គំនិតផ្តួចផ្តើមនៃការសះស្បើយ៖ កន្លះសតវត្សរ៍បន្ទាប់ពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហមដួលរលំ

ក្មេងៗជំនាន់ក្រោយកម្ពុជា ៦០០,០០០ នាក់ សិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមជារៀងរាល់សប្តាហ៍នៅក្នុងថ្នាក់រៀនរបស់ខ្លួន

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គឺជាខួបទី៥០ឆ្នាំនៃការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ខ្មែរក្រហម មកលើប្រជាជនកម្ពុជា។ កាលពី៥០ឆ្នាំមុន ប្រជាជនកម្ពុជាប្រមាណ៧លាននាក់ មិនត្រឹមតែបានជួបប្រទះទុក្ខលំបាកឥតឧបមា និរាសព្រាត់ប្រាស ធ្វើការហួសកម្លាំង ឈឺគ្មានថ្នាំព្យាបាល ហូបចុកមិនគ្រប់គ្រាន់ រងទារុណកម្ម និងសម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាត់បង់ការអប់រំទាំងស្រុងទៀតផង។ ក្មេងៗដែលកំពុងស្ថិតនៅក្នុងវ័យសិក្សារៀនសូត្រ ត្រូវខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើស្រែ ធ្វើការនៅក្នុងកងចល័ត និងលើកទំនប់ជីកប្រឡាយ។ 

សព្វថ្ងៃនេះ តើមានក្មេងៗជំនាន់ក្រោយកម្ពុជាប៉ុន្មាននាក់ សិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមជារៀងរាល់សប្តាហ៍នៅក្នុងថ្នាក់រៀនរបស់ខ្លួន?

រយៈពេល៥០ឆ្នាំក្រោយព្រឹត្តិការណ៍ដ៏ជូរចត់នេះ មានមនុស្សជំនាន់ក្រោយច្រើនជាង ៧ លាននាក់ បាននិងកំពុងរៀនសូត្រពីបទពិសោធន៍ និងព្រឹត្តិ​ការណ៍កាលពី៥០ឆ្នាំមុន។ យ៉ាងហោចណាស់ មានក្មេងៗជំនាន់ក្រោយកម្ពុជាប្រមាណ ៦០០,០០០ នាក់ សិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមជារៀងរាល់ សប្តាហ៍នៅក្នុងថ្នាក់រៀនរបស់ខ្លួន។

នៅឆ្នាំ ២០០៩ នៅពេលដែលក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ចូលកម្មវិធីសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហម ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅជាតិ មានគ្រូបង្រៀនប្រហែល ៥,០០០ នាក់ដែលជាគ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា ភូមិវិទ្យា អក្សរសាស្ត្រខ្មែរ និងសីលធម៌-ពលរដ្ឋវិទ្យា ទទួលបានការ      បណ្តុះបណ្តាលពីវិធីសាស្ត្របង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហម ពីវគ្គបណ្តុះបណ្តាលគ្រូបង្រៀន រៀបចំដោយមជ្ឈ​មណ្ឌលឯកសារកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។ ជាលទ្ធផល ដើម្បីធានាថាក្មេងៗជំនាន់ក្រោយកម្ពុជាទាំងអស់ទទួលបានការអប់រំពីប្រវត្តិសាស្ត្រខ្មែរក្រហម ជារៀងរាល់ឆ្នាំមានសិស្សា នុសិស្សរាប់រយពាន់នាក់ ទទួលបានការសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមដែលជាមុខវិជ្ជាមួយនៃការរៀនសូត្រប្រចាំថ្ងៃរបស់ខ្លួន។

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» រៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី នៅសាលយុត្តិតេជោ ដែលជាសាលសវនាការមួយក្នុងចំណោមសាលសវនាការមួយចំនួនតូចនៅលើពិភពលោក បម្រើដល់កិច្ចការយុត្តិធម៌ និងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ។ នៅក្នុងសុន្ទរកថាគន្លឹះសម្រាប់ការបើកអង្គសន្និសីទនេះ សម្តេចមហាបវរធិបតី បានមានប្រសាសន៍ផ្តោតសំខាន់លើការលើកកម្ពស់ និងពង្រីកវិស័យអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាបន្ថែមទៀត ដោយបានស្នើដល់គ្រប់ស្ថាប័នទាំងអស់ ទាំងស្ថាប័នយោធា និងស៊ីវិល ឲ្យចូលរួមផ្តល់ការអប់រំដល់ក្មេងៗជំនាន់ក្រោយពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ សម្តេចធិបតី ក៏បានលើកទឹកចិត្តគ្រូបង្រៀនទាំងអស់ ឲ្យចូលរួមជាកម្លាំង ដើម្បីផ្សព្វផ្សាយការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងសាលារៀនទូទាំងប្រទេស និងបានសង្កត់ធ្ងន់លើវិសាលភាពនៃការបញ្ជ្រាបមុខវិជ្ជាប្រវត្តិសាស្ត្រខ្មែរក្រហមទៅក្នុងកម្មវិធីផ្សេងៗ ដោយមិនសំដៅចំពោះតែការបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រតែមួយមុខប៉ុណ្ណោះទេ។ សម្តេចធិបតី មានប្រសាសន៍ថា «ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្ត្រនោះទេ។ យើងក៏អាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់ប្រភេទចាប់ពីសីលធម៌ និងអក្សរសាស្រ្តខ្មែរ រហូតដល់ការសិក្សាពីភាព ជាអ្នកដឹកនាំ និងការអភិវឌ្ឍជំនាញទន់ផ្សេងទៀតផងដែរ។ យើងក៏អាចស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់រឿងរ៉ាវពិបាកទាំងនេះ ទៅកាន់មនុស្សដែលមានវ័យ និងជំនាន់ផ្សេងគ្នារួមមាន តាមរយៈសិល្បៈ មាតិកាឌីជីថល ឬ គំនូរជីវចលជាដើម»។ សុន្ទរកថារបស់សម្តេចធិបតី ក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះធនធានមនុស្ស និងកាតព្វកិច្ចចូលរួមអនុវត្តសកម្ម ភាពនានាពីស្ថាប័នផ្សេងៗ ដែលអាចជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តសកម្ម​ភាពអប់រំ និងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម ដល់ក្មេងៗជំនាន់ក្រោយ ដែលនេះជាផែនការយុទ្ធសាស្ត្រមួយក្នុងចំណោមផែនការយុទ្ធសាស្ត្រដទៃទៀត នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអណត្តិទី៧។ សម្តេចធិបតី បានមានប្រសាសន៍បន្តថា «កាតព្វកិច្ចលើកកម្ពស់ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ មិនមែនតែ[ជាកាតព្វកិច្ច]របស់រាជរដ្ឋាភិបាលម្នាក់ឯងនោះទេ។ សន្និ​សីទថ្ងៃនេះ គឺជាគំរូដ៏ប្រសើរនៃកិច្ចសហប្រតិបត្តិការល្អ និងសាមគ្គីភាពរវាងតួអង្គពាក់ព័ន្ធផ្សេងៗ។ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ដែលបានជួយរាជរដ្ឋាភិបាលក្នុងការដាក់បញ្ចូលការបង្រៀនអំពីប្រវត្តិសាស្រ្តនៃអំពើប្រល័យពូជសាសន៍ ទៅក្នុងការអភិវឌ្ឍវិជ្ជាជីវៈនិងស្ថាប័ន និងសម្រាប់សកម្មភាពផ្សព្វផ្សាយក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយប្រើប្រាស់ប្រវត្តិសាស្រ្តដើម្បីត្រិះរិះពិចារណា  និងបំផុសគំនិតសម្រាប់អនាគតកម្ពុជា។» 

នៅដើមឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា និងបញ្ជាការដ្ឋានយោធភូមិភាគ៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានអនុវត្តកិច្ចការដ៏មានសារសំខាន់នេះ។ ក្រសួងអប់រំ យុវជន និងកីឡា បានបោះពុម្ពផ្សាយសៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ថ្មី មានចំណងជើង «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដើម្បីប្រើប្រាស់ជាឯកសារបំពេញបន្ថែមសម្រាប់ការសិក្សារបស់សិស្សនៅថ្នាក់ទី៦ លើមុខវិជ្ជាគោលប្រវត្តិវិទ្យា។ នេះគឺជាការឆ្លើយតបទៅនឹងចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងការបង្កើនចំណេះដឹងពីប្រវត្តិសាស្ត្រជាតិ ស្របតាមការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។  

សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តការងារជាច្រើន ក្នុងនោះការកែលម្អសៀវភៅសិក្សាគោលមុខវិជ្ជាភាសាខ្មែរ វិទ្យាសាស្ត្រ សិក្សាសង្គម ប្រវត្តិវិទ្យា ពលរដ្ឋវិទ្យា និង សេដ្ឋកិច្ចវិទ្យា គឺជាអាទិភាពចាំបាច់ក្នុងការអភិវឌ្ឍកម្មវិធីសិក្សាសាធារណៈ និងឯកជន។ សៀវភៅថ្មីនេះ ក៏មានជំពូកនៃប្រវត្តិសាស្ត្រខ្មែរក្រហមដែរ។ មេរៀនទាំងនោះ ឆ្លុះបញ្ចាំងឲ្យឃើញពីតថភាពជាក់ស្តែងដែលបានកើតឡើងនៅចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ សិស្សា​នុសិស្សនៅកម្រិតបឋមសិក្សា​ ជាពិសេសសិស្សថ្នាក់ទី៦ នឹងស្វែងយល់ជាបឋមពីរឿងរ៉ាវពិតទាំងនេះ។ 

បញ្ជាការដ្ឋានយោធភូមិភាគ៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានស្នើសុំការសហការពីមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីរៀបចំវគ្គអប់រំផ្សព្វ​ផ្សាយពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដល់មន្ត្រីយោធារបស់ខ្លួនដែលកំពុងបម្រើការនៅក្នុងអង្គភាព។ ការស្នើសុំនេះ ក្នុងគោលបំណងសំខាន់ៗចំនួនបីគឺ៖ ១) អភិវឌ្ឍចំណេះដឹងរបស់មន្ត្រីយោធាលើមាតិកាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិប   តេយ្យ ដើម្បីរារាំងទប់ស្កាត់ជម្លោះ និងថែរក្សាសន្តិភាព។ ២) ធ្វើឲ្យប្រសើរឡើងនូវការត្រិះរិះពិចារណាស៊ីជម្រៅរបស់មន្តី្រយោធា ដោយផ្អែកលើតថភាពប្រវត្តិសាស្ត្រ និង ៣) បង្កើនសមត្ថភាពមន្ត្រីយោធា ដោយប្រើប្រាស់ប្រវត្តិសាស្ត្រជាមូលដ្ឋាន ដើម្បីសម្រួច និងតម្រង់ទិសក្នុងដំណើរការសម្រេចចិត្តផ្នែកយោធា ឲ្យបានសមស្របនាពេលអនាគត។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានាក្នុងការជំរុញលើកកម្ពស់វិស័យអប់រំពីប្រវត្តិសាស្ត្រខ្មែរក្រហម មានមនុស្សជំនាន់ក្រោយដែលជាសិស្សកំពុងសិក្សានៅកម្រិតសិក្សាទាំងបីកម្រិតជាង ៦០០,០០០ នាក់ បាននិងកំពុងសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ នៅតាមសាលារៀនសាធារណៈ និងឯកជនក្នុងទូទាំងប្រទេសកម្ពុជា។ តាមស្ថិតិ និងសូចនាករអប់រំឆ្នាំសិក្សា ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សិស្សដែលកំពុងសិក្សានៅថ្នាក់ទី៩ និងថ្នាក់ទី១២ មានចំនួនសរុបជាង ៣០០,០០ នាក់ ហើយអ្នកទាំងនោះកំពុងទទួលបានការសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យនៅតាមសា​លារៀនរបស់ខ្លួន។ ចំណែកស្ថិតិសិស្សដែលកំពុងសិក្សានៅថ្នាក់ទី៦វិញ គឺមានចំនួនសរុបជិត ៣០០,០០០ នាក់។ អ្នកទាំងនោះនឹងទទួលបានការអប់រំពីប្រវត្តិសាស្ត្រខ្មែរក្រហមតាមរយៈសៀវភៅសិក្សាប្រវត្តិវិទ្យាថ្មី នៅឆ្នាំសិក្សាជាបន្តបន្ទាប់ទៀត បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យឡើងវិញ និងកែសម្រួលកម្មវិធីសិក្សាសម្រាប់ថ្នាក់ទី៦ នាពេលខាងមុខរួច។ ផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០២៣-២០២៨ បានបង្ហាញពីកំណើនស្ថិតិសិស្សចុះឈ្មោះចូលរៀននៅឆ្នាំ ២០២៦ រហូតដល់ឆ្នាំ​ ២០២៨ ថា សិស្សនៅកម្រិតបឋមសិក្សា​ នឹងកើនឡើងពីជាង ១,៨៣ លាននាក់នៅឆ្នាំ ២០២៤ ដល់ជាង ១,៨៦ លាននាក់នៅឆ្នាំ២០២៨។ ដូចគ្នានេះដែរ សិស្សនៅកម្រិតមធ្យមសិក្សាបឋមភូមិ កើនឡើងពីជាង ៩២០,០០០ នាក់នៅឆ្នាំ ២០២៤ ដល់ជាង ៩៦០,០០០ នាក់ នៅឆ្នាំ២០២៨។ ដោយឡែក នៅឆ្នាំសិក្សា ២០២៤-២០២៥ នេះ ចំនួនសិស្សសរុបដែលកំពុងសិក្សានៅក្នុងកម្រិតបឋមសិក្សា មានចំនួនជាង ២,២ លាននាក់។ កំណើនសិក្សានេះ នឹងជំរុញឲ្យការរំឭកឡើងវិញ ការចែករំលែកបទពិសោធន៍ ការសិក្សារៀនសូត្រ ការស្រាវជ្រាវ ការចងក្រង ការបោះពុម្ព និងការបង្រៀនពីទិដ្ឋភាពជូរចត់នាសម័យខ្មែរក្រហម កាន់តែមានសន្ទុះកើនឡើងជាលំដាប់នៅឆ្នាំសិក្សានីមួយៗ ដែលការកើនឡើងនេះនឹងជួយដល់ការថែរក្សាសណ្តាប់ធ្នាប់សង្គម និងការរារាំងអំពើហិង្សា ឬអំពើប្រល័យពូជសាសន៍ កាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។

ជារួម មេរៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) គឺជាមេរៀនដែលមិនអាចខ្វះបានសម្រាប់មនុស្សជំនាន់ក្រោយកម្ពុជាទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដែលអ្នកទាំងនោះគឺជាសិស្សានុសិស្សនៅកម្រិតបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ព្រមទាំងមន្ត្រីស៊ីវិល និងមន្ត្រីយោធានៅតាមស្ថាប័ននានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ការសិក្សាពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហម មិនត្រឹមតែបង្កើនការចងចាំ និងមិនអាចបំភ្លេចបានពីប្រវត្តិសាស្ត្រពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចថែរក្សាបាននូវសុខសុវត្ថិភាពសង្គម និងរារាំងអំពើឃោរឃៅមិនឲ្យវិលត្រឡប់មកវិញបានទៀតផង។ 

ក្នុងមួយឆ្នាំៗ ចាប់តាំងពីពេលនេះតទៅ ប្រទេសកម្ពុជានឹងមានក្មេងៗជំនាន់ក្រោយដែលត្រូវជាចៅ និងចៅទួតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ច្រើនជាង ៦០០០,០០០ នាក់ សិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមនៅតាមសាលារៀនសាធារណៈ និងឯកជន ព្រមទាំងស្ថាប័ននានាដែលធ្វើកិច្ចការងារលើវិស័យអប់រំពីអំពើប្រល័យពូជសាសន៍។ អ្នកទាំងនោះ នឹងក្លាយជាសសរដែកថែបដែលឈរយ៉ាងរឹងមាំក្នុងការរារាំងអំពើឃោរឃៅ និងធានាបាននូវសុខសន្តិភាពជានិរន្តរនៅកម្ពុជា។

ដោយ​ ផេង ពង្សរ៉ាស៊ី នាយក កម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា និងសាខាមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង និង ខេត្តតាកែវ

ទស្សនៈ​ដែល​បាន​លើកឡើង​ក្នុង​អត្ថបទ​នេះ​គឺ​ជា​ទស្សនៈ​របស់​អ្នក​និពន្ធ​​ផ្ទាល់។