាន​គោលបំណង​ចម្បង​ក្នុងការ​ឆ្ពោះទៅរក​ចក្ខុវិស័យ​សហ​គម​ន៍​អាស៊ាន​ឆ្នាំ ២០២៥ ដើម្បី​ប្រែក្លាយ​អាស៊ាន​ជា​តំបន់​ដែលមាន​សន្តិភាព ស្ថិរភាព ភាព​​ធន់ មាន​ការតភ្ជាប់​គ្នា និង​មាន​ភាព​អង់អាច​ព្រម​ជាមួយនឹង​សេដ្ឋកិច្ច​រស់​រវើក​មាន​និរន្តរភាព និង​មាន​សមាហរណកម្ម​ខ្ពស់​។​

​ប្រធានបទ​នៅ​ឆ្នាំនេះ ​គឺ ​“​អាស៊ាន​ដើរតួនាទី​សំខាន់​៖​ចំណុចកណ្តាល​នៃ​កំណើន​” ដែលមាន​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ជា​ប្រធាន​អាស៊ាន​ដូច្នេះ​គេ​រំពឹងថា​ អាស៊ាន​នឹង​ផ្តោតលើ​ការពង្រឹង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​ហេតុ​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​ ១៩​។​

​ស្រប​ជាមួយនឹង​កិច្ចខិតខំ​ប្រឹង​ប្រែង​ដើម្បី​សម្រេចបាន​សេដ្ឋ​​កិច្ច​មាន​លក្ខណៈ​សមា​ហរ​ណ​កម្ម តំបន់​អាស៊ាន​ក៏​កំពុង​បញ្ចូល​ «​ការយកចិត្តទុកដាក់ និង​គិត​គូរ​ដល់​ការថែទាំ​ទៅក្នុង​គោល​នយោបាយ​ស្តីពី​សមភាព​យេន​ឌ័​រ​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​»​។ នៅ​ឆ្នាំ​ ២០២១ អំឡុងពេល​រាល​ដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ ថ្នាក់ដឹកនាំ​អាស៊ាន​បាន​ព្រមព្រៀង​រៀបចំ​និង​បង្កើតឡើង​នូវ​«​ក្របខ័ណ្ឌ​គោលនយោបាយ​ដ៏​ទូលំទូលាយ​មួយ​ស្តីពី​សេដ្ឋកិច្ច​ការថែទាំ​»​។​

​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ប៉ាន់ប្រមាណ​ថា នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក​ប្រជាជន​ចំនួន​ ១,១​ ពាន់​លាន​នាក់​ចំណាយពេល ​៨ ​ម៉ោង ​ក្នុង​ ១ ​ថ្ងៃ ​ដើម្បី​ធ្វើ​ការងារ​ថែទាំ​ដែល​គ្មាន​ប្រាក់​ឈ្នួល ទៅលើ​ការថែទាំ​អ្នក​នៅក្នុង​បន្ទុក ក៏ដូចជា ការងារ​ថែទាំ​ដោយ​ប្រយោល​ដូចជា ការ​ចម្អិន​អាហារ ការងារ​សម្អាត​អនាម័យ ការងារ​រៀបចំផ្ទះ​សំបែង និង​ការ​​ប្រមូល​អុស និង​ទឹក​ប្រើប្រាស់​។ ស្ត្រី​ជា​អ្នក​បំពេញការងារ​ថែទាំ​ទំហំ ​៨០ ​ភាគរយ នៃ​ម៉ោង​ការងារ​ថែទាំ​សរុប ហើយ​ចំណាយ​ពេលវេលា​ច្រើនជាង​បុរស​រហូតដល់​ទៅ ​៤,១​ ដង​ធ្វើ​ការងារ​ទាំងអស់នេះ​ដោយ​ឥតគិតថ្លៃ​។​

​ក្របខ័ណ្ឌ​គោលនយោបាយ​នេះ ​គឺជា​ការបោះ​ជំហាន​ដំបូង​ដ៏​សំខាន់​ក្នុងការ​សម្រេចបាន​សម​ភាព​យេនឌ័រ​កាន់តែខ្លាំង​ជាង​មុន ដោយ​ទទួលស្គាល់​នូវ​ការងារ​ថែទាំ និង​ការងារ​ផ្ទះ​សំបែង​ដែល​គ្មាន​ប្រាក់​ឈ្នួល និង​ការរួមចំណែក​មិនអាច​កាត់​ថ្លៃ​បាន​នៃ​ការងារ​នេះ ចំពោះ​ដំណើរការ​អភិវឌ្ឍ​ន៍ស​ង្គ​ម និង​សេដ្ឋកិច្ច​របស់​យើង​។ ក្របខ័ណ្ឌ​គោលនយោបាយ​នេះ​ផ្តោតលើ​យុទ្ធសាស្ត្រ​ទូលំទូលាយ​ចំនួន​ ៦ ដែល​ដោះស្រាយ​ចំពោះ​តម្រូវការ​សង្គម​នាពេល​បច្ចុប្បន្ន និង​អនាគត​ដែល​កើតចេញពី​ការវិវឌ្ឍ​ផ្នែក​ប្រជាសាស្ត្រ វិសមភាព​សង្គម និង​បញ្ហា​ប្រឈម​ចំពោះ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​នៅក្នុង​សម័យប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤២ ដែល​បានរៀបចំ​កាលពី​ខែឧសភា ឆ្នាំនេះ ប្រធានាធិបតី​​ហ្វីលីពីន លោក ហ្វើ​ឌី​ណាន់ ម៉ា​កូ​ស ជូ​នៀរ (Ferdinand Marcos Jr.)​ បានស្នើ​ឱ្យមាន​ការដោះស្រាយ​កង្វល់​ពាក់ព័ន្ធ​នឹង​ការកើនឡើង​នៃ​ចំនួន​ប្រជា​​ជន​វ័យ​ចំណាស់​ក្នុង​តំបន់​។

លោក​បាន​មានប្រសាសន៍ថា​៖«​ស្របតាម​ទំនៀមទម្លាប់​របស់​អាស៊ី ដែល​ឱ្យ​តម្លៃ​មនុស្ស​វ័យចាស់ ដូច្នេះ​យើង​ត្រូវ​ចាត់ទុកថា នេះ​ជា​ឱកាស​ផង និង​ជា​បញ្ហា​ប្រឈម​ផង ជាពិសេស​ទាក់ទង​នឹង​ការធានា​អត្ថប្រយោជន៍​ផ្នែក​សង្គម​ពេញ​​លេញ​ក៏​ដូច​ការផ្ដល់​ភាព​អង់​អាច​ក្នុងសង្គម​»​។​

​នេះ​ជា​សេចក្តីថ្លែងការណ៍​ដ៏​សំខាន់​មួយ ពីព្រោះ​ការវិវឌ្ឍ​ផ្នែក​ប្រជាសាស្ត្រ​នៅក្នុង​តំបន់​នឹង​បង្កើន​ការងារ​ឱ្យ​ស្ត្រី​ក្នុង​ការថែទាំ​នៅពេល​អនាគត​។ ការងារ​ថែទាំ និង​ការវិនិយោគ​នាពេល​បច្ចុប្បន្ន​នៅក្នុង​តំបន់​អាស៊ាន​ផ្តោត​ខ្លាំង​លើ​តួនាទី​ជា​មាតា និង​ការថែទាំ​កុមា​រថា ជាការ​ងារ​របស់​ស្ត្រី​ដោយ​មើលរំលង​លើ​ការវិវឌ្ឍ​ប្រជាសាស្ត្រ​នាពេលខាងមុខ​។

​ក្របខ័ណ្ឌ​គោល​នយោបាយ​នេះ ទទួលស្គាល់ថា អត្រា​មានកូន​កម្រិត​ទាប​នៅ​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ និង​ការកើនឡើង​នូវ​ការចូលរួម​កម្លាំង​ពលកម្ម​របស់​ស្ត្រី​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រពៃណី​គ្រួសារ​ក្នុងការ​មើលថែទាំ​មនុស្ស​វ័យ​ចំណាស់​។ ក្របខ័ណ្ឌ​នេះ រៀបរាប់​អំពី​ភាពចាំបាច់​ក្នុងការ «​បង្កើត​ការឆ្លើយតប និង​យុទ្ធ​សាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​ទាំង​ការបង្កើត​គោលនយោបាយ​ដែលមាន​ភាព​ឆ្លាត​វៃ និង​ដំណោះស្រាយ​ជាក់ស្តែង​ដើម្បី​ជួយ​សង្គម​និង​ត្រៀមលក្ខណៈ​ចំពោះ​បញ្ហា​ប្រឈម​លើ​ការថែទាំ​ជា​លក្ខណៈ​ស្ថាប័ន​ការថែទាំ​តាម​សហគមន៍ ការបណ្តុះបណ្តាល និង​ការគាំទ្រ​ដល់​អ្នក​ថែទាំ​»​។​

​សម្ទុះ​ការងារ​នេះ ចាប់ផ្ដើម​កើតមាន​នៅក្នុង​តំបន់ ហើយ​ប្រទេស​នានា​ដូចជា​កម្ពុជា និង​ឥណ្ឌូនេស៊ី​ជាដើម កំពុង​រៀបចំ​ផែនការ​សកម្មភាព​ថ្នាក់ជាតិ​សម្រាប់​សេដ្ឋកិច្ច ការថែទាំ ហើយ​នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​។ ក្នុង​រយៈពេល ២០ ​ឆ្នាំ​កន្លងមកនេះ វិសមភាព​យេនឌ័រ​ទាក់ទង​នឹង​ការងារ​ថែទាំ​ដែល​គ្មាន​ប្រាក់​ឈ្នួល​បាន​ថយ​ចុះ​តិចតួច​ត្រឹមតែ​ ៧ ​នាទី​ប៉ុណ្ណោះ (​ពី​ ១ ​ម៉ោង និង​ ៤៩​ នាទី មក​នៅ​ ១​ ម៉ោង និង​ ៤២ ​នាទី​)​។ តាម​រយៈ​ការផ្លាស់ប្តូរ​ក្នុង​អត្រា​ដ៏​តិចតួច​នេះ ការងារ​លុបបំបាត់​គ​ម្លា​ត​នេះ​អាច​ត្រូវ​ចំណាយពេល​ស្ទើរតែ ​៣០០​ ឆ្នាំ​!

​រដ្ឋ​សមាជិក​អាស៊ាន​ភាគច្រើន​ប្រឈម​នឹង​ការខ្វះ​ស្ថិតិ​ដើម្បី​វាស់វែង​វឌ្ឍនភាព​នៃ​ការងារ​របស់​ស្ត្រី​លើ​ការថែទាំ និង​ការងារ​ផ្ទះសំបែង​ដែល​គ្មាន​ប្រាក់​ឈ្នួល​។ ក្រៅពី​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ រដ្ឋ​ជា​សមាជិក​ផ្សេងទៀត​មិនមាន​ទិន្នន័យ​អង្កេត​គំរូ​ថ្នាក់ជាតិ​អំពី​ចំនួន​ម៉ោង​ដែល​ចំណាយ​លើ​ការងារ​មាន​ប្រាក់​ឈ្នួល និង​គ្មាន​ប្រាក់​​ឈ្នួល​ឡើយ​។ ការដាក់បញ្ចូល​ការអង្កេត​អំពី​ការប្រើប្រាស់​ពេលវេលា និង​ការអង្កេត​គ្រួសារ និង​កម្លាំង​ពលកម្ម​ផ្សេង​​ទៀត​ទៅក្នុង​ប្រព័ន្ធ​ស្ថិតិ​ជាតិ​អាចជួយ​បង្កើន​ឥទ្ធិពល​ផ្នែក​សេដ្ឋ​កិច្ច​ដែល​កើតចេញពី​គោលនយោបាយ​នានា​ដោយ​ផ្ដោតលើ​ការកាត់បន្ថយ​បន្ទុក​របស់​ស្ត្រី​លើ​ការងារ​ដែល​គ្មាន​ប្រាក់​ឈ្នួល និង​បង្កើន​ការចូលរួម​របស់​ស្ត្រី​ក្នុង​កម្លាំង​ពលកម្ម​។​

​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​បានផ្តល់​លទ្ធភាព​ផ្នែក​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​ដូចជា​ទឹកស្អាត អនាម័យ ការដឹកជញ្ជូន និង​ចំណី​អាហារ​ក្នុង​ទីក្រុង​ជាដើម​។ ទោះជា​យ៉ាងណា ការ​ដោះ​ស្រាយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ផ្ដល់​លទ្ធភាព​ឱ្យ​ស្ត្រី និង​ជួយ​កាត់បន្ថយ​ការចំណាយ​ពេល​លើ​ការងារ​ដែលមាន​ផលិតភាព​ទាប នៅ​មិនទាន់​ទៅដល់​ស្ត្រី ដែល​រស់​នៅតាម​ទីជនបទ​នៅឡើយ​ទេ​។​

​អង្គការ​ពលកម្ម​អន្តរជាតិ ​(ILO)​ ប៉ាន់ប្រមាណ​ថា មាន​កម្មករ​ក្រៅ​ប្រព័ន្ធ​ចំនួន​ ២៤៤ ​លាន​នាក់​នៅក្នុង​តំបន់​អាស៊ាន​។ តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ជា​តំបន់​ដែលមាន​ស្ត្រី​ធ្វើការ​តាម​ផ្ទះ​ច្រើនជាងគេ​បំផុត​ក្នុង​ពិភពលោក រហូតដល់​ទៅ​ ៥២,១​ ភាគរយ​។ អ្នកធ្វើការ​តាម​ផ្ទះ​សរុប​ចំនួន​ ៦៧​ ភាគរយ ស្ថិតក្រោម​ច្បាប់​ការងារ​របស់​ប្រទេស ឬ​បទ​ប្បញ្ញត្តិ​ជាក់លាក់​សម្រាប់​អ្នកធ្វើការ​តាម​ផ្ទះ​។

​ការបង្កើន​ការវិនិយោគ​លើ​គម្រោង​គាំពារ​សង្គម​ជាស​កល រួមទាំង​របប​គាំពារ​សង្គម និង​កម្មវិធី​ដែល​ផ្ដោត​គោលដៅ​លើ​ស្ត្រី និង​កុមារី​អាច​ពង្រឹង​ប្រសិទ្ធភាព​កម្មវិធី​សន្តិសុខ​សង្គម និង​កម្មវិធី​ជំនួយ​សង្គម​ដែលមាន​ស្រាប់​ដែល​អនុវត្ត​ដោយ​រដ្ឋ​សមាជិក​អាស៊ាន​។ ការ​មាន​តំណាង​របស់​អ្នក​ថែទាំ ការ​មាន​សំឡេង​ក្នុង​កិច្ចសន្ទនា​សង្គម និង​សមត្ថ​​ភាព​ក្នុង​ការចរចា​រួមគ្នា​ដើម្បី​បាន​អត្ថប្រយោជន៍ និង​លក្ខ​ខណ្ឌ​ការងារ​កាន់តែ​ប្រសើរ​គឺជា​មធ្យោបាយ និង​វិធានការ​មួយចំនួន​ដែល​ធ្វើឱ្យ​មានការ​ទទួលស្គាល់ និង​ដាក់បញ្ចូល​ស្ត្រី និង​ការងារ​ថែទាំ​ចូលទៅក្នុង​ដំណើរ​ការកសាង​គោ​លន​យោ​បាយ​។​

​ការបែងចែក​ឡើងវិញ​នូវ​ការងារ​ថែទាំ​គ្មាន​ប្រាក់​ឈ្នួល​តម្រូវឱ្យមាន​ការដោះស្រាយ​ផ្នែក​បរិបទ​សង្គម និង​ទំនាក់ទំនង​ផ្នែក​យេនឌ័រ រវាង​ស្ត្រី និង​បុរស​។ នៅក្នុង​ការសិក្សា​មួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​កាលពី​ឆ្នាំ​ ២០២០ ​នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​រកឃើញថា បុរស​ចង់ឱ្យ​ស្ត្រី​ចាប់យក​ការងារ​ដែលមាន​ប្រាក់​ឈ្នួល​ឱ្យបាន​ច្រើនជាង​មុន ប៉ុន្តែ​មិនមាន​ការទទួល​ស្គាល់​ឡើយ​ថា ការផ្លាស់ប្តូរ​បែបនេះ​អាច​តម្រូវឱ្យ​មានការ​​ថ្លឹងថ្លែង​ឡើងវិញ​ពី​តួនាទី​យេនឌ័រ​នៅក្នុង​គ្រួសារ​។

​ផ្ទុយទៅវិញ បុរស​យល់ថា ការងារ​ថែទាំ និង​ការងារ​ផ្ទះ​ធ្វើឱ្យ​ខាត​ពេលវេលា ហើយ​ពួកគេ​មិនមាន​បំណង​ចូលរួម​ក្នុង​ការងារ​ថែទាំ​ឬ​ការងារ​ផ្ទះ​ឡើយ ។ ការ​​សិក្សា​នោះបាន​លើកឡើង​បន្ថែមទៀតថា ទោះបីជា​ស្ត្រី និង​បុរស​យល់ឃើញថា ការងារ​ថែទាំ​ដែល​គ្មាន​ប្រាក់​ឈ្នួល​គួរ​ត្រូវ​កាត់បន្ថយ​ក្ដី តែ​នៅ​ពុំមាន​ការពិភាក្សា​ទូលំទូលាយ​នៅក្នុង​កិច្ចសន្ទនា​គោលនយោបាយ ការផ្លាស់ប្តូរ បរិបទ និង​ទម្លាប់​នៅក្នុង​សហគមន៍ ឬ​ការអនុវត្ត​ជាក់ស្ដែង​នៅក្នុង​គ្រួសារ​ស្តីពី​ការបែងចែក​ការងារ​នេះ​ឡើងវិញ​នៅឡើយ​។​

​ផ្លូវ​ឆ្ពោះទៅមុខ​សម្រាប់​អាស៊ាន​គឺ​ត្រូវ​ជំរុញឱ្យមាន​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន បង្កើន​ការរៀន​សូត្រ​ដកស្រង់​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក ដោយ​ផ្តល់​ចំណេះដឹង​ដ៏​មានតម្លៃ​នៅ​តំបន់​។ អាស៊ាន​មានឱកាស​ដែល​អាចធ្វើឱ្យ​ខ្លួនឯង​ក្លាយជា​អ្នក​ដឹក​នាំ​គោលនយោបាយ​លើ​ការថែទាំ​នៅ​អាស៊ី ដោយ​ទទួល​ស្គាល់​ថា ការចំណាយ​លើ​ការ​ថែទាំ​គឺជា​«​ការវិនិយោគ​»​លើ​អនាគត​របស់ខ្លួន​៕

​ដោយ លោកស្រី Myrah Butt ប្រធាន​គោលនយោបាយ​និង​តស៊ូ​មតិ​យុត្តិធម៌​យេនឌ័រ​នៃ​អង្គការ​អុក​ស្វា​ម​អន្តរជាតិ និង​លោកស្រី ភាណ សោ​​ភ័ណ នាយិកា​អង្គការ​អុក​ស្វា​ម​ប្រចាំ​កម្ពុជា​